ភ្នំពេញៈ លោក ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
កាលពីម្សិលមិញបានបង្ហាញជំហរថា នឹងមិនអើពើ
និងមិនកោតញញើតចំពោះរាល់ការគំរាមពីប្រទេសមួយចំនួនដោយសារតែរាជរដ្ឋាភិបាលបានគាំទ្រការសម្រេចចិត្តរបស់តុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិចោលកាលពីសប្ដាហ៍កន្លងមកនេះ។
ប្រតិកម្មជាមួយការព្រមានរបស់សហគមន៍បរទេសនេះ លោក
នាយករដ្ឋមន្ត្រីបានធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយតំណាងកម្មករកម្មការិនីរោងចក្រជាង
៥ ពាន់នាក់នៅមជ្ឈមណ្ឌលពិព័រណ៍ កោះពេជ្រ កាលពីម្សិលមិញ។
លោក ហ៊ុន សែន ថ្លែងថា៖ «មិនអាចឱនក្បាលធ្វើឲ្យបាត់ឯករាជ្យ
អធិបតេយ្យជាតិគ្រាន់តែចង់បានជំនួយបន្ដិចបន្តួចនោះទេ។
មិនទាន់ធ្វើសវនកម្មផង បន្តិចទៅធ្វើសវនកម្មថា
ហ្ហែងយកលុយទៅធ្វើអី មកចាយស្រុកអញ
មកចាយបំផ្លាញស្រុកអញអត់បានទៀត ឲ្យវាច្បាស់អ៊ីចឹងធ្វើឲ្យវាឡូយ
សឿងបន្តិចមើល មនុស្សធ្លាប់ស៊ីគល់ចេក វ៉ៃអាពត
កុំមកគំរាមដាក់កាត់នេះកាត់នោះអី អត់ទេ កុំមករញ៉េរញ៉ៃហ្នឹង»។
លោក ហ៊ុន សែន ក៏បានបន្ទរបន្ថែមចំពោះការគំរាមកាត់ជំនួយនានា
ដូចជា
ជំនួយសម្រាប់ដោះគ្រាប់មិនទាន់ផ្ទុះជំនួយសម្រាប់រៀបចំការបោះឆ្នោតនៅកម្ពុជាដែលបានមកពីសហរដ្ឋអាមេរិក។
លោក ហ៊ុន សែន ថ្លែងថា៖ «ឥឡូវមានអ្នកខ្លះគំរាម
គេថាបិទផ្សារអ៊ីចេះអ៊ីចុះ។ អ្នកឯងបិទលមើល
អ្នកឯងបិទក៏អ្នកឯងត្រូវទទួលខុសត្រូវចំពោះមុខវិស័យឯកជនរបស់អ្នកឯងបានចុះកុងត្រាទិញរួចហើយ។
អ្នកឯងបិទៗជានយោបាយក៏ប៉ុន្តែអនុវត្តមិនបានទេហើយខ្ញុំស្វាគមន៍ណាស់
ស្វាគមន៍អាមេរិកកាត់ជំនួយទៅដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ខ្ញុំសូមស្វាគមន៍តែម្ដង»។
លោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងបន្តទៀតថា៖
«អ្នកឯងនិយាយពីលទ្ធិប្រជាធិបតេយ្យហើយអ្នកឯងកាត់ជំនួយពីគណៈកម្មការបោះឆ្នោត
អ៊ីចឹងអ្នកឯងបានទន្ទឹមនឹងផ្តួលខ្ញុំមិនដួលហើយ
អ្នកឯងបានរួមចំណែកសម្លាប់លទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា
ហើយយកល្អអំពាវនាវឲ្យអាមេរិកកាត់ជំនួយទាំងអស់តែម្ដង»។
លោកនាយករដ្ឋមន្ត្រីបានអះអាងថា
ការគំរាមកាត់ជំនួយដោយសហរដ្ឋអាមេរិក
នឹងមិនជះឥទ្ធិពលអាក្រក់ណាមួយដល់ប្រទេស កម្ពុជា
នោះទេពីព្រោះជំនួយទាំងនោះ
ភាគច្រើនត្រូវបានប្រើប្រាស់ដោយអង្គការសង្គមស៊ីវិលដែលមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលអាមេរិក។
លោក ហ៊ុន សែន អះអាងថា៖ «ពីព្រោះកាត់ទៅវាងាប់អា NGOs
នៅក្នុងស្រុកទាំងអស់។ ទៅសម្លាប់កូនរបស់អ្នកឯងតែម្ដងទៅ
ស្អីឡើងកាត់ៗ កាត់ទៅ។ ឆ្នាំ ២០១៣
អគ្គរដ្ឋទូតអាមេរិកពេលនោះបានមកសួរខ្ញុំថា ម៉េចបានជាឯកឧត្ដម
និយាយពេលហ្នឹង ហើយជំរុញឲ្យអាមេរិកកាត់ជំនួយ ខ្ញុំថា
អ្នកឯងគិតមើល
អ្នកឯងមិនទៅសួរសមាជិកព្រឹទ្ធសភាទៅសួរសមាជិកសភាអាមេរិកទៅ។
បើគេនិយាយ ខ្ញុំក៏ត្រូវនិយាយ
ទៅខ្ទប់មាត់អាសមាជិកព្រឹទ្ធសភានិងរដ្ឋសភា ឯណោះ
កុំឲ្យវាចេះតែនិយាយកាត់ៗ អ៊ីចឹងកាត់តែម្ដងទៅ
ចាំបាច់និយាយច្រើនម៉េ្លះ។ ប៉ុន្តែអាអ្នកងាប់មុនគេជា អាណា
អ្នកងាប់មុនគេ
គឺអង្គការក្រៅរដ្ឋាភិបាលដែលបំផ្លាញយើងរាល់ថ្ងៃងាប់មុនគេទៅ»។
លោកបញ្ជាក់ថា ដូចជាគំរាមកាត់ជំនួយ CMAC ក៏បានអនុញ្ញាតឲ្យ CMAC
ប្រកាសភ្លាមថា រាជរដ្ឋាភិបាលដាក់លុយជួស បន្ទាប់មកទៅចរចារជាមួយចិន
ហើយចិនមិនត្រឹមថាដាក់លុយសម្រាប់ជំនួសជំនួយអាមេរិកសម្រាប់ CMAC
នោះទេ ចិនបានប្រកាសថា នឹងផ្ដល់អាទិភាពសម្រាប់ដោះមីន
និងបំផ្លាញគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា
មិនប៉ុន្មានមានអីឲ្យលុយមកវិញតើ
ដោយខ្លាចចិនមកអង្គុយជំនួសកៅអីរបស់គេ។
ក្នុងរយៈពេល ៣
ថ្ងៃបន្តបន្ទាប់គ្នាក្រោយពីតុលាការកំពូលបានប្រកាសសាលដីការំលាយគណបក្សប្រឆាំង
និងហាមឃាត់ឥស្សរជនជាន់ខ្ពស់របស់គណបក្សនេះចំនួន ១១៨
រូបពីការធ្វើនយោបាយរហូតដល់ទៅ ៥ ឆ្នាំ ក៏មានតំណាងរដ្ឋាភិបាលបរទេស
និងអង្គការអន្តរជាតិនានា បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស
និងសម្តែងការព្រួយបារម្ភពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតយ្យនៅកម្ពុជា។
កាលពីថ្ងៃសុក្រ ចុងសប្ដាហ៍កន្លងមកនេះ
សេតវិមានរបស់សហរដ្ឋអាមេរិក
បានចេញសេចក្ដីថ្លែងការណ៍សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា
ក្នុងការរំលាយគណបក្សប្រឆាំងដ៏ធំ
ដោយផ្អែកលើការចោទប្រកាន់ដែលសេតវិមានចាត់ទុកថា មានចរិតនយោបាយ។
ជាការឆ្លើយតបជាជំហានទីមួយ អាមេរិក
នឹងកាត់ផ្ដាច់ការគាំទ្រសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
និងរដ្ឋបាលនៃការបោះឆ្នោតឆ្នាំ ២០១៨ ខាងមុខ។
សេចក្ដីថ្លែងការណ៍នេះមានខ្លឹមសារថា៖
«ស្ថិតក្នុងផ្លូវដើរបច្ចុប្បន្ននេះ ការបោះឆ្នោតនៅឆ្នាំក្រោយ
នឹងមិនស្របតាមច្បាប់ សេរី និងយុត្តិធម៌នោះឡើយ។ រដ្ឋាភិបាលកម្ពុជា
នៅមានពេលវេលា ដើម្បីកែប្រែផ្លូវដើរនោះនៅឡើយ
និងទាមទារឲ្យដោះលែងលោក កឹម សុខា»។
ជាមួយគ្នានេះដែរ
សហភាពអ៊ឺរ៉ុបដែលជាអ្នកបញ្ជាទិញទំនិញវាយនភ័ណ្ឌដ៏ធំជាងគេរបស់កម្ពុជាក៏បានចេញសេចក្ដីថ្លែងការណ៍ចាត់ទុកចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាថា
ជាការរំលោភលើភាពស្របច្បាប់របស់គណបក្សប្រឆាំង
និងសំណូមពរឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវតែគោរពសិទ្ធិមនុស្ស
និងសិទ្ធិនយោបាយ។
សេចក្ដីថ្លែងការណ៍នេះ ថ្លែងថា៖ «ការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន
គឺជាលក្ខខណ្ឌចាំបាច់តម្រូវឲ្យមាន
មុននឹងកម្ពុជាអាចបន្តទទួលបាននូវអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម
(EBA) ជាមួយសហគមន៍អឺរ៉ុប ដែល
កម្ពុជាអាចនាំទំនិញគ្រប់បែបយ៉ាងចូលសហគមន៍ អឺរ៉ុប
លើកលែងតែអាវុធជាតិផ្ទុះ»។
ខណៈ សេចក្តីថ្លែងការណ៍ដែលចេញដោយ អនុរដ្ឋមន្ត្រីការបរទេស
ស៊ុយអែត លោកស្រី Margot Wallstrm ព្រមានថា រដ្ឋាភិបាល ស៊ុយអែត
នឹងពិចារណាឡើងវិញអំពីជំនួយ និងទំនាក់ទំនងជាមួយប្រទេស កម្ពុជា
ដោយចាត់ទុកចំណាត់ការរបស់រដ្ឋាភិបាល
ទៅលើបក្សប្រឆាំងប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលថា
ជាការធ្វើឲ្យការអភិវឌ្ឍផ្នែកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស
ដើរថយក្រោយ។
បន្ទាប់មករដ្នមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី Julie Bishop
ថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយថា
អូស្ត្រាលីមានក្ដីបារម្ភយ៉ាងខ្លាំង
ហើយហៅចំណាត់ការរបស់រដ្ឋាភិបាលថា បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ
ដល់លទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា។
លោក Mark Field រដ្ឋមន្ត្រីកិច្ចការអាស៊ី
និងប៉ាស៊ីហ្វិករបស់ចក្រភពអង់គ្លេស
អង្គការអន្តរជាតិធំៗមួយចំនួនរួមមាន អង្គការលើកលែងទោសអន្តរជាតិ
Amnesty International អង្គការឃ្លាំមើលសិទ្ធិមនុស្ស អន្តរជាតិ Human
Right Watch អង្គការឃ្លាំមើលពិភពលោក Global Witness អង្គការ Freedom
House ព្រមទាំងសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (APHR)
ក៏បានចេញសេចក្ដីថ្លែងការណ៍សម្ដែងនូវការព្រួយបារម្ភប្រហាក់ប្រហែលគ្នាផងដែរ។
ផ្ទុយពីនេះ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស ចិន លោក Geng
Shuang ថ្លែងក្នុងសន្និសីទកាសែតមួយនៅទីក្រុង ប៉េកាំង ថា
ប្រទេសចិនគាំទ្រ កម្ពុជា ក្នុងការការពារសន្តិសុខជាតិ
និងស្ថិរភាពនយោបាយរបស់ខ្លួន។
លោក Geng Shuang ត្រូវបានគេដកស្រង់សម្តីថា៖
«យើងបានសង្កត់ធ្ងន់ជាច្រើនដងរួចមកហើយថា ប្រទេសចិន
ដែលជាអ្នកជិតខាងល្អ មិត្តល្អ ជាដៃគូល្អ
និងជាបងប្អូនដ៏ល្អបានគាំទ្រកម្ពុជា
ក្នុងការដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្រប នឹងលក្ខខណ្ឌជាតិ
និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា
ក្នុងការការពារសន្តិសុខជាតិ និងស្ថិរភាព»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
បានថ្លែងតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម តេលេក្រាម ថា៖
«ការគំរាមកាត់ជំនួយរបស់ប្រទេសលោកខាងលិចមួយចំនួនបញ្ជាក់ច្បាស់ថា
ក្រុមមេក្លោងបដិវត្តន៍ពណ៌មានប្រតិកម្មខ្លាំងយ៉ាងនេះគ្មានអ្វីក្រៅពីចង់ជួយអាយ៉ងរបស់ក្រុម
ពួកខ្លួននោះទេ»៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment