Wednesday, November 8, 2017

អាមេរិក​ថា​នៅតែ​គាំទ្រ​គោលដៅ​បោសសម្អាត​មីន​ឲ្យ​អស់ពី​កម្ពុជា​ត្រឹម​ឆ្នាំ​២០២៥

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បញ្ជាក់​ជំហរ ថា​សហរដ្ឋអាមេរិក នៅ​តែ​បន្ត​គាំទ្រ គោលដៅ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ឲ្យ​អស់ពី​កម្ពុជា ត្រឹម​ឆ្នាំ ២០២៥។ ប៉ុន្តែ មន្ត្រី​ជាន់ខ្ពស់​អង្គការ​ស៊ីម៉ាក់ (CMAC) អះអាង​ថា បើ​អាមេរិក​មិន​បន្ត​ជួយ​តទៅទៀត ក៏​រដ្ឋាភិបាល​លោក ហ៊ុន សែន អាច​ដោះស្រាយ​បញ្ហា​ថវិកា​នេះ ដោយ​ខ្លួនឯង​បាន​ដែរ។
ស្ថានទូត​សហរដ្ឋអាមេរិក បញ្ជាក់​ជំហរ​បែបនេះ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា​នេះ ដោយ​អះអាង ថា​សហរដ្ឋអាមេរិក នៅតែ​បន្ត​ប្ដេជ្ញា សហការ​គ្នា​ក្នុង​ភាព​ដៃគូ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​បន្ត​គាំទ្រ គោលដៅ​របស់​ប្រទេស​កម្ពុជា ក្នុង​ការ​បោសសម្អាត​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដែល​បន្សល់ទុក ពី​សម័យ​សង្គ្រាម​ស៊ីវិល ឲ្យ​អស់ពី​កម្ពុជា នៅ​ត្រឹម​ឆ្នាំ២០២៥។
មន្ត្រី​នាំ​ពាក្យ​រង​នៃ​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា លោក ដេវីត ចូសារ (David Josar) ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​ថា សហរដ្ឋអាមេរិក ប្ដេជ្ញា​បោសសម្អាត​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដែល​ជា​សំណល់​សង្គ្រាម​របស់​អាមេរិក។ លោក ដេវីត ចូសារ បញ្ជាក់​បន្ថែម ថា​ជំនួយ​ផ្នែក​បោសសម្អាត​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នេះ គឺជា​ចំណុច​អាទិភាព​មួយ របស់​ក្រសួងការបរទេស​អាមេរិក ដែល​រហូត​មក​ដល់​ពេល​នេះ សហរដ្ឋអាមេរិក​បាន​ចំណាយ​ថវិកា​អស់​ជាង ១៣១​លាន​ដុល្លារ​រួច​មក​ហើយ ដើម្បី​ជួយ​ផ្នែក​បោស​សម្អាត​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា។ លោក​បញ្ជាក់ ទៀត​ថា អាមេរិក​នឹង​នៅតែ​បន្ត​ផ្ដល់​ជំនួយ​ក្នុង​ផ្នែក​នេះ ដើម្បី​ឆ្លុះបញ្ចាំង អំពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អាមេរិក លើ​សារសំខាន់​នៃ​កិច្ចការ​នេះ។
ជំហរ​របស់​ស្ថានទូត​អាមេរិក​នេះ ធ្វើឡើង​ក្រោយពី​ប្រធាន​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ីម៉ាក់ (CMAC) លោក ហេង រតនា បាន​សរសេរ​សារ​លើ​ហ្វ៊េសប៊ុក (Facebook) របស់​លោក កាលពី​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ដោយ​សម្ដែង​ការ​សោកស្ដាយ និង​ខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​អ្វី​ដែល​លោក​អះអាង​ថា ជា​ការ​បញ្ចប់​ជំនួយ​យ៉ាង​តក់ក្រហល់​របស់​អាមេរិក ក្នុង​ផ្នែក​បោសសម្អាត​មីន និង យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា។ លោក ហេង រតនា បញ្ជាក់​ថា លោក​ទទួល​បាន​ព័ត៌មាន​នេះ ពី​អង្គការ​អ៊ិនភីអេ (NPA) ដែល​ជា​អង្គការ​ដៃគូ​ជាមួយ​ស៊ីម៉ាក់ ថា ស្ថានទូត​អាមេរិក បាន​សម្រេច កាត់ផ្ដាច់​ជំនួយ​មនុស្ស​ធម៌ របស់​ខ្លួន​មក​ស៊ីម៉ាក់ ចាប់ពី​ដើមខែ​មករា​ឆ្នាំ ២០១៨ តទៅ ដោយ​គ្មាន​ការ​បញ្ជាក់​ហេតុផល​អ្វី ច្បាស់លាស់​ឡើយ។
តប​ទៅ​នឹង​ការ​លើកឡើង​នេះ មន្ត្រី​នាំ​ពាក្យ​រង​នៃ​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា លោក ដេវីត ចូសារ បញ្ជាក់ ថា​កម្មវិធី​ជំនួយ​បច្ចុប្បន្ន​នេះ នឹង​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ ២០១៧ នេះ​ហើយ ក៏​ប៉ុន្តែ សហរដ្ឋអាមេរិក មាន​បំណង​ផ្ដល់​មូលនិធិ​សម្រាប់​ផ្នែក​នេះ​តទៅទៀត ដោយ​ឈរ​លើ​មូលដ្ឋាន នៃ​ការ​ប្រកួតប្រជែង​មួយ។ លោក​បញ្ជាក់​បន្ថែម​ថា គម្រោង​ស្នើសុំ​ថវិកា​មួយ ដែល​នឹង​រៀបចំឡើង ដោយ​មាន​ការពិគ្រោះ​យោបល់​គ្នា ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា នឹង​ដាក់​ចេញ​នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ​ឯង។
ទោះជា​ប្រធាន​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន លោក ហេង រតនា សម្ដែង​ការ​សោកស្ដាយ និង ខកចិត្ត​យ៉ាង​ខ្លាំង ពេល​ឮ​ដំណឹង ថា​អាមេរិក​អាច​បញ្ចប់​កម្មវិធី​ជំនួយ​នេះ​ក៏ដោយ ក៏​លោក​មិន​បារម្ភ​អំពី​ការ​ខ្វះ​ថវិកា ក្នុង​ការ​បន្ត​សកម្មភាព​កម្ចាត់​មីន​នេះ​ទេ ព្រោះ​លោក​បាន​ទទួល ការណែនាំ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ផ្ទាល់ ថា​រដ្ឋាភិបាល មាន​ថវិកា​ខ្លួនឯង ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ចាប់ពី​ដើមខែ​មករា​ឆ្នាំ​២០១៨​តទៅ បើ​អាមេរិក​ផ្ដាច់​ជំនួយ​មែន​នោះ។ លោក ហេង រតនា អះអាង ថា​ថវិកា ដែល​ដាក់​ជំនួស​នេះ រដ្ឋាភិបាល​កម្ពុជា នឹង​ប្រមូល​ពី​ដៃគូ​ដទៃ​ទៀត​។
លោក ហេង រតនា មិន​បញ្ជាក់​ថា ដៃគូ​ដទៃ​ទៀត ដែល​ផ្ដល់​ថវិកា​នេះ មាន​ប្រទេស​ណាខ្លះ​ទេ ប៉ុន្តែ លោក ដេវីត ចូសារ លើកឡើង​ថា ថវិកា​ជំនួយ​របស់​អាមេរិក​កន្លងមក មិនមែន​ជួយ​បោសសម្អាត​តែ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​របស់​អាមេរិក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ជួយ​បោសសម្អាត​គ្រាប់មីន ដ៏​គ្រោះថ្នាក់​បំផុត​របស់​ចិន វៀតណាម និង សូវៀត ផង​ដែរ៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...