អ្នកច្បាប់អន្តរជាតិ
ចាត់ទុកអំពើនៃការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយមកលើបក្សសង្គ្រោះជាតិ
ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន
ថាគឺជាធាតុផ្សំគ្រប់គ្រាន់នៃបទល្មើសប្រឆាំងមនុស្សជាតិ
ដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)
មានដែនសមត្ថកិច្ចដើម្បីចាត់ការបាន។ ប៉ុន្តែ
មន្ត្រីនាំពាក្យរដ្ឋាភិបាលថា តុលាការអន្តរជាតិ
គ្មានសិទ្ធិអំណាចលើតុលាការកម្ពុជា បាននោះទេ។
មេធាវីជនជាតិអង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers)
ដែលទើបតែជួបព្រះរាជអាជ្ញារងនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ
កាលពីខែមុន ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២ ខែវិច្ឆិកា
ថាភស្តុតាងនៃការប្រព្រឹត្តិរំលោភសិទ្ធិមនុស្ស
និងប្រជាធិបតេយ្យនៅកម្ពុជា
ពីសំណាក់មន្ត្រីបក្សកាន់អំណាចមកលើសំឡេងប្រឆាំង
កាន់តែបង្ហាញឲ្យឃើញច្បាស់ និងកើនឡើងច្រើនជាងមុន
សម្រាប់ជាមូលដ្ឋានពិចារណារបស់តុលាការអន្តរជាតិ៖ «បទឧក្រិដ្ឋជាច្រើនពាក់ព័ន្ធនឹងការបង្ក្រាបបក្សប្រឆាំងក្នុងពេលថ្មីៗនេះ
គឺជាធាតុផ្សំនៃបទល្មើសក្នុងចំណាត់ថ្នាក់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
បើយើងពិនិត្យមើលបទឧក្រិដ្ឋដែលផ្សំបញ្ចូលគ្នាតាំងពីការបណ្ដេញពលរដ្ឋពីលំនៅឋាន
ការធ្វើទុក្ខបុកម្នេញលើអ្នកប្រឆាំង
ការធ្វើឃាតអ្នកដែលហ៊ាននិយាយរិះគន់រដ្ឋាភិបាល និងការចាប់ខ្លួន
និងដាក់ពន្ធនាគារសកម្មជនបក្សប្រឆាំង
ដែលទាំងអស់ជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលស្ថិតក្នុងប្រភេទនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ទាំងនេះឯងហើយ ដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC
មានយុត្តាធិការលើអ្វីដែលកំពុងកើតឡើងនៅប្រទេសកម្ពុជា»។
លោក រីឆាត រ៉ូជើរ លើកឡើងបន្ថែមថា
រឿងក្ដីដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ អាចពិចារណា
គឺរួមមានករណីដូចអ្វីដែលកំពុងកើតមាននៅកម្ពុជា
ដែលក្រុមអ្នកមានអំណាចជិះជាន់សង្កត់សង្កិន
និងធ្វើបាបអ្នកប្រឆាំងទោះក្នុងតម្លៃណាក៏ដោយ
ដើម្បីបន្តក្រាញអំណាច។ លោកអះអាងថា ការធ្វើទុក្ខបុកម្នេញនេះ
កំពុងតែបង្កើនសន្ទុះយ៉ាងខ្លាំងរហូតដល់រដ្ឋាភិបាលបណ្ដេញអង្គការសង្គមស៊ីវិល
បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
និងប៉ុនប៉ងរម្លាយគណបក្សប្រឆាំងចោលទាំងស្រុង
ដែលស្ដែងឲ្យឃើញអំពីគោលបំណងរបស់គណបក្សប្រជាជនកម្ពុជា
ក្នុងការដឹកនាំប្រទេសកម្ពុជា តាមបែបឯកបក្ស
និងផ្តាច់ការដ៏សាហាវបំផុត។
រឿងដែលសំខាន់មួយទៀតដែលលោក រីឆាត រ៉ូជើរ មើលឃើញថា
តម្រូវឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ធ្វើអន្តរាគមន៍ដែរនោះ
គឺដោយសារសហគមន៍អន្តរជាតិ
និងពលរដ្ឋខ្មែរនៅក្រៅប្រទេសបានបន្តថ្កោលទោសទង្វើរបស់រដ្ឋាភិបាលកម្ពុជា
ពាក់ព័ន្ធនឹងការយកប្រព័ន្ធតុលាការមកធ្វើជាឧបករណ៍បម្រើនយោបាយបក្សកាន់អំណាច។
លោកបញ្ជាក់ថា នៅពេលប្រព័ន្ធយុត្តិធម៌ជាតិ
មិនអាចបំពេញមុខងារក្នុងការថែរក្សា
និងការពារយុត្តិធម៌ជូនប្រជាពលរដ្ឋខ្លួនឯងបាន
គឺទាល់តែអន្តរជាតិជួយ៖ «នៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃនេះ
កុំសង្ឃឹមសូម្បីតែប៉ុនសរសៃសក់
ថានឹងមានយុត្តិធម៌ចំពោះឧក្រិដ្ឋកម្មនៃការធ្វើទុក្ខបុកម្នេញមកលើសំឡេងប្រឆាំងឲ្យសោះ
ព្រោះអីរដ្ឋាភិបាលមានឥទ្ធិពលបញ្ជាលើប្រព័ន្ធតុលាការ។
តុលាការកម្ពុជា លែងមានមុខងារបម្រើប្រជាពលរដ្ឋខ្មែរទូទៅបាន។
តុលាការកម្ពុជា ជាតុលាការបម្រើបក្សកាន់អំណាច ហើយចៅក្រម
និងព្រះរាជអាជ្ញាសុទ្ធតែជាតួអង្គដែលជាប់ពាក់ព័ន្ធនៅក្នុងការប្រព្រឹត្តឧក្រិដ្ឋរួមនេះ»។
តុលាការព្រហ្មទណ្ឌអន្តរជាតិ ជាតុលាការអចិន្ត្រៃយ៍អន្តរជាតិ
ដែលមានសមត្ថកិច្ចស៊ើបអង្កេត
និងផ្ដន្ទាទោសអ្នកដែលជាប់ចោទពីបទប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ
រួមមានឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ធាតុផ្សំមួយក្នុងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ
គឺការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ
ដូចជាការធ្វើបាបបក្សប្រឆាំងនេះជាដើម។
ទោះជាយ៉ាងនេះក្តី មន្ត្រីរដ្ឋាភិបាលយល់ឃើញថា
អ្វីដែលជាចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា មកលើសំឡេងប្រឆាំង
គឺជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ មន្ត្រីនាំពាក្យរដ្ឋាភិបាល លោក
ផៃ ស៊ីផាន អះអាងការពារចំណាត់ការទាំងនេះ ថាជាការត្រឹមត្រូវ
និងមិនអាចឲ្យអន្តរជាតិមកជ្រៀតជ្រែកបានឡើយ៖ «ករណីរបស់ផ្ទៃក្នុងរបស់កម្ពុជាទេ
មិនមែនជារឿងស្ថិតនៅក្នុងដែនយុត្តាធិការរបស់អន្តរជាតិទេ។
កម្ពុជា តុលាការគឺវិនិច្ឆ័យក្នុងផលប្រយោជន៍កម្ពុជា។
កម្ពុជានៅតែគោរព និងឲ្យតម្លៃតុលាការ ជាតុលាការរបស់កម្ពុជា អនុវត្ត
វិនិច្ឆ័យក្ដីទៅតាមច្បាប់ និងអង្គសេចក្ដីនៅក្នុងកម្ពុជា»។
ចំណែកឯក្រុមមេធាវីការពារក្ដីលោក កឹម សុខា គឺលោក ហែម សុជាតិ
ក៏សម្លឹងមើលឃើញតុលាការព្រហ្មទណ្ឌអន្តរជាតិ
ដែលអាចជួយអន្តរាគមន៍ផងដែរ
ប្រសិនបើកូនក្ដីរបស់ពួកគាត់នៅតែរងភាពអយុត្តិធម៌ដោយប្រព័ន្ធតុលាការជាតិ
និងបក្សកាន់អំណាចដូចសព្វថ្ងៃ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment