បណ្ដាញសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស
ថ្កោលទោសជាខ្លាំងចំពោះ ការរំលាយគណបក្សសង្គ្រោះជាតិ។
ពួកគេប្ដេជ្ញាថា នឹងបន្តកិច្ចខំប្រឹងប្រែងទ្វេថែមទៀត
ដើម្បីជំរុញឲ្យមេដឹកនាំក្នុងប្រទេសដែលពួកគេកំពុងរស់នៅ
ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា
ឲ្យងាកត្រឡប់មកស្តារស្ថានការណ៍នយោបាយឲ្យមានភាពប្រក្រតីឡើងវិញ។
អគ្គលេខាធិការនៃគណបក្សសង្គ្រោះជាតិប្រចាំតំបន់អាមេរិកខាងជើង
លោក ម៉ា ព្រីទ្ធី បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទ
ពីទីក្រុងម៉ុងរ៉េអាល់ (Montreal) ប្រទេសកាណាដា ថា
រូបលោកផ្ទាល់ និងសហការីទាំងអស់ មានការសោកស្ដាយជាខ្លាំង
ចំពោះទង្វើរបស់រដ្ឋាភិបាលលោក ហ៊ុន សែន
ដែលបានរំលាយគណបក្សប្រឆាំងដ៏ធំជាងគេតែមួយគត់នៅកម្ពុជានេះ។
លោកបន្តថា រដ្ឋាភិបាលនៃបណ្ដាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ
នឹងមិនទទួលស្គាល់រដ្ឋាភិបាលបច្ចុប្បន្នរបស់លោក ហ៊ុន សែន នេះទេ
ហើយថា ទង្វើរបស់លោក ហ៊ុន សែននេះ គឺជាការរំលាយរដ្ឋាភិបាលខ្លួនឯង៖ «ការរំលាយនេះ
គឺជាការរំលាយដោយផ្នែកនយោបាយ។ ពួកយើងគិតថា
មិនខុសគ្នានឹងការរំលាយរដ្ឋាភិបាលសព្វថ្ងៃនេះដែរ ។
ពួកយើងដែលជាអ្នកគាំទ្រនៅក្រៅប្រទេស ខ្ញុំជឿថា
រដ្ឋាភិបាលខាងលោកសេរី នឹងយល់ឃើញដូចយើងដែរ គឺចាប់ពីថ្ងៃនេះ
គឺក្លាយជារដ្ឋាភិបាលមួយខុសច្បាប់។
បងប្អូនយើងឃើញនូវអំពើបំពានឆន្ទៈរាស្ត្ររាប់លាននាក់
ធ្វើឲ្យពួកគេឈឺចាប់»។
លោក ម៉ា ព្រីទ្ធី អះអាងថា ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ
នៅក្រៅប្រទេស នឹងបន្តការទាមទារឲ្យមានការផ្លាស់ប្ដូរ
និងមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ លោកបន្តថា ក្រុមលោក
គ្រោងជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកាណាដា
ដើម្បីស្វែងរកការគាំទ្រ ដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជា
ឲ្យដោះលែងលោក កឹម សុខា និងអនុញ្ញាត ឲ្យគណបក្សសង្គ្រោះជាតិ
អាចចូលរួមការបោះឆ្នោត ដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌
នៅមុនការបោះឆ្នោត នៅឆ្នាំ២០១៨ខាងមុខ។
មិនខុសពីពលរដ្ឋខ្មែរនៅប្រទេសកាណាដាទេ
ប្រធានសមាគមយុវជនគណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិក លោក ប៉ែន សុខផល
បានថ្លែងពីក្រុងឡូវ៉ែល (Lowell) រដ្ឋម៉ាស្សាឈូសសេត (Massachusetts) ថា
លោកមានការខកចិត្តជាខ្លាំង ចំពោះការរំលាយគណបក្សសង្គ្រោះជាតិនេះ
ហើយថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន
កំពុងដឹកនាំប្រទេសឆ្ពោះទៅរកភាពផ្ដាច់ការ
និងជំរុញឲ្យប្រទេសធ្លាក់ក្នុងភាពអន្តរាយ៖ «កម្ពុជានឹងត្រូវឯកោ
ហើយរដ្ឋាភិបាលនឹងរងការគាបសង្កត់ពីអន្តរជាតិធ្ងន់ៗទៅ។
ខ្ញុំជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយរូប
គឺគ្មានអ្វីភ្ញាក់ផ្អើលទេ
បងប្អូនខ្មែរទាំងអស់ត្រូវរក្សាភាពស្ងប់ស្ងាត់
យើងធ្វើដំណើរឆ្ពោះទៅមុខ
ដើម្បីដំណើរការលទ្ធិប្រជាធិបតេយ្យដ៏ត្រឹមត្រូវ។
សំខាន់លើយើងទាំងអស់គ្នា ត្រូវចេះរក្សាជំហរដើម្បីដើរទៅមុខ។ លោក
ហ៊ុន សែន ធ្វើយ៉ាងណាដើម្បីរក្សាអំណាចសម្រាប់ក្រុមបក្សពួក
និងក្រុមគ្រួសារលោក»។
ក្រៅពីអំពាវនាវឲ្យពលរដ្ឋទាំងនៅក្នុង
និងក្រៅប្រទេសរួមសាមគ្គីគ្នា លោក ប៉ែន សុខផល បញ្ជាក់ថា
បណ្ដាញការងាររបស់ក្រុមលោក នៅសហរដ្ឋអាមេរិកនេះ
គ្រោងរៀបចំកិច្ចប្រជុំរួមគ្នាមួយ ដើម្បីជួបជាមួយសមាជិករដ្ឋសភា
និងព្រឹទ្ធសភា ក្នុងរដ្ឋនីមួយៗ។
ចំណែក សកម្មជនសាខានៃគណបក្សសង្គ្រោះជាតិ
នៅប្រទេសអាល្លឺម៉ង់ឯណោះវិញ លោក បូព៌ា កុមារ ក៏បានប្រាប់អាស៊ីសេរីថា
ពលរដ្ឋខ្មែរនៅសហគមន៍អឺរ៉ុប
ក្រោយពីបានទទួលដំណឹងពីការរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦
ខែវិច្ឆិកាមក ពួកគាត់បាន សំដែងការហួសចិត្ត និងមិននឹកស្មានថា
គណបក្សប្រឆាំងដែលមានតំណាងរាស្ត្រ ៥៥រូប ត្រូវបានតុលាការកំពូល
ធ្វើតាមការបញ្ជារបស់លោក ហ៊ុន សែន យ៉ាងដូច្នេះ៖ «ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការ
ចំពោះការរំលាយគណបក្សសង្គ្រោះជាតិ ដោយមិនយកនីតិរដ្ឋ ច្បាប់
និងអនុវត្តតាមរដ្ឋធម្មនុញ្ញ
គឺធ្វើឡើងតាមគោលការណ៍នយោបាយរបស់គណបក្សប្រជាជនកម្ពុជា
ដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យ
ដើម្បីបង្កើតនូវរបបផ្ដាច់ការនិយមនៅស្រុកខ្មែរ»។
រីឯបណ្ដាញការងាររបស់គណបក្សសង្គ្រោះជាតិ នៅប្រទេសបារាំងវិញ
ក៏បានចេញប្រតិកម្មជាបន្តបន្ទាប់ ដោយមិនទទួលស្គាល់សាលក្រមសម្រេច
របស់តុលាការកំពូលនោះទេ។ លោក ហំម ប៊ុនឆាយ បញ្ជាក់ថា ក្រុមលោក
នឹងនៅបន្តធ្វើការងារកាន់តែខ្លាំងឡើងថែមទៀត
ដើម្បីជំរុញឲ្យសហភាពអឺរ៉ុប ចាត់វិធានការជាក់ស្ដែងភ្លាមៗ
គាបសង្កត់ដល់រដ្ឋាភិបាលលោកហ៊ុន សែន៖ «សំខាន់
គឺប្រជាពលរដ្ឋខ្មែរ
គាត់បានបោះឆ្នោតឲ្យតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ
ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ
ប្រទេសកម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស យករាស្ត្រជាធំ
ជាម្ចាស់ឆ្នោត និងជាម្ចាស់អំណាច។ យើងនឹងបន្តការងារទៅមុខទៀត
ដើម្បីឲ្យមានការបោះឆ្នោតត្រឹមត្រូវ ដូចប្រទេសលោក សេរី
ដែលសុំឲ្យលោកហ៊ុន សែន ដោះលែងលោក កឹម សុខា ហើយរៀបចំបោះឆ្នោតឲ្យបាន
ត្រឹមត្រូវ»។
ចំណែកប្រធានក្រុមយុវជនគណបក្សសង្គ្រោះជាតិនៅប្រទេសបារាំង
កញ្ញា លីម កណ្ណិកា ក៏បានប្រាប់អាស៊ីសេរីថា
កញ្ញាមានការសោកស្ដាយជាខ្លាំង ដែលលោក ហ៊ុន
សែនរំលាយគណបក្សសង្គ្រោះជាតិ។ កញ្ញាថា ប្ដេជ្ញាតស៊ូមោះមុត
ដើម្បីឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន ជាពិសេស
គឺជំរុញឲ្យសហគមន៍អន្តរជាតិ
ដោះស្រាយបញ្ហាប្រទេសកម្ពុជាឲ្យបានឆាប់ៗ៖ «យើងស្ដាយគណបក្សយើងដែលធំខ្លាំង
មានតំណាងរាស្ត្រ ៥៥នាក់ ដូច្នេះយើងត្រូវតែគាំទ្រប្រជាពលរដ្ឋយើង
និងគាំទ្រគណបក្សសង្គ្រោះជាតិ។ យើងចង់ឲ្យអន្តរជាតិហ្នឹង
មុនឲ្យថវិកា ត្រូវគិតផង។ ឥឡូវ យើងដឹងថា លោក ហ៊ុន សែន ប្រើលុយហ្នឹង
ដើម្បីធ្វើបាបពលរដ្ឋ និងរំលាយគណបក្សយើងនៅប្រទេសកម្ពុជា»។
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា គណបក្សសង្គ្រោះជាតិ
សាខាប្រចាំប្រទេសបារាំង បានចេញសេចក្ដីថ្លែងការណ៍មួយ
ថ្កោលទោសរដ្ឋាភិបាល លោក ហ៊ុន សែន និងបក្សពួកថា
បានកម្ទេចសិទ្ធិសេរីភាពរបស់មនុស្ស
និងបានបំពានដោយចេតនាលើកិច្ចព្រមព្រៀងសន្តិភាព
ទីក្រុងប៉ារីសឆ្នាំ១៩៩១។ សេចក្ដីថ្លែងការណ៍បន្តថា
សហគមន៍ខ្មែរនៅប្រទេសបារាំង និងអឺរ៉ុប
គ្រោងធ្វើបាតុកម្មនៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា
ដើម្បីប្រឆាំងនឹងការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment