Tuesday, November 7, 2017

បក្ស​កាន់អំណាច​ថា​ខ្លួន​គ្មាន​ខ្មាស​គេ​ទេ​ចំពោះ​ចំណាត់​ការ​ផ្លូវច្បាប់​លើ​លោក កឹម សុខា

មន្ត្រី​គណបក្ស​កាន់អំណាច​និយាយ​ថា រដ្ឋាភិបាល គ្មាន​ការ​ខ្មាស​គេ​ទាល់តែ​សោះ នូវ​ចំណាត់​ការ​ផ្លូវច្បាប់​មក​លើ​លោក កឹម សុខា ដែល​ជា​ជន​ក្បត់ជាតិ។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា គ្មាន​ប្រទេស​ណាមួយ​លើកលែងទោស​ឲ្យ​ជន​ក្បត់ជាតិ​ឡើយ។
ខណៈ​ថ្ងៃ​ឱសានវាទ​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក មកពី​គណបក្ស​សាធារណរដ្ឋ និង​ជា​អតីត​បេក្ខជន​ប្រធានាធិបតី​លោក ថិត គ្រូស (Ted Cruz) ដាក់​កំហិត​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​ប្រធាន​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា លោក កឹម សុខា នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។ នៅ​ពេល​នេះ នាំ​ពាក្យ​របស់​គណបក្ស​កាន់អំណាច​ចាប់ផ្ដើម​និយាយ​ឌឺដង​ទៅ​នឹង​វិធានការ​នេះ។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន សរសេរ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) នៅ​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ថា ទោស​ក្បត់ជាតិ​នេះ លោក កឹម សុខា មិនបាន​ព្យួរ​ក​ចាត់ទុកថា សំណាង​ធំ​ហើយ កុំ​មក​ចង់​តវ៉ា​អី​ទៀត។ ទោះ​តុលាការ​មិនទាន់​សម្រេច​ថា លោក កឹម សុខា មានទោស​ក្បត់ជាតិ​ក្ដី ប៉ុន្តែ លោក សុខ ឥសាន និយាយ​ពេញៗ​មាត់​ថា​លោក កឹម សុខា ជា​ជន​ក្បត់ជាតិ។ លោក​បន្ត​ថា រដ្ឋាភិបាល គ្មាន​ការ​ខ្មាស​បន្តិច​ណា​សោះ​ចំពោះ​ចំណាត់​ការ​ផ្លូវច្បាប់​មក​លើ​ជន​ក្បត់ជាតិ។
នៅ​មួយ​រយៈ​ចុង​ក្រោយនេះ ក្រុម​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​គ្រប់​គ្រប់​រដ្ឋាភិបាល និង​ស្ថាប័ន​សំខាន់ៗ​របស់​ជាតិ មាន​ចំណាត់​ជា​បន្តបន្ទាប់ ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ រហូត​ចុង​ក្រោយ​នេះ លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ គ្រប់​ជាន់ថ្នាក់​ឲ្យ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​អាច​រក្សា​ដំណែង​របស់​ខ្លួន។
ចំណែក អ្នកនយោបាយ​ជើងចាស់ និង​អតីត​ឧបនាយករដ្ឋមន្ត្រី លោក លឺ ឡាយស្រេង ដែល​ធ្លាប់​ធ្វើការ​ជាមួយ​លោក ហ៊ុន សែន ជាង​១៥​ឆ្នាំ បាន​ចោទ​សួរ​ថា តើ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​មនុស្ស​ចេះដឹង​ទេ បាន​ទុក​ឲ្យ​លោក ហ៊ុន សែន ធ្វើ​អ្វី​តាម​អំពើ​ចិត្ត។ លោក​ព្រមាន​ថា បើ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​រំលាយ គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​រលាយ​ដូចគ្នា​ដែរ ព្រោះ​លោក​សំអាង​ថា ការ​បាត់បង់​គណបក្ស​សង្គ្រោះជាតិ ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្លាយ​ជា​រដ្ឋាភិបាល​មិន​ស្របច្បាប់ ចំណុច​មួយទៀត គឺ​រដ្ឋាភិបាល​នេះ រង​សម្ពាធ​គ្រប់​បែប​យ៉ាង​ពី​អន្តរជាតិ៖ «តា ហ៊ុន សែន គាត់​អត់​ដឹង​អី គាត់​ធ្វើ​អី គាត់​ធ្វើ​ហ្នឹង ប៉ុន្តែ​កុំ​ណា ខ្ញុំ​គ្រាន់តែ​ណែនាំ​ថា ក្ដៅ​ណាស់​កុំ​អោយ​សោះ កុំ​ឲ្យ​ជ្រុល​ពេក តែ​ជ្រុល​ពេក​កែ​លែង​បាន​ហើយ។ នៅ​ក្នុង​គណបក្ស​ប្រជាជន​អត់​មាន​មនុស្ស​ចេះដឹង​ទេ​មិច​ហ្នឹង ទុក​ឲ្យ​មនុស្ស​ម្នាក់​កកូរ​អី​ស្រេច​តែ​ចិត្ត​អ៊ីចឹង»
លោក លឺ ឡាយស្រេង យល់ថា វិបត្តិ​នយោបាយ​កាលពី​អំឡុង​ឆ្នាំ​១៩៧០ ជា​ជម្លោះ ប្រើ​ដោយ​អាវុធ​ប៉ុន្តែ​លោក ហ៊ុន សែន អាច​ចរចា​ដោះស្រាយ​បាន ដូច្នេះ​លោក​ថា វិបត្តិ​នយោបាយ​នៅ​ពេល​នេះ វា​គ្រាន់តែ​កើតឡើង ដោយ​ពាក្យសំដី​ក៏​អាច​ចរចា​ដោះស្រាយ​បាន​ដែរ។ ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ទាត់​ចោល​នូវ​គំនិត​បែបនេះ​របស់​លោក លឺ ឡាយស្រេង។
អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​រូប​នេះ​និយាយ​ថា៖ «ពេល​ទឹក​ដល់​ច្រមុះ​ហើយ​ទើប​អំពាវនាវ​រក​ការ​ចរចា ស្រុះស្រួល​គ្នា​រវាង​ខ្មែរ និង​ខ្មែរ ។ ស្អី​ក៏​ចេះ​ម្ល៉េះ វាយ​គេ​តាម​ចិត្ត ដល់​គេ​តដៃ​ស្រាប់តែ​ចង់​ចរចា។ ក្រែង​ក្រុម​ខ្លួនឯង​ហ្នឹង​ទេ​តើស ដែល​បំផ្លាញ​វប្បធម៌​សន្ទនា​នោះ»
ផ្ទុយ​ពី​លើកឡើង​របស់​លោក សុខ ឥសាន ដូចនេះ វប្បធម៌​សន្ទនា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៤ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ ត្រូវ​លោក ហ៊ុន សែន លុបចោល​ទៅវិញ ក្នុង​ពេលនេះ​គណបក្ស​ចាប់ផ្ដើម​មាន​ទំនាស់​នឹង​គ្នា។ លោក ហ៊ុន សែន ថាបើ​ចង់​និយាយ​គ្នា​ដែល​តែ​និយាយ​គ្នា​ពេល​ប្រជុំ​សភា​ប៉ុណ្ណោះ។
លោក កឹម សុខា ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់ខ្លួន​យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ដោយ​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ។ ទោះ​តុលាការ​មិនទាន់​រក​ឃើញ​ថា លោក កឹម សុខា បាន​ប្រព្រឹត្ត​ដូច​ការ​ក្ដី ប៉ុន្តែ​ទាំង​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក​បាន​ហៅ​លោក កឹម សុខា ពេញៗ​មាត់​ថា ជន​ក្បត់ជាតិ។ លោក សុខ ឥសាន ថា លោក កឹម សុខា បាន​ជាប់​នៅ​ក្នុង​ពន្ធនាគារ ជា​ភ័ព្វសំណាង​ទៅវិញ​ទេ ព្រោះថា​ទោស​នេះ កាលពី​សម័យ​មុន​ត្រូវ​បាញ់​សម្លាប់ចោល៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...