លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
បានផ្ញើសារទៅកាន់សមាជិក-សមាជិការគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស
ឲ្យបង្កើនសកម្មភាពចុះទៅកាន់មូលដ្ឋានទ្វេដង
ដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ
ខណៈដែលអវត្តមានគណបក្សប្រឆាំងពីប្រទេសកម្ពុជា។
តាមរយៈប្រសាសន៍របស់ប្រមុខបក្សកាន់អំណាច ដែលគេអះអាងថា
ជាការបែកធ្លាយស្តីពី
“យុទ្ធសាស្រ្តរបស់គណបក្សកាន់អំណាចក្រោយពីរំលាយគណបក្សសង្រ្គោះជាតិ”
នោះ លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា បញ្ហារបស់កម្ពុជាពេលនេះ
មិនមែនបញ្ចប់ត្រឹមការរំលាយគណបក្សសង្រ្គោះជាតិនោះទេ។
សារបែកធ្លាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
បានអំពាវនាវឲ្យសមាជិក-សមាជិការគណបក្សប្រជាជនកម្ពុជារបស់លោក
បង្កើនសកម្មភាពចុះទៅកាន់មូលដ្ឋានមួយទ្វេជាពីរ
ដោយមិនត្រូវមានការធ្វេសប្រហែសនោះឡើយ។ អ្វីដែលសំខាន់ទៅទៀតនោះ
សារជាសំឡេងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលគេអះអាងថា
បានបែកធ្លាយនេះ ក៏បានអំពាវនាវឲ្យមានការបង្ការទប់ស្កាត់
ការប្រមូលកម្លាំងឡើងវិញ នៃអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ
ដែលជាគ្រោះថ្នាក់របស់គណបក្សកាន់អំណាចនាពេលអនាគត។
គួរជំរាបជូនថា
នេះគឺជាសារបែកធ្លាយជាលើកដំបូងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
ស្តីពីយុទ្ធសាស្រ្តរបស់គណបក្សកាន់អំណាច
ក្រោយពីការរំលាយគណបក្សសង្រ្គោះជាតិ
តាមរយៈសេចក្តីសម្រេចរបស់តុលាការកំពូល កាលពីថ្ងៃទី ១៦ វិច្ឆិកា។
សារនេះ
ត្រូវបានគេចែករំលែកតគ្នានៅបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក
ហើយត្រូវបានកាសែតក្នុងស្រុកមួយ បានចុះផ្សាយកាលពីថ្ងៃទី ២២
វិច្ឆិកា។
បើតាមសារអំពាវនាវ ប្រមាណជា១៥នាទីនេះ
ប្រមុខបក្សកាន់អំណាច បានលើកឡើងថា
បញ្ហាសំខាន់របស់កម្ពុជានៅពេលនេះ មិនមែនកត្តាកំណត់ពីខាងក្រៅ
(ប្រទេស) នោះទេ តែជាកត្តាកំណត់នៅក្នុងប្រទេសឯណេះទៅវិញទេ។
មានន័យថា សមាជិក-សមាជិការគណបក្សប្រជាជនកម្ពុជាទាំងអស់
ត្រូវបង្កើនសកម្មភាពចុះមូលដ្ឋានទ្វេដង ដើម្បីយកចិត្តប្រជាពលរដ្ឋ
ដោយមិនត្រូវធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្តនោះទេ។ ក្នុងនោះ
អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវបំបាត់ចោលនូវចរិកនាម្មឺននិយម
បក្ខពួកនិយម បំបាត់អំពើពុករលួយ កុងត្រូលជជុះ ឬបាតុភាពផ្សេងៗ
ដែលនាំឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត។ ជាពិសេស
គឺការអន្ទងចិត្តឲ្យអតីតសកម្មជនគណបក្សប្រឆាំងឲ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា
និងងាកមកបម្រើផលប្រយោជន៍របស់គណបក្សកាន់អំណាចវិញ។
បើផ្អែកតាមសារដែលបែកធ្លាយនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
បានលើកឡើងថា បញ្ហាប្រឈមរបស់គណបក្សកាន់អំណាចនៅពេលនេះ
គឺត្រូវកសាងទំនុកចិត្តពីប្រជាពលរដ្ឋឡើងវិញ។
ហើយថាសកម្មភាពនៃការចុះជួបកម្មករនៅតាមបណ្តារោងចក្រនារយៈពេលចុងក្រោយនេះ
គឺជាយុទ្ធសាស្រ្តមួយរបស់លោក
ដើម្បីច្បាមយកការគាំទ្រពីកម្មករនៅកម្ពុជា
ដែលពីមុនត្រូវបានគេចាត់ទុកថា
ជាកម្លាំងគាំទ្រដ៏សំខាន់របស់គណបក្សប្រឆាំង
ឲ្យមានការប្រែពណ៌ឡើងវិញ។
សូមបញ្ជាក់ថា បើគ្មានការប្រែប្រួលទេ
គណបក្សប្រជាជនកម្ពុជា
នឹងបើកសន្និបាតគណៈកម្មាធិការកណ្តាលបើកទូលាយមួយ
នៅពាក់កណ្តាលខែមករាឆ្នាំ២០១៨ខាងមុខ
ដើម្បីវាយតម្លៃទៅលើសកម្មភាពការងាររបស់គណបក្សប្រជាជនកម្ពុជា
មុនពេលបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ ២០១៨។
នេះបើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៕
No comments:
Post a Comment