Saturday, November 4, 2017

អ្នក​ដើរ​លេង​បុណ្យ​អុំ​ទូក​រិះគន់​រឿង​តម្លៃ​ផ្ញើ​ម៉ូតូ​ឡាន​ថ្លៃ

ប្រជាពលរដ្ឋ​ដែល​ដើរ​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​រអ៊ូរទាំ​គ្រប់ៗ​គ្នា​ថា ថ្លៃ​ផ្ញើ​ម៉ូតូ​ឡាន​មាន​តម្លៃ​ខ្ពស់​ពិបាក​ទទួល​យក។ ពួកគាត់​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ទម្លាប់​កេង​ប្រវ័ញ្ច​បែប​នេះ​ក្នុង​ឱកាស​ពិធី​បុណ្យ​ទាន​ធំៗ​ម្ដងៗ។
​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ត​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក សម្ដែង​ការ​ហួស​ចិត្ត​ចំពោះ​កន្លែង​ផ្ញើ​ម៉ូតូ និង​ឡាន ដែល​យក​តម្លៃ​ខ្ពស់​ក្នុង​ឱកាស​បុណ្យ​ប្រពៃណី​ដ៏​ធំ​មួយ​នេះ។
​ពលរដ្ឋ​អះអាង​ថា នៅ​ក្នុង​សំបុត្រ​ផ្ញើ​ម៉ូតូ​នោះ​ដាក់​តម្លៃ​ត្រឹម ១​ពាន់​រៀល ប៉ុន្តែ​ជាក់ស្ដែង​ពួកគេ​យក​តម្លៃ​រហូត​ដល់ ៥​ពាន់​រៀល សម្រាប់​ម៉ូតូ​មួយ​គ្រឿង ចំណែក​ឡាន​មួយ​គ្រឿង​តម្លៃ ១​ម៉ឺន​រៀល។
​អ្នក​ផ្ញើ​ម៉ូតូ​ម្នាក់​លើក​ឡើង​ថា ចង់​ឬ​មិន​ចង់​ពួកគាត់​ត្រូវ​តែ​បង្ខំចិត្ត​ផ្ញើ​ម៉ូតូ ព្រោះ​អាជ្ញាធរ​បាន​បិទ​ផ្លូវ​មិន​អោយ​ជិះ​ចូល​កន្លែង​កម្សាន្ត​នោះ​ទេ ប៉ុន្តែ​ការ​យក​តម្លៃ​ថ្លៃ​បែប​នេះ​គឺ​ពិត​ជា​ប៉ះពាល់​អារម្មណ៍​ពលរដ្ឋ​ខ្លាំង​ណាស់។ លោក​បន្ត​ថា នេះ​មនុស្ស​ចូល​រួម​តិច​ផង ចុះ​បើ​មនុស្ស​ចូល​រួម​ច្រើន​ទៀត​នោះ លោក​គិត​ថា ប្រហែល​ជា​នឹង​យក​តម្លៃ​កាន់​តែ​ថ្លៃ​ថែម​ទៀត៖ «»។
​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត ក៏​រអ៊ូរទាំ​ប្រហាក់ប្រហែល​គ្នា​ថា ការ​យក​តម្លៃ​នោះ វា​ថ្លៃ​ជាង​ទិញ​ម្ហូប​អាហារ​ទៅ​ទៀត ហើយ​ធ្វើ​ឲ្យ​ពួកគាត់​មិន​សប្បាយ​ចិត្ត​ឡើយ។ ពួកគាត់​សំណូមពរ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជួយ​ពិនិត្យ​មើល​ទីតាំង​ផ្ញើ​ម៉ូតូ​ទាំង​អស់​នោះ​ផង កុំ​ឲ្យ​មាន​ការ​យក​ថ្លៃ​ខ្លាំង​ពេក។
​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្តី បាន​ថ្លែងប្រាប់​សារព័ត៌មាន​ដើម​អំពិល​ថា សាលា​រាជធានី​ភ្នំពេញ បាន​ទទួល​ព័ត៌មាន​ទាំង​អស់​នេះ​ហើយ ហើយ​ក៏​បាន​ប្រាប់​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន​នានា​ក្នុង​ខណ្ឌ​ឲ្យ​ចុះ​ផ្សព្វផ្សាយ អប់រំ​ណែនាំ​កុំ​ឲ្យ​មាន​ការ​យក​ថ្លៃ​ពេក។
​ចំពោះ​ការ​ទទួល​ផ្ញើ​ម៉ូតូ​នេះ នៅ​ថ្ងៃ​អុំទូក​ទី​១ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​គ្រប់​កងកម្លាំង រួម​ទាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ពិនិត្យ​ទីតាំង​ផ្ញើ​កង់ ម៉ូតូ និង​រថយន្ត​ឲ្យ​បាន​ម៉ត់ចត់ ហើយ​បើ​ទីតាំង​ផ្ញើ​ណា​មិន​មាន​ច្បាប់​អនុញ្ញាត ត្រូវ​បញ្ឈប់​ជា​បន្ទាន់​ដើម្បី​កុំ​ឲ្យ​ហេតុការណ៍​អាក្រក់​កើតឡើង។ ចំពោះ​តម្លៃ​វិញ​លោក​បាន​ស្នើ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​កុំ​ឲ្យ​ធ្វើ​អាជីវកម្ម​ស្រេច​តែ​អំពើ​ចិត្ត ទទួល​ការ​ថ្នាំងថ្នាក់​ពី​ពលរដ្ឋ ខណៈ​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ពី​ជីវភាព​ពលរដ្ឋ។
​ទោះ​យ៉ាង​ណា វិធានការ​​របស់​សាលា​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ពុំ​មាន​ប្រសិទ្ធភាព​ឡើយ។
​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា នៅ​កម្ពុជា ឲ្យ​តែ​មាន​ឱកាស​ពិធីបុណ្យ​ទាន​ម្ដងៗ គឺ​តែងតែ​កើត​មាន​អំពើ​កេង​ប្រវ័ញ្ច និង​អំពើ​អសីលធម៌។ ចំពោះ​ករណី​ដែល​អាជ្ញាធរ​ពុំ​មាន​ចំណាត់​ការ​ប្រសិទ្ធភាព​នោះ លោក​សង្ស័យ​ថា អាច​មាន​ការ​ទទួល​បាន​ផល​ប្រយោជន៍​ក្នុង​រឿង​នេះ៖ «»។
​អគ្គស្នងការ​នគរបាល​ជាតិ​ថា ប្រជាពលរដ្ឋ​ដែល​ចូលរួម​កម្សាន្ត​ក្នុង​ពិធីបុណ្យ​អុំ​ទូក​ថ្ងៃ​ទី​១ នៅ​ភ្នំពេញ មាន​ចំនួន​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​មុន​ដែរ គឺ​ចន្លោះ​ពី ៥០​ម៉ឺន ទៅ ៦០​ម៉ឺន​នាក់។ ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​មាន​ទូក​មក​ចូលរួម​ប្រកួតប្រជែង​សរុប​ចំនួន ១៣៧​គូ ឬ​ស្នើ ២៧៤​ទូក នៅ​ទូទាំង​ប្រទេស​ដែល​បាន​មក​ចូល​រួម៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...