ក្រុមអង្គការសិទ្ធិមនុស្ស និងអ្នកជំនាញផ្នែកបច្ចេកវិជ្ជា រិះគន់ក្រុមហ៊ុនហ្វេសប៊ុក (Facebook) ដែលបានជ្រើសរើសយកប្រទេស
កម្ពុជា
ធ្វើការសាកល្បងដាក់ឲ្យប្រើប្រាស់មុខងារថ្មីនៃកម្មវិធីរបស់ខ្លួន
ហៅថា អិចផ្លរ ហ្វ៊ីត(Explore Feed)។
ការសាកល្បងនេះ
ធ្វើឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុកនៅក្នុងប្រទេសកម្ពុជា បាត់បង់
និងជួបនូវការលំបាក ក្នុងការស្វែងរក
និងទទួលបាននូវព័ត៌មាននានាដែលពួកគេចង់តាមដាន។
ក្រុមអង្គការសិទ្ធិមនុស្ស និងអ្នកជំនាញផ្នែកបច្ចេកវិជ្ជា
ស្នើឲ្យក្រុមហ៊ុនហ្វេសប៊ុក បញ្ឈប់ជាបន្ទាន់នូវការសាកល្បងនេះ
ហើយដាក់ជំនួសមកវិញនូវកម្មវិធីដូចដើម
ឲ្យអ្នកប្រើប្រាស់ទូទៅអាចប្រើបានដូចធម្មតាឡើងវិញ។
តាមរយៈការសាកល្បងមុខងារថ្មីនេះ ក្រុមហ៊ុនហ្វេសប៊ុក
បានផ្លាស់ប្តូរទីតាំងនៃការបង្ហាញព័ត៌មានផុសដោយទំព័រហ្វេសប៊ុកនានាដែលអ្នកប្រើប្រាស់ធ្លាប់បានចុច
Like និង Follow ដោយចាប់ពីពេលនេះតទៅ ព័ត៌មានពីទំព័រទាំងនោះ
នឹងលែងមានបង្ហាញនៅលើទំព័រព័ត៌មានរបស់អ្នកប្រើប្រាស់ហ្វេសប៊ុក
ដែលនៅលាយឡំជាមួយនឹងការផុសព័ត៌មានផ្ទាល់ខ្លួន
ព័ត៌មានរបស់មិត្តភក្តិ ឬសាច់ញាតិ ក្រុមគ្រួសារ
ដូចកាលពីលើកមុនទៀតហើយ។
ការប្រែប្រួលនេះ គឺដោយសារតែក្រុមហ៊ុនហ្វេសប៊ុក បានដាក់ឲ្យប្រើប្រាស់សាកល្បងនូវមុខងារថ្មីមួយរបស់ខ្លួនហៅថា ហ្វេសប៊ុកអិចផ្លរ
ហ្វ៊ីត។ រាល់ព័ត៌មានផុសដោយទំព័រហេ្វសប៊ុក
ដែលអ្នកប្រើប្រាស់ធ្លាប់បានចុច Like និង Follow
តួយ៉ាងដូចជាការផុសព័ត៌មានរបស់ទំព័រហ្វេសប៊ុក អាស៊ីសេរី
ឬរបស់សារព័ត៌មាន ឬទំព័រដទៃទៀតក្នុងប្រទេសកម្ពុជា ត្រូវបានក្រុមហ៊ុនហ្វេសប៊ុក
យកមកដាក់បង្ហាញនៅកន្លែងថ្មីនេះ ដែលមានឈ្មោះហៅថា Explore Feed
។ នេះមានន័យថា ដើម្បីទទួលបានព័ត៌មានពីទំព័រទាំងនេះ
អ្នកប្រើប្រាស់នៅប្រទេសកម្ពុជា ត្រូវចូលទៅចុចលើមុខងារ Explore
Feed នេះ ដែលមានរូបសញ្ញា ឬ អាយខុនស្រដៀងយានអវកាស ឬកាំជ្រួចពណ៌ស
ស្ថិតក្នុងរង្វង់មូលពណ៌ក្រហម
ដែលគេអាចឃើញមាននៅក្នុងកម្មវិធីហ្វេសប៊ុក ឬហៅថា Facebook App
ក្នុងប្រព័ន្ធទូរស័ព្ទដៃស្មាតហ្វូននានា។
ជុំវិញការសាកល្បងមុខងារថ្មីរបស់ហ្វេសប៊ុកនេះ កន្លងមក
អាស៊ីសេរីធ្លាប់បានផុសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននូវរូបភាពណែនាំពន្យល់អំពីការចូលទៅកាន់
Explore Feed នេះ ដើម្បីឲ្យអ្នកតាមដានព័ត៌មាន
និងប្រិយមិត្តរបស់អាស៊ីសេរី អាចស្វែងរកមើលព័ត៌មាននានាដែលផុសដោយ
ទំព័រអាស៊ីសេរី។
ការធ្វើសាកល្បងមុខងារថ្មីនេះ
ធ្វើឡើងក្នុងប្រទេសចំនួន ៦ ដែលភាគច្រើនសុទ្ធតែជាប្រទេសក្រីក្រ
និងមានការអភិវឌ្ឍតិចតួច ក្នុងនោះរួមមាន ប្រទេស បូលីវៀ
ហ្គោតេម៉ាឡា ស៊ែរប៊ី ស្លូវ៉ាគី ស្រីលង្កា និងប្រទេសកម្ពុជា។
នៅកម្ពុជា ការសាកល្បងមុខងារថ្មីនេះ ត្រូវបានក្រុមហ៊ុនហ្វេសប៊ុក
ចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី១៩ ខែតុលា មកម្ល៉េះ។
ជុំវិញការសាកល្បងមុខងារថ្មីនេះ
ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនៅប្រទេសកម្ពុជា
មួយចំនួនបានបង្ហាញនូវអារម្មណ៍ភ្ញាក់ផ្អើល មិនពេញចិត្ត
ហើយខ្លះបានត្អូញត្អែរចំពោះការណ៍ដែលក្រុមហ៊ុនហ្វេសប៊ុក
ដាក់ចេញការកែប្រែនេះ ដោយពុំមានការជូនដំណឹងជាមុន
ឬជាផ្លូវការឲ្យបានទូលំទូលាយអំពីការសាកល្បងមុខងារថ្មីនេះ។
ពួកគេថា ក្រុមហ៊ុនហ្វេសប៊ុក បានដាក់ឲ្យប្រើប្រាស់មុខងារថ្មីនេះ
ដោយស្ងាត់ៗ និងពុំមានការជូនដំណឹងជាផ្លូវការឡើយ។
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ និងជាអ្នកគាំទ្រ (Fan)
របស់អាស៊ីសេរី បានសរសេរ Comments ថា «អ៊ីចឹងតើ
ចេះតែឆ្ងល់បាត់ព័ត៌មានទៅណាអស់» ហើយអ្នកខ្លះទៀតចោទជាសំណួរថា
ហេតុអ្វីបានជាមានការប្រែប្រួលយ៉ាងដូច្នេះតែនៅក្នុងប្រទេសកម្ពុជា។
យុវជនម្នាក់ឈ្មោះ ឃុន សីហា ជាសមាជិកក្រុមវេទិកាកាហ្វេនយោបាយ ឬហៅជាភាសាអង់គ្លេសថា Politikofee
បានសម្ដែងក្តីបារម្មណ៍
និងការមិនពេញចិត្តរបស់ខ្លួនចំពោះការសាកល្បងមុខងារថ្មីរបស់ហ្វេសប៊ុកនេះ។
យុវជនរូបនេះយល់ឃើញថា ការសាកល្បងរបស់ហ្វេសប៊ុកនេះ
ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជា
ក្នុងការទទួលបានព័ត៌មាន ហើយថា ការណ៍នេះ
បង្កើតឲ្យមាននូវផលអវិជ្ជមានជាច្រើន។
យុវជនរូបនេះក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា
ក្រុមហ៊ុនហ្វេសប៊ុកគួរតែមានគោលការណ៍កំណត់ច្បាស់លាស់ និងជាក់លាក់
ចៀសជាងគិតតែអំពីការស្វែងរកចំណូលពីអាជីវកម្មផ្សាយពាណិជ្ជកម្មរបស់ខ្លួន
ព្រោះថាបើមិនដូច្នេះទេ ម្ចាស់ទំព័រដែលមានថវិកាច្រើន
អាចនឹងចំណាយប្រាក់បន្ថែមដើម្បីបង្កើនការផ្សាយពាណិជ្ជកម្មរាល់ការផុសព័ត៌មានរបស់ខ្លួន
ដើម្បីឲ្យព័ត៌មានទាំងនេះ
អាចបង្ហាញលើទំព័រព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទូទៅ។
លោកបង្ហាញក្តីបារម្ភផងដែរ ដែលថាការសាកល្បងនេះ
អាចមានផលប៉ះពាល់ដល់ការឃោសនាបោះឆ្នោតនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខនេះ។
យុវជនដដែលរូបនេះ ស្នើឲ្យក្រុមហ៊ុនហ្វេសប៊ុក
គួរតែបញ្ឈប់ការសាកល្បងមុខងារនេះ
ហើយវិលត្រលប់ទៅរកលក្ខណៈដូចដែលក្រុមហ៊ុននេះ
ធ្លាប់អនុវត្តនាពេលកន្លងទៅ ទើបជាការប្រសើរជាង។
ដោយឡែក លោក ង៉ែត ម៉ូសេ ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ
និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ ឲ្យអាស៊ីសេរីដឹងថា
តាមលោកសង្កេតមានការត្អូញត្អែរជាច្រើនពីសំណាក់ពលរដ្ឋនៅកម្ពុជា
ក្រោយពេលដែលក្រុមហ៊ុនហ្វេសប៊ុកដាក់ចេញសាកល្បងឲ្យប្រើប្រាស់នូវមុខងារ
Explore Feed នេះ នៅក្នុងប្រទេសកម្ពុជា។ លោកថា ក្រុមហ៊ុនហ្វេសប៊ុក
មិនបានជូនដំណឹងជាផ្លូវការណាមួយឡើយ
មុនពេលដាក់ឲ្យប្រើប្រាស់នូវមុខងារថ្មីនេះទេ
ហើយជាលទ្ធផលធ្វើឲ្យអ្នកប្រើប្រាស់ភាគច្រើនមានចម្ងល់មិនដឹងថា
បាត់ព័ត៌មានទៅណាអស់ឡើយ។
លោក ង៉ែត ម៉េសេ យល់ឃើញថា
ការដាក់ឲ្យប្រើប្រាស់សាកល្បងមុខងារថ្មីនេះ នៅកម្ពុជា
អាចបង្កើតឲ្យមានទាំងផលល្អ និងផលអាក្រក់។ លោកថា
ចំពោះរឿងដែលមិនល្អនោះ
គឺហ្វេសប៊ុកហាក់កំពុងយកប្រទេសកម្ពុជាធ្វើជាទីពិសោធន៍អាជីវកម្មទីផ្សាររបស់ខ្លួន
ដោយសារអ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជាមានសន្ទុះកើនឡើង។
ដោយឡែកសម្រាប់រឿងដែលល្អវិញ លោក យល់ឃើញថា
នៅពេលដែលមានការបែងចែកព័ត៌មាននេះ
វាអាចធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួន
លែងមានការធុញទ្រាន់ពីការឃើញព័ត៌មានច្រើនហួសហេតុពេក
នៅលើទំព័រព័ត៌មានរបស់ខ្លួន ដូចកាលពីលើកមុន។
ការដាក់ឲ្យប្រើប្រាស់សាកល្បងនូវមុខងារថ្មីនេះ
គឺស្របពេលដែលរដ្ឋាភិបាលកម្ពុជា
កំពុងតែចាត់វិធានការយ៉ាងចាស់ដៃប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលតែងរិះគន់រដ្ឋាភិបាល
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ
និងក្រុមអ្នកនយោបាយប្រឆាំងរដ្ឋាភិបាល
ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក ហ្វ៊ីល រ៉ូប៊ឺតសុន (Phil
Robertson)
ថ្លែងប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកកាលពីពេលថ្មីៗនេះថា
វាជាការគួរឲ្យភ្ញាក់ផ្អើលដែលក្រុមហ៊ុនហ្វេសប៊ុក
បានជ្រើសរើសយកប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច ដូចប្រទេសកម្ពុជា
មកធ្វើការសាកល្បង ជាពិសេសដោយសារតែភស្តុតាងបង្ហាញថា
ការបែងចែកនៃការបង្ហាញព័ត៌មាននេះ
ទំនងជានឹងបង្កើតឲ្យមាននូវឥទ្ធិពលទូលំទូលាយ
និងប៉ះពាល់យ៉ាងធំធេងដល់ការសម្ដែងមតិជាសាធារណៈ
និងទីផ្សារប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ លោកហ្វ៊ីល រ៉ូប៊ឺតសុន
ចោទជាសំណួរថា ប្រសិនបើក្រុមហ៊ុនមួយនេះ គិតថា
នេះជាជំហានដែលសំខាន់ និងមានប្រយោជន៍មែននោះ
ហេតុអ្វីបានគេមិនធ្វើការសាកល្បងនូវមុខងារថ្មីនេះ
ក្នុងទីផ្សារសំខាន់ៗដូចជានៅប្រទេសអង់គ្លេស ឬអាល្លឺម៉ង់ ជាដើម?
លោកបន្តថា តើការណ៍ដែលក្រុមហ៊ុននេះ
ជ្រើសរើសយកប្រទេសកម្ពុជាមកសាកល្បង
ក៏ព្រោះដោយសារតែពួកគេបារម្ភថា
ប្រសិនបើពួកគេព្យាយាមសាកល្បងមុខងារថ្មីនេះក្នុងប្រទេសដទៃទៀត
ក្រុមហ៊ុននេះអាចនឹងទទួលរងនូវការប្រឆាំងតវ៉ាទៅនឹងគម្រោងនេះ
ពីសំណាក់រដ្ឋាភិបាល ឬអ្នកប្រើប្រាស់ហ្វេសប៊ុកក្នុងប្រទេសទាំងនេះ?
លោក ហ្វ៊ីល រ៉ូប៊ឺតសុន រិះគន់ក្រុមហ៊ុនអាមេរិកាំងមួយនេះថា
ជម្រើសនៃការសាកល្បងទីផ្សារក្នុងប្រទេសកម្ពុជានេះ
លាតត្រដាងឲ្យដឹងថា ក្រុមហ៊ុនហ្វេសប៊ុក ខ្វះនូវការយល់ដឹង
និងការពិចារណាអំពីថាតើចំណាត់ការរបស់ពួកគេ
អាចប៉ះពាល់ដល់អ្នកប្រើប្រាស់ក្នុងប្រទេសនេះយ៉ាងដូចម្តេចខ្លះ។
លោកថា ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដឹកនាំរដ្ឋាភិបាលតាមរយៈការបង្ក្រាបប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
ដោយការបំបិទសារព័ត៌មាន ឌឹ ខែមបូឌា ដេលី (The Cambodia Daily)
ការបង្ខំអោយវិទ្យុអាស៊ីសេរីបិទការិយាល័យនៅកម្ពុជារបស់ខ្លួន
និងការបំបិទស្ថានីយ ផ្សាយ អេហ្វអឹម
មួយចំនួនដែលផ្សាយបន្តពីវិទ្យុ
ដែលផ្សាយព័ត៌មានដែលរដ្ឋាភិបាលមិនអាចគ្រប់គ្រងបាន
ហ្វេសប៊ុកក្លាយជាប្រភពមួយនៃព័ត៌មានមួយដែលមានសារសំខាន់ជាងពេលណាៗទាំងអស់។
លោកបន្តរិះគន់ថា ការសាកល្បងរបស់ហ្វេសប៊ុក
គឺកំពុងធ្វើឡើងក្នុងពេលវេលាដែលមិនសមស្របទាល់តែសោះ
ហើយក្រុមហ៊ុននេះគួរទទួលស្គាល់អំពីតឋភាពនេះ
ហើយត្រូវផ្អាកជាបន្ទាន់នូវការសាកល្បងដូច្នេះ
ក្នុងប្រទេសកម្ពុជា
ហើយត្រលប់មកឲ្យអ្នកប្រើប្រាស់ក្នុងប្រទេសនេះ
ទទួលបានការបង្ហាញព័ត៌មានដូចប្រក្រតីកាលពីលើកមុនវិញដែរ។ លោកថា
គេពុំមានមន្ទិលទៀតទេថា ការសាកល្បងនេះ
បានធ្វើឲ្យមានភាពពិបាកសម្រាប់ ពលរដ្ឋកម្ពុជាទូទៅ
ដែលមានទូរស័ព្ទស្មាតហ្វូន ក្នុងការស្វែងរកព័ត៌មានឯករាជ្យ
ក្រៅពីប្រភពដែលរដ្ឋាភិបាលគ្រប់គ្រង។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ មានការព្រួយបារម្ភ ដែលថា
ការណ៍នេះ
នឹងរឹតតែជាការពិបាកជាងមុនសម្រាប់អ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជា
ក្នុងការស្វែងរកព័ត៌មានអំពីរលកនៃការរំលោភសិទ្ធិមនុស្ស
និងការធ្វើទុកបុកម្នេញផ្នែកនយោបាយ
ដែលរដ្ឋាភិបាលមិនចង់ឲ្យប្រជាពលរដ្ឋរបស់ខ្លួនទទួលបានដំណឹងនេះ។
របាយការណ៍ស្ទង់មតិប្រចាំឆ្នាំរបស់មូលនិធិអាស៊ី
ស្តីពីការប្រើប្រាស់ទូស័ព្ទដៃ និងសេវាអ៊ីនធឺណែត
ចេញផ្សាយកាលពីខែមករា ឆ្នាំ២០១៧ កន្លងទៅឲ្យដឹងថា
ជាលើកដំបូងក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៦
ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណែតនៅកម្ពុជា
យកមកធ្វើជាប្រភពចម្បងនៃការទទួលបានព័ត៌មាន
បានកើនឡើងលើសប្រព័ន្ធផ្សព្វផ្សាយប្រពៃណីដទៃទៀតដែលរួមមាន
សារព័ត៌មាន វិទ្យុ និងទូរទស្សន៍ជាដើម។
លោក អាដាម មូសេស អនុប្រធាន
គ្រប់គ្រងគម្រោងទទួលបន្ទុកផ្នែក News Feed របស់ក្រុមហ៊ុន
ហ្វេសប៊ុក ថ្លែងការពារក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន
ហ្វេសប៊ុក ចេញផ្សាយកាលពីថ្ងៃទី២៣ ខែតុលា ថា
ការដាក់ឲ្យសាកល្បងអំពីមុខងារថ្មីនេះ
គឺដើម្បីសិក្សាស្វែងយល់ពីចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក
ថាតើពួកគេចង់ឲ្យមានការបែងចែកការបង្ហាញព័ត៌មានសាធារណៈទូទៅ
ចេញពីព័ត៌មានបុគ្គលផ្ទាល់ខ្លួន ដែរឬក៏យ៉ាងណានោះ។ លោកថា
ក្រុមហ៊ុនហ្វេសប៊ុក
នឹងមិនដាក់បញ្ចេញការសាកល្បងមុខងារនេះនៅក្នុងប្រទេសដទៃផ្សេងទៀតឡើយ
ហើយថានេះគ្រាន់តែជាករណីសាកល្បងតែប៉ុណ្ណោះ៕
No comments:
Post a Comment