Saturday, November 4, 2017

ពលរដ្ឋ​ជាង​៧០​គ្រួសារ​ដែល​សេសសល់​នៅ​ភូមិ​ស្រែគរ​បាន​រើ​ទៅ​នៅ​ទួល​សុវត្ថិភាព


ពលរដ្ឋ​ជាង ៧០​គ្រួសារ នៅ​ភូមិ​ស្រែគរ (ចាស់) ខេត្ត​ស្ទឹងត្រែង ដែល​លិច​ផ្ទះសម្បែង និង​ដីស្រែ​ចម្ការ​ជាង ៣០​ហិកតារ បាន​នាំ​គ្នា​រើ​ទៅ​តាំង​ទីលំនៅ​ថ្មី​បណ្ដោះអាសន្ន​នៅ​ទី​ទួល​សុវត្ថិភាព​រួច​ហើយ។
​សមាជិក​សហគមន៍​ស្រែគរ (ចាស់) លោក ហ្វុត ឃឿន បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​៣ ខែ​វិច្ឆិកា ថា កម្ពស់​ទឹក​បាន​ឡើង​ពី ៧ ទៅ ៨​ម៉ែត្រ លិច​ផ្ទះ​អ្នក​ភូមិ​ជាង ៧០​ខ្នង ហើយ​ពលរដ្ឋ​ទាំង​នោះ​មិន​អាច​ដឹក​សម្ភារៈ​ផ្សេងៗ​បាន​ទាន់​ពេល​ទេ ដោយសារ​កម្ពស់​ទឹក​ឡើង​លឿន​ខ្លាំង​ពេក។
លោក​បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក ខេត្ត និង​ម្ចាស់​ក្រុមហ៊ុន​វារីអគ្គិសនី​​សេសាន​ក្រោម​ពីរ បើក​ទឹក​ឡើង​វិញ​ជា​បណ្ដោះអាសន្ន​សិន ដើម្បី​ពលរដ្ឋ​អាច​ដឹក​សម្ភារៈ​ធ្ងន់ៗ​ចេញ​ពី​លំនៅឋាន​បាន៖ «ពួក​ខ្ញុំ​លិច​អស់​ហើយ មួយ​ចំនួន​ធំ​លិច​ទាំង​ស្រុង។ ផ្ទះ​ខ្ញុំ​លិច​នៅ​សល់​ដំបូល ៨​តឹក ផ្ទះ​ខ្លះ​សល់​តែ ១​តឹក ដោយសារ​គម្រោង​អគ្គិសនី​សេសាន​ក្រោម​២។ ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​ភូមិ​ស្រែគរ​ចាស់ មិន​ព្រម​ទទួល​សំណង គាត់​បាន​មក​រស់​នៅ​ទី​ទួល​សុវត្ថិភាព​តាម​ចម្ការ ខ្លះ​រស់​នៅ​​រប៉ាត់រប៉ាយ។ ពួកគាត់​សុំ​ឲ្យ​បន្ទាប​ទឹក​ដើម្បី​អាច​ដឹក​សម្ភារៈ​ផ្សេងៗ អីវ៉ាន់​ដែល​ពួកគាត់​យក​មក​ជាមួយ​បាន គឺ​តែ​ចាន​ឆ្នាំង កន្ទេល ខ្នើយ ភួយ មុង តែប៉ុណ្ណោះ»
​ចំណែក​មេ​ឃុំ​ស្រែគរ (ថ្មី) លោក សៀក មេគង្គ ក៏​បាន​ប្រាប់​ផង​ដែរ​ថា លោក​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​សុខុមាលភាព​របស់​ពលរដ្ឋ​ជាង ៧០​គ្រួសារ ដែល​ពុំ​ព្រម​ទទួល​សំណង​ទៅ​នៅ​កន្លែង​ថ្មី។ លោក​ថា ក្នុង​ចំណោម​ពលរដ្ឋ​នៅ​ភូមិ​ស្រែគរ​ចាស់ ជាង ៤៧០​គ្រួសារ គឺ​មាន​ប្រមាណ​ជិត ៤០០​គ្រួសារ​ហើយ បាន​សុខចិត្ត​ទទួល​សំណង​មក​រស់​នៅ​ក្នុង​ភូមិ​ស្រែគរ​ថ្មី។
លោក​បន្ត​ថា អ្នក​ភូមិ​ជាង ៧០​គ្រួសារ​នោះ​កំពុង​ជួប​បញ្ហា​ជា​ច្រើន រួម​មាន៖ «ទី​១ គាត់​បោះបង់​ការ​សិក្សា​រៀន​សូត្រ​របស់​កូន ទី​២ ការ​ប្រើប្រាស់​ទឹក​គ្មាន​អនាម័យ គ្មាន​បង្គន់ ទី​៣ បញ្ហា​ឈឺ​ថ្កាត់​យប់​ព្រលប់ ពីព្រោះ​ភូមិ​ចាស់​លិច ៣​ត ផ្ទះ​គាត់​លិច​ហើយ ស្ពាន​លិច​ទៀត ទី​៤ ថ្នាក់​ខេត្ត​បាន​បញ្ជា​ឲ្យ​ផ្តាច់​សេវា​ទូរស័ព្ទ ទី​៥ គឺ​សន្តិសុខ​របស់​ពួកគាត់»
​អាជ្ញាធរ​ឃុំ​ស្រែគរ​ថ្មី ក៏​បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ទៅ​ត្រួតពិនិត្យ​ស្ថានភាព​ពលរដ្ឋ​ដែល​ពុំ​ព្រម​ចាកចេញ​ទាំង​នោះ និង​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ចេញចូល​ដើម្បី​ឲ្យ​ពលរដ្ឋ​ដទៃ​ទៀត​ពី​ខាង​ក្រៅ​អាច​ចូល​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​ពួកគេ ប្រសិនបើ​មាន​បញ្ហា​អាសន្ន​ណា​មួយ រួមមាន​ការ​ខ្វះ​ស្បៀង​អាហារ និង​ឈឺ​ថ្កាត់​ជាដើម ដែល​ត្រូវ​ការ​ជំនួយ​សង្គ្រោះ​ជា​បន្ទាន់ ដើម្បី​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ជាដើម៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...