Tuesday, November 21, 2017

ក្រសួង​មហាផ្ទៃ​ រំសាយ​វិធានការ​លើ​ NGOs ពាក់ព័ន្ធ​បដិវត្តន៍​ពណ៌

ភ្នំពេញ: លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​អះអាង​កាលពី​ម្សិលមិញ​ថា​នឹង​រំសាយ​ចោល​វិធានការ​ដែល​សមត្ថកិច្ច​ធ្លាប់​បាន​​កំណត់​គោលដៅ​នៃ​ការ​ស៊ើបអង្កេត​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ចូលរួម​ធ្វើ​បដិវត្តន៍​ព័ណ៌​បំណង​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​កំពុង​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​សមត្ថកិច្ច​គ្រាន់​តែ​នឹង​នៅ​ឃ្លាំមើល​បន្ត​ទៀត​ពី​សកម្មភាព​របស់​ថ្នាក់​ដឹកនាំ និង​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​។
លោក សុភ័គ ថ្លែង​ថា​៖ «​ធម្មតា​បើ​គាត់​បោះបង់ អាហ្នឹង​គឺ​ចប់ បើ​មិន​បោះបង់​ចោល​ទេ​អាហ្នឹង​វា​អាច​មាន​ជាប់​ពាក់ព័ន្ធ​ទៀត​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្ដែង​របស់​បុគ្គល​ ឬ​ក៏​អង្គការ​ទាំង​នោះ​។ រហូត​មក​ដល់​ពេល​នេះ​មិន​មាន​វិធានការ​អី​ទៀត​ទេ លើកលែង​តែ​ពួកគាត់​មាន​សកម្មភាព​អ្វី​ដែល​ធ្វើ​បន្ទាប់​ពី​ថ្ងៃ​ហ្នឹង​ទៅ​គ្រាន់​តែ​យើង​ធ្វើការ​កត់សម្គាល់​ប៉ុណ្ណឹង​ទេ​។ កាលណា​សាមី​ខ្លួន​បោះបង់​ចោល​នូវ​គោលជំហរ​ ឬ​ក៏​ផែនការ អ៊ីចឹង​ទេ​អាហ្នឹង​អត់​អី​ទេ​»​។
ទោះ​ជា​យ៉ាងណា​ក៏ដោយ ក៏​លោក សុភ័គ នៅ​តែ​គំរាម​ថា សមត្ថកិច្ច​អាច​ចាត់​វិធានការ​ឡើង​វិញ​ចំពោះ​សកម្មភាព​ជាក់ស្ដែង​ប៉ុណ្ណោះ ដោយ​បាន​លើក​យក​ឧទាហរណ៍​អំពី​ករណី​លោក វ៉ន ពៅ ដែល​បាន​កែ​ខ្លួន​រួច​ហើយ​។
លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (IDEA) ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ចី​ក្រុម​មេធាវី​ក្រសួង​មហាផ្ទៃ​ដាក់​ជូន​តុលាការ​ដែល​ថា រូប​លោក​បាន​ពាក់ព័ន្ធ​ទៅ​ហ្នឹង​ការ​ដឹកនាំ​ការ​តវ៉ា​នៅ​ខាង​មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ទាមទារ​ឲ្យ​លោក​ ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​កាលពី​ចុង​ឆ្នាំ​ ២០១៣​។
លោក សុភ័គ ថ្លែង​ថា​៖ «​ឲ្យ​លោក​ វ៉ន ពៅ ត្រឡប់​មក​វិញ​ឲ្យ​គាត់​មើល​សម្តី​គាត់​តើ​កាល​ឈរ​លើ​ក្បាល​ឡាន​យ៉ាង​ម៉េច​? គាត់​មើល​គាត់​អៀនខ្លួន​គាត់​ហើយ មិន​អី​ទេ​ឲ្យ​គាត់​អៀន​ចុះ​មិន​អី​ទេ ឥឡូវ​គាត់​ឈប់​ហើយ​សង្ឃឹម​អ៊ីចឹង​។ វា​យល់​ហើយ វា​ឈប់​ហើយ សកម្មភាព​របស់​វា​ប្រហែល​ជា​វា​គ្រាន់​តែ​ប្រើប្រាស់​ចំពោះ​ជាតិ​របស់​យើង​»​។
ការ​អះអាង​របស់​លោក សុភ័គ បាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថា​លោក​បាន​ហៅ​ឲ្យ​លោក វ៉ន ពៅ ដែល​មាន​បំណង​គេច​ខ្លួន​ឲ្យ​វិល​ត្រឡប់​មក​ជួបជុំ​គ្រួសារ និង​បន្ត​ធ្វើ​ការងារ​ធម្មតា​វិញ​។
លោក​ ហ៊ុន សែន បាន​ថ្លែង​កាលពី​ថ្ងៃ​អាទិត្យ​ថា​៖ «​ឥឡូវ​មក​វិញ​មក​គ្មាន​ពី​ណា​ធ្វើ​ស្អី​ទេ ម្សិលមិញ​ខ្ញុំ​ក៏​វ៉ៃ WhatsApp ហៅ វ៉ន ពៅ ឲ្យ​ត្រឡប់​មក​វិញ​ព្រោះ​ដឹង​ថា វ៉ន ពៅ កំពុង​នៅឯ​នោះ​ហើយ​ខ្ញុំ​ក៏​បាន​បញ្ជូន​បន្ត​ទៅ​ឲ្យ​ អ៊ិត សំហេង ​ដែរ ហើយ​ ឃួង ស្រេង ​ដែរ​។ ប្រពន្ធ​កំពុង​ព្យួរ​​សេរ៉ូម​នៅឯ​នេះ ហើយ​ឯង​រត់​ទៅ​ឯណោះ ខ្ញុំ​ថា​ក្មួយ វ៉ន ពៅ មក​វិញ​គ្មាន​អាណា​គេ​ធ្វើ​អី​ទេ ​កំពុង​តែ​អនុវត្ត​អា​រឿង​កម្មករ​ក្រៅ​ប្រព័ន្ធ​នេះ​មក​ចូលរួម​ចំណែក​ធ្វើ​អាហ្នឹង​ទៅ ហើយ​បើ​គេ​ហៅ​សួរ​ឡើង​តុលាការ​ដើម្បី​សួរ​នាំ​ពី​រឿង​មាន​បញ្ហា​ព្រោះ​ពេល​ហ្នឹង​ខ្លួន​ វ៉ន ពៅ ក៏​ធ្វើ​បាតុកម្ម​នឹង​​គេ​ដែរ ប៉ុន្តែ​ខ្លួន​ជា​សាក្សី​ទេ មិនមែន​អាណា​ហៅ​ទៅ​ចោទប្រកាន់​ទេ​»​។
ក្នុង​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តុលាការ​កំពូល​កាលពី​សប្ដាហ៍​មុន​ក្រៅ​ពី​លើក​ឈ្មោះ​លោក វ៉ន ពៅ ក្រុម​មេធាវី​ក្រសួង​មហាផ្ទៃ​ក៏​បាន​ភ្ជាប់​ថ្នាក់ដឹកនាំ និង​អង្គការ​​សង្គម​ស៊ីវិល​ល្បី​ឈ្មោះ​មួយ​​ចំនួន​ដូចជា​លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ​ថា​បាន​ផ្តួចផ្ដើម​​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ (BlackMonday)​។
អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត Comfrel ​ថា​បាន​ឃុបឃិត​ជាមួយ​បក្ស​​ប្រឆាំង​ក្នុង​ការ​អះអាង​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ ២០១៣ ថា​ទឹក​ថ្នាំ​ជ្រលក់​ដៃ​អាច​លុប​ជ្រះ និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CCHR ) ​ដែល​បង្កើត​ដោយ​លោក កឹម សុខា ​ក្នុង​ឆ្នាំ​ ២០០២ ​ថា​បាន​ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​បង្កើត​បដិវត្ត​ពណ៌​ជាដើម​។
លោក​ លី ច័ន្ទតុលា មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ផ្សេង​ទៀត​ដែល​បាន​ការពារ​ក្ដី​ឲ្យ​ក្រសួង​មហាផ្ទៃ​លើ​បណ្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​ភ័ស្តុតាង​ស្ដីពី​ការ​ឃុបឃិត​របស់​អ្នក​ទាំង​នោះ​ត្រូវ​បាន​ក្រុម​មេធាវី​ដាក់​ជូន​តុលាការ​កំពូល​ក្នុង​សំណុំ​រឿង​​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។
លោក​ថ្លែង​ថា​៖ «​ជា​លក្ខណៈ​ភ័ស្តុតាង​ដែល​យើង​ប្រមូល​បាន​នៅ​ក្នុង​សំណុំរឿង​យើង​ឃើញ​ថា​ពួកគាត់​ហ្នឹង​គឺ​វា​មាន​ទំនាក់​ទំនង​ជាមួយ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​អ៊ីចឹង​ជា​ភ័ស្តុតាង​ដែល​យើង​ចង់​បង្ហាញ​ថា​ពួកគាត់​ហ្នឹង​ក៏​គាត់​មក​ចូលរួម​ក្នុង​ការ​រៀបចំ​នូវ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​»​។
លោក មេធាវី បន្ថែម​ថា​៖ «​ចង់​និយាយ​ថា​ពេល​ដែល​នៅក្នុង​​សវនាការ​ហើយ​ភ័ស្ដុតាង​ដែល​យើង​ដាក់​ចូល​ហ្នឹង​គឺ​យើង​បាន​ដាក់​ទៅ​តុលាការ​កំពូល​ហើយ ប៉ុន្តែ​ជា​ភ័ស្តុតាង​ដែល​យើង​ដាក់​ដើម្បី​សំអាង​ក្នុង​ការ​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​។
តែ​បន្ទាប់​មក​ថា​ក្រសួង​មហាផ្ទៃ​គាត់​នឹង​មាន​ចំណាត់ការ​យ៉ាងម៉េច​ទៀត​ចំពោះ​បុគ្គល​ដែល​ពាក់ព័ន្ធ យើង​អត់​ដឹង​ដែរ​»​។
ទោះ​យ៉ាង​ណា​លោក​យល់​ថា​ការ​ត្រឡប់​មក​វិញ​របស់​លោក ​វ៉ន ពៅ តាម​ការ​អំពាវនាវ​របស់​លោក​ ហ៊ុន សែន នឹង​មិន​ធ្វើឲ្យ​ស្ថានការណ៍​វា​អាក្រក់​ទេ​។
លោក មេធាវី ថ្លែង​ថា​៖ «​អាហ្នឹង​ជួនកាល​គាត់​ភ័យ​ខ្លួន​គាត់ លោក​ វ៉ន ពៅ គាត់​ភ័យ​ខ្លួន​គាត់​ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​បកស្រាយ​សម្តី​របស់​នាយករដ្ឋមន្ត្រី​ដែរ ខ្ញុំ​មិន​ដឹង​ពី​ចិត្ត​គាត់​យ៉ាង​ម៉េច ប៉ុន្តែ​អ្វី​ដែល​ជា​យោបល់​របស់​គាត់​នេះ​គឺ​គ្រាន់តែ​កុំ​ឲ្យ​មាន​ការ​ព្យាយាម​ដែល​ធ្វើឲ្យ​ស្ថានការណ៍​វា​អាក្រក់​ព្រោះ​យើង​មើល​ទៅ​គេ​មាន​ទាន់​ធ្វើ​អ្វី​គាត់​ឯណា ប៉ុន្តែ​គាត់​ដូច​ផ្អើល​ខ្លួន​គាត់​អ៊ីចឹង​»​។
លោក វ៉ន ពៅ ថ្លែង​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​មាន​ភាព​កក់ក្ដៅ​ដោយ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា​ជា​ការ​ល្អ​ប្រសើរ​ហើយ​ដែល​យើង​អត់​មាន​ធ្វើការ​ខុស​អី​ផង​ហើយ​គាត់​អំពាវនាវ​ឲ្យ​មក​វិញ​កុំ​ឲ្យ​ចេះ​តែ​ចោទ​អ៊ីចឹង​វា​ធ្វើឲ្យ​មនុស្ស​មាន​ការ​បារម្ភ​ដែរ​។ ឥឡូវ​យើង​មាន​ការ​បារម្ភ​ពេល​គាត់​និយាយ​អ៊ីចឹង​ដូចជា បង្ហាញ​ថា​ផ្តល់​ភាព​កក់ក្ដៅ​ដល់​អ្នក​ទាំង​ឡាយ​ណា​ដែល​តែងតែ​បារម្ភ​ដូច​ (​ខ្ញុំ​) ​អ៊ីចឹង​ដែរ​»​។
លោក​ក៏​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ពី​ការ​ចូលរួម​ឬ ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ណា​មួយ​​ប្រឆាំង​នឹង​រដ្ឋាភិបាល ហើយ​ថា​ទាំង​នេះ​គឺ​ធ្វើ​តាម​វិជ្ជាជីវៈ​គឺ​​ការពារ​ប្រយោជន៍​កម្មករ​ក្រៅ​​ប្រព័ន្ធ​តែ​ប៉ុណ្ណឹង​។
លោកស្រី​ ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ថ្លែង​ថា​អង្គការ​លោកស្រី​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ភា្ជប់​អង្គ​ CCHR នៅ​ក្នុង​ភ័ស្តុតាង​របស់​ក្រសួង​មហាផ្ទៃ​។ ​ទោះបី​ជា​យ៉ាង​ណា​លោកស្រី​បាន​អះអាង​ថា CCHR ​នៅ​តែ​រក្សា​ភាព​ឯករាជ្យ​ពី​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​។
លោកស្រី​ថ្លែង​ថា​៖ «​អតីត​បុគ្គលិក​របស់​ CCHR ​មួយ​ចំនួន​តូច​បាន​ចូល​ក្នុង​នយោបាយ​ ឬ​បាន​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ជាច្រើន​រួមមាន​ទាំង​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច​»​។
លោកស្រី​ថ្លែង​ថា​ទោះបី​ CCHR គាំទ្រ​សិទ្ធិ​របស់​បុគ្គល​គ្រប់​រូប​ក្នុង​ការ​ចូលរួម​ក្នុង​នយោបាយ​ក៏ដោយ CCHR មិន​មាន​ឥទ្ធិពល​លើ​អតីត​បុគ្គលិក​ដែល​ចូល​ក្នុង​ឆាកនយោបាយ​នោះ​ទេ​។
លោក​ យឿង សុធារ៉ា មន្ត្រី​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត Comfrel ហៅ​ការ​ភ្ជាប់​អង្គការ​របស់​លោក​ទៅ​នឹង​សង្គ្រោះ​ជាតិ​ថា “​គ្មាន​មូលដ្ឋាន​” ​និង​បដិសេដ​ការ​ជាប់​ពាក់ព័ន្ធ​នៅ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​។
លោក សុធារ៉ា បាន​ការពារ​បេសកកម្ម​របស់​ Comfrel ដោយ​លើក​ឡើង​ថា អង្គការ​នេះ​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ស្ថាប័ន​បោះឆ្នោត​ផ្លូវការ​របស់​រដ្ឋាភិបាល​គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ហើយ​គ្រាន់​តែ​ចង់​ឃើញ​ការ​បោះឆ្នោត​មួយ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​ប៉ុណ្ណោះ​។
លោក ណុប វី ប្រធានស្ដីទី​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ​ក៏​បាន​បដិសេធ​ការ​ចោទប្រកាន់​ចំពោះ​ការ​ភ្ជាប់​លោក ប៉ា ងួនទៀង ​ទៅ​នឹង​ផែនការ​បដិវត្តន៍​ពណ៌​។
លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ចង់​ជំរុញ​ថា​យើង​គ្រាន់​តែ​ធ្វើការ​ដើម្បី​លើក​កម្ពស់​សេរីភាព​ខាង​សារព័ត៌មាន និង​សេរីភាព​បញ្ចេញ​មតិ​ប៉ុណ្ណោះ​»​។
លោក​បាន​បន្ត​ទៀត​ថា​៖ «​យើង​ធ្លាប់​ត្រូវ​រង​ការ​រិះគន់​ដោយ​រដ្ឋាភិបាល​កាលពី​អតីតកាល​បើ​ទោះបី​ជា​យើង​ធ្វើការ​ដោយ​វិជ្ជាជីវៈ​ក៏ដោយ​»៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...