សង្គមស៊ីវិល ធ្វើការផ្នែកបរិស្ថាន និងក្រុមយុវជន
ស្នើសុំរដ្ឋាភិបាលកម្ពុជា
កុំរឹតបណ្ដឹងលើសេរីភាពបញ្ចេញមតិរបស់អ្នកការពារបរិស្ថាន។
ពួកគេចាត់ទុកសកម្មភាពការពារបរិស្ថានថា
ជាសកម្មភាពបម្រើប្រយោជន៍រួមរបស់សង្គមជាតិ។
ក្រុមនិស្សិត និងសង្គមស៊ីវិល
នៅតែព្រួយបារម្ភពីការសម្ដែងមតិ ទាក់ទងនឹងបរិស្ថាន។
ពួកគេទទូចឲ្យរដ្ឋាភិបាលបើកទូលាយពីសិទ្ធិបញ្ចេញមតិទាក់ទងការ
ការពារធនធានធម្មជាតិ។ នាយកប្រតិបត្តិអង្គការស្ម័គ្រចិត្តដើម្បីសង្គម
លោក ប៉ែន សុមុនី ថ្លែងក្នុងវេទិការយុវជនកម្ពុជា ឆ្នាំ២០១៧
ស្ដីពីយុវជនក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ
និងការអភិវឌ្ឍប្រកបដោយចិរភាពថា បច្ចុប្បន្នគេសង្កេតឃើញថា
សេរីភាពបញ្ចេញមតិរបស់យុវជន មិនមានប្រសើរជាងមុននោះទេ
ប៉ុន្ដែផ្ទុយទៅវិញ សេរីភាពនេះបែរជាថយចុះជាងមុនទៅវិញ
នៅមួយរយៈចុងក្រោយនេះ។
លោក ប៉ែន សុមុនី មើលឃើញថា
រដ្ឋាភិបាលបានដើរតួនាទីយ៉ាងល្អ នៅក្នុងវិស័យអប់រំ
ប៉ុន្តែចំពោះវិស័យដីធ្លី និងធនធានធម្មជាតិ
នៅមិនទាន់មានភាពប្រសើរនោះទេ។
លោកស្នើឲ្យមានការបើកសេរីភាពឲ្យទូលាយសម្រាប់អ្នកការពារបរិស្ថាន។
ចំណែកឯនាយកប្រតិបត្តិអង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល
លោក ឳម សាវ៉ាត ក៏ស្នើឲ្យអាជ្ញាធរកុំហាមឃាត់អ្នកសារព័ត៌មាន
សង្គមស៊ីវិល និងពលរដ្ឋ ដែលទៅពិនិត្យមើលតំបន់លិចទឹក
ដែលរងផលប៉ះពាល់ពីការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោម២។
របាយការណ៍អាជ្ញាធរឃុំស្រែគរអោយដឹងថា
បច្ចុប្បន្នពលរដ្ឋរស់នៅឃុំក្បាលរមាស៥៧គ្រួសារ និងឃុំស្រែគរ
ជាង៦០គ្រួសារ នៅមិនទាន់យល់ព្រមទទួលសំណងពីក្រុមហ៊ុននៅឡើយ។
សង្គមស៊ីវិល ចាត់ទុកការហាមឃាត់អ្នកសារព័ត៌មាន សង្គមស៊ីវិល
និងពលរដ្ឋក្នុងសហគមន៍រងគ្រោះ
គឺជាការរឹតត្បិតលើសេរីភាពដល់ក្រុមអ្នកការពារបរិស្ថានផងដែរ។
ករណីអ្នកបរិស្ថានរងគ្រោះដោយសារការបញ្ចេញមតិកន្លងមក
គេសង្កេតឃើញថា ច្រើនកើតលើសកម្មជនរបស់អតីតអង្គការមាតាធម្មជាតិ។
តុលាការខេត្តកោះកុង កាលពីយប់ថ្ងៃទី១៣ ខែកញ្ញា
បានសម្រេចឃុំខ្លួនសកម្មជនអង្គការនេះ ពីរនាក់ ឈ្មោះ ឌឹម គុណឌី និង ហ៊ុន
វណ្ណៈ ដាក់ពន្ធនាគារបណ្ដោះអាសន្ន
បន្ទាប់ពីពួកគេបានចេញវីដេអូឃ្លីបមួយ
និយាយអំពីភាពមិនប្រក្រតីនៃការនាំចេញខ្សាច់ស៊ីលីកា
ឬខ្សាច់សទៅកោះតៃវ៉ាន់ ចំនួនជាង ១លានតោន ដែលគិតជាទឹកប្រាក់ជាង
៣០លានដុល្លារអាមេរិក។
អាស៊ីសេរី
មិនអាចសុំការបញ្ជាក់អំពីជំហររបស់ក្រសួងបរិស្ថាន
ក្នុងជួយជ្រោមជ្រែងដល់អ្នកការពារបរិស្ថាននៅកម្ពុជា
ពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទេ នៅថ្ងៃទី០១ វិច្ឆិកា។
និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញម្នាក់ កញ្ញា
កេង ស្រីនីន ក៏សំដែងក្តីបារម្ភពីការបាត់បង់ធនធានធម្មជាតិ
នៅពេលដែលមានការរឹតត្បិតការបញ្ចេញមតិ
រិះគន់ការបំផ្លាញធនធានធម្មជាតិ។ និស្សិតជំនាញសង្គមវិទ្យារូបនេះ
ស្នើឲ្យរដ្ឋាភិបាលបើកចំហសេរីភាពពេញលេញដល់ក្រុមអ្នកការពារបរិស្ថាន។
សង្គមស៊ីវិល និងយុវជន អះអាងថា
កិច្ចការពារបរិស្ថាន គឺជាសកម្មភាពបម្រើប្រយោជន៍សាធារណៈដល់សង្គម
ហើយក្រុមអ្នកការពារបរិស្ថានគ្រាន់តែចង់ឃើញធនធានធម្មជាតិ
អាចនៅគង់វង្សតកូនចៅជំនាន់ក្រោយ និងមិនបានធ្វើសកម្មភាពណាមួយ
ដណ្ដើមអំណាចអ្វីនោះទេ៕
No comments:
Post a Comment