ក្រុមអ្នកឃ្លាំមើលនិយាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
កំពុងជ្រៀតជ្រែកកិច្ចការរបស់តុលាការកំពូលករណីរំលាយគណបក្សសង្គ្រោះជាតិ
តាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ
ក្រោយពីលោកនាយករដ្ឋមន្ត្រីបង្ហាញជំនឿយ៉ាងមុតមាំថា
គណបក្សប្រឆាំងមួយនេះនឹងត្រូវរំលាយ ១០០%។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុង ហៃ បានជំរុញអោយលោក ហ៊ុន សែន
នៅរក្សាភាពស្ងៀមស្ងាត់អំពីការរំលាយគណបក្សសង្គ្រោះជាតិ
ខណៈបណ្ដឹងសុំរំលាយគណបក្សប្រឆាំងដ៏ធំមួយនេះកំពុងស្ថិតក្នុងដៃតុលាការកំពូលនៅឡើយ។
បណ្ឌិត ឡៅ ម៉ុងហៃ៖ «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
មិនគួរធ្វើអត្ថាធិប្បាយ
ឬមានប្រសាសន៍ប៉ះពាល់ដល់ករណីដែលតុលាការកំពុងតែពិនិត្យ
គឺរឿងរំលាយនេះឯង។ ពីព្រោះក្រសួងមហាផ្ទៃ
បានប្ដឹងទៅតុលាការកំពូលដើម្បីសុំរំលាយ។
ដូច្នេះដើម្បីជៀសវៀងការចោទប្រកាន់ថា
លោកនាយករដ្ឋមន្ត្រីប្រើប្រាស់ឥទ្ធិពលរបស់លោកទៅលើតុលាការដូច្នេះ
គួរកុំធ្វើអត្ថាធិប្បាយដែលវាអាចប៉ះពាល់ដល់ករណីដែលតុលាការកំពុងពិនិត្យ»។
ការរិះគន់របស់លោកបណ្ឌិត ឡៅ ម៉ុងហៃ
ធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជាមួយកម្មករ
កម្មការិនីសរុបប្រមាណជាង ១ម៉ឺននាក់ មកពីរោងចក្រចំនួន២០
នៅតំបន់ចំការដូង ក្នុងខណ្ឌដង្កោ ហើយលោកបានបបួលពួកគេ
ក៏ដូចជាមហាជនទូទៅ ភ្នាល់គ្នាថា ១០០ ស៊ីតែមួយប៉ុណ្ណោះ
បើគណបក្សសង្គ្រោះជាតិ មិនរលាយទេនោះ។ ជាងនេះទៅទៀត
លោកជំរុញឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា
កុំមានភាពស្ទាក់ស្ទើរអ្វីឡើយ។
លោក ហ៊ុន សែន៖ «ហើយចាំភ្នាល់មើលអ្នកដែលគេភ្នាល់ចង់ភ្នាល់ទៅ
មួយចាក់ ១០០ ទៅល្អ តាមហាងគុយទាវចាក់ទៅ ទៅបើកម៉ាសេរីអោយចាក់
ហើយបើឈ្នះមកទាលុយពីខ្ញុំ។ ខ្ញុំបានអំពាវនាវឲ្យអ្នកទាំងឡាយ
ខ្ញុំចង់ផ្ដល់ឱកាសអោយបន្តធ្វើជាមេឃុំ ចៅសង្កាត់ ឬក៏ជំទប់
ឬក្រុមប្រឹក្សាតទៅទៀត។ គេថាអត់ទេ! អត់មានរំលាយទេ។
ឥឡូវចាក់ភ្នាល់ទៅ បើរំលាយស៊ីតែមួយទេ បើអត់រំលាយសង ១០០។
អ្នកណាឈ្នះមកទារពីខ្ញុំ»។
អតីតកម្មាភិបាលខ្មែរក្រហម
ហើយដែលឡើងកាន់អំណាចមកទល់បច្ចុប្បន្ននេះ
តាមការលើកបន្តុបដោយរដ្ឋាភិបាលក្រុងហាណូយ រូបនេះគំរាមថា
វិធានការចុងក្រោយរបស់រដ្ឋាភិបាលមកលើគណបក្សសង្គ្រោះជាតិ
គ្រាន់តែជាការអនុវត្តច្បាប់នៃរបបរបស់លោកប៉ុណ្ណោះ
មិនថាអ្នកនោះនៅក្នុងបក្សកាន់អំណាច មន្ត្រីរាជការ
ឬកងកម្លាំងប្រដាប់អាវុធនោះទេ ឲ្យតែជននោះធ្វើខុសគឺត្រូវទទួលទោស។
ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីសិទ្ធិមនុស្សជាតិ
និងអន្តរជាតិតែងវាយតម្លៃថា ច្បាប់ដែលស្ថិតក្នុងកណ្ដាប់ដៃរបស់លោក
ហ៊ុន សែន
បច្ចុប្បន្នគ្រាន់តែច្បាប់មួយដើម្បីទុកចាត់ការទៅលើអ្នករិះគន់មន្ត្រីបក្សប្រឆាំង
និងដើម្បីទុករំលាយគណបក្សនយោបាយទាំងឡាយដែលមិនចំណុះនឹងគណបក្សប្រជាជនកម្ពុជាទាំងនោះ។
ក្រុមអ្នកឃ្លាំមើលទាំងនោះបារម្ភថា
កម្ពុជាកំពុងបោះជំហានទៅរកការដឹកនាំបែបគណបក្សតែមួយ
ប្រសិនបើគណបក្សប្រជាជនកម្ពុជា រំលាយគណបក្សសង្គ្រោះជាតិ
ហើយបន្តឃុំឃាំងមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា
មិនអោយចូលរួមការបោះឆ្នោតជាតិនៅពេលខាងមុខនេះ។
ក្រុមមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក
បានព្រមានរួចជាស្រេចហើយថា
ពួកគេនឹងមិនទទួលស្គាល់លទ្ធផលពីការបោះឆ្នោតទាំងឡាយណាដែលធ្វើឡើងដោយគ្មានសេរី
ត្រឹមត្រូវ និងយុត្តធម៌ ហើយនិងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
ជាងនេះទៅទៀត ពួកគេព្រមានថា
ប្រសិនបើរដ្ឋាភិបាលមិនដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ជាបន្ទាន់ទេ
នោះពួកគេនឹងស្វែងរកការដាក់ទណ្ឌកម្មសមស្របមកលើរដ្ឋាភិបាលកម្ពុជា
ដូចជាការបិទទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់
ការបង្កក់ប្រាក់របស់មន្ត្រីពុករលួយនៃរដ្ឋាភិបាលកម្ពុជា
ដែលកំពុងតម្កល់នៅក្រៅប្រទេស
និងការបិទពន្ធនាំចូលសំលៀកបំពាក់មកលក់នៅទីផ្សាសហរដ្ឋអាមេរិក
ជាដើម៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment