លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ
ជាតួអង្គមួយដ៏សំខាន់សម្រាប់ធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
យកមក ធ្វើជាដើមទុននយោបាយ ក្រៅពីមនុស្សពាក់ព័ន្ធផ្សេងទៀត
ដែលកំពុងស្ថិតនៅក្នុងកណ្ដាប់ដៃដែករបស់លោកដែលប្រើប្រាស់ប្រព័ន្ធតុលាការធ្វើការចោទប្រកាន់អ្នកទាំងនោះ
ដើម្បីបំភ័ន្តភ្នែកមហាជននោះ។
មួយវិញទៀត ការសម្រេចបន្តឃុំខ្លួន លោក កឹម សុខា
របស់សាលាឧទ្ធរណ៍កាលពីថ្ងៃទី១ ខែកុម្ភៈ នោះ
មិនមែនជារឿងចម្លែកអ្វីទេ ទោះបីជាក្រុមមេធាវីរបស់លោក កឹម សុខា
មានភស្តុតាងគ្រប់គ្រាន់ក្នុងការតតាំងនៅក្នុងសវនាការដើម្បីដោះបន្ទុក
លោក កឹម សុខា ឲ្យមានសិទ្ធិសេរីភាពវិញក្ដី
បើសិនជាគ្មានការបើកភ្លើងខៀវពីលោក ហ៊ុន សែន ជាមុនទេនោះ។
តើលោក កឹម សុខា និងមនុស្សមួយចំនួនទៀត កំពុងជាប់ឃុំនោះនៅតែជាចំណាប់ខ្មាំងនយោបាយរបស់លោក ហ៊ុន សែន រហូត ឬយ៉ាងណា?
មនុស្សគ្រប់គ្នាស្ទើរតែដឹងជាមុនហើយថា លោក កឹម សុខា
មិនអាចនៅក្រៅឃុំតាមការស្នើសុំរបស់មេធាវីលោកបានទេ
ទោះបីជាមេធាវីរបស់លោក កឹម សុខា នោះ
រៀនបញ្ចប់សញ្ញាប័ត្រច្បាប់មកពីសាលាល្បីៗនៅលើសាកលលោកក៏ដោយ
បើសិនជាតុលាការកម្ពុជា
មិនអាចកាត់ផ្ដាច់ឥទ្ធិពលពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងគណបក្សប្រជាជនកម្ពុជា បានទេនោះ។
តុលាការកម្ពុជា ត្រូវបានប្រជាពលរដ្ឋរងគ្រោះដីធ្លី
ប្រសិទ្ធិនាមជូនថា ជាតុលាការតេឡេ ពោលគឺបើអ្នកនយោបាយ ឬលោក ហ៊ុន សែន
បញ្ជាយ៉ាងណាហើយ
តុលាការត្រូវតែស្វះស្វែងរកមាត្រាច្បាប់យកមកចោទប្រកាន់មនុស្សទាំងនោះ
ក្រោមហេតុផលអនុវត្តច្បាប់ ទោះបីជាការចោទប្រកាន់សមហេតុផល
ឬមិនសមក្ដី។
មកទល់ពេលនេះ មានមនុស្សមិនតិចជាង ៣០នាក់ទេ
ដែលកំពុងជាប់ឃុំក្នុងនោះ មានប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម
សុខា តំណាងរាស្ត្រសកម្មជនបក្សប្រឆាំង សកម្មជនដីធ្លី បរិស្ថាន
និងអ្នកសារព័ត៌មានជាដើម។ អ្នកទាំងនេះ
ត្រូវបានអង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ
ព្រមទាំងប្រទេសមហាអំណាចផងហៅថា ជាអ្នករងគ្រោះនយោបាយ។
ជាការពិតណាស់ សកម្មជនបក្សប្រឆាំង តំណាងរាស្ត្រសកម្មជនដីធ្លី
បរិស្ថាន សកម្មជនសិទ្ធិមនុស្ស រួមទាំងអ្នកសារព័ត៌មានឯករាជ្យផង
ពួកគាត់ជាក្រុមមនុស្សងាយរងគ្រោះ
នៅពេលស្ថានភាពនយោបាយវិវឌ្ឍកាន់តែអាក្រក់។ ដូចគ្នានេះ
ព្រឹត្តិការណ៍សំខាន់ៗមួយចំនួនមិនទាន់រសាយបាត់ពីការចង់ចាំរបស់មនុស្សគ្រប់គ្នានៅឡើយ
គឺកាលពីឆ្នាំ២០១៤ ក្រោយពីការបោះឆ្នោតអាណត្តិទី៥
គណបក្សប្រឆាំងប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះ
តុលាការបានចាប់តំណាងរាស្ត្របក្សប្រឆាំង ៧រូប មេដឹកនាំសហជីព
និងមានករណីកងកម្លាំងរដ្ឋាភិបាលបាញ់សម្លាប់កម្មករ
និងរបួសជាច្រើននាក់ទៀត ក្នុងពេលបង្ក្រាបកម្មករធ្វើបាតុកម្ម។
លោក ហ៊ុន សែន
ហាក់ប្រើយុទ្ធសាស្ត្រនយោបាយជាន់ដានប្រវត្តិសាស្ត្រដដែលៗ
ដើម្បីចាប់មនុស្សទាំងនេះជាចំណាប់ខ្មាំងនយោបាយ
ហើយពន្លឺនៃការដោះលែងលោក កឹម សុខា វិញ ហាក់នៅឆ្ងាយនៅឡើយ
ដោយយោងលើស្ថានភាពជាក់ស្ដែងបច្ចុប្បន្ន
ពីព្រោះបញ្ហាសំខាន់នៅត្រង់ថា លោក ហ៊ុន សែន
ខ្លាចចាញ់ការបោះឆ្នោតដោយលោកទាញយកដៃគូប្រកួតដែលលោកធ្លាប់បានលួចវាយកម្ទេចពីក្រោយខ្នងឲ្យបែកបាក់ខ្ទេចខ្ទីអស់ហើយនោះ
យកមកធ្វើជាដៃគូប្រកួតវិញ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច
និងគណបក្សផ្សេងៗមួយចំនួនទៀត ដើម្បីឲ្យគេមើលឃើញថា
គណបក្សប្រជាជនកម្ពុជា
របស់លោកនៅតែរក្សាភាពខ្លាំងនៅលើសង្វៀនប្រកួតគ្មានអ្នកខ្លាំងប្រកួតជាមួយនោះ។
នៅទន្ទឹមនឹងលោកវាយបំបាក់គូប្រកួតគឺគណបក្សសង្គ្រោះជាតិនោះ
លោក ហ៊ុន សែន ក៏កំពុងភ័យព្រួយពីការភ្លាត់ស្នៀតដោយប្រការណាមួយដែរ
គឺលោកបានបិទគ្រប់ច្រកល្ហកមិនឲ្យមានសកម្មភាពអ្វីទេ
ទោះបីជាក្រុមរងគ្រោះដីធ្លី ក្រុមសិទ្ធិមនុស្ស ក្រុមបក្សប្រឆាំងជាដើម
គឺរដ្ឋបាលលោក ហ៊ុន សែន
បានទប់ស្កាត់គ្រប់សកម្មភាពមិនឲ្យមានចលនាបាតុកម្មអ្វីឡើយ
ក្រោមហេតុផលចោទប្រកាន់ក្រុមទាំងនេះថា
ប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ជាដើម។
ក្រៅពីបិទច្រកមិនឲ្យធ្វើសកម្មភាពបាតុកម្មនោះ លោក ហ៊ុន សែន
ក៏បិទមាត់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងចាប់អ្នកសារព័ត៌មានទៀតផង
ដើម្បីជាការគំរាមកំហែងស្ថាប័នព័ត៌មានដទៃទៀត។
ម្យ៉ាងវិញទៀត ថ្វីត្បិតលោក ហ៊ុន សែន
ជោគជ័យលើការរំលាយគណបក្សសង្គ្រោះជាតិ ចាប់លោក កឹម សុខា
និងមនុស្សមួយចំនួនទៀតដាក់គុកហើយក្ដី ប៉ុន្តែលោក ហ៊ុន សែន
នៅតែភ័យព្រួយពីចលនាណាមួយផ្ទុះឡើង ពិសេសនៅថ្ងៃទី១ ខែកុម្ភៈ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ព្រមានប្រើប្រាស់អាវុធទំនើបដើម្បីកម្ទេចចលនាសង្គ្រោះជាតិ របស់លោក
សម រង្ស៊ី ដែលលោកគិតថា ជាក្រុមឧទ្ទាម ចង់បង្កើតតំបន់អបគមន៍។
ការប្រកាសរបស់លោក ហ៊ុន សែន នេះ គឺផ្ទុយពីអ្វីដែលលោក សម រង្ស៊ី
បានប្រកាសថា ការបង្កើតចលនាសង្គ្រោះជាតិនេះ
ជាការទាមទារដោយអហិង្សា ដើម្បីទាមទារឲ្យគណបក្សសង្គ្រោះជាតិ
បានចូលរួមបោះឆ្នោតវិញ ដោយយកគំរូតាមការតស៊ូដោយអហិង្សារបស់លោក
មហាត្មៈ គន្ធី (Mahatma Gandhi) នៃប្រទេសឥណ្ឌា លោក ម៉ាទីន លូធើ ឃីង
(Martin Luther King) នៅអាមេរិក និងលោក ណែលសិន ម៉ាន់ដេឡា (Nelson
Mandela) នៅអាហ្វ្រិកខាងត្បូង
ដែលសុទ្ធតែទទួលបានផលជោគជ័យក្នុងការតស៊ូទាមទាររកយុត្តិធម៌
និងសិទ្ធិសេរីភាពដោយអហិង្សានោះ។
ដោយលោក លោក ហ៊ុន សែន មើលឃើញពីចលនានេះ
ថានឹងអាចកាន់តែរីកធំទៅៗនៅពេលខាងមុខនេះហើយ ទើបលោក ហ៊ុន សែន
មិនទុកចិត្តអ្នកដទៃក្នុងការតែងតាំងមនុស្សផ្សេងនៅក្នុងជួរកងទ័ព
ក្រៅពីតែងតាំងក្រុមគ្រួសារ និងកូនចៅលោក ដូចជាកាលពីពេលថ្មីៗនេះ
លោក ហ៊ុន សែន បានតែងតាំងកូនប្រុសច្បងរបស់លោកគឺ លោក ហ៊ុន ម៉ាណែត
ឲ្យមានតួនាទីជាច្រើន រួមមានតែងតាំងទៅជាឧត្ដមសេនីយ៍ឯកផ្កាយមាស៣
កាន់តំណែងជាអគ្គមេបញ្ជាការរងកងទ័ពជើងគោក
ជាមេបញ្ជាការរងកងអង្គរក្ស
ជាមេបញ្ជាការកម្លាំងពិសេសប្រឆាំងភេរវកម្ម
និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។ បន្ទាប់មក លោក
ហ៊ុន សែន បានតែងតាំងកូនប្រុសទីពីររបស់លោក គឺលោកឧត្ដមសេនីយ៍ទោ ហ៊ុន
ម៉ានិត ឲ្យធ្វើជាប្រធាននាយដ្ឋានស្រាវជ្រាវខាងផ្នែកចារកិច្ច។
នៅខែចុងខែធ្នូ ឆ្នាំ២០១៧ លោកបានតែងតាំងក្មួយប្រុសបង្កើតរបស់លោក
គឺលោក ហ៊ុន ជា ពីឋានន្តរសក្ដិជាឧត្ដមសេនីយ៍ទោ
ទៅជាឧត្ដមសេនីយ៍ឯកផ្កាយមាសបី នៃក្រសួងការពារជាតិ។
ក្នុងរយៈពេលមិនដល់មួយខែផង គឺនៅពាក់កណ្ដាលខែមករា ឆ្នាំ២០១៨
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំងកូនប្រសារបស់លោក គឺលោក ឌី
វិជ្ជា កូនប្រុសលោក ហុក ឡងឌី ឱ្យធ្វើជាអគ្គស្នងការរងនគរបាលជាតិ
ថែមទៀត។
សរុបសេចក្ដី ទោះបីជាលោក ហ៊ុន សែន
តែងតាំងកូនចៅរបស់ខ្លួនឲ្យកាន់កិច្ចការធំៗ
និងតុលាការបានប្រកាសពីការអនុវត្តច្បាប់ដ៏តឹងតែងដើម្បីបន្តឃុំខ្លួនលោក
កឹម សុខា និងមនុស្សមួយចំនួនទៀតជាចំណាប់ខ្មាំងនយោបាយដូច្នេះក្ដី
ប៉ុន្តែលោក កឹម សុខា រួមទាំងអ្នកជាប់ឃុំដទៃទៀត
នឹងអាចមានសិទ្ធិសេរីភាពវិញភ្លាម បើសិនជាលោក កឹម សុខា
ព្រមធ្វើតាមលោក ហ៊ុន សែន
ពោលគឺព្រមចេញមកបង្កើតបក្សថ្មីជាមួយតំណាងរាស្ត្រមួយចំនួន ដែលលោក
សម រង្ស៊ី ធ្លាប់ចោទថា ជាមនុស្សរបស់លោក ហ៊ុន សែន នោះ
ដែលជាយុទ្ធសាស្ត្របំបែកលោក កឹម សុខា ចេញពីលោក សម រង្ស៊ី។ នៅពេលនោះ
លោក កឹម សុខា និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ
មួយចំនួននឹងត្រូវបានតុលាការរបស់លោក ហ៊ុន សែន
នឹងលុបឈ្មោះចេញពីបញ្ជី ១១៨រូបនោះភ្លែត
ដើម្បីមានសិទ្ធិធ្វើនយោបាយវិញបាន។ ក៏ប៉ុន្តែយុទ្ធសាស្ត្រនេះ
ទំនងជាលោក កឹម សុខា មិនព្រមធ្វើតាមលោក ហ៊ុន សែន ទេ
ព្រោះលោកបានប្រកាសហើយថា លោកសុខចិត្តជាប់គុក
គឺមិនលក់ឧត្តមគតិរបស់លោកឡើយ។
ទោះបីជាយ៉ាងនេះក្ដី លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ
ប្រហែលជាមិនអស់សង្ឃឹមឡើយ ប្រសិនបើគណបក្សសង្គ្រោះជាតិ ទាំងមូល
រួមទាំងអ្នកគាំទ្ររបស់បក្សប្រឆាំងផង
ព្រមធ្វើតាមបណ្ដាំរបស់លោកដែលថា
សេរីភាពគ្មានអ្នកណាឲ្យដោយងាយៗនោះទេ
បើសិនជាអ្នកប្រជាធិបតេយ្យទាំងអស់មិនព្រមស្រុះស្រួលគ្នា
និងសាមគ្គីឲ្យទៅជាធ្លុងតែមួយដើម្បីទាមទារទេនោះ។
នៅត្រង់ចំណុចនេះ គឺដូចអ្វីដែលជាគោលបំណងរបស់លោក សម រង្ស៊ី
ដែលបង្កើតចលនាសង្គ្រោះជាតិនេះឡើងដើម្បីរួមគ្នាទាមទារសិទ្ធិសេរីភាពមកវិញដោយអហិង្សា
ដូចដែលប្រទេសប្រទេសមហាអំណាចបានលើកឡើងថា
គ្មានអ្នកណាអាចជួយបានក្រៅពីខ្មែរជួយខ្លួនឯងនោះឡើយ។
ក្រៅពីនេះទៀត អ្វីដែលជាគំរូស្រាប់នោះ
គឺថារបបផ្ដាច់ការមួយចំនួននៅលើសាកលលោកបានដួលរំលំបន្តិចម្ដងៗ
ដោយសារតែកម្លាំងមហាជនភាគច្រើននៅក្នុងប្រទេស
បានរួមគ្នាទាមទារសិទ្ធិសេរីភាពរបស់ខ្លួនមកវិញ។
បញ្ហានេះសម្រាប់នៅកម្ពុជា ក៏ដូច្នោះដែរ
គ្មានអ្នកណាអាចស្មានត្រូវឡើយ នៅដំណាក់កាលចុងក្រោយ នៅគ្រាដែលលោក
ហ៊ុន សែន កាន់តែរឹតត្បិតសិទ្ធិសេរីភាពកាន់តែខ្លាំងឡើង
ហើយនៅពេលនោះមិនប្រាកដថា ពលរដ្ឋនៅទូទាំងនគរមិនឈឺចាប់
និងមិនងើបឈរឡើយ នៅស្របពេលលោក ហ៊ុន សែន កំពុងតែដឹកនាំបែបយោធានិយម
ហើយរើសអើងនៅក្នុងជួររដ្ឋាភិបាលផង
ពោលគឺសែស្រឡាយរបស់លោកបានឡើងឋានន្តរសក្ដិ តួនាទីជាបន្តបន្ទាប់
រីឯអ្នកតស៊ូនៅក្នុងបក្ស នៅក្នុងជួររដ្ឋាភិបាល
និងនៅក្នុងជួរកងទ័ពដទៃទៀត
ទោះបីជាបានខិតខំធ្វើការស្ទើរពេញមួយជីវិតទៅហើយក្ដី
ពួកគាត់មួយចំនួនបានត្រឹមតែស័ក្ដិ២ ស័ក្ដិ៣ ដដែលនោះ មិនសន្មតថា
អ្នកទាំងនោះកំពុងគាំទ្ររបបលោក ហ៊ុន សែន ឡើយ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment