Wednesday, November 8, 2017

នគរបាល​ខេត្ត​ក្រចេះ​រង​ការ​រិះគន់​មិន​បង្ក្រាប​ឡាន​ដឹក​ឈើ

ក្រចេះ: នគរបាល​ដាក់​ប៉ុស្តិ៍​ពេល​យប់​នៅ​ក្នុង​ខេត្ត​ក្រចេះ​ត្រូវ​បាន​រិះគន់​ថា មិន​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ដែល​បើក​ឆ្លងកាត់​កន្លែង​ត្រួតពិនិត្យ​របស់​ខ្លួន ខណៈ​ដែល​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មិន​ហ៊ាន​បង្ក្រាប​ព្រោះ​អ្នក​ដឹក​ឈើ​ញៀន​ថ្នាំ និង​មាន​ដាវ​សាមូរ៉ៃ​។
ការ​រិះគន់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​លេង​បណ្តាញ​សង្គម​ហ្វេសប៊ុក ដែល​រួមមាន​អ្នក​សារព័ត៌មាន​ផង​ដែរ​ដោយ​ពួកគេ​បាន​ដេញ​ថត​សកម្មភាព​ឡាន​សាំយ៉ុង​ដឹកឈើ​ជាច្រើន​គ្រឿង​ចេញ​ពី​ក្រុង​ក្រចេះ​។ ខ្សែ​វីដេអូ​ខ្លីៗ​ចុង​ក្រោយ​ចំនួន​ ២ ​ត្រូវ​បាន​ថត​កាលពី​យប់​ថ្ងៃ​ចន្ទ​ឈាន​ចូល​ថ្ងៃ​អង្គារ​ម្សិលមិញ ហើយ​បង្ហោះ​នៅ​គេហទំព័រ​ហ្វេសប៊ុក​ឈ្មោះ ​“​ខ្លី​ខ្លឹម​” និង​ត្រូវ​ចែករំលែក​តៗ​គ្នា​ជាច្រើន​។ តាមរយៈ​ខ្សែ​វីដេអូ​ទាំង​នោះ​គេ​ឃើញ​ឡាន​ម៉ាក​សាំយ៉ុង​ដឹក​ឈើ​យ៉ាង​ហោច​ណាស់​ ៥ ​គ្រឿង​ត្រូវ​បាន​នគរបាល​អនុញ្ញាត​ឲ្យ​បើក​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​ខ្លួន​ «​យ៉ាង​រលូន​»​។ ការ​បណ្តែត​បណ្តោយ​នេះ​ត្រូវ​បាន​គេ​សរសេរ​រិះគន់​ថា​៖ «​ដាក់​​ [​ប៉ុស្តិ៍​] ​ធ្វើ​អី បើ​ដាក់​គ្រាន់​តែ​ឈរ​មើល​ដដែល​ហ្នឹង​? យ៉ាប់​ណាស់​លោក​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ស្រុក​»​។ បន្ថែម​ពី​នេះ​ទៀត ​“​ខ្លី​ខ្លឹម​” ​បាន​ដកស្រង់​សម្ដី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​ដោយ​និយាយ​ថា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ពិបាក​ចាប់​រថយន្ត​ដឹកឈើ​ព្រោះ​ពួកគាត់​អ្នក​បើកបរ​ភាគច្រើន​ «​ប្រើ​គ្រឿងញៀន និង​មាន​ដាវសាមូរ៉ៃ​ម្យ៉ាង​អត់​កម្លាំង​សហការ​ពេល​ខ្លះ​យប់ៗ​ពេក​។ មិន​ដឹង​ធ្វើ​ម៉េច​»​។
អ្នក​សារព័ត៌មាន​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​ការ​ដឹក​ឈើ​មាន​ជា​ហូរហែ​រាល់​យប់​មិន​ដែល​ដាច់ ហើយ​គ្រាន់​តែ​ក្នុង​រយៈពេល​ ២ ​យប់​ចុង​ក្រោយ​នោះ​ក្រុម​ការងារ​លោក​បាន​ឃើញ​ឡាន​សាំយ៉ុង​ដឹក​ឈើ​យ៉ាង​ហោច​ណាស់​ជិត​ ២០ ​គ្រឿង​ដែរ ដែល​ដឹក​ចេញ​ពី​ខេត្ត​ក្រចេះ​តាម​ស្រុក​សំបូរ​, ឆ្លូង ឬ​ចិត្របុរី ឆ្ពោះ​ទៅ​កាន់​ខេត្ត​ត្បូងឃ្មុំ និង​កំពង់ចាម​ជាដើម​។
ឆ្លើយតប​នឹង​ការ​រិះគន់​ខាង​លើ​នេះ​លោក​ ស៊ុម សុឃីម ​ស្នងការង​ខេត្ត​ក្រចេះ​ទទួល​បន្ទុក​សេនាធិការ​បាន​ពន្យល់​ថា​មន្ត្រី​នគរបាល​ដែល​ដាក់​ប៉ុស្តិ៍​នោះ​គឺ​ត្រួតពិនិត្យ​គ្រឿងញៀន ឬ​អាវុធ​ជាតិ​ផ្ទុះ​ដែល​មិនមែន​មាន​គោលដៅ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទេ ព្រោះ​ពួកគាត់​មិនមែន​ជា​កម្លាំង​ចម្រុះ​នោះ​ទេ​។ ប៉ុន្តែ​ជា​រឿយៗ​កម្លាំង​នគរបាល​តែងតែ​ចូលរួម​ជាមួយ​នឹង​កម្លាំង​ចម្រុះ​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ឈើ​បែប​នោះ​ផង​ដែរ​។ ម្យ៉ាង​វិញ​ទៀត​ក្នុង​ករណី​ដែល​ជំនាញ​​រដ្ឋបាល​ព្រៃឈើ​សុំ​សហការ​ឲ្យ​ស្ទាក់​ចាប់​បទល្មើស​នោះ​កម្លាំង​នគរបាល​តែងតែ​ជួយ​បង្ក្រាប​ដែល​មិន​ងាយ​នឹង​រត់​រួច​ទេ ព្រោះ​កម្លាំង​នគរបាល​មាន​ច្រើន​ហើយ​ឡាន​បើក​តែ​នៅ​លើ​ផ្លូវ​ទៀត​។
លោក​ស្នងការរង​ថ្លែង​ថា​៖ «​ការ​បង្ក្រាប​បទល្មើស​វា​មិន​ខុស​ទេ តែ​យើង​អត់​លូកលាន់​ [​រឿង​ព្រៃឈើ​ទេ​] ​។ កាលណា​យើង​ធ្វើ​វា​ច្រើន​មុខ​ពេក​។ ឥឡូវ​យើង​ផ្តោត​ខ្លាំង​បញ្ហា​គ្រឿងញៀន និង​អាវុធ​ជាតិ​ផ្ទុះ​»​។ លោក​ឲ្យ​ដឹង​ថា​ក្នុង​យុទ្ធនាការ​បង្ក្រាប​ការ​ដឹកឈើ និង​អុស​កាលពី​ពេល​ថ្មីៗ​នេះ​មាន​កម្លាំង​មន្ត្រី​អ្នក​អនុវត្ត​ច្បាប់​មាន​ការ​លំបាក​ខ្លាំង​ណាស់​ព្រោះ​ក្រុម​អ្នក​បើកបរ​ទាំង​នោះ​មាន​សុទ្ធតែ​ដាវ និង​ខ្លះ​ក៏​មាន​ប្រើប្រាស់​គ្រឿង​ញៀន​ផង​ដែរ​។
លោក​ថ្លែង​ថា​៖ «​ប៉ុន្មាន​ថ្ងៃ​ហ្នឹង​គ្រាន់​តែ​ចាប់​ដឹក​អុស​នេះ​មក​សុទ្ធ​តែ​ដាវសាមូរ៉ៃ​។ ដាវ​យក​ទៅ​កាប់​អី​? មាន​តែ​កាប់​មនុស្ស​។ ពួក​នេះ​បើក​ឡាន​​អាក្រក់ៗ​ណាស់​។ កាលពី​មុន​បើ​ឃើញ​ឡាន​សមត្ថកិច្ច​អ៊ីចឹង បើក​រេ​ពេញ​ផ្លូវ​តែ​ម្តង​មិន​ឲ្យ​យើង​វ៉ា​ទេ​»​។ រថយន្ត​ដឹក​អុស​ប្រមាណ​ជា​ ១០០ ​គ្រឿង​ត្រូវ​បាន​បង្ក្រាប​កាលពី​ខែ​តុលា​កន្លងមក​ដែល​ធ្វើឲ្យ​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​កម្លាំង​ចម្រុះ និង​ក្រុម​អ្នក​បើកបរ​។ ក្នុង​នោះ​អ្នក​បើកបរ​ម្នាក់​បាន​ចាប់​ខ្លួន​ក្រោយ​ពេល​បើក​ឡាន​បុក​រថយន្ត​សមត្ថកិច្ច​។ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​ដោះលែង​ដោយ​ចៅក្រម ហើយ​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ជា​ខ្លាំង​រហូត​ដល់​មាន​ដាក់​លិខិត​សុំ​អន្តរាគមន៍​ទៅ​ក្រសួង​យុត្តិធម៌​។ លោក​ ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​លោក​គុយ ហួត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ម្សិលមិញ​៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...