អ្នកវិភាគមើលឃើញចំណុចអវិជ្ជមានជាច្រើន អំពីទំនាក់ទំនងរវាងកម្ពុជា-ចិន។
ការលើកឡើងនេះ គឺបន្ទាប់ពីបក្សកុម្មុយនិស្តចិន
បានប្រកាសស្ម័គ្រចិត្ត
ធ្វើជាខ្នងបង្អែកដ៏រឹងមាំសម្រាប់គណបក្សកាន់អំណាច។
ថ្វីត្បិតតែរដ្ឋាភិបាលលោក ហ៊ុន សែន
ពេញចិត្តពេញថ្លើមនៅពេលដែលសហគមន៍អន្តរជាតិ ដកខ្លួនចេញពីកម្ពុជា
ហើយចិនស្ម័គ្រចិត្តចូលខ្លួនមកក្ដី
ប៉ុន្តែសម្រាប់អ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយកម្ពុជា
ហាក់មិនពេញចិត្តឡើយ។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម លោកបណ្ឌិត
មាស នី មានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលខ្មែរ
ផ្ដេកខ្លួនទៅលើប្រទេសចិនខ្លាំង
នឹងនាំឲ្យមានការព្រួយបារម្ភច្រើនតាមបទពិសោធន៍កន្លងមក
ព្រោះចិនគឺជាប្រទេសកុម្មុយនិស្ត
មានគោលនយោបាយបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងការតវ៉ា។ លោកបណ្ឌិត មាស
នី មើលឃើញថា ទំនាក់ទំនងកម្ពុជា-ចិនបច្ចុប្បន្ននេះ
មានផលប៉ះពាល់ពីរ អាចកើតឡើង គឺទី១ ប្រសិនបើចិន
ផ្ដល់ការគាំទ្រច្រើន ហើយការដឹកនាំ របស់រដ្ឋាភិបាលខ្មែរ
មិនបានផ្ដល់ផលប្រយោជន៍ឲ្យគេទៅវិញទេ
ដូច្នេះនាំឲ្យមានការផ្លាស់ប្ដូរផ្សេងៗ ដូចនៅប្រទេសហ្ស៊ីមបាវ៉េ (Zimbabwe) ដែរ
ដែលចិនធ្លាប់ជួយគាំទ្រ។ ចំណែកទី២ ទំនាក់ទំនងនេះ
ក៏នាំឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌ដែរ
ហើយរដ្ឋាភិបាល នឹងបាត់បង់ប្រជាប្រិយភាពកាន់តែខ្លាំង។ «»
ប្រព័ន្ធឃោសនារបស់លោកហ៊ុន សែន
បានចុះផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ថា បក្សកុម្មុយនិស្តចិន
បានប្រកាសយ៉ាងមហោឡារិកថា នឹងធ្វើជាបង្អែកដ៏រឹងមាំរបស់លោក ហ៊ុន
សែន និងគណបក្សប្រជាជនកម្ពុជា
ក្នុងការដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព
និងទទួលបានកាន់តែអភិវឌ្ឍរីកចម្រើនថែមទៀត។ ការប្រកាសនេះ
ធ្វើឡើងក្នុងពិធីស្រស់ស្រូបអាហារពេលល្ងាចរវាងរដ្ឋមន្ត្រីក្រសួងទំនាក់ទនងអន្តរជាតិនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន
លោក សុង ថាវ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងទីក្រុងប៉េកាំង
ប្រទេសចិន កាលពីល្ងាចថ្ងៃទី២៩
ខែវិច្ឆិកា។ការប្រកាសគាំទ្ររបស់ចិននៅពេលនេះ
គឺបន្ទាប់ពីអង្គការជាតិ អន្តរជាតិ និងប្រទេសលោកសេរី ជាច្រើន
ថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន និងព្រមានដាក់ទណ្ឌកម្មជាបន្តបន្ទាប់
ក្រោយពីចាប់ខ្លួនលោក កឹម សុខា ហើយរំលាយគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា
បិទអង្គការសង្គមស៊ីវិល រួមទាំងវិទ្យុឯករាជ្យជាដើម ដែលគេយល់ថា
កម្ពុជាកំពុងដើរឆ្ងាយពីគន្លងលទ្ធិប្រជាធិបតេយ្យ។
ដោយឡែក
មជ្ឈដ្ឋានមួយចំនួនបញ្ចេញមតិលើបណ្ដាញសង្គម ក៏បានរិះគន់ថា
ដោយសារមានចិនជាបង្អែកដ៏រឹងមាំនេះហើយ
ទើបធ្វើឲ្យគណបក្សកាន់អំណាច ហ៊ានធ្វើអ្វីៗតាមតែអំពើចិត្តបែបនេះ។
ពួកគេបន្តថា ចំណុចសំខាន់ គឺប្រទេសចិន
ចង់ឲ្យប្រទេសកម្ពុជាប្រទេសរណបគេ
តាមបក្សកុម្មុយនិស្តរបស់ចិននេះឯង។
រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា
រហូតមកដល់ពេលនេះធ្វើយុទ្ធនាការប្រឆាំងសហរដ្ឋអាមេរិក
ហើយកំពុងធ្វើទុក្ខបុកម្នេញទៅលើគណបក្សសង្គ្រោះជាតិ ដោយចោទថា
សកម្មភាពបក្សនេះពឹងពាក់បរទេស ជាពិសេសសហរដ្ឋអាមេរិក
គឺជាអំពើក្បត់ជាតិ។ ប៉ុន្តែអ្នកលេងបណ្ដាញសង្គមសួរទៅវិញថា
ចុះការដែលរដ្ឋាភិបាលលោក ហ៊ុន សែន ពឹងពាក់ចិនផ្កាប់មុខបែបនេះ
ហើយចិនប្រកាសជួយក្ដែងៗបែបនេះ តើអាចចាត់ទុកថា
នេះជាអំពើក្បត់ជាតិដែរឬទេ។
ទោះយ៉ាងណាក្ដី លោកបណ្ឌិត មាស នី លើកឡើងថា
លោកមិនចង់ឲ្យខ្មែរចោទគ្នាទៅវិញទៅមក ថា ក្បត់ជាតិនោះទេ។
លោកបានផ្ដល់អនុសាសន៍ថា សម្រាប់ប្រទេសក្រីក្រដូចកម្ពុជានេះ គួរតែ
រក្សាទំនាក់ទំនងជាមួយមហាអំណាចទាំងអស់ក្នុងពិភពលោកឲ្យមានតុល្យភាព
ទើបធ្វើឲ្យកម្ពុជា បានសុខ។ លោកថា ធ្វើជាមេដឹកនាំ
ត្រូវចេះមើលខ្លួនឯង និងស្គាល់ខ្លួនឯងឲ្យច្បាស់ ហើយកុំរត់
ចេញពីមួយទៅពឹងមួយនោះ វានឹងនាំកិត្តិយសរបស់ប្រទេសយើង
មិនសូវខ្ពស់មុខខ្ពស់មាត់ដូច ប្រទេសគេក្នុងតំបន់៕
No comments:
Post a Comment