Saturday, November 18, 2017

លោក គឹម សុខ បន្ត​ចាញ់​ក្ដី​បន្ត​ទៀត​នៅ​សាលា​ឧទ្ធរណ៍​ជាមួយ​នឹង​លោក ហ៊ុន សែន

សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍​បាន​សម្រេច ឲ្យ​លោក គឹម សុខ ចាញ់​ក្ដី​បន្ត​ទៀត​ជាមួយ​នឹង​លោក ហ៊ុន សែន ជុំវិញ​សំណុំរឿង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ។អង្គការ​មិនមែន​រដ្ឋាភិបាល ផ្នែក​សិទ្ធិមនុស្ស​យល់​ឃើញ​ថា ក្នុង​រឿង​ក្ដី​នេះ បើ​ទោះ​ជា​ត្រូវ​ឡើង​ទៅ​ដល់​តុលាការ​កំពូល​ទៀត ក៏​មិន​អាច​ឈ្នះ​ក្ដី​បាន​នោះ​ដែរ។
អ្នក​ឃ្លាំមើល​ពី​បញ្ហា​សង្គម និង​នយោបាយ​ដែល​មិន​សំចៃ​មាត់ ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​វិញ​ភ្លាមៗ ក្រោយ​បញ្ចប់​សវនាការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី១៧ វិច្ឆិកា។
ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​លោក ប្លង់ សំណាង ដែល​ទទួល​បន្ទុក​កាត់​ក្ដី​ក្នុង​សំណុំរឿង​នេះ សម្រេច​ឲ្យ​លោក គឹម សុខ ត្រូវ​ចាញ់​ក្ដី ដូច​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ទៀត ជាមួយ​នឹង​លោក ហ៊ុន សែន។ នៅ​ក្នុង​បន្ទប់​សវនាការ​លោក ជូង ជូងី ឲ្យ​ដឹង​ថា ទាំង​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​លោក ប្លង់ សំណាង និង​អ្នក​ស្រី គឹម ដានី និង​លោក យ៉ិន ណារ៉ុង ជា​សមាជិក​ក្រុម​ប្រឹក្សា​ជំនុំជម្រះ សម្រេច​ឯកភាព ឲ្យ​លោក គឹម សុខ ចាញ់​ក្ដី​ទៀត។
លោក ជូង ជូងី យល់​ឃើញ​ថា ការ​ដែល​តុលាការ​សម្រេច​តម្កល់​សាលក្រម របស់​តុលាការ​ក្រុង​ភ្នំពេញ ទុក​ជា​បាន​ដដែល​នេះ គឺ​បាន​ផ្ដល់​ភាព​អយុត្តិធម៌​បំផុត​សម្រាប់​កូន​ក្ដី​របស់​លោក។ មេធាវី​រូប​នេះ​បន្ត​ថា មូលហេតុ​ដែល​ក្រុម​ប្រឹក្សា​ជំនុំជម្រះ នៃ​សាលាឧទ្ធរណ៍​សម្រេច​ដូច​នេះ ដោយ​យល់​ឃើញ​ថា លោក គឹម សុខ មាន​ធាតុផ្សំ​គ្រប់គ្រាន់ ក្នុង​ការ​ចោទ​ប្រកាន់«តុលាការ​គេ​គ្រាន់​តែ​ថា​សំអាង​ហេតុ និង​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​គឺ​ត្រឹមត្រូវ​ហើយ ដូច្នេះ​គឺ​តម្កល់​ទុក​ដដែល។ គេ​សំអាង​ថា​កាល​ដែល​លោក គឹម សុខ និយាយ​ជា​មួយ​និង​វិទ្យុ​អាស៊ី​សេរី​ថ្ងៃ​ទី១១ ខែ កុម្ភៈ ឆ្នាំ២០១៧​ហ្នឹង គឺ​ជា​បទល្មើស​ញុះញង់​ហើយ​និង​បទ​ល្មើស​បរិហារកេរ្តិ៍។ ដូច្នេះ​គេ​តម្កល់​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ទុក​ជា​បាន​ការ»
កាល​ពី​ថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ​២០១៧ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក គី ឬទ្ធី បាន​ឲ្យ​លោក គឹម សុខ ចាញ់​ក្ដី​ជា​មួយ​នឹង​លោក ហ៊ុន សែន ម្ដង​រួច​មក​ហើយ ក្នុង​រឿង​ក្ដី​នេះ។ពេល​នោះ តុលាការ​សម្រេច​ចេញ​សាលក្រម​ផ្ដន្ទាទោស​លោក គឹម សុខ ដាក់​ពន្ធនាគារ ១ឆ្នាំ ៦ខែ និង​ពិន័យ​លុយ​ចូល​រដ្ឋ ៨លានរៀល។ ក្រៅ​ពី​នេះ តុលាការ​ក៏​បង្គាប់​ឲ្យ​លោក គឹម សុខ ត្រូវ​សង​ជំងឺ​ចិត្ត​ទៅ​លោក ហ៊ុន សែន ៨០០លាន​រៀល​ផ្សេង​ទៀត។
ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​នេះ តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​អ្នក​ឃ្លាំមើល​ពី​បញ្ហា​សង្គម និង​នយោបាយ​គឺ​លោក គឹម សុខ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​បញ្ញត្តិ​មាត្រា ៤៩៤ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។
អង្គការ​មិនមែន​រដ្ឋាភិបាល ផ្នែក​សិទ្ធិមនុស្ស យល់​ឃើញ​ថា បើ​ទោះ​សំណុំរឿង​នេះ ត្រូវ​រុញ​ទៅ​តុលាការ​កំពូល​ទៀត ក៏​មិន​សង្ឃឹម​ថា នឹង​ឈ្នះ​ក្ដី​ជា​មួយ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ដែរ។យ៉ាង​នេះ​ក្ដី សមាសភាព​មួយ​ចំនួន នៅ​ក្នុង​តុលាការ​កំពូល​ត្រូវ​គេ​ដឹង​ថា ភាគ​ច្រើន​គឺ​ជា​សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា ហេតុផល​នេះ​ហើយ​ដែល​កម្រ​ឃើញ​សកម្មជន​សង្គម និង​អ្នក​នយោបាយ បក្ស​ប្រឆាំង ក្លាយ​ជា​គោលដៅ​នៃ​ការ​កម្ទេច។
លោក ស៊ឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ចាត់​ទុក​ថា សំណុំរឿង​លោក គឹម សុខ នេះ​ពិត​ជា​ស្មុគស្មាញ និង​មិន​មែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​នោះ​ឡើយ ដែល​អាច​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់។ ម្យ៉ាង​វិញ​ទៀត អ្នក​ឃ្លាំមើល​ពី​បញ្ហា​សង្គម និង​នយោបាយ​រូប​នេះ ជា​អ្នក​រិះគន់​ដោយ​មិន​សំចៃ​មាត់​ផង នោះ​រឹត​តែ​ជា​គោលដៅ​ដែល​ត្រូវ​បិទ​សិទ្ធិ​ថែម​ទៀត។ អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​រូប​នេះ យល់​ឃើញ​ថា ការ​ឈ្នះ​ក្ដី​និង​លោក ហ៊ុន សែន តាម​ផ្លូវ​តុលាការ​វា​រឹត​តែ​មិនមែន​ជា​ការ​ងាយ​ឡើយ«អ្វី​ដែល​យើង​កត់​សំគាល់​មួយ​ទៀត​នោះ​គឺ​លោក គឹម សុខ បើ​និយាយ​ពី​ឥទ្ធិពល​មិន​មាន​ទាល់​តែ​សោះ ហើយ​ចំពោះ​ដំណើរការ​នីតិវិធី​នេះ​យើង​មើល​ឃើញ​ថា​មិន​មាន​លទ្ធភាព​អ្វី​ដែល​នឹង​តទល់​ឬក៏​អាច​ដំណើរការ​ទទួល​បាន​យុត្តិធម៌ ឬក៏​ឈ្នះ​ក្ដី​ជា​មួយ​និង​លោក​នាយករដ្ឋមន្ត្រី​នោះ​ទេ»
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាន់​តួនាទី​យូរ​ជាង​គេ​ក្នុង​មុខ​តំណែង នៅ​តំបន់​អាស៊ី​នេះ ត្រូវ​គេ​ដឹង​ថា ជា​អតីត​កម្មាភិបាល​ជាន់​ខ្ពស់ របស់​របប​ខ្មែរ​ក្រហម។ អ្នក​វិភាគ​សង្គម និង​នយោបាយ ចាត់​ទុក​ថា រាល់​រឿង​ក្តី​នៅ​តុលាការ បើ​ជា​រឿង​ដែល​លោក ហ៊ុន សែន លូកដៃ​ហើយ​គេ​កម្រ​ឃើញ​ភាគី​ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ជា​មួយ​លោក ហ៊ុន សែន ឈ្នះ​ណាស់។ បើ​ទោះ​ជា​បែប​ណា លោក ជូង ជូងី បញ្ជាក់​ជំហរ​ថា នៅ​មួយ​សប្ដាហ៍​ខាង​មុខ​ទៀត លោក​នឹង​ដាក់​បណ្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​សាលាឧទ្ធរណ៍​នៅ​ពេល​នេះ៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...