ភ្លាមៗ បន្ទាប់ពីតុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ
ដែលជាគណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជា
សហគមន៍អន្តរជាតិបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងចាស់ដៃដល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន និងព្រមានអោយស្តារស្ថានការណ៍នៅកម្ពុជាអោយដូចដើមវិញ
បើមិនដូច្នោះទេ អាចប្រឈមនឹងការផ្ដាច់ជំនួយ។
ខុទ្ទកាល័យព័ត៌មាននៃសិតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល ត្រាំ (Donald Trump) ថ្កោលទោសយ៉ាងខ្លាំងចំពោះការរំលាយគណបក្សប្រឆាំងថា ជាអំពើធ្វើអោយលទ្ធិប្រជាធិបតេយ្យ ដើរថយក្រោយនៅកម្ពុជា។
សេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១៧ វិច្ឆិកា បញ្ជាក់ថា
សហរដ្ឋអាមេរិកព្រួយបារម្ភជាខ្លាំងចំពោះការរំលាយគណបក្សសង្គ្រោះជាតិ
ដែលជាប់ចោទពីបទឃុបឃិត ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលនោះ
គឺជាការចោទប្រកាន់គ្មានមូលដ្ឋាន និងមានចរិតនយោបាយ។
ភស្តុតាងបានបញ្ជាក់បង្ហាញទៅពិភពលោកច្បាស់ថា
ការរឹតត្បិតរបស់រដ្ឋាភិបាលកម្ពុជាទៅលើសេរីភាពរបស់អង្គការសង្គមស៊ីវិល
ការបង្ក្រាបអ្នកសារព័ត៌មាន
និងការហាមឃាត់មេដឹកនាំបក្សជំទាស់ជាង១០០នាក់ មិនអោយធ្វើនយោបាយ
ធ្វើអោយដំណើរប្រជាធិបតេយ្យនៅកម្ពុជាត្រឡប់ថយក្រោយ យ៉ាងខ្លាំង
និងធ្វើអោយការរីកចម្រើនផ្នែកសេដ្ឋកិច្ច
និងការទទួលស្គាល់កម្ពុជាលើឆាកអន្តរជាតិស្ថិតក្នុងហានិភ័យ។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា សហរដ្ឋអាមេរិក
នឹងចាត់វិធានការនានាយ៉ាងម៉ឺងម៉ាត់
ដើម្បីឆ្លើយតបទៅនឹងអំពើដ៏គួរអោយសោកស្ដាយយ៉ាងក្រៃលែងរបស់រដ្ឋាភិបាលកម្ពុជានេះ។
ជាជំហានដំបូងសហរដ្ឋអាមេរិក នឹងផ្ដាច់ការគាំទ្រទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រួមទាំងជំនួយផ្នែករដ្ឋបាល
ទាក់ទងនឹងការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ។ សហរដ្ឋអាមេរិកចាត់ទុកថា
ស្ថានការណ៍បច្ចុប្បន្ន នឹងធ្វើអោយការបោះឆ្នោតនៅឆ្នាំក្រោយ
មិនស្របច្បាប់ មិនសេរី ឬមិនយុត្តិធម៌។
សេចក្ដីថ្លែងការណ៍បន្តថា
រដ្ឋាភិបាលកម្ពុជានៅមានពេលធ្វើអោយស្ថានការណ៍ត្រឡប់មកដូចដើមវិញ។
យើងសូមអំពាវនាវអោយរដ្ឋាភិបាលកម្ពុជាលុបចោលសកម្មភាពទាំងអម្បាលមាណប្រឆាំងគណបក្សសង្គ្រោះជាតិ
ដោះលែងមេដឹកនាំបក្សលោក កឹម សុខា ហើយអនុញ្ញាតអោយបក្សប្រឆាំងទាំងឡាយ
និងសង្គមស៊ីវិល
ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយធ្វើសកម្មភាពស្របច្បាប់របស់ពួកគេឡើងវិញ។
ចំណែកស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា
បានចេញសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៧ វិច្ឆិកា
ថ្កោលទោសចំពោះការរំលាយគណបក្សសង្គ្រោះជាតិ ថា ៖
“អូស្ត្រាលីមានក្តីបារម្ភយ៉ាងខ្លាំងចំពោះការរំលាយគណបក្សសង្គ្រោះជាតិ
ដែលជាគណបក្សប្រឆាំងដ៏ធំរបស់កម្ពុជា
និងការព្យួរសិទ្ធិនយោបាយរយៈពេលប្រាំឆ្នាំដល់មន្ត្រី
និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
សហគមន៍អឺរ៉ុបឯណោះវិញ
ដែលជាម្ចាស់ជំនួយដ៏ធំមួយជួយដល់ការបោះឆ្នោតនៅកម្ពុជានោះ
ក៏ព្រមានដល់រដ្ឋាភិបាលកម្ពុជាដែរ។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៦ វិច្ឆិកា
ផ្ញើចេញពីទីក្រុងប្រ៊ូសសេល (Bruxelle) នៃប្រទេសប៊ែលហ្ស៉ិក (Belgium) សហគមន៍អឺរ៉ុបថ្លែងថា៖
នៅក្នុងដំណើរការបោះឆ្នោតមួយ
ដែលបក្សប្រឆាំងដ៏ធំមួយត្រូវបានគេផាត់ចោល តាមទំនើងចិត្តនោះ
គឺដំណើរការបោះឆ្នោតនោះ វាមិនស្របច្បាប់ទេ។
ការប្រើកម្លាំងបង្ខំរំលាយចោលគណបក្សសង្គ្រោះជាតិ
គឺជាការដកហូតសិទ្ធិបោះឆ្នោត
ទាំងកំរោលរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតដែលបានបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ
នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ និង២០១៧។
ការស្តារស្ថានការណ៍អោយដូចដើមវិញ ដែលក្នុងនោះគណបក្សប្រឆាំង
មេដឹកនាំ និងអ្នកគាំទ្ររបស់ពួកគេទាំងអស់
អាចធ្វើសកម្មភាពនយោបាយដោយសេរីបានឡើងវិញនោះ
ត្រូវតែធ្វើឡើងជាបន្ទាន់។
សេចក្តីថ្លែងការណ៍បន្តថា សហគមន៍អឺរ៉ុប
បានផ្ញើសារដដែលៗបែបនេះជាច្រើនសារហើយទៅរដ្ឋអំណាចកម្ពុជា
រាប់បញ្ចូលទាំងថ្ងៃនេះផង។
សហគមន៍អឺរ៉ុប បញ្ចប់សារព្រមានរបស់ខ្លួនថា «ការគោរពសិទ្ធិមនុស្សជាមូលដ្ឋានគឺជាលក្ខខណ្ឌចាំបាច់តម្រូវអោយមាន
មុននឹងកម្ពុជាអាចបន្តទទួលបាននូវអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម
(ABA អេប៊ីអេ) ជាមួយសហគមន៍អឺរ៉ុប ដែលកម្ពុជាអាចនាំទំនិញគ្រប់បែបយ៉ាងចូលសហគមន៍អឺរ៉ុបលើកលែងតែអាវុធជាតិផ្ទុះ។
ចំណែកអង្គការ Freedom House ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដោយដាក់ចំណងជើងថា
ទង្វើរបស់រដ្ឋាភិបាលកម្ពុជាប្រឆាំងទៅលើបក្សជំទាស់គឺជាការបើកផ្លូវទៅរករបបផ្ដាច់ការ។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៦ វិច្ឆិកា Freedom House ថ្លែងថា ការរំលាយគណបក្សសង្រ្គោះជាតិ ការបំភិតបំភ័យ និងបំបិទសំឡេងជំទាស់ បិទការិយាល័យអង្គការក្រៅរដ្ឋាភិបាល មានអង្គការNDI និងអង្គការសមធម៌ជាដើម
ព្រមទាំងអ្នកសារព័ត៌មានឯករាជ
គឺជាការបំផ្លាញចោលនូវលទ្ធិប្រជាធិបតេយ្យ។
អង្គការនេះទទូចអោយរដ្ឋាភិបាលកម្ពុជាធ្វើអោយស្ថានការណ៍ត្រឡប់ដូចដើមវិញ
ដោយដោះលែងលោក កឹម សុខា
និងបញ្ចប់ការគាបសង្កត់យាយីអ្នកការពារសិទ្ធិមនុស្ស។ អង្គការ Freedom House ដែលធ្វើការវាយតម្លៃ
និងដាក់ពិន្ទុកម្រិតសេរីភាពក្នុងប្រទេសនានានៅលើពិភពលោក
បានដាក់ពិន្ទុអោយកម្ពុជាថា
ជាប្រទេសគ្មានសេរីភាពក្នុងឆ្នាំ២០១៧នេះ។
ប្រតិកម្មពីសហគមន៍អន្តរជាតិទាំងនេះ
ធ្វើឡើងភ្លាមៗបន្ទាប់ពីតុលាការកំពូលកាលពីថ្ងៃទី១៦ វិច្ឆិកា
បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ
និងហាមឃាត់មិនអោយអ្នកនយោបាយបក្សប្រឆាំង១១៨រូបធ្វើនយោបាយចំនួន
៥ឆ្នាំ។
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment