Tuesday, December 5, 2017

តុលាការ​មិន​ឲ្យ​លោក រ៉ុង ឈុន ចូល​ជួប លោក កឹម សុខា

តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះ បាន​បដិសេធ​សំណើ​របស់​លោក រ៉ុង​ ឈុន អតីត​សមាជិក គជប មិន​ឲ្យ​ចូល​ជួប​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​នោះ​ទេ។ នេះ​ជា​ការ​ឆ្លើយ​តប មក​កាន់​លោក​ រ៉ុង​ ឈុន នៅ​ថ្ងៃ​តែ​មួយ​បន្ទាប់​ពី​លោក​បាន​ដាក់​លិខិត​សុំ​ជួប​លោក កឹម សុខា កាល​ពី​ព្រឹក​មិញ។

អត្ថបទ​ដោយ៖ អ៊ឹង ប៊ុនថន
ក្នុង​លិខិត​របស់​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក គី ឬទ្ធី បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បដិសេធ​នោះ​ថា​ ដោយ​សារ​តែ​សំណុំ​រឿង​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​សួរ និង​ស្រាវ​ជ្រាវ​ប្រមូល​ភស្តុតាង​នានា ហេតុ​នេះ​ការ ចូល​ជួប​ឬ​សួរ​សុខ​ទុក្ខ​អាច​អនុញ្ញាត​ឲ្យ​បាន​តែ​មេធាវី និង​ក្រុម​គ្រួសារ​ជន​ជាប់​ចោទ​ដែល​មិន​ទាក់​ទិន​ក្នុង​រឿង​តែ​ប៉ុណ្ណោះ។ សម្រាប់​អ្នក​ដទៃ​ទៀត ការ​សួរ​សុខ​ទុក្ខ​អាច​អនុញ្ញាត​ឲ្យ​បាន ក្រោយ​ពី​ចៅក្រម​បាន​បំពេញ​កិច្ច​ចាំ​បាច់​មួយ​ចំនួន​រួច​រាល់​សិន។ នេះ​បើ​តាម​ចៅក្រម​តុលាការ​ដដែល​នេះ។
សូម​បញ្ជាក់​ថា លោក រ៉ុង ឈុន អតីត​សមាជិក​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) បាន​ដាក់​លិខិត​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥​ធ្នូ​នេះ ដោយ​ស្នើ​សុំ​ជួប​សួរ​សុខ​ទុក្ខ​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ នៅ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី​៣ ឬ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ វេលា​ម៉ោង​៩៖៣០​នាទី​ព្រឹក។
លោក រ៉ុង ឈុន បាន​ប្រាប់​វិទ្យុ​បារាំង​RFI​ថា ការ​ទៅ​សួរ​សុខ​ទុក្ខ​គឺ​មិន​មែន​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ស៊ើប​អង្កេត​នោះ​ទេ។ លោក​ថា​ការ​ឆ្លើយ​តប​របស់​តុលាការ​គឺ​ជា​ការ​មិន​ចង់​ឲ្យ​លោក​ចូល​ជួប​លោក កឹម សុខា។
បើ​តាម​លោក រ៉ុង​ឈុន ការ​ដែល​លោក​ចង់​ជួប​លោក កឹម សុខា គឺ​លោក​ចង់​ប្រាប់​គាត់​ថា​ ទាំង​អ្នក​នៅ​ក្នុង​ស្រុក​និង​អ្នក​នៅ​ក្រៅ​ស្រុក ​កំពុង​តែ​រក​វិធី​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​ខាង​មុខ។​ បើ​ទោះ​ជា​តុលាការ​មិន​អនុញ្ញាត​ឲ្យ​លោក​ចូល​ជួប​ផ្ទាល់​តែ លោក រ៉ុង​ ឈុន អះអាង​ថា​នៅ​ថ្ងៃ​ទី​១០​ធ្នូ​ដែល​ជា​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លោក នឹង​ទៅ​ឈរ​នៅ​ខាង​មុខ​ក្លោង​ទ្វារ​ពន្ធនាគារ​ត្រពាំង​ផ្លុង ជា​ទី​ដែល​លោក កឹម សុខា ជាប់​ឃុំ​នៅ​ទី​នោះ។
លោក ហែម សុជាតិ ជា​មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ច្រើន​នាក់​ដែល​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​កត់​សំគាល់​ថា ករណី​លោក កឹម សុខា តុលាការ​អនុវត្ត​ប្លែក​ពី​ករណី​តំណាង​រាស្ត្រ​ផ្សេង​ទៀត។ តំណាង​រាស្ត្រ​ផ្សេង​ទៀត​ដែល​ជាប់​ឃុំ​កន្លង​មក​គឺ​ការ​ចូល​សួរ​សុខ​ទុក្ខ​ត្រូវ​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល តែ​ករណី លោក កឹម សុខា តុលាការ​ឲ្យ​តែ​ភរិយា​និង​មេធាវី​ប៉ុណ្ណោះ​ដែល​អាច​ចូល​ជួប។ នេះ​ជា​ការ​កត់​សំគាល់​លោក ហែម សុជាតិ។
គួររំលឹកថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចឆ្មក់​ចូលចាប់​ខ្លួននៅពាក់​កណ្តាល​អាធ្រាធយប់ថ្ងៃទី៣​កញ្ញា​កាលពី៣ខែមុន ដោយ​រដ្ឋាភិបាល​ចោទថា អតីតប្រធាន បក្សប្រឆាំងរូបនេះ ឃុបឃិតជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែអតីត គណបក្សសង្រ្គោះជាតិ និង​បណ្តា​ប្រទេស​លោក​ខាងលិចដូចជា អាមេរិក និង​សហភាព អ៊ឺរ៉ុបជាដើម បានទាមទារឲ្យ​ដោះលែងលោក កឹម សុខា ដោយ​ឥតលក្ខខណ្ឌ។ ប្រតិកម្ម សុំដោះលែងលោក កឹម សុខា ក៏មានផងដែរកាលពីម្សិលមិញ គឺសមាជិកសភា ប្រមាណ ជា១៥៨រូប មកពីប្រទេសចំនួន២៣ ក៏បានសរសេរលិខិតចំហរ ទៅកាន់ លោកនាយក រដ្ឋមន្ត្រីហ៊ុន សែន ផងដែរ៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...