ប្រមុខបក្សកាន់អំណាច លោក ហ៊ុន សែន នៅថ្ងៃនេះ
បានបន្តអំពាវនាវឲ្យមន្ត្រីជាប់ឆ្នោតគណបក្សប្រឆាំង
បន្តចុះចូលជាមួយគណបក្សកាន់អំណាចរបស់ខ្លួន ឲ្យបានមុនថ្ងៃទី ១៦
វិច្ឆិកា។ ថ្ងៃទី ១៦ វិច្ឆិកា គឺជាកាលបរិច្ឆេទដែលតុលាការកំពូល
នឹងបើកសវនាការជំនុំជំរះក្តី លើបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ
ដែលប្តឹងដោយរដ្ឋាភិបាលកម្ពុជា។ វីដេអូអំពាវនាវរបស់លោក
គឺធ្វើឡើងនៅថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប
និងអកអំបុក សំពះព្រះខែ។
គឺតាមរយៈវីដេអូឃ្លីបផ្សាយផ្ទាល់ជាង២០នាទី
នៅលើទំព័រហ្វេសបុករបស់ខ្លួន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានបន្តអំពាវនាវឲ្យមន្ត្រីជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ
រាប់ចាប់តាំងពីតំណាងរាស្ត្រ
រហូតដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេស
មកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក។ ការចុះចូល គឺធ្វើឡើង
ឲ្យបានមុនថ្ងៃទី ១៦ វិច្ឆិកា។
ជាថ្ងៃដែលតុលាការកំពូលនឹងបើកសវនាការជំនុំជម្រះក្តីលើបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។
នេះបើតាមវីដេអូ អំពាវនាវរបស់ប្រមុខបក្សកាន់អំណាច នៅថ្ងៃទី០៤
វិច្ឆិកា ដែលជាថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប
និងអកអំបុក សំពះព្រះខែ។
បើតាមវីដេអូឃ្លីបនេះ
លោកនាយករដ្ឋមន្ត្រីបានអះអាងថា គណបក្សសង្គ្រោះជាតិ
នឹងត្រូវរំលាយនៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ
ពោលគឺមុនពេលដែលតុលាការកាត់ទោសលោក កឹម សុខា
ប្រធានគណបក្សសង្គ្រោះជាតិ ពីបទក្បត់ជាតិ ទៅទៀត។
លោកបានមានប្រសាសន៍ថា
គណបក្សកាន់អំណាចរបស់លោកនៅតែស្វាគមន៍ចំពោះមន្ត្រីគណបក្សសង្គ្រោះជាតិ
ដែលនៅពេលនេះផ្លូវនៅបើកទូលាយ
តែបើការចុះចូលធ្វើឡើងក្រោយថ្ងៃទី១៦វិច្ឆិកា
ផ្លូវនឹងតូចជាងមុន។
ការចេញមុខមកអំពាវនាវជាថ្មីប្រមុខបក្សកាន់អំណាចនៅពេលនេះ
គឺធ្វើឡើង បន្ទាប់ពីលោកបានអះអាងថា មានការរារាំង
ឬទប់ស្កាត់មិនឲ្យមានការផ្តាច់ខ្លួននៅក្នុងចំណោមមន្ត្រីគណបក្សប្រឆាំង
និងទំនងជាប្រមុខបក្សកាន់អំណាចចង់ឆ្លើយតបទៅនឹងសំណួរថា
បើគណបក្សសង្គ្រោះជាតិត្រូវរំលាយមែន តើចាំចាប់អ្វីដែលលោក ហ៊ុន សែន
ត្រូវអំពាវនាវឲ្យមានការចុះចូលបែបនេះ? លោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន បានឆ្លើយនឹងសំណួរនេះថា
គឺដោយសារតែលោកមានបំណងល្អជាមួយមន្ត្រីថ្នាក់ក្រោម។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ០៣ វិច្ឆិកា
មានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិតែម្នាក់ប៉ុណ្ណោះ
ដែលបានប្រកាសចុះចូលជាមួយគណបក្សកាន់អំណាច។
ក្រៅពីនោះនៅមានសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង មេឃុំ-ចៅសង្កាត់
រួមទាំងសមាជិកក្រុមប្រឹក្សានិងជំទប់ទី១និងទី២
ប្រមាណជា៥៦រូបប៉ុណ្ណោះ ដែលបានសម្រេចចិត្តចាកចេញពីគណបក្សរបស់ខ្លួន
តាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ
សម្រាប់គណបក្សសង្គ្រោះជាតិ ចំនួននេះនៅតិចតួចនៅឡើយ
បើប្រៀបធៀបនឹងចំនួនមេឃុំ-ចៅសង្កាត់
និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលខ្លួនបានឈ្នះពីគណបក្សប្រជាជនកម្ពុជាជាង៥ពាន់នាក់
កាលពីការបោះឆ្នោតនាខែមិថុនា ឆ្នាំ២០១៧កន្លងទៅ។
យ៉ាងណាក៏ដោយ
បើតាមការអះអាងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គណបក្សសង្គ្រោះជាតិ
មិនត្រឹមតែរំលាយចោលនោះទេ
តែសមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលលោកនាយករដ្ឋមន្ត្រីបានហៅថា
ជាក្រុមឧទ្ទាមទីក្រុង ប្រមាណជា១០០នាក់ នឹងត្រូវហាមឃាត់
មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំដែរ៕
No comments:
Post a Comment