ឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Patrick Murphy
បានបិទបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីរសៀលថ្ងៃទី ១៣ ធ្នូ
បន្ទាប់ពីបានចំណាយពេល២ថ្ងៃ។ មុនបិទបញ្ចប់ដំណើរទស្សនកិច្ចនេះ
លោកឧបការីរង បានធ្វើសន្និសីទកាសែតមួយ
ដោយបានធ្វើសេចក្តីអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាងាកក្រោយ
ដើម្បីស្តារស្ថានការណ៍នយោបាយនៅកម្ពុជាឡើងវិញ។
ទន្ទឹមនឹងការអំពាវនាវនេះ លោក Murphy ក៏បានព្រមានថា អាមេរិកនឹងចាត់វិធានការបន្ថែមទៀត បើស្ថានការណ៍បន្តធ្ងន់ធ្ងរ។
ការលើកឡើងរបស់លោកឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិក
បានផ្អែកទៅលើស្ថានការណ៍នយោបាយចុងក្រោយនៅក្នុងប្រទេសកម្ពុជា
បន្ទាប់ពីមានការរំលាយគណបក្សសង្រ្គោះជាតិ,
ការចាប់ខ្លួនអតីតប្រធានគណបក្សប្រឆាំងលោក កឹម សុខា
និងការធ្វើទុក្ខបុកម្នេញមកលើអង្គការសង្គមស៊ីវិល
និងបណ្តាញផ្សព្វផ្សាយព័ត៌មានមួយចំនួននៅកម្ពុជា។
នៅក្នុងជំនួបកិច្ចពិភាក្សាតុមូលជាមួយក្រុមអ្នកកាសែតកម្ពុជា
ដែលធ្វើឡើងនៅឯនិវេសនដ្ឋាននៃឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ
មុនពេលបិទបញ្ចប់ដំណើរទស្សនៈកិច្ចនៅកម្ពុជា កាលពីរសៀលថ្ងៃទី ១៣
ធ្នូ លោក Patrick Murphy ឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិក
បានលើកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជាឲ្យងាកក្រោយ
ដើម្បីស្តារស្ថានការណ៍នយោបាយដែលលោកចាត់ទុកថា ជាគុណវិបត្តិនោះ
ឲ្យវិលមករកគន្លងលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ហើយថា សហរដ្ឋអាមេរិក
អាចធ្វើការវាយតម្លៃឡើងវិញ អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ
ប្រសិនបើរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ចំពោះអនុសាសន៍របស់ខ្លួន។
ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី
បានថ្លែងការពារចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជានិងស្ថាប័នកំពូលៗរបស់កម្ពុជានោះថា
គឺដើម្បីការពារប្រទេសកម្ពុជា
ពីការប៉ុនប៉ងផ្តួលរំលំតាមរយៈបដិវត្តន៍ពណ៌។ លោកបានថ្លែងថា
កម្ពុជាជារដ្ឋឯករាជ្យ
ដែលមិនអាចធ្វើតាមការបង្គាប់បញ្ជាពីប្រទេសណាមួយ
ឲ្យប្រឆាំងនឹងនីតិរដ្ឋ ឬស្ថាប័នកំពូលរបស់ខ្លួននោះទេ។
គួរជំរាបជូនថា សហរដ្ឋអាមេរិក
កាលពីពេលថ្មីៗនេះ
ទើបតែបានសម្រេចផ្អាកផ្តល់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
(គ.ជ.ប) និងឈប់ឲ្យក្រសួងការបរទេសអាមេរិកផ្តល់ទិដ្ឋាការ (VISA)
ដល់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាមួយចំនួន
មិនឲ្យធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ក្រោមហេតុផលថា
បានរួមចំណែកបំផ្លាញដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ស្របពេលជាមួយគ្នានេះ កាលពីថ្ងៃទី ១២ ធ្នូ
អនុគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសនៃសភាសហរដ្ឋអាមេរិក
ក៏ទើបតែបានបើកសវនាការមួយទៀត
ដើម្បីស្វែងរកការចាត់វិធានការបន្ថែមមកលើរដ្ឋាភិបាលកម្ពុជា។
ប៉ុន្តែលោកឧបការីរងបានលើកឡើងថា
រាល់ជំហានទាំងអស់ដែលបាននឹងកំពុងកើតឡើងនៅកម្ពុជា
គួរត្រូវបានត្រលប់ថយក្រោយ។
សូមបញ្ជាក់ថា លោក Patrick Murphy
ឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការតំបន់អាស៊ីអាគ្នេយ៍
បានមកបំពេញទស្សនកិច្ចនៅកម្ពុជាដោយឥតព្រៀងទុក
កាលពីដើមសប្តាហ៍នេះ
ដោយបានជួបជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាសំខាន់ៗ តួយ៉ាង
លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា, លោក ស ខេង
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
និងភាគីពាក់ព័ន្ធមួយចំនួនទៀត។
ជំនួបដែលភាគច្រើនបានលើកឡើងអំពីការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរ
ជាពិសេសទាក់ទងនឹងស្ថានការណ៍នយោបាយនៅកម្ពុជានារយៈពេលចុងក្រោយនេះ៕
No comments:
Post a Comment