Wednesday, December 20, 2017

លោក ហ៊ុន សែន សន្យា​លែង​ជ្រលក់​មាត់​​រឿង​បក្ស​ប្រឆាំង​និង​អះអាង​ថា​ការ​បោះឆ្នោត​នឹង​សេរី​ត្រឹមត្រូវ

លោក ហ៊ុន សែន ប្រកាស​ដាច់​ណាត់​ថា ដំណើរ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ នឹង​នៅ​តែ​អាច​ទៅ​មុខ​ដូច​ការ​គ្រោង​ទុក បើ​ទោះ​ជា​បក្ស​ប្រឆាំង​មិន​ចូលរួម​ការ​បោះឆ្នោត​ក្ដី។ គណបក្ស​ប្រឆាំង​យល់​ឃើញ​ថា ការ​បោះឆ្នោត​ដែល​សហគមន៍​អន្តរជាតិ អាច​ទទួល​យក​បាន លុះ​ត្រា​មាន​ការ​ចូលរួម​យ៉ាង​ពេញលេញ​ពី​គណបក្ស​ប្រឆាំង។
ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​មិន​ប្រាកដ​នៅ​ឡើយ​ទេ អំពី​ជំហរ​ដែល​ត្រូវ​បោះបង់​សិទ្ធិ​ចូល​រួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​សម្រាប់​អាណត្តិ​ទី​៦ ខាង​មុខ​នេះ។
ការ​ថ្លែង​ដូច​នេះ​របស់​លោក សុន ឆ័យ ធ្វើ​ឡើង​ក្នុង​ពេល​លោក ហ៊ុន សែន ប្រតិកម្ម​ជា​ថ្មី​ទៀត​រឿង​តួនាទី​គណបក្ស​ប្រឆាំង​សម្រាប់​ការ​បោះឆ្នោត​ដ៏​សំខាន់​ខាង​មុខ​នេះ។ មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ​ឲ្យ​ដឹង​ថា ការ​សម្រេច​ថា​ត្រូវ​បន្ត​ដំណើរ​ទៅ​មុខ ឬ​ផ្អាក​សិន​ត្រូវ​រង់ចាំ​មើល​ភ្លើង​ខៀវ​ពី​មន្ត្រី​គណបក្ស​មួយ​ចំនួន​ដែល​កំពុង​ស្វះ​ស្វែង​រក​ការ​គាំទ្រ​ពី​អន្តរជាតិ។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក សុន ឆ័យ បញ្ជាក់​ថា ជា​ចាំបាច់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ តួនាទី​បក្ស​ប្រឆាំង​គឺ​ជា​ធាតុ​ផ្សំ​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ។ លើស​ពី​នេះ​ទៅ​ទៀត លោក​មាន​ជំនឿ​ថា បើ​មាន​ការ​ផ្សះផ្សា​វិបត្តិ​នយោបាយ​ឲ្យ​បាន​ឆាប់ នោះ​កម្ពុជា នឹង​មិន​ត្រូវ​ប្រឈម​នូវ​ភាព​កាន់តែ​អាម៉ាស់​បែប​នេះ​នៅ​លើ​ឆាក​អន្តរជាតិ​ត​ទៅ​ទៀត​នោះ​ដែរ៖ «ខ្ញុំ​មិន​ដឹង​ថា គួរ​ធ្វើ​យ៉ាង​ម៉េច​ទេ។ សមាជិក​ថ្នាក់ដឹកនាំ​នៅ​ខាង​ក្រៅ​មាន​តួនាទី​ក្នុង​ការ​សម្រេច​ចិត្ត​ថា​គួរ​ធ្វើ​យ៉ាង​ណា។ ការ​បោះ​ឆ្នោត​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​គ្មាន​ន័យ​អ្វី​នោះ​ទេ»
​បើ​ទោះ​ជា​យ៉ាង​ក៏ដោយ លោក ហ៊ុន សែន នៅ​តែ​ប្រកាន់​ជំហរ​ដាច់​ណាត់​ថា វត្តមាន​បក្ស​ប្រឆាំង​ចូលរួម​ការ​បោះឆ្នោត ឬ​មិន​ចូលរួម​នោះ វា​លែង​មាន​ន័យ​ខ្លឹមសារ​អ្វី​ទៀត​ហើយ។ លើក​ណា​ក៏​ដូច​លើក​ណា​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ត​អះអាង​ថា អត់​គណបក្ស​សង្គ្រោះ​ជាតិ មួយ​នៅ​មាន​បក្ស​នយោបាយ​ច្រើន​ណាស់​ដែល​បង្ហាញ​ថា កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក គឺ​នៅ​តែ​គោរព​បាន​តាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ដដែល។
លោក ហ៊ុន សែន ដែល​រង​ការ​រិះគន់​ថា ជា​មេដឹកនាំ​ក្រាញ​អំណាច និង​ជា​មេដឹកនាំ​ដែល​កាន់​តំណែង​យូរ​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​នេះ អួតអាង​ថា លោក​មិន​ខ្វល់​ពី​ជីវិត​នយោបាយ​បក្ស​ប្រឆាំង​ត​ទៅ​ទៀត​ឡើយ ទោះ​ចូល​រួម ឬ​មិន​ចូលរួម​ក៏ដោយ៖ «អស់​លោក​អ្នក​កុំ​ទាញ​គេ​ឲ្យ​ទទួល​កំហុស​ជាមួយ។ កុំ! មិន​ចាំបាច់​ជ្រលក់​មាត់​ទេ។ ឯង​មិន​បង្កើត​បក្ស​ថ្មី​ទេ មុខ​ដូច​ម៉ែ​អញ! យើង​មិន​បាន​ដេញ​អ្នក​ឯង​ទេ អ្នក​ឯង​ចេញ​ទៅ​ក្រៅ​ស្រុក​ខ្លួន​ឯង​តើ!»
​ស្រប​ពេល​ដែល​លោក​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច ហាមឃាត់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​រូប មិន​ឲ្យ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ ធ្វើ​ទុក្ខបុកម្នេញ​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​របស់​គណបក្ស​ប្រឆាំង​គ្រប់​រូបភាព រហូត​មាន​មន្ត្រី​ជា​ច្រើន​មិន​ហ៊ាន​នៅ​ស្រុក ដោយសារ​បញ្ហា​សុវត្ថិភាព និង​ការ​យាយី​នេះ លោក ហ៊ុន សែន សម្ដែង​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ទៅ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ព្រម​យល់​ពី​បំណង​ល្អ​របស់​លោក​ក្នុង​ការ​ផ្ដល់​យោបល់​ឲ្យ​បង្កើត​បក្ស​ថ្មី៖ «ជួនកាល​យើង​មាន​បំណង​ល្អ តែ​គេ​បែរ​ជា​យល់​ថា យើង​បង្ខំ​ឲ្យ​ធ្វើ​តាម។ មិន​បាច់​ធ្វើតាម ហ៊ុន សែន ទេ មិន​បាច់​ធ្វើ​ទេ ទៅ​ងាប់​ឯណា​ងាប់​ចុះ! និយាយ​ស្រួល​អា​នេះ​ថា​យើង​ទន់»
​មិន​តែ​ប៉ុណ្ណោះ លើក​នេះ​ក៏​ដូច​លើក​មុនៗ​ទៀត​ដែរ បើ​ទោះ​បី​ជា​សព្វថ្ងៃ​គឺ​មាន​តែ​គណបក្ស​កាន់​អំណាច​របស់​លោក​តែ​មួយ​គត់​ដែល​មាន​សិទ្ធិ​ឃោសនា​រក​សំឡេង​ឆ្នោត និង​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​របស់​រដ្ឋ និង​ឯកជន​យ៉ាង​សម្បូរ​បែប លោក​មិន​ភ្លេច​ឆ្លៀត​ឱកាស​នេះ ឃោសនា​រក​សំឡេង​ឆ្នោត​ខុស​រដូវ​កាល និង​បន្ត​អំពាវនាវ​ឲ្យ​កម្មករ-​កម្មការិនី​រោងចក្រ បោះឆ្នោត​ឲ្យ​គាត់​ដើម្បី​អាច​បន្ត​កាន់​អំណាច​បាន​យូរ​បន្ថែម​ជាង​មួយ​ទសវត្ស​ទៅ​មុខ​ទៀត៖ «ពូ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្មួយៗ​និង​ក្រុម​គ្រួសារ ព្រមទាំង​ជីដូន​ជីតា និង​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ត​ទៅ​ទៀត។ ពូ​បាន​ប្រកាស​រួច​ហើយ នឹង​បន្ត​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​មិន​តិច​ជាង ១០​ឆ្នាំ​ទៅ​មុខ​ទៀត»
ក្នុង​ពេល​ដែល​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ពី​ឥទ្ធិពល និង​ភាព​ស្រប​ច្បាប់​នៃ​ដំណើរការ​បោះឆ្នោត​ថា នឹង​នៅ​តែ​ល្អ​ប្រសើរ​ដូច​មុន សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​វិញ​បាន​ប្រើប្រាស់​ទណ្ឌកម្ម​របស់​ខ្លួន​ជា​បណ្ដើរៗ​ហើយ​ដែរ។
សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ជំនួយ និង​ផ្នែក​បច្ចេកទេស​លើ​ការ​បោះឆ្នោត។ ការ​ព្រមាន​ទាំង​នេះ​ស្រប​ពេល​សម្ពាធ​ពី​អន្តរជាតិ កំពុង​ពិចារណា​ដាក់​ទណ្ឌកម្ម​ប្រឆាំង​លោក ហ៊ុន សែន ប្រសិនបើ​មិន​ដោះ​លែង​លោក កឹម សុខា និង​រៀបចំ​ឲ្យ​បាន​ល្អ​ប្រសើរ​នូវ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ឡើង​វិញ​នៅ​កម្ពុជា​ទេ។ អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា កម្ពុជា​អាច​នឹង​ត្រូវ​បាត់បង់​កិត្យានុភាព​នៅ​ឆាក​អន្តរជាតិ និង​ក្លាយ​ជា​រដ្ឋ​ដែល​ឯកោ ប្រសិនបើ​នៅតែ​បន្ត​មានៈ​ដូច​នៅ​ពេល​នេះ​ទៀត៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...