មន្ត្រីគណបក្សសង្គ្រោះជាតិ
ហៅការបិទលិខិតឆ្លងដែនការទូតរបស់មន្ត្រីគណបក្សប្រឆាំងថា
ជាការធ្វើតាមអារម្មណ៍របស់អ្នកនយោបាយ ឬបុគ្គលម្នាក់ប៉ុណ្ណោះ។
បន្ថែមពីនេះ
គឺបង្ហាញពីភាពមិនឯករាជ្យរបស់ស្ថាប័នរបស់រដ្ឋទៀតផង។
ការលើកឡើងនេះ ក្រោយពេលក្រសួងការបរទេស និង កិច្ចសហប្រតិបត្តិការកម្ពុជា
បានចេញលិខិតលុបចោលលិខិតឆ្លងដែនការទូតរបស់មន្ត្រីគណបក្សសង្គ្រោះជាតិជាង
៥០រូប។
មន្ត្រីគណបក្សសង្គ្រោះជាតិហាក់មិនចាប់អារម្មណ៍
ចំពោះសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា
ដែលសម្រេចលុបចោលលិខិតឆ្លងដែនការទូត របស់មន្ត្រីគណបក្សប្រឆាំង។
ពួកគេយល់ថាស្ថាប័នជាតិរបស់កម្ពុជាគ្មានឯករាជ្យ
ហើយតែងតែធ្វើតាមអារម្មណ៍ របស់អ្នកនយោបាយ ឬបុគ្គលម្នាក់។
ដូច្នេះគ្មានអ្វីប្លែកនោះទេ។
សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក
សោ ចាន់ដេត មានប្រសាសន៍ថា ដោយសារប្រទេសកម្ពុជា គ្មានស្ថិរភាពនយោបាយ
ទើបបណ្តាលឱ្យច្បាប់ទម្លាប់ទាំងឡាយ តែងវិវត្ត
តាមការចង់បានរបស់បុគ្គលម្នាក់។ លោកហៅការលុបចោលលិខិតឆ្លងដែនការទូត
ពីសំណាក់ក្រសួងការបរទេសកម្ពុជា
ថាជារឿយផ្ទុយទៅនឹងច្បាប់ទាំងស្រុង៖ «មិនអាចធ្វើទៅអីចឹងបានទេ។
បើទោះបីខ្ញុំអស់អាណត្តិអស់អីក៏ដោយ
ប៉ុន្តែត្រូវការរង់ចាំអស់សុពលភាពប៉ាស្ព័រហ្នឹងដែរ។
បើវាមិនទាន់ផុតផង ហើយយើងទៅលុបទៅអីមុន
វាខុសច្បាប់ទាំងស្រុងហើយអាហ្នឹង វាមិនត្រឹមត្រូវទាល់តែសោះ។
ហើយបើនិយាយពីផ្លូវច្បាប់ វាខុសតាំងពីលុបពួកខ្ញុំចេញ
មិនឱ្យធ្វើនយោបាយឡើង»។
ប្រតិកម្មរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ
ពេលនេះ ក្រោយពេលក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការកម្ពុជា
បានចេញលិខិតកាលពីថ្ងៃទី២៤ វិច្ឆិកា សម្រេចលុបចោលលិខិតឆ្លងដែនការទូត
របស់មន្ត្រីគណបក្សសង្គ្រោះជាតិចំនួន ៥៦ រូប ។
ក្នុងនោះភាគច្រើនជាអ្នកតំណាងរាស្ត្រ
និងមានមួយចំនួនជាសមាជិកព្រឹទ្ធសភា។
លិខិតឆ្លងដែនការទូត
ជាលិខិតឆ្លងដែនមួយប្រភេទ ដែលផ្ដល់ជូនមន្ត្រីរាជរដ្ឋាភិបាល
ដែលមានតំណែងធំៗ សម្រាប់ភាពងាយស្រួល នៅពេលចេញចូលទៅក្រៅប្រទេស។
មន្ត្រីគណបក្សប្រឆាំងដដែល
គ្មានគម្រោងប្ដឹងតបតទៅនឹងការសម្រេចនេះទេ
ត្បិតពួកលោកបានដឹងច្បាស់ទៅហើយ ថាមិនអាចតវ៉ាអ្វីបាននោះឡើយ
បើគេសម្រេចហើយ គឺចប់និយាយត្រឹមប៉ុណ្ណឹង។ លោកបញ្ជាក់ទៀតថា
តំណាងរាស្ត្រ និងមន្ត្រីគណបក្សប្រឆាំងផ្សេងទៀត គឺមានអារម្មណ៍
មិនខុសពីលោកនោះទេ ពោលគឺអារម្មណ៍អយុត្តិធម៌ហួសនឹងថ្លែង។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា
លោក សន ជ័យ យល់ឃើញថា ចំណាត់ការបែបនេះ
ជាការអនុវត្តការងារមួយតាមទម្រង់រដ្ឋបាល
ពីព្រោះនៅពេលមន្ត្រីគណបក្សសង្គ្រោះជាតិ មិនមែនជាតំណាងរាស្ត្រ
ឬលែងជាសមាជិកព្រឹទ្ធសភាហើយ គេអាចនិរាករណ៍
រាល់ឯកសារដែលពាក់ព័ន្ធនឹងមុខតំណែងបាន ប៉ុន្តែពួកគាត់
នៅតែអាចប្រើប្រាស់លិខិតឆ្លងដែនធម្មតា ក្នុងនាមពលរដ្ឋទូទៅបាន៖ «អីចឹងខ្ញុំយល់ថា
អតីតអ្នកតំណាងរាស្ត្រទាំងនោះ គាត់នៅតែអាចប្រើលិខិតឆ្លងដែន
ដែលមិនមែនជាលិខិតឆ្លងដែនការទូត
ដែលគេហៅថាលិខិតឆ្លងដែនផ្ទាល់ខ្លួនបានក្នុងនាមជាប្រជាពលរដ្ឋ»។
ក្នុងរយៈពេលជិត ៥ឆ្នាំ
បន្ទាប់ពីបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ បញ្ចប់ទៅ
កាលពីឆ្នាំ២០១៣ គេសង្កេតឃើញថា
លទ្ធផលនៃការអភិវឌ្ឍប្រទេសជាតិមានតិចតួច
ហើយការងាររបស់អ្នកតំណាងរាស្ត្រ
មិនបានធ្វើអ្វីជាដុំកំភួនសម្រាប់ពលរដ្ឋទេ។
ជាក់ស្ដែងគ្រាន់តែបោះឆ្នោតរួច
ជាប់គាំងក្នុងការបង្កើតរដ្ឋាភិបាលរហូតជាង ១ឆ្នាំ
ហើយបន្ទាប់ពីអ្នកនយោបាយចាប់ដៃគ្នាមិនបានប៉ុន្មានថ្ងៃផង
ការធ្វើទុក្ខបុកម្នេញ ទៅលើមន្ត្រីគណបក្សប្រឆាំង សង្គមស៊ីវិល
ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ពិសេសទៅលើប្រធានគណបក្សសង្គ្រោះជាតិ
ក៏ចាប់ផ្ដើមកើតមានឡើង រហូតឈានដល់ការចាប់ខ្លួន លោក កឹម សុខា។
មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលបានសម្រេចមហិច្ឆតារបស់ខ្លួន
ក្នុងការរំលាយគណបក្សសង្គ្រោះជាតិទាំងស្រុង កាលពីថ្ងៃទី១៦ វិច្ឆិកា
ហើយយកកៅអីគណបក្សប្រឆាំងមួយនេះ ទៅបែងចែកឱ្យគណបក្សផ្សេង
ដែលពលរដ្ឋមិនបានបោះឆ្នោតឱ្យទាល់តែសោះ។ ពលរដ្ឋខ្លះលើកឡើងថា
បើបោះឆ្នោតរួចហើយ មិនបានធ្វើឱ្យប្រទេសជាតិរីកចម្រើន
និងសន្តិភាពពិតប្រាកដទេ បែរជាបង្កឱ្យពលរដ្ឋមានតែការព្រួយបារម្ភ
ពីស្ថានភាពស្រុកទេសឥតឈប់ឈរដដែល
គឺមិនចាំបាច់មានការបោះឆ្នោតល្អជាង។
ស្ថានភាពនយោបាយចុងក្រោយនេះ លោក សន ជ័យ មើលឃើញថា
កម្ពុជានឹងរងផលប៉ះពាល់រយៈពេលវែង
ពិសេសប៉ះពាល់លើទំនាក់ទំនងអន្តរជាតិ
ព្រមទាំងប៉ះពាល់ដល់ការសម្រេចចិត្តរបស់ដៃគូម្ចាស់ជំនួយដែលផ្ដល់ជូនប្រទេសកម្ពុជា
ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងអភិបាលកិច្ចជាដើម៕
No comments:
Post a Comment