Friday, February 2, 2018

លោក ហ៊ុន សែន ព្រមានដាក់ទណ្ឌកម្មត្រលប់លើប្រទេសដាក់សម្ពាធកម្ពុជា

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ព្រមានបិទការនាំចូលទំនិញពីប្រទេសចង់ដាក់ទណ្ឌកម្មលើកម្ពុជា ខណៈសហគមន៍អន្ដរជាតិបានគំរាមទណ្ឌកម្មជាបន្ដបន្ទាប់ បើរដ្ឋាភិបាលមិនស្ដារលទ្ធិប្រជាធិបតេយ្យឲ្យមានភាពល្អឡើងវិញនោះទេ។
ក្នុងពិធីចែកសញ្ញាបត្រដល់និសិត្សវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាកាលពីថ្ងៃម្សិលមិញនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងថា ក្នុងក្របខ័ណ្ឌនៃច្បាប់ពាណិជ្ជកម្មអន្ដរជាតិ ការនាំចេញ និងនាំចូលទំនិញ ត្រូវបង់បន្ធដូចគ្នា ដើម្បីទទួលបានផលប្រយោជន៍ទៅវិញទៅមក។
លោកថ្លែងទៀតថា ប្រសិនបើប្រទេសណាមិនចង់ទទួលយកទំនិញពីកម្ពុជានោះ លោកថា កម្ពុជា ក៏នឹងបិទមិនទទួលយកទំនិញពីប្រទេសនោះដូចគ្នា។
លោកថា៖ «អ្នកឯងអាចវាយពន្ធទៅលើទំនិញរបស់ខ្ញុំ ខ្ញុំក៏វាយពន្ធទៅលើទំនិញរបស់អ្នកឯង អាឡូវសុំសង្កេតមើលទូរទស្សន៍របស់កម្ពុជារាល់ថ្ងៃ ក្រុមហ៊ុនឧបត្ថម្ភធំៗសម្រាប់វាយគ្នា ឬប្រឡងបវរកញ្ញា ផលិតផលហ្នឹង ផលិតផលអ្នកណា ទេ បើឯងឈប់ឲ្យខ្ញុំនាំចូល ខ្ញុំក៏ឈប់ឲ្យអ្នកឯងអ្នកនាំចូលវិញដែរ»។
ទោះយ៉ាងណា ការថ្លែងរបស់លោក ហ៊ុន សែន មិនបានបញ្ជាក់ចំឈ្មោះប្រទេសណាជាក់លាក់ នោះទេ។ ក្នុងឱកាសនោះលោក ហ៊ុន សែន ក៏បានស្តីបន្ទោសលោក សម រង្ស៊ី ដែលកំពុងធ្វើយុទ្ធនាការនៅក្រៅប្រទេសឲ្យមានការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា។​
លោកថា៖ «អាអ្នករត់ចោលស្រុក សម្ពាធៗ អើអញ្ជើញមក សម្ពាធ វាត្រូវក្បាល ហ៊ុន សែនហើយ»។
អ្នកវិភាគនយោបាយ លោក អ៊ូ វីរៈ វិភាគថា ចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី គ្រាន់ជាសំឡេងទូងស្គរដាស់អារម្មណ៍នៃសេរីភាពបញ្ចេញមតិ និងជំរុញឲ្យមានសំពាធខ្លះមកលើរដ្ឋាភិបាលប៉ុណ្ណោះ។
លោកថា៖ «គាត់ដើរតវ៉ានៅលើឆាកអន្តរជាតិ វាតែងតែមានសម្ពាធដល់រដ្ឋាភិបាល និងគណបក្សប្រជា​ជនកម្ពុជា​ហើយ។ អាហ្នឹងធម្មតាទេ ក្នុងរូបភាពចលនាហ្នឹងក៏ដោយ ឬមួយក្នុងរូបភាពគាត់ផ្ទាល់ក៏ដោយ ក្នុងរូបភា​ព​ដែ​​ល​​គា​ត់​​​​​​​​ប្រ​​កា​សពីមុនមកក៏ដោយក៏ដូចតែគ្នាដែរ។ អញ្ចឹង ចលនាហ្នឹងជារូបភាពអន្តរជាតិមិនដូរទេ ​ឬមួយមិនខុ​សពី​មុន​​​ទេ​​​​»។
កន្លងទៅ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏បានព្រមានដាក់ទណ្ឌកម្មការទូត និងព្រមានលុបចោលប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាផងដែរ ដោយថា រដ្ឋាភិបាលលោក ហ៊ុន សែន បានរំលោភសិទ្ធិពលរដ្ឋ និងដឹកនាំប្រទេសឆ្ពោះទៅរករបបផ្ដាច់ការ បន្ទាប់ពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ ការបន្ដឃុំខ្លួនលោក កឹម សុខា និងការយាយីក្រុមអង្គការសង្គមស៊ីវិល និងបណ្ដាញព័ត៌មានឯករាជ្យ។
អ្នកជំនាញផ្នែកសេដ្ឋកិច្ច លោក យ៉ង់ ប៉ាក់ ពន្យល់ថា បើអឺរ៉ុបដាក់ទណ្ឌកម្មមែន រយៈពេលខ្លី កម្ពុជានឹងទទួលផលប៉ះពាល់ខ្លាំង។ ប៉ុន្ដែ សម្រាប់រយៈពេលវែង លោកថា​ កម្ពុជានៅតែអាចទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួនឡើងវិញតាមរយៈការងាកមកជំរុញវិស័យកសិកម្ម។​
លោកថា៖«បើសិនជាមានរឿងហ្នឹងកើតឡើង រយៈពេលខ្លី គឺប៉ះពាល់ខ្លាំង ខ្ញុំគិតថា រដ្ឋាភិបាលបានគិតគូររឿងហ្នឹង រដ្ឋាភិបាលបានត្រៀមចេញពីវស័យវាយនភ័ណ្ឌមកវិស័យកសិកម្ម បើយើងផ្ដោតទៅវិស័យកសិកម្មវិញ យើងមិនជារងគំនាបខ្លាំងទេ ប៉ុន្ដែ បើរយៈពេលខ្លី ប្រហែលជាប៉ះពាល់ខ្លាំង»។
កាលពី​ថ្ងៃ​ទី​២៤ខែមករាកន្លងទៅនេះ ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិកចំនួន៨រូប បានសរសេរលិខិតមួយ ផ្ញើទៅតំណាងរបស់ពួកគេប្រចាំនៅ​អង្គការសហប្រជាជាតិ ដោយស្នើឲ្យបន្ថែមសំពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន និងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសឯកោ៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...