Wednesday, November 1, 2017

សង្គម​ស៊ីវិល​និង​សកម្មជន​ទាមទារ​ការ​បកស្រាយ​រឿង​បាត់​ខ្សាច់​ស៊ីលីកា​ជាង ១​លាន​តោន​ទៅ​តៃវ៉ាន់

ខណៈ​ដែល​ស្ថានការណ៍​នយោបាយ​កំពុង​តានតឹង​ខ្លាំង តាមរយៈ​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​គណបក្ស​កាន់​អំណាច ទៅ​លើ​គណបក្សប្រឆាំង ភាព​ទន់ខ្សោយ​នៃ​ការគ្រប់គ្រង​វិស័យ​រ៉ែ ខ្សាច់ ហាក់​ត្រូវ​បាន​មើល​រំលង​ដោយ​ក្រសែ​ភ្នែក​របស់​មជ្ឈដ្ឋាន​ទូទៅ ជាពិសេស​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល​ដែល​ហាក់​មិន​អើពើ ចំពោះ​ករណី​ភាព​មិន​ប្រក្រតី​នៃ​ការនាំចេញ​ខ្សាច់​ស៊ីលីកា ទៅ​កោះ​តៃវ៉ាន់ ដែល​មាន​គម្លាត​គ្នា​ដល់​ទៅ​ជាង ១លាន​តោន។
អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន​ស្នើ​ឱ្យ​ក្រសួង និង​ស្ថាប័ន​ជំនាញ មាន​ដូចជា ក្រសួង​រ៉ែ និង​ថាមពល ព្រមទាំង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បង្ហាញ​ពី​តម្លាភាព​នៃ​ការនាំចេញ​ខ្សាច់​ប្រភេទ​ស៊ីលីកា ទៅ​កោះ​តៃវ៉ាន់ ហើយ​ពួកគេ​ក៏​ស្នើ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការ​ស៊ើបអង្កេត​រឿង​នេះ​ដែរ។
អស់​រយៈពេល​ជាង ១​ខែ ទៅ​ហើយ ដែល​ភាព​មិន​ប្រក្រតី​នៃ​ការនាំចេញ​ខ្សាច់​ប្រភេទ​ស៊ីលីកា ឬ​ខ្សាច់​ស ទៅ​កោះ​តៃវ៉ាន់ ចំនួន​ជាង ១​លាន​តោន ត្រូវ​បាន​លាតត្រដាង ដោយ​អ្នកសារព័ត៌មាន និង​សកម្មជន​បរិស្ថាន ក៏ប៉ុន្តែ​ករណី​ថ្មី​មួយ​នេះ​មិន​ត្រូវ​បាន​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ចេញមុខ​បកស្រាយ និង​ពន្យល់​សាធារណជន​ឱ្យ​បាន​ច្បាស់លាស់​នៅឡើយ​ទេ។ ចំណែក​ឯ​ខាង​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​របស់​រដ្ឋាភិបាល ក៏​មិនបាន​អើពើ​ស៊ើបអង្កេត​ករណី​នេះ​ដែរ ដែល​ធ្វើ​ឱ្យ​សកម្មជន​បរិស្ថាន​វាយ​តម្លៃ​ថា គឺ​ជា​ភាព​ឱនថយ​នៃ​ការ​បំពេញ​មុខងារ​របស់​ស្ថាប័ន​ទាំងនោះ។
អតីត​អ្នក​សម្របសម្រួល​បណ្ដាញ​ស្ត្រី​នៃ​អង្គការ​មាតា​ធម្មជាតិ អ្នកនាង លឹម គីមស័រ ថ្លែង​ថា ព័ត៌មាន​ស្ដីពី​អាជីវកម្ម​ខ្សាច់​ទៅ​ក្រៅ​ប្រទេស មាន​ភាព​លាក់កំបាំង​ច្រើន ហើយ​ស្ថាប័ន​ពាក់ព័ន្ធ​នីមួយៗ ហាក់​ដូចជា​មិន​ខ្វាយខ្វល់​នឹង​បញ្ហា​នេះ​ឡើយ។ សកម្មជន​តស៊ូ​មតិ​រឿង​ខ្សាច់​រូប​នេះ ស្នើ​ឱ្យ​ក្រសួង​ស្ថាប័ន​ជំនាញ ដែល​ពាក់ព័ន្ធ​ចេញមុខ​បកស្រាយ​រឿង​នេះ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​កុំ​ឱ្យ​មានការ​ចោទប្រកាន់​ថា ស្ថាប័ន​ទាំងនោះ​កំពុង​បើកដៃ​ឱ្យ​មាន​ការប្រព្រឹត្ត​អំពើពុករលួយ​ដ៏​ធំ​ក្នុង​វិស័យ​រ៉ែ​ខ្សាច់​នេះ៖ «គាត់​គួរ​ណាស់​តែ​បង្ហាញ​ការពិត​មក បើ​សិនជា​គាត់ (​ក្រសួង​ពាក់ព័ន្ធ​) មិន​ចង់​ឱ្យ​ពលរដ្ឋ​គិត​ថា គាត់​កំពុង​ចូលរួម​បង្កើត​ឱ្យ​មាន​អំពើពុករលួយ។ អញ្ចឹង​គាត់​គួរ​តែ​ធ្វើ​សកម្មភាព​តាមដាន ស៊ើបអង្កេត ឬក៏​បញ្ឈប់​ការ​នាំ​ចេញ​ខ្សាច់​ស៊ីលីកា​តែម្ដង​ទៅ ដើម្បី​ឱ្យ​ពលរដ្ឋ​សប្បាយចិត្ត​។ គាត់​ស្ងាត់​បែបនេះ​កាន់តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​យល់ថា​អំពើពុករលួយ​នៅតែ​កើតមាន ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អត់​មាន​សកម្មភាព​អ្វី​បែបនេះ ធ្វើ​ឱ្យ​ពលរដ្ឋ​គិត​ថា ពួកគាត់​កំពុងតែ​ឃុបឃិត​គ្នា ធ្វើ​ឱ្យ​មាន​រឿង​នេះ​កើតឡើង»
ខ្សាច់​ស៊ីលីកា ឬ​ខ្សាច់​ស ដែល​បម្រើ​ឱ្យ​ឧស្សាហកម្ម​ផលិត​កែវ ដប និង​កញ្ចក់ ចំនួន​ជាង ១​លាន​តោន ត្រូវ​បាន​រក​ឃើញ​ថា គ្មាន​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​របស់​កម្ពុជា ខណៈ​ភ្នាក់ងារ​គយ​នៃ​ក្រសួង​ហិរញ្ញវត្ថុ​តៃវ៉ាន់​អះអាង​ថា ខ្លួន​បាន​ទិញ​ខ្សាច់​ស៊ីលីកា ពី​កម្ពុជា​ចំនួន​ជាង ១​លាន ៥ សែន​តោន (,៥៣៣,៨៥៥) គិត​ជា​ទឹកប្រាក់​ជាង ៣២​លាន​ដុល្លារ​អាមេរិក (៣២,២៧២,០០០) ចាប់​ពី​ឆ្នាំ​២០១២ ដល់ ឆ្នាំ​២០១៦។
ដោយឡែក ទិន្នន័យ​របស់​កម្ពុជា​វិញ មាន​ចំនួន​តិច​ជាង​ទិន្នន័យ​គយ​តៃវ៉ាន់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ហើយ​សូម្បី​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល​តែមួយ ក៏​មាន​ទិន្នន័យ​ខុសគ្នា​ដែរ។
ទិន្នន័យ​របស់​ក្រសួង​រ៉ែ និង​ថាមពល ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​ការ​ផ្ដល់​អាជ្ញាប័ណ្ណ និង​ប្រមូល​សួយសារ​ពី​អាជីវកម្ម​ខ្សាច់ បង្ហាញ​ថា កម្ពុជា​នាំចេញ​ខ្សាច់​ស៊ីលីកា​ទៅ​កោះ​តៃវ៉ាន់​ជាង ១៥​ម៉ឺន​តោន (១៥៨.១០០) ហើយ​នេះ​ជា​ការ​នាំចេញ​ចាប់ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​ពាក់កណ្ដាល​ខែ​មិថុនា ឆ្នាំ ២០១៧។ ចំណូល​សួយសារ​ដែល​ក្រសួង​ប្រមូល​បាន​ពី​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ស៊ីលីកា​នេះ មាន​ចំនួន​ជាង ៤៧​ម៉ឺន​ដុល្លារ (៤៧៤.៣០០)
ចំណែក ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ដែល​ជា​ស្ថាប័ន​គ្រប់គ្រង និង​ប្រមូល​ពន្ធ​លើ​ការ​នាំ​ទំនិញ​ចេញចូល​វិញ បង្ហាញ​ថា មាន​ខ្សាច់​ស៊ីលីកា​ប្រហែល ៥​ពាន់​តោន (៤៩០០) ប៉ុណ្ណោះ ដែល​ត្រូវ​បាន​នាំ​ចេញទៅ​កោះ​តៃវ៉ាន់ ហើយ​នេះ​ជា​តួលេខ​នៅ​ឆ្នាំ២០១៦។ អគ្គនាយកដ្ឋាន​គយ​ប្រមូល​ពន្ធគយ​ពី​ការនាំចេញ​ខ្សាច់​ប្រភេទ​ស៊ីលីកា​នេះ បាន​ជាង ៥​ម៉ឺន​ដុល្លារ។
ភាព​ខុសគ្នា​នៃ​ទិន្នន័យ​រវាង​ស្ថាប័ន​នានា​ក្នុង​រដ្ឋាភិបាល​តែមួយ​នេះ មាន​ពីរ​ចំណុច​សំខាន់ គឺ​ទី១​បរិមាណ​នាំចេញ និង​ទី២ គឺ​ឆ្នាំ​នៃ​ការនាំចេញ។ ក្រសួង​រ៉ែ និង​ថាមពល​អះអាង​ថា ខ្សាច់​ស៊ីលីកា​នេះ​ទើបនឹង​នាំចេញ​នៅ​ចុង​ឆ្នាំ ២០១៦ ប៉ុណ្ណោះ ដោយ​ក្រុមហ៊ុន​ឯកជន​ពីរ គឺ​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប (MONG RETHTHY GROUP CO., Ltd) និង​ក្រុមហ៊ុន ស៊ីលីកា សឺវីស (កាំបូដ) (Silica Service (Cambodge) Co., Ltd) ហើយ​ទិសដៅ​នៃ​ការនាំចេញ​គឺ​ទៅ​កោះ​តៃវ៉ាន់។ ដោយឡែក​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​វិញ បញ្ជាក់​នៅ ក្នុង​ទិន្នន័យ​របស់​ខ្លួន​ថា កម្ពុជា​បាន​ចាប់ផ្តើម​នាំចេញ​ខ្សាច់​ទៅ​កោះ​តៃវ៉ាន់ តាំងពី​ឆ្នាំ ២០១៤ តែ​ខ្សាច់​ទាំងនោះ គឺជា​ប្រភេទ​ខ្សាច់​ទូទៅ មិន​សំដៅ​តែ​ទៅលើ​ខ្សាច់​ស៊ីលីកា​នោះ​ទេ មាន​តែ​នៅ​ឆ្នាំ ២០១៦ ទេ ដែល​ជា​ពេល​នាំចេញ​ខ្សាច់​ស៊ីលីកា​ទាំងស្រុង។
ទិន្នន័យ​គយ​នៅ​ត្រង់​ចំណុច​នេះ ស្ដែង​ឱ្យ​ឃើញ​ពី​ភាព​មិន​ច្បាស់លាស់​នៃ​ការ​កត់ត្រា ដោយសារតែ​តាំងពី​ឆ្នាំ២០១២ មក កោះ​តៃវ៉ាន់​នាំចូល​តែ​ខ្សាច់​ស៊ីលីកា មួយ​មុខ​ប៉ុណ្ណោះ​ពី​កម្ពុជា មិន​មាន​នាំចូល​ខ្សាច់​ប្រភេទ​ផ្សេង​ឡើយ ព្រោះ​ដែន​កោះ​មួយ​នេះ​ត្រូវការ​ខ្សាច់​ស៊ីលីកា ដើម្បី​ទ្រទ្រង់​ឧស្សាហកម្ម​ផលិត​កែវ ដប និង​កញ្ចក់​របស់​ខ្លួន។
រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា ធ្លាប់​បាន​អះអាង​ប្រាប់​អាស៊ីសេរី​ថា តួលេខ​នាំចេញ​ខ្សាច់​ស៊ីលីកា​របស់​ក្រសួង​រ៉ែ និង​ថាមពល គឺជា​តួលេខ​ជាក់ស្ដែង​ដែល​ក្រសួង​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​នាំចេញ។ មន្ត្រី​ជំនាញ​រូប​នេះ​បកស្រាយ​ថា ភាព​ខុសគ្នា​នៃ​តួលេខ​របស់​តៃវ៉ាន់ និង​កម្ពុជា ទាក់ទង​នឹង​ខ្សាច់​ស៊ីលីកា​នេះ អាច​បណ្ដាល​មក​ពី​បច្ចេកទេស​នៃ​ការ​កត់ត្រា និង​ការ​រាយការណ៍ ក៏ប៉ុន្តែ​នៅ​ពេល​សួរ​ថា តើ​ហេតុអ្វី​បានជា​តួលេខ​របស់​ក្រសួង​រ៉ែ និង​ថាមពល ខុសគ្នា​ពី​តួលេខ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ទាំង​បរិមាណ និង​ឆ្នាំ​នៃ​ការ​នាំ​ចេញ លោក​លើយ​តប​ថា លោក​មិន​បាន​ដឹង​អំពី​នីតិវិធី​កត់ត្រា​របស់​ភ្នាក់ងារ​គយ​កម្ពុជា​ឡើយ៖ «មុន​នឹង​អាច​នាំ​ចេញ​បាន ក្រុមហ៊ុន​ត្រូវ​ប្រកាស​បរិមាណ​មក​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ឱ្យ​ក្រសួង​កំណត់​សួយសារ។ ក្រោយ​ពី​កំណត់​សួយសារ​រួចហើយ ក្រសួង​រ៉ែ និង​ថាមពល នឹង​ចេញ​វិក្កយបត្រ​សម្រាប់​សម្គាល់​ការនាំចេញ​អំពី​បរិមាណ​ប៉ុនណា ដែល​ក្រុមហ៊ុន​បាន​បង់​សួយសារ​រួចហើយ ដើម្បី​ឱ្យ​ក្រុមហ៊ុន​យក​ទៅ​ធ្វើ​ការ​ជម្រះ​ឯកសារ​ពន្ធគយ (Customs Clearance) ជាមួយ​ខាង​គយ និង​ខាង​កង​នាវាចរណ៍ (CAMSAB) ដើម្បី​នាំចេញ។ ជា​ទ្រឹស្ដី​វា​មិន​គួរ​ខុសគ្នា​ទេ ដោយសារ​ក្រុមហ៊ុន​យក​ឯកសារ​ហ្នឹង​ទៅ​ជម្រះ ប៉ុន្តែ​ដល់ពេល​រក​ឃើញ​ថា​ខុសគ្នា​អញ្ចឹង ទាល់តែ​ទៅ​សួរ​ខាង​គយ ហេតុ​ដូចម្ដេច​បានជា​គាត់​កត់​ខុសគ្នា»
រហូត​មក​ទល់នឹង​ពេលនេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច មិន​បាន​ចេញ​មុខ​បកស្រាយ​រឿង​នេះ​ឡើយ ហើយ​សូម្បី​តែ​ព័ត៌មាន​ទាក់ទង​នឹង​ការ​នាំ​ចេញ​ខ្សាច់ ដែល​ស្ថាប័ន​នេះ​ធ្លាប់​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន ក៏​ត្រូវ​បាន​ដាក់​លេខ​សម្ងាត់​ផង​ដែរ។ អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​ពន្យល់​ជាច្រើន​ដង ពី​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​គយ ក៏ប៉ុន្តែ​មិន​អាច​ទាក់ទង​បាន ព្រោះ​ស្ថាប័ន​នេះ​មិន​មាន​អ្នកនាំពាក្យ​។
ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ស្នើ​ឱ្យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច ចេញមុខ​បំភ្លឺ​ឱ្យ​បាន​ច្បាស់លាស់ ទាក់ទង​នឹង​រឿង​គម្លាត​ដ៏​ច្រើន​សម្បើម​នៃ​ទិន្នន័យ​ខ្សាច់​ស៊ីលីកា​ទៅ​កោះ​តៃវ៉ាន់ ព្រោះ​ស្ថាប័ន​នេះ​គឺជា​អ្នក​កត់ត្រា​រាល់​បញ្ជី​ទំនិញ​គ្រប់​ប្រភេទ​ដែល​ត្រូវ​នាំ​ចេញទៅ​ក្រៅ​ប្រទេស។ លោក​ក៏​ស្នើ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​រឿង​នេះ​ដែរ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​ការ​បាត់​ចំណូល​ជាតិ​រាប់​លាន​ដុល្លារ៖ «ភាព​ខុសគ្នា​រវាង​ចំនួន​ខ្សាច់​នៅ​ក្នុង​របាយការណ៍​របស់​កម្ពុជា ហើយ​និង​បរិមាណ​ខ្សាច់​ដែល​នាំ​ចូល​ទៅ​តៃវ៉ាន់ គឺជា​តម្រុយ​មួយ ហើយ​រឿង​នេះ​គឺ​ពាក់ព័ន្ធ​នឹង​ការខាតបង់​ថវិកាជាតិ​ដែរ។ យើង​ចង់​ឱ្យ​មានការ​ស្រាយ​បំភ្លឺ​ពី​ក្រសួង​ដែល​គ្រប់គ្រង​ការនាំចេញ គឺ​គយ ហើយ​ទី២ គួរ​តែ​មាន​ការស៊ើបអង្កេត​ដែរ ដោយសារ​រឿង​នេះ​ពាក់ព័ន្ធ​នឹង​ចំណូល​ជាតិ។ បរិមាណ​ខុសគ្នា​បែបនេះ វា​អាច​នឹង​ធ្វើ​ឱ្យ​ចំណូល​ជាតិ ឬក៏​ដូចជា​ការ​ប្រមូល​សួយសារ​ជាដើម​នោះ អាច​ខុសគ្នា​ដែរ អញ្ចឹង​មានន័យថា ជា​រឿង​មួយ​ខាតបង់​ប្រយោជន៍​ជាតិ»
ទោះបីជា​យ៉ាងណា ជាង ១​ខែ​កន្លង​ទៅ​នេះ គ្មាន​ការ​ស៊ើបអង្កេត ឬ​ការ​បកស្រាយ​ណាមួយ ត្រូវ​បាន​ធ្វើឡើង ដើម្បី​ជម្រះ​មន្ទិល​ក្រុម​សកម្មជន​បរិស្ថាន អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​នោះ​ទេ ក៏ប៉ុន្តែ​បែរជា​មាន​ចំណាត់​ការ​ដ៏​លឿន​រហ័ស​ពី​សំណាក់​សមត្ថកិច្ច និង​តុលាការ​ខេត្ត​កោះកុង​ប្រឆាំង​នឹង​សកម្មជន​បរិស្ថាន​ដែល​ចុះ​ស៊ើបអង្កេត​រឿង​ខ្សាច់​នេះ តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ទៅវិញ។
អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ពីរ​រូប គឺ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុន​ឌី ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន ក្រោយពេល​ពួកគេ​ជិះ​ទូក​ថតរូប និង​វីដេអូ កប៉ាល់​ដឹក​ខ្សាច់​ស៊ីលីកា​ពីរ​គ្រឿង​ក្នុង​លំហ​សមុទ្រ នៅ​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង។ ការ​ឃាត់​ខ្លួន​នេះ ធ្វើឡើង​មួយថ្ងៃ បន្ទាប់ពី​អង្គការ​មាតា​ធម្មជាតិ បាន​ចេញ​ផ្សាយ​វីដេអូ​មួយ​លាតត្រដាង​អំពី​រឿង​បាត់​ខ្សាច់​ស៊ីលីកា​ជាង ១​លាន​តោន ដែល​កម្ពុជា​នាំចេញ​ទៅ​កោះ​តៃវ៉ាន់ និង​បាន​ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ពិចារណា​ចុះចេញ​ពី​តំណែង ដើម្បី​ជា​ការ​ទទួលខុសត្រូវ។
ដើម​បណ្តឹង​ក្នុង​សំណុំ​រឿង​នេះ គឺ​ត្រូវ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ដែល​ហៅ​កាត់​ថា អេស.អ៊ី.ហ្សិត (SEZ Koh Kong Co., Ltd.) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​នៅ​កម្ពុជា និង​ជា​អ្នក​រកស៊ី​នាំចេញ​ខ្សាច់​ជាច្រើន​ឆ្នាំ​មក​ហើយ។
តុលាការ​ខេត្ត​កោះកុង បានសម្រេច​ឃុំខ្លួន​សកម្មជន​ទាំងពីរ​នាក់​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ដោយ​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស គឺ​ទី​១ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ទី​២ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល។
មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ចាត់​ទុក​ចំណាត់​ការ​របស់​អាជ្ញាធរ និង​តុលាការ​ខេត្ត​កោះកុង​នេះ ថា​ជា​ការ​បំបាក់​ស្មារតី​របស់​សកម្មជន​ដែល​ហ៊ាន​ឈឺឆ្អាល​ក្នុង​កិច្ច​ការងារ​សង្គម និង​ការពារ​បរិស្ថាន ផ្ទុយ​ទៅ​នឹង​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ការ​អំពាវនាវ​របស់​ក្រសួង​រ៉ែ និង​ថាមពល​នា​ពេល​កន្លងទៅ។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ យល់​ឃើញ​ថា អ្វី​ដែល​អាជ្ញាធរ​ជំនាញ​គួរតែ​ធ្វើ​នោះ គឺ​បង្ហាញ​តម្លាភាព និង​លុបបំបាត់​ភាព​មិន​ប្រក្រតី​ទាំងឡាយ​ទាក់ទង​នឹង​អាជីវកម្ម​ខ្សាច់​ស៊ីលីកា មិនមែន​ជា​ការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​សកម្មជន​ទាំង​នោះ​ទេ៖ «ការ​ចាប់​ខ្លួន​យុវជន​ដែល​គាត់​ស្ម័គ្រចិត្ត បំពេញ​កិច្ច​ការងារ​ដើម្បី​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​នេះ គួរតែ​រដ្ឋាភិបាល​ទម្លាក់​ចោល។ រដ្ឋាភិបាល​ធ្វើ​បែប​នេះ មាន​ន័យថា មិន​បាន​ជួយ​លើកទឹកចិត្ត​ដល់​យុវជន​ស្ម័គ្រចិត្ត ដែល​គាត់​សកម្ម​ក្នុង​ការងារ​ការពារ​ធនធាន​ធម្មជាតិ​ទេ។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​គួរតែ​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​ការ​ត្រួតពិនិត្យ​ការ​នាំ​ចេញ និង​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​តាមរយៈ​គយ។ បើ​គាត់​ត្រួតពិនិត្យ​ទៀងទាត់​នៅ​តំបន់​សមុទ្រ​បាន​គ្រប់​ជ្រុងជ្រោយ វា​នឹង​ធ្វើ​ឱ្យ​ការនាំចេញ​ខ្សាច់​មិន​បាត់បង់​នោះ​ទេ គឺ​វា​នឹង​បានជា​ប្រយោជន៍​ដល់​ជាតិ»
មក​ទល់​នឹង​ពេលនេះ សកម្មជន​បរិស្ថាន​ទាំងពីរ​រូប​នៅ​បន្ត​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង​នៅ​ឡើយ ខណៈ​អង្គការ​របស់​ពួកគេ គឺ​អង្គការ​មាតា​ធម្មជាតិ ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ប្រកាស​លុបឈ្មោះ​ចេញពី​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល​រួច​ទៅ​ហើយ កាលពី​ពាក់​កណ្ដាល​ខែ កញ្ញា កន្លងទៅ ពោល​គឺ​តែ ៣​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ឃាត់ខ្លួន។
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន ទាមទារ​ឱ្យ​តុលាការ​ខេត្ត​កោះកុង ទម្លាក់​ចោល​ការ​ចោទប្រកាន់​លើ​អតីត​សកម្មជន​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ​ទាំងពីរ​រូប​នេះ ហើយ​ពួកគេ​ក៏​ស្នើ​ឱ្យ​មានការ​ស៊ើបអង្កេត​ដ៏​ស៊ីជម្រៅ​មួយ ជុំវិញ​ការនាំចេញ​ខ្សាច់​ប្រភេទ​ស៊ីលីកា​ទៅ​កោះ​តៃវ៉ាន់​នេះ ដើម្បី​លុប​បំបាត់​ភាព​មន្ទិល​សង្ស័យ​របស់​សាធារណជន​ផង​ដែរ។
ភាព​មិន​ប្រក្រតី​នៃ​ការនាំចេញ​ខ្សាច់​ស៊ីលីកា​ទៅ​កោះ​តៃវ៉ាន់​នេះ ក៏​មិន​ខុសគ្នា​ពី​ករណី​នាំចេញ​ខ្សាច់​ចាក់​បំពេញ និង​ខ្សាច់​សំណង់ ទៅ​សឹង្ហ​បុរី និង​ឥណ្ឌា​ដែរ គឺ​មិន​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការស៊ើបអង្កេត​ស្វែងរក​ការពិត​នោះ​ទេ។
បើសិនជា​យក​ទិន្នន័យ​របស់​ប្រទេស​ទាំង​បី​មក​ច្របាច់​បញ្ចូល​គ្នា រួមមាន ទិន្នន័យ​របស់​សឹង្ហ​បុរី ពី​ឆ្នាំ ២០០៧ ដល់​២០១៥ ទិន្នន័យ​របស់​ឥណ្ឌា​ពី​ឆ្នាំ ២០១៣ ដល់ ២០១៥ និង​ទិន្នន័យ​របស់​តៃវ៉ាន់​ពី​ឆ្នាំ ២០១០ ដល់ ២០១៦ ខ្សាច់​គ្រប់​ប្រភេទ​ដែល​ប្រទេស​ទាំងនេះ បាន​នាំចូល​ពី​កម្ពុជា គឺ​មាន​ប្រមាណ ៧៥ (៧៤,៦៤២,៥១៣) លាន​តោន គិត​ជា​ទឹកប្រាក់​ជិត ៨ រយ​លាន​ដុល្លារ (៧៨៧,៦៣៣,៩៧៨) ខណៈ​ទិន្នន័យ​របស់​កម្ពុជា មាន​មិន​ដល់ ៣ លាន​តោន​ផង។ ចំណុច​នេះ​ហើយ​ដែល​សកម្មជន​បរិស្ថាន​តែងតែ​អះអាង​ថា ខ្សាច់​រាប់​សិប​លាន​តោន​ត្រូវ​បាន​នាំ​ចេញពី​កម្ពុជា​ដោយ​មិន​បង់ពន្ធ ដែល​ជា​អំពើពុករលួយ​ដ៏​ធំ ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ ពី​ការនាំចេញ​រ៉ែ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយនេះ៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...