អាជ្ញាធរគណបក្សកាន់អំណាចនៅថ្ងៃទី១៨ វិច្ឆិកា
ធ្វើយុទ្ធនាការទ្រង់ទ្រាយធំដឹកនាំកម្លាំងប៉ូលិសទាហាន
ចុះរុះរើបំផ្លាញស្លាកគណបក្សសង្គ្រោះជាតិ នៅគ្រប់ទីកន្លែង។
ប្រធានក្រុមការងារ អតីតគណបក្សសង្គ្រោះជាតិ
ខេត្តបន្ទាយមានជ័យលោក សោ ចាន់ដេត មានប្រសាសន៍ថា
ស្លាកគណបក្សសង្គ្រោះជាតិ ក្នុងខេត្តបន្ទាយមានជ័យ
ត្រូវបានអាជ្ញាធរគណបក្សកាន់អំណាចដឹកនាំសមត្ថកិច្ចចុះរុះរើកម្ទេចចោល
គ្មានសល់តាំងពីព្រឹកថ្ងៃទី១៨ វិច្ឆិកា។ លោកអះអាងថា
យុទ្ធនាការបំផ្លាញស្លាកគណបក្សនេះ សូម្បីតែស្លាកគណបក្សមួយសន្លឹក
ក៏គេមិនទុកឲ្យឃើញស្រមោលដែរ
ដោយក្នុងនោះមានទីតាំងតិចតួចណាស់ដែលសកម្មជនគណបក្សលោកចុះរុះរើចេញដោយខ្លួនឯង៖
«ពីព្រឹកមិញខ្ញុំបានជិះឡានទៅប៉ោយប៉ែត
ខ្ញុំបានឆ្លងកាត់អតីតទីស្នាក់ស្រុកគណបក្សសង្គ្រោះជាតិ
នៅស្រុកអូរជ្រៅ នៅខាងស្ដាំដៃខ្ញុំ ឃើញក្រុមប៉ូលិសព័ទ្ធជុំវិញ
ហើយឃើញសកម្មជនរបស់សង្គ្រោះជាតិត្រូវបានគេឲ្យរុះរើស្លាក។
រីឯខ្ញុំស្ទើរតែស្រក់ទឹកភ្នែកមិនហានចុះមើលទេ
ព្រោះឈ្មោះខ្ញុំត្រូវបានគេផ្អាកមិនឲ្យធ្វើនយោបាយ។
ខ្ញុំឃើញបែបនេះ
ខ្ញុំនឹកស្រណោះទៅដល់ខ្មោចឪពុកខ្ញុំកាលពីឆ្នាំ១៩៧៦
ឃើញគេបណ្ដើរពុកខ្ញុំយកទៅសម្លាប់
លោកពុកខ្ញុំមិនហ៊ានមើលមុខខ្ញុំ ហើយខ្ញុំមិនហ៊ានមើលមុខគាត់»។
ការរុះរើស្លាកគណបក្សប្រឆាំងទ្រង់ទ្រាយធំនេះ
មាននៅគ្រប់ខេត្តទូទាំងប្រទេស
ដោយទីតាំងខ្លះអាជ្ញាធរកម្ទេចចោលទាំងស្លាក
និងដែកគ្រោងសាងបិទស្លាកគណបក្ស។
គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូល
ប្រកាសសាលដីការំលាយចោល កាលពីរសៀលថ្ងៃទី១៦ វិច្ឆិកា។
ការរំលាយគណបក្សមួយនេះ រងការរិះគន់យ៉ាងចាស់ដៃ
ពីអង្គការសង្គមស៊ីវិល និងសហគមន៍អន្តរជាតិ
ដោយថាជាការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។ រហូតមកទល់ពេលនេះ
មិនទាន់ឃើញសមាជិកគណបក្សសង្គ្រោះជាតិណា
ធ្វើសកម្មភាពតវ៉ាប្រឆាំងនឹងរដ្ឋអំណាចដែលបំផ្លាញស្លាកគណបក្សរបស់ពួកគេនៅឡើយទេ៕
No comments:
Post a Comment