មន្ត្រីគណបក្សសង្គ្រោះជាតិ ទាំងនៅមូលដ្ឋាន
និងនៅថ្នាក់ជាតិមួយចំនួនមិនខ្វល់រឿងការរំលាយគណបក្សទេ
បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលព្រឹកថ្ងៃទី៤ ខែវិច្ឆិកា
បានអំពាវនាវឲ្យពួកគេចុះចូលរួមរស់ជាមួយគណបក្សកាន់អំណាចជាថ្មីទៀតក៏ដោយ។
លោក ហ៊ុន សែន ជាថ្មីម្ដងទៀត
បានអំពាវនាវឲ្យមន្ត្រីគណបក្សប្រឆាំងប្ដូរទ្រនំចាស់ផ្លាស់មកចូលទ្រនំថ្មី
ជ្រកក្រោមដំបូលទេវតា ដើម្បីអាចរក្សាតំណែងតទៅមុខទៀត។ លោក ហ៊ុន
សែន ប្រកាសថា
ជម្រើសរបស់មន្ត្រីគណបក្សប្រឆាំងនៅពេលនេះមានតែពីរគត់
គឺទៅធ្វើស្រែចម្ការ ឬចុះចូលនឹងបក្សកាន់អំណាច។
ទោះជាយ៉ាងនេះក្ដី ចៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ អ្នកស្រី ឃុន ចន្ទី អះអាងថា
អ្នកស្រីសុខចិត្តអត់ការងារធ្វើ ហើយត្រឡប់ទៅធ្វើស្រែវិញ
ដោយមិនលក់ឧត្ដមគតិទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាឡើយ៖ «ព្រោះខ្ញុំគិតថា
ប្រជាពលរដ្ឋអ្នកបោះឆ្នោតឲ្យខ្ញុំធ្វើជាចៅសង្កាត់
ដើម្បីបម្រើពួកគាត់
ហើយអ្នកដែលឲ្យខ្ញុំចូលទៅហាក់បីដូចជារំលោភទៅការសម្រេចចិត្តរបស់ពលរដ្ឋហើយ។
អ្នកដែលប្លន់អំណាចបែបនេះវាជារឿងអយុត្តិធម៌ណាស់»។
ប្រតិកម្មរបស់មន្ត្រីបក្សប្រឆាំងដូច្នោះដោយសារតែលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន បានបង្ហោះឃ្លិបវីដេអូមួយតាមទំព័រហ្វេសប៊ុក (Facebook)
របស់លោក ប្រវែងកន្លះម៉ោង កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា
អំពាវនាវម្តងហើយម្ដងទៀតក្នុងទឹកមុខស្រពោន
ដោយទទូចឲ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ខណ្ឌ
ក្រុមប្រឹក្សាខេត្ត-រាជធានី ព្រមទាំងសមាជិកសភាតំណាងរាស្ត្រ
និងបេក្ខជនឈរឈ្មោះព្រឹទ្ធសភារបស់គណបក្សប្រឆាំងទាំងអស់ចាកចេញពីបក្សរបស់ខ្លួនមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា
ឲ្យបានឆាប់។
បុរសខ្លាំងនៅកម្ពុជា
និងជាអតីតទាហានខ្មែរក្រហមរូបនេះបញ្ជាក់ទៀតថា
លោកនឹងទទួលយកទាំងអស់ បើសិនជាមន្ត្រីគណបក្សសង្គ្រោះជាតិ
ចុះចូលមកគណបក្សរបស់លោកនោះ។ លោក ហ៊ុន សែន អះអាងទៀតថា
ការអំពាវនាវនេះ ពីព្រោះលោកមើលឃើញថា គណបក្សសង្គ្រោះជាតិ
នឹងត្រូវរំលាយក្នុងពេលខាងមុខដោយមិនអាចប្រកែកបានឡើយ។
លោក ហ៊ុន សែន ហាក់បីដូចជាប្រាកដកក្នុងចិត្ត ១០០ភាគរយហើយថា
តុលាការកំពូលនឹងសម្រេចរម្លាយបក្សប្រឆាំងនៅថ្ងៃទី១៦ ខែវិច្ឆិកា
បើទោះបីជាលោកប្រកាសថា លោកនឹងមិនលូកដៃចូលក្នុងតុលាការក៏ដោយ៖ «ហើយកុំជឿតាមការអះអាងថា
លោក ហ៊ុន សែន មិនហ៊ាននោះ បើសិនជាលោក ហ៊ុន សែន មិនហ៊ាន លោក ហ៊ុន
សែន ច្បាស់ជាបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ដកពាក្យបណ្ដឹងចេញពីតុលាការបាត់ទៅហើយ។
ប៉ុន្តែយើងបន្តដំណើរដាក់ពាក្យបណ្ដឹង ហើយកំណត់ដោយតុលាការកំពូល
នៅថ្ងៃ១៦ ខែវិច្ឆិកា មេធាវីរបស់យើងបានប្រុងប្រៀបខ្លួនរួចហើយ
ដើម្បីធ្វើការទាមទារនូវអ្វីដែលចាំបាច់ត្រូវទាមទារ
ទាក់ទិននឹងរំលាយបក្សនយោបាយចោល
និងទាំងការកាត់សិទ្ធិនយោបាយនៃគណៈអចិន្ត្រៃយ៍និងគណៈនាយក»។
លោក ហ៊ុន សែន ដែលបានកាន់អំណាចនៅកម្ពុជា ជាង ៣០ឆ្នាំនោះ
បន្ថែមទៀតថា មិនត្រឹមតែគណបក្សសង្គ្រោះជាតិ នឹងត្រូវរម្លាយទេ
ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សនេះប្រមាណ ១០០នាក់
នឹងត្រូវហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំបន្ថែមទៀត។
យ៉ាងណាក៏ដោយចុះ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង លោក សោ ចាន់ដេត
មានប្រសាសន៍ថា ល្គឹកណាគណបក្សបក្សសង្គ្រោះជាតិ
នៅមានដង្ហើមដកនៅឡើយ
គឺលោកនៅតែសកម្មការងាររបស់គណបក្សដោយមិនលក់ឧត្ដមគតិទៅជ្រកទ្រនំថ្មី
ហើយទាត់ទ្រនំចាស់ចោលជាដាច់ខាត៖ «រឿងដែលសំខាន់ខ្ញុំខ្វល់ថា
តើប្រជាធិបតេយ្យនៅស្រុកខ្មែរបើសិនមានការរំលាយគណបក្សសង្គ្រោះជាតិ
តើប្រជាធិបតេយ្យនឹងធ្វើដំណើរយ៉ាងណា
ហើយវាសនាអនាគតរបស់ប្រទេសកម្ពុជា វានឹងធ្លាក់ដល់កម្រិតណា?
អ្វីដែលខ្ញុំគិត ខ្ញុំខ្វល់មានតែប៉ុណ្ណឹងទេ
ចំពោះរឿងតំណែងខ្ញុំមិនខ្វល់ទេ»។
អ្នកវិភាគនយោបាយជើងចាស់ លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា
សារនយោបាយចុងក្រោយរបស់លោក ហ៊ុន សែន នៅពេលនេះ ដោយសារលោក ហ៊ុន សែន
ចង់ធ្វើឲ្យគណបក្សប្រឆាំងបែកបាក់ដោយខ្លួនឯងជាជាងការរម្លាយដោយអំណាចតុលាការ។
ម្យ៉ាងទៀតប្រហែលជាលោក ហ៊ុន សែន មើលឃើញសកម្មជនគណបក្សសង្គ្រោះជាតិ
ចុះចូលគណបក្សកាន់អំណាចតិចតួចពេក៖
«សារហ្នឹងគឺផ្ញើយូរហើយ
តែឥឡូវគឺបន្ថែមទៀត មានន័យថា សារមុនៗគ្មានប្រសិទ្ធភាព
ហើយបានមកបន្ថែមទៀតថា តើមានប្រសិទ្ធភាពដល់ណា?
នេះជាផ្នែកមួយនៃយុទ្ធនាការដើម្បីរំលំគណបក្សប្រឆាំងរលាយតែម្ដង»។
សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង លោក សោ ចាន់ដេត ឲ្យដឹងថា
រហូតមកទល់ពេលនេះ ទើបតែមានមន្ត្រីគណបក្សសង្គ្រោះជាតិ
ចុះចូលគណបក្សប្រជាជនកម្ពុជា ប្រហែលជាង
៤០នាក់ហើយអ្នកដែលរត់ចោលជួរទាំងនោះ
ភាគច្រើនតាមរយៈការអូសទាញពីមន្ត្រីគណបក្សកាន់អំណាច។
កន្លងមកគេសង្កេតឃើញថា
អតីតមន្ត្រីគណបក្សប្រឆាំងដែលផ្ទាល់ខ្លួនទៅចូលគណបក្សប្រជាជនកម្ពុជា
បានត្រឹមក្លាយទីប្រឹក្សារដ្ឋាភិបាល និងអ្នកនាំពាក្យ។
មន្ត្រីទាំងនោះគ្មានសិទ្ធិសម្រេចការងារ
និងគ្មានអំណាចដូចមន្ត្រីបក្សកាន់អំណាចផ្សេងទៀតនោះ
គឺបានត្រឹមតែរដ្ឋាភិបាលឲ្យធ្វើជាសត្វសេកដើម្បីរិះគន់គណបក្សប្រឆាំង៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment