Wednesday, November 1, 2017

តុលាការ​ក្រុង​ភ្នំពេញ​កោះ​ហៅ​លោក លឺ ឡាយស្រេង ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះ​ឲ្យ លោក លឺ ឡាយស្រេង អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចូល​ទៅ​បំភ្លឺ ពី​បទ​ចោទប្រកាន់ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ប្រមាថ។
ដីកា​កោះ​ចុះ​ហត្ថលេខា​ដោយ​ព្រះរាជ​អាជ្ញាររង សៀង សុខ កាលពី​ថ្ងៃ​ទី២៧ តុលា តាម​បណ្ដឹង របស់​លោក គី តិច ជា​មេធាវី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក គី តិច ទាមទារ​ឲ្យ​លោក លឺ ឡាយស្រេង សង​សំណង​ជំងឺ​ចិត្ត​ចំនួន ៥០០​លាន​រៀល ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី។ សុំ​ឲ្យ​តុលាការ​ប្រកាស​ផ្ដន្ទាទោស​បន្ថែម ផ្អែក​តាម​មាត្រា​៣១០ នៃ​ក្រមព្រហ្មទណ្ឌ សុំ​ឲ្យ​អយ្យការ និង​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ចោទប្រកាន់ និង​ផ្ដន្ទាទោស ឈ្មោះ លឺ ឡាយស្រេង តាម​ច្បាប់។
លោក ហ៊ុន សែន ប្ដឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ នៅ​ក្រោយ​ពេល​ហ្វេសប៊ុក​ឈ្មោះ សីហា បាន​លួច​ថត​សំឡេង លោក លឺ ឡាយស្រេង សន្ទនា​ជាមួយ​អ្នកស្រី គី លំអង ដែល​ជា​អតីតមន្ត្រី គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដូចគ្នា​កាលពី​ថ្ងៃ​ទី​២១ តុលា។ នៅ​ក្នុង​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​ជា​សម្ងាត់​នោះ លោក ហ៊ុន សែន ចោទ​ថា លោក លឺ ឡាយស្រេង ប្រមាថ​ព្រះមហាក្សត្រ និង​បរិហារកេរ្តិ៍ រូបលោក ទាក់ទង​នឹង​ការ​ផ្ដល់​លុយ​ជូន​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច។
លោក លឺ ឡាយស្រេង ធ្លាប់​បាន​បញ្ជាក់​ថា លោក​មិន​រក​មេធាវី ដើម្បី​តតាំង​ក្នុង​សំណុំ​រឿងក្ដី​នេះ​ទេ។ លោក​បញ្ជាក់​ថា តុលាការ​កម្ពុជា​មិនមែន ជា​តុលា​ការដែល​ផ្ដល់​ភាព​យុត្តិធម៌​ជូន​លោក និង​មនុស្ស​ទូទៅ​ទេ ដោយ​លោក​ហៅ​តុលាការ​ថា ជា​តុលាការ​តេឡេ​បញ្ជា​របស់​លោក ហ៊ុន សែន។
អ្នកច្បាប់​លើក​ឡើង​ថា សំណុំ​រឿង​នេះ អ្នក​ដែល​ខុសច្បាប់​ធ្ងន់ធ្ងរ​នោះ គឺ​អ្នក​លួច​ថត​សំឡេង​សន្ទនា​របស់​លោក លឺ ឡាយស្រេង ដែល​សន្ទនា​ឯកជន​ជា​សម្ងាត់ ដែល​បាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​មួយ​ចំនួន​ទៀត តែ​បែរ​ជា​ត្រូវ​បាន​ហ្វេសប៊ុក ឈ្មោះ​សីហា យក​មក​ទម្លាយ​ជា​សាធារណៈ ហើយ​រដ្ឋាភិបាល​មិន​បាន​ចាប់ខ្លួន និង​មក​ប្ដឹង​លោក លឺ ឡាយស្រេង ដែល​គេ​ហៅថា​ជា​អ្នករងគ្រោះ​ទៅវិញ៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...