សមត្ថកិច្ចស្រុកអូរយ៉ាដាវ ខែត្ររតនគិរី
កោះហៅជនជាតិដើមភាគតិចអោយទៅបំភ្លឺជាថ្មីទៀតនៅព្រឹកថ្ងៃទី៧
ខែវិច្ឆិកា
ពាក់ព័ន្ធការដឹកនាំពលរដ្ឋតវ៉ាបដិសេធមិនឲ្យក្រុមហ៊ុនឯកជនស្រាវជ្រាវរ៉ែមាសនៅតំបន់ជនជាតិដើមភាគតិចរស់នៅ។
មន្ត្រីសង្គមស៊ីវិលចាត់ទុកការកោះហៅនេះថា ជាការបំភិតបំភ័យ
និងគំរាមកំហែងសេរីភាពបញ្ចេញមតិដែលធានាដោយច្បាប់។
សមត្ថកិច្ចស្រុកអូរយ៉ាដាវ ខែត្ររតនគិរី
បានកោះហៅតំណាងជនជាតិដើមភាគតិចម្នាក់មកស្រាយបំភ្លឺជាលើកទី២
នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា បន្ទាប់ពីមេឃុំប៉ាតេ
មកពីគណបក្សកាន់អំណាច លោក ឆាយ ធី
បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)
ដោយអំពាវនាវឲ្យសមត្ថកិច្ចមានវិធានការច្បាប់បន្ទាន់
ពាក់ព័ន្ធការញុះញង់ប្រមូលផ្តុំតវ៉ាឲ្យប្រព្រឹត្តបទល្មើស
កាលពីចុងខែតុលា។
ជនជាតិដើមភាគតិចចារ៉ាយ ដែលសមត្ថកិច្ចកោះហៅ រស់នៅឃុំប៉ាតេ លោក
លេះ វីរៈ
សម្ដែងការភ័យព្រួយពីសុវត្ថិភាពបន្ទាប់ពីសមត្ថកិច្ចបានពន្យល់ពីច្បាប់ពាក់ព័ន្ធការធ្វើបាតុកម្ម
ដោយតម្រូវឲ្យអ្នកភូមិសុំច្បាប់អនុញ្ញាត។ លោកបញ្ជាក់ថា
សមត្ថកិច្ចប្រាប់ថា
បើសហគមន៍ចង់ប្រមូលផ្តុំធ្វើបាតុកម្មដោយសន្តិវិធី
ត្រូវដាក់ពាក្យស្នើសុំទៅអាជ្ញាធរពីមូលដ្ឋានរហូតដល់អាជ្ញាធរខែត្រជាមុន
ទើបមានសិទ្ធិធ្វើបាតុកម្មបាន។ លោកថា សមត្ថកិច្ចបានព្រមានថា
បើពលរដ្ឋណាបាតុកម្មដោយខុសច្បាប់គេនឹងចាប់ខ្លួន។
លោកបន្ថែមថា សមត្ថកិច្ចបានកោះហៅសហគមន៍មកស្រាយបំភ្លឺនេះ
ទំនងជាមេឃុំប៉ាតេ លោក ឆាយ ធី គឺជាដើមបណ្ដឹង
ព្រោះសហគមន៍មួយចំនួនត្រូវបានមេឃុំចោទថា ជាក្រុមបក្សប្រឆាំង៖ «យើងធ្វើខុសគេនឹងចាប់
ដោយសារថ្ងៃនេះគេសម្របសម្រួលបញ្ឈប់ត្រឹមហ្នឹងហើយ
ព្រោះគេមិនចង់ចាប់ចងទេ។ ខ្ញុំភ័យការគំរាមកំហែងដែរ ទៅដំបូងភ័យ!»។
កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ នគរបាលនៃអធិការស្រុកអូរយ៉ាដាវ
បានកោះហៅជនជាតិដើមភាគតិចចារ៉ាយ ១៥នាក់ រស់នៅឃុំប៉ាតេ
មកស្រាយបំភ្លឺជុំវិញការប្រមូលផ្តុំធ្វើបាតុកម្មប្រឆាំងក្រុមហ៊ុន
អង្គរ ហ្គោល (Angkor Gold) ស្រាវជ្រាវរ៉ែមាសនៅតំបន់អ្នកភូមិរស់នៅ។
មេឃុំប៉ាតេ លោក ឆាយ ធី បដិសេធមិនផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី ទេ នៅថ្ងៃទី៧ ខែវិច្ឆិកា ព្រោះលោកជាប់ប្រជុំ។
កាលពីថ្ងៃទី៣១ ខែតុលា លោក ឆាយ ធី
បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក
ដោយអំពាវនាវឲ្យសមត្ថកិច្ចចាត់វិធានការច្បាប់បន្ទាន់
ដល់ក្រុមប្រឆាំងធ្វើការញុះញង់ឲ្យប្រព្រឹត្តបទល្មើស។
ការអំពាវនាវនេះ ក្រោយពីអ្នកភូមិប៉ាតេ រាប់រយនាក់
បានប្រមូលផ្ដុំគ្នាតវ៉ាបដិសេធមិនឲ្យក្រុមហ៊ុនអង្គរ ហ្គោល
ស្រាវជ្រាវរ៉ែមាស ក្នុងតំបន់របស់ពួកគាត់រស់នៅ។
សមាជិកក្រុមប្រឹក្សាឃុំប៉ាតេ លោក ក្លាន ភួន ឲ្យដឹងថា
មូលហេតុដែលសមត្ថកិច្ចកោះហៅអ្នកភូមិដោយសារពលរដ្ឋមិនគោរពអាជ្ញាធរឃុំ
នៅពេលដែលអ្នកភូមិតវ៉ាកាលពីចុងខែតុលា
និងការវាយប្រហារតាមបណ្ដាញសង្គមហ្វេសប៊ុក លើលោកមេឃុំ
និងអភិបាលខែត្រ៖ «ទាក់ទងពលរដ្ឋឡើងទៅតវ៉ាកាលពីថ្ងៃទី៣០
ទាក់ទងការគំរាមកំហែងដល់បុគ្គលនៅពេលពលរដ្ឋប្រជុំតាមទំនៀមទម្លាប់
គឺការតវ៉ាពាក់ព័ន្ធហ្វេសប៊ុក វាយប្រហារណាមួយ
មានចេតនាទៅលើលោកមេឃុំក្ដី និងអភិបាលខែត្រក្ដី»។
អ្នកភូមិម្នាក់ ឈ្មោះ រម៉ាម ឃួត ជាជនជាតិដើមភាគតិចចារ៉ាយ
រស់នៅស្រុកអូរយ៉ាដាវ បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក
ដោយផ្ដាំទៅលោកមេឃុំប៉ាតេ លោក ឆាយ ធី ថា
ជនជាតិដើមភាគតិចសុខចិត្តស្លាប់
មិនអនុញ្ញាតឲ្យមេឃុំអុកឡុកភូមិម្ករប្រជាពលរដ្ឋនោះទេ
និងព្រមានឲ្យមេឃុំរូបនោះ ត្រូវវេចបង្វេចចេញទៀតផង។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអាដហុក (ADHOC) ខែត្ររតនគិរី លោក ឌិន
ខន្នី ពន្យល់ថា សិទ្ធិធ្វើបាតុកម្ម
ឬការប្រមូលផ្ដុំដោយសន្តិវិធីរបស់ពលរដ្ឋត្រូវបានធានាដោយច្បាប់
ដោយមិនចាំបាច់ស្នើសុំទៅអាជ្ញាធរនោះទេ
ក៏ប៉ុន្តែពលរដ្ឋត្រូវជូនដំណឹងទៅអាជ្ញាធរជាមុនសិន។
លោកចាត់ទុកការកោះហៅពលរដ្ឋសួរនាំពាក់ព័ន្ធរឿងតវ៉ាគឺជាការបំភិតបំភ័យស្មារតីពលរដ្ឋផ្ទុយពីច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធី
និងរដ្ឋធម្មនុញ្ញ។ លោកថា
អាជ្ញាធររដ្ឋត្រូវយកចិត្តទុកដាក់ដោះស្រាយក្ដីកង្វល់របស់ពលរដ្ឋ
ដោយមិនត្រូវប្រើកម្លាំងប្រដាប់អាវុធ
ហៅពលរដ្ឋសួរនាំរឿងបាតុកម្មទេ៖ «បើគាត់បាតុកម្មដោយសន្តិវិធីទេ
នោះអាជ្ញាធរគាត់មិនគួរទៅកោះហៅប្រជាពលរដ្ឋ ព្រោះជាការបំភិតបំភ័យ
និងបំបិទសិទ្ធិសេរីភាពផ្ទុយនឹងច្បាប់»។
កាលពីថ្ងៃទី៣០ ខែតុលា ជនជាតិដើមភាគតិចចារ៉ាយ ចំនួន ៤ភូមិ
ក្នុងឃុំប៉ាតេ ប្រមាណជាង ៧០០នាក់
បានបដិសេធជាថ្មីទៀតមិនឲ្យក្រុមហ៊ុនអង្គរ ហ្គោល
សិក្សាស្រាវជ្រាវរ៉ែតាមអាជ្ញាប័ណ្ណដែលក្រសួងសាមីបានអនុញ្ញាតនោះទេ។
សហគមន៍បានលើកគ្នាតវ៉ានៅមុខសាលាឃុំប៉ាតេ
ដោយបង្ហាញជំហរប្រឆាំងគម្រោងសិក្សាស្រាវជ្រាវរ៉ែនេះ
ដែលពួកគាត់ចាត់ទុកថា ប៉ះពាល់ធនធានធម្មជាតិ
និងសិទ្ធិរស់នៅរបស់ជនជាតិដើមភាគតិច៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment