Friday, November 24, 2017

សមាជិក​ក្រុម​ប្រឹក្សា​បក្ស​ប្រឆាំង​ខេត្ត​ប៉ៃលិន​ថា​ពួកគេ​នៅតែ​ស្មោះស្ម័គ្រ​ចំពោះ​បក្ស

សមាជិក​ក្រុមប្រឹក្សា​របស់​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​ប៉ៃលិន ប្រកាន់​ជំហរ​ជាថ្មី​ថា ពួកគាត់​នៅ​តែ​ស្មោះស្ម័គ្រ​ជាមួយ​គណបក្ស​របស់​ខ្លួន​ដោយ​មិន​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត​នោះ​ទេ បើ​ទោះ​បី​ជា​គណបក្ស​របស់​ខ្លួន​ត្រូវ​បាន​តុលាការ​របស់​រដ្ឋាភិបាល​គណបក្ស​កាន់អំណាច កម្ទេច​ចោល​ជិត​មួយ​សប្ដាហ៍​ហើយ​ក្ដី។ ទន្ទឹម​គ្នា​នេះ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ប៉ៃលិន អះអាង​ថា អាជ្ញាធរ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ធ្វើ​យុទ្ធនាការ​យ៉ាង​សស្រាក់​សស្រាំ ដើម្បី​អូសទាញ​សកម្មជន​គណបក្សប្រឆាំង​ឲ្យ​ទៅ​រួមរស់​ជាមួយ​គណបក្ស​ខ្លួន​មិនទាន់​ឈប់​នៅឡើយ។
សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ តំបន់​ផ្ដាច់​ខ្លួន​ខ្មែរក្រហម​នៅ​ខេត្ត​ប៉ៃលិន បាន​អះអាង​ថា​អាជ្ញាធរ​គណបក្ស​កាន់អំណាច​នៅ​ខេត្ត​មួយ​នេះ បាន​ប្ដូរ​យុទ្ធសាស្ត្រ​ពី​ការ​ចែចូវ​ថ្នាក់ដឹកនាំ​គណបក្ស​មក​សកម្មជន​ថ្នាក់ក្រោម​វិញ។
ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​ប៉ៃលិន​អ្នកស្រី វ៉ែន ដារ៉ា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៣ វិច្ឆិកា ថា មូលហេតុ​ដែល​អាជ្ញាធរ​គណបក្ស​កាន់អំណាច​ប្ដូរ​យុទ្ធសាស្ត្រ​ក្នុង​ការ​អូសទាញ​សកម្មជន​ថ្នាក់ក្រោម​នោះ ទំនង​ដោយសារ​យុទ្ធនាការ​កន្លងមក ពុំ​ទទួល​បាន​លទ្ធផល ដោយសារតែ​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ មិន​ទៅ​ចុះចូល​គណបក្ស​កាន់អំណាច​នោះ​ទេ។
ស្ត្រី​ប្រធាន​គណបក្សប្រឆាំង​រូប​នេះ អះអាង​បន្ត​ទៀត​ថា អ្នក​ដែល​សកម្ម​ក្នុង​យុទ្ធនា​ការ​អូសទាញ​សមាជិក​គណបក្ស​ខ្លួន ដូច​ភ្លៀងរលឹម​នេះ គឺ​អភិបាលស្រុក​សាលាក្រៅ លោក សំ សារ៉េត តែម្ដង ក៏ប៉ុន្តែ​ក៏​មិន​អាច​ទិញ​ទឹកចិត្ត​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​បាន​ដែរ៖ «យើង​បាន​ប្ដេជ្ញា​ចិត្ត​ទាំងអស់​គ្នា​ថា មិន​ទៅ​ណា​ចោល​គ្នា គឺ​សុខចិត្ត​អត់ឃ្លាន​មាន​ហូប​អី​ទាំងអស់​គ្នា ដូច្នេះ​ហើយ​មិន​មាន​ទៅ​ណា​ចោល​គ្នា​ទេ។ ប្រជាពលរដ្ឋ​ក៏​គាត់​មក​ផ្ដល់​កម្លាំងចិត្ត​ឲ្យ​ជា​ហូរហែ​ដែរ»
អភិបាលស្រុក​សាលាក្រៅ លោក សំ សារ៉េត ពុំ​ទាន់​មាន​ប្រតិកម្ម​អ្វី​ជុំវិញ​ពី​ការរិះគន់​របស់​មន្ត្រី​គណបក្សប្រឆាំង​នេះ​នៅឡើយ​ទេ ដោយ​លោក​ទទួល​ទូរស័ព្ទ​ហើយក៏​ផ្ដាច់​ទៅវិញ។
ទោះជា​យ៉ាង​នេះ​ក្ដី ពលរដ្ឋ​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​ខេត្ត​ប៉ៃលិន មាន​ប្រសាសន៍​ថា សមាជិក​គណបក្សប្រឆាំង នៅ​តំបន់​ផ្ដាច់​ខ្លួន​ខ្មែរក្រហម មិន​ទៅ​រួមរស់​ជាមួយ​គណបក្ស​កាន់អំណាច គឺជា​អ្នកនយោបាយ​ល្អ​នៅ​ក្នុង​បេះដូង​របស់​ពួកគាត់។ ពលរដ្ឋ​រូប​នេះ​អះអាង​ថា សំណូមពរ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្សប្រឆាំង​ទាំងអស់ បន្ត​ស្មោះស្ម័គ្រ​ជាមួយ​ម្ចាស់​ឆ្នោត​ទៅ​មុខ​ទៀត៖ «ព្រោះ​យល់ឃើញ​ថា គាត់​ពេញចិត្ត​នឹង​របប​ប្រជាធិបតេយ្យ​ពិតប្រាកដ ព្រោះ​គាត់​ចង់បាន​ភាព​យុត្តិធម៌​និង​ភាព​ត្រឹមត្រូវ​ក្នុង​សង្គម។ ដូច្នេះ​គាត់​ធ្វើ​នយោបាយ​ដើម្បី​ឲ្យ​ប្រទេស​រីក​ចំរើន ទើប​បាន​ជា​ខ្ញុំ​គាំទ្រ និង​កោតសរសើរ​ពួកគាត់​នោះ»
ចំណែក​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​លោក បណ្ឌិត មាស នី លើក​ឡើង​ថា ការ​សាមគ្គី​ស្មោះស្ម័គ្រ​របស់​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ​នៅ​ពេល​នេះ គឺជា​សញ្ញា​បញ្ជាក់​ភាព​រាំង​មាំ​របស់​គណបក្សប្រឆាំង​នៅ​ថ្នាក់​មូលដ្ឋាន៖ «សម្រាប់​មូលដ្ឋាន ប្រយោជន៍​របស់​គណបក្ស​ប្រឆាំង​គឺជា​សញ្ញា​មួយ ជួយ​ផ្ដល់​ការ​លើក​ទឹកចិត្ត​ទៅ​ដល់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ នៅ​មូលដ្ឋាន​ដែល​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា សង្គ្រោះ​ជាតិ​មិន​មាន​ការ​បែកបាក់​គ្នា ដូច​ពាក្យ​ចចាមអារ៉ាម​ទេ បើ​ទោះ​បី​ជា​គណបក្ស​នេះ​ដែល​កន្លងមក ត្រូវ​គេ​បង្ហោះ​តាម​ហ្វេសប៊ុក (Facebook) ថា​បែកបាក់​គ្នា​ក្ដី»
សមាជិក​ក្រុមប្រឹក្សា​គណបក្ស​នៅ​ខេត្ត​ប៉ៃលិន​ទាំងអស់ ក្រោយពី​គណបក្ស​ត្រូវ​បាន​តុលាការ​របស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​បំផ្លាញ​ចោល កាលពី​ទី​ថ្ងៃ​១៦ វិច្ឆិកា មក ភាគច្រើន​ពួកគាត់​ទៅ​ធ្វើ​ស្រែ​ធ្វើ​ចម្ការ ដោយ​ពុំ​មាន​សមាជិក​ណា​ម្នាក់ ទៅ​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។ ទោះជា​យ៉ាងណា​សមាជិក​ខ្លះ​ក៏​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ដែរ ពីព្រោះ​អាជ្ញាធរ​គណបក្ស​កាន់អំណាច​បាន​ដាក់​កម្លាំង​តាមដាន​ពួកគាត់​ជា​រៀងរាល់ថ្ងៃ​មិន​ឈប់​នៅឡើយ៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...