មេធាវីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៦ ខែវិច្ឆិកា
បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ
និងស្នើសុំឲ្យតុលាការចោទប្រកាន់
និងផ្ដន្ទាទោសអ្នកនយោបាយជើងចាស់ម្នាក់ លោក លឺ ឡាយស្រេង
ដោយទាមទារសំណងជំងឺចិត្តជាង ១សែនដុល្លារ ពីបទបរិហាកេរ្តិ៍លោក ហ៊ុន
សែន។
ប៉ុន្តែ
ចុងចោទដែលរងគ្រោះព្រោះគេលួចស្ដាប់សំឡេងសន្ទនាគ្នាជាឯកជនតាមទូរស័ព្ទបែបនេះ
ហួសចិត្តនឹងលោក ហ៊ុន សែន និងប្រព័ន្ធតុលាការកម្ពុជា សព្វថ្ងៃ
ហើយលោកប្រកាសថា ថ្ងៃណាមួយលោកនឹងប្តឹងជម្រះបញ្ជីវិញមិនខាន។
ក្រោយពីចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ
មេធាវីការពារក្តីឲ្យលោក ហ៊ុន សែន គឺលោក គី តិច
រក្សាការទាមទារប្រាក់សំណងជំងឺចិត្តចំនួន ៥០០លានរៀល ឬជិត ១សែន
៣ម៉ឺនដុល្លារ (ប្រមាណ ១២៥.០០០ដុល្លារ)
និងឲ្យតុលាការផ្ដន្ទាទោសចុងចោទតាមច្បាប់។ កម្មវត្ថុនៃបណ្តឹង
គឺគ្មានអ្វីក្រៅពីសារសំឡេងនៃការសន្ទនាគ្នាតាមទូរស័ព្ទជាលក្ខណៈឯកជនរវាងចុងចោទ
គឺលោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង និងអ្នកស្រី គី លំអង ដែលលោក ហ៊ុន សែន
ចោទថា អតីតឧបនាយករដ្ឋមន្ត្រី
និងមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច រូបនេះ
និយាយធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស
កិត្តិសព្ទយ៉ាងធ្ងន់ធ្ងរដល់ប្រមុខដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា
ដែលត្រូវបានយកទៅផ្សព្វផ្សាយជាសាធារណៈយ៉ាងទូលំទូលាយ។
ចំពោះលោក លឺ ឡាយស្រេង ដែលត្រូវបង្ខំចិត្តចាកចេញពីប្រទេសកម្ពុជា
តាំងពីថ្ងៃទី២៣ ខែតុលា
ដើម្បីឲ្យរួចផុតពីការចោទប្រកាន់ដ៏អយុត្តិធម៌នេះ
បានសម្តែងការហួសចិត្តទៅនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង
និងហួសចិត្តទៅនឹងអ្នកដែលពាក់ព័ន្ធក្នុងការលួចស្តាប់
និងប្ដឹងគាត់នេះផងដែរ
ដ្បិតលោកចាត់ទុកទង្វើលួចថតសំឡេងនិយាយគ្នាជាឯកជនបែបនេះ
ជាការរំលោភសិទ្ធិមនុស្ស និងរំលោភច្បាប់កំពូលរបស់កម្ពុជា
យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន៖ «ខ្ញុំនិយាយក្នុងឯកជន
ហើយមកលួចថតរបស់ខ្ញុំហើយលួចផ្សាយរបស់ខ្ញុំហើយ
លួចប្តឹងខ្ញុំទៀត ទាំងបីនាក់ហ្នឹងមានទោសទាំងអស់គ្នា។
ខ្ញុំសុំប្តឹងមហាជនឲ្យជាសាក្សី។
ថ្ងៃណាមួយយើងនឹងជម្រះបញ្ជីម្តង លួចរបៀបនេះ។
និយាយសន្ទនាគ្នាជាឯកជន ការពារដោយរដ្ឋធម្មនុញ្ញ យើងចេះតែមកលួចថត។
ខ្ញុំមិនជឿដល់នាយករដ្ឋមន្ត្រីទាំងមូលមកលួចថតគេដូច្នេះ
សមអីធ្វើដល់នាយករដ្ឋមន្ត្រីបែបនេះ»។
នេះមិនមែនជាលើកទីមួយទេដែលជនរងគ្រោះនៃការលួចស្ដាប់សំឡេងសន្ទនាគ្នាជាលក្ខណៈឯកជន
ដែលត្រូវបានការពារដោយច្បាប់
ស្រាប់តែក្លាយជាជនរងគ្រោះយ៉ាងអយុត្តិធម៌។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងជាច្រើនរូបក៏ត្រូវបានហ្វេសប៊ុក
(Facebook) ឈ្មោះ “សីហា” នេះ លួចថតសំឡេង
និងយកមកផ្សព្វផ្សាយដោយសេរីគ្មានញញើតច្បាប់អ្វីឡើយ។
ក្រោយមកការលួចស្ដាប់ការសន្ទនាគ្នាឯកជននេះ
បានរាលដាលរហូតដល់ចាប់មន្ត្រីអង្គការសង្គមស៊ីវិល ៥នាក់
ដាក់គុករាប់ឆ្នាំ។
តំណាងរាស្ត្រគណបក្សប្រឆាំងជាច្រើនរូបសុទ្ធតែរងគ្រោះដោយម្ចាស់ទំព័រហ្វេសប៊ុក
ឈ្មោះ “សីហា” នេះ។ ប៉ុន្តែ
គ្មានអាជ្ញាធរមានសមត្ថកិច្ចណាចាត់ការម្ចាស់ទំព័រដែលរំលោភបំពាន់ច្បាប់សិទ្ធិឯកជននេះទេ
តែបែរជាចាត់ការអ្នករងគ្រោះនៃការលួចស្ដាប់នេះយ៉ាងប្រញាប់ប្រញាល់
និងធ្ងន់ធ្ងរជាទីបំផុតទៅវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែមិនថ្កោលទោស
ឬចាត់វិធានការលើអ្នកលួចបញ្ចេញសំឡេង
និងលួចស្តាប់ការសន្ទនាគ្នាជាឯកជននេះទេ លោកធ្លាប់ទាំងសរសើរអា
“សីហា” នេះពេញមាត់ទៀតផង៖ «អា ផេក (Page) ស៊ីហា ហ្នឹងវាធ្លាយ! ឥឡូវ
ខ្ញុំអត់ផ្សាយតាមអាផេក សីហា ហ្នឹងទេ ព្រោះខ្ញុំអត់ស្គាល់វា។
គ្រាន់បើអាសីហា ដែលចេះចាប់សំឡេងអញ និងសំឡេងឯកឧត្តម កឹម សុខា បាន!
អាហ្នឹងគ្រាន់បើវ៉ី!»។
អស់ពីសរសើរ “សីហា” លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ថា
មិនចាំបាច់ “សីហា” បញ្ចេញសារសម្ងាត់នេះ ចាំគាត់បញ្ចេញថែមទៀតក៏បាន៖
«ចង់សាក? បើចង់សាកខ្ញុំទម្លាយចេញទាំងអស់។
តិចថាខ្ញុំជាមនុស្សមិនបានការ! អ្វីដែលជាស្តុក
គ្រាន់តែឯកសារដែលអ្នកឯង SMS, WhatsApp, Telegram, Line មកខ្ញុំ។
អ្នកឯងចង់ឲ្យខ្ញុំបញ្ចេញ?
ខ្ញុំនឹងបញ្ចេញឲ្យអ្នកឯងមើលទាំងអស់!ចាំមើលវាយ៉ាងម៉េច?»។
ការណ៍ដែលលោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង មិនខ្ចីប្ដឹងបកនៅថ្ងៃនេះ
ហើយរង់ចាំថ្ងៃណាមួយទើបជម្រះបញ្ជីជាមួយលោក ហ៊ុន សែន
និងអ្នកពាក់ព័ន្ធ គឺដោយសារលោកស្គាល់លោក ហ៊ុន សែន ច្បាស់ថា
ជាអ្នកបញ្ជាតុលាការស្រេចតែចិត្ត
ប្តឹងឥឡូវក៏គ្មានផ្លូវទទួលបានយុត្តិធម៌នោះដែរ៖
«ខ្ញុំដឹងផ្ទៃក្នុងរបស់ ហ៊ុន សែន ទាំងអស់។ តុលាការហ្នឹង
ខ្ញុំប្រាប់ហើយ តុលាការតេឡេ តុលាការដុល្លារហ្នឹង គ្មាននរណាឈ្នះទេ។
បើអ្នកក្រទៅប្ដឹង ជាប់គុកឲ្យហើយទៅ។ បើសិន ហ៊ុន សែន
និយាយយ៉ាងម៉េចហើយ កុំបាច់និយាយច្រើន»។
ពាក់ព័ន្ធនឹងការរំលោភបំពានច្បាប់រដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ
ប៉ុន្តែបែរជាគ្មានចំណាត់ការសមស្របទៅលើអ្នកប្រព្រឹត្តបែបនេះ
មេធាវីជនជាតិអង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) លើកឡើងថា
ប្រព័ន្ធយុត្តិធម៌ជាតិ មិនអាចបំពេញមុខងារក្នុងការថែរក្សា
និងការពារយុត្តិធម៌ជូនប្រជាពលរដ្ឋខ្លួនឯងបាន
គឺទាល់តែអន្តរជាតិជួយ៖ «នៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃនេះ
កុំសង្ឃឹមសូម្បីតែប៉ុនសរសៃសក់
ថានឹងមានយុត្តិធម៌ចំពោះឧក្រិដ្ឋកម្មនៃការធ្វើទុក្ខបុកម្នេញមកលើសំឡេងប្រឆាំងឲ្យសោះ
ព្រោះអីរដ្ឋាភិបាលមានឥទ្ធិពលបញ្ជាលើប្រព័ន្ធតុលាការ។
តុលាការកម្ពុជា លែងមានមុខងារបម្រើប្រជាពលរដ្ឋខ្មែរទូទៅបាន។
តុលាការកម្ពុជា ជាតុលាការបម្រើបក្សកាន់អំណាច ហើយចៅក្រម
និងព្រះរាជអាជ្ញា
សុទ្ធតែជាតួអង្គដែលជាប់ពាក់ព័ន្ធនៅក្នុងការប្រព្រឹត្តឧក្រិដ្ឋរួមនេះ»។
អ្នកច្បាប់ពន្យល់ថា ករណីលួចថតសំឡេងសន្ទនា
ដោយគ្មានការអនុញ្ញាតពីសាមីខ្លួននេះ ព្រះរាអាជ្ញា ឬរដ្ឋាភិបាល
មានតួនាទីសំខាន់ក្នុងការស្វែងរក
និងចាប់ខ្លួនជនល្មើសដែលលួចថតសំឡេងគេនោះយកមកផ្ដន្ទាទោសតាមច្បាប់
មិនមែនអ្នករងគ្រោះដែលត្រូវបានគេលួចថតសំឡេងហើយបែរជារដ្ឋាភិបាលមកប្ដឹងផ្ដល់ដូច្នេះទេ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment