Thursday, November 9, 2017

លោក កឹម សុខា មិន​ត្រូវ​បាន​ដោះលែង​​ទោះ​រង​សម្ពាធ​ពី​សមាជិក​ព្រឹទ្ធសភា​អាមេរិក

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ថា ខ្លួន​នឹង​មិន​ដោះលែង​លោក កឹម សុខា តាម​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ដែល​ដាក់​ឱសានវាទ​ឲ្យ​ដោះលែង​លោក កឹម សុខា នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ទេ។ ប៉ុន្តែ អ្នកវិភាគ​លើក​ឡើង​ថា ការ​រក្សា​ជំហរ​បែបនេះ របស់​រដ្ឋាភិបាល​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ខូច​ឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​សហរដ្ឋអាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រតិកម្ម​ចំពោះ​ការ​ដាក់​ឱសានវាទ​ឲ្យ​ដោះលែង​លោក កឹម សុខា ថា ជា​ការ​ប្រមាថ​ធ្ងន់ធ្ងរ ដល់​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស ហើយក៏​ជា​សកម្មភាព​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា។
លោក សុខ ឥសាន សរសេរ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) របស់​លោក​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ថា កម្ពុជា​ជា​ប្រទេស​ឯករាជ្យ និង​មាន​អធិបតេយ្យ ដូច្នេះ​កុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ធ្វើ​អ្វី​តាម​ខ្លួន ធ្វើ​ដូចជា​កម្ពុជា​ស្ថិត​នៅ​ក្រោម​នឹម​អាណានិគម​របស់​សហរដ្ឋអាមេរិក។
ការ​លើកឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដូចនេះ ស្រប​ពេល​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មកពី​គណបក្ស​សាធារណៈ និង​ជា​អតីត​បេក្ខជន​ប្រធានាធិបតី​លោក ថិត គ្រូស (Ted Cruz) ដាក់​កំហិត​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​ប្រធាន​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា លោក កឹម សុខា នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។ ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថា មិន​ត្រឹមតែ​មិន​ដោះលែង​លោក កឹម សុខ ទេ លោក​ទាំង​ថ្លែង​ឌឺដង​ថា ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ខាង​មុខ ជា​ថ្ងៃ​ឱសានវាទ​ដែល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល។
ករណី​ចាប់ខ្លួន​លោក កឹម សុខា នេះ​ដែរ ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក លោក ជុំ ប៊ុនរ៉ុង បាន​សរសេរ​លិខិត​មួយ​ច្បាប់​កាលពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្លើយតប​ទៅ​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ដ៏​មាន​ឥទ្ធិពល និង​ជា​អតីត​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ លោក ថិត គ្រូស ដោយ​មិន​ខ្ចី​អើពើ​ទៅ​នឹង​ការ​ស្នើ​ឲ្យ​ដោះលែង​លោក កឹម សុខា ឲ្យ​បាន​ត្រឹម​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឡើយ បើ​មិន​ចង់​ឲ្យ​អាមេរិក ដាក់ទណ្ឌកម្ម​លើ​កម្ពុជា។ លោក ជុំ ប៊ុនរ៉ុង ក៏​បាន​បដិសេធ​ទៅ​នឹង​រាល់​ការចោទប្រកាន់​នានា​ដែល​ថា រដ្ឋាភិបាល​របស់​លោក​កំពុង​ធ្វើ​យុទ្ធនាការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ក្រុម​អ្នកប្រឆាំង​នៅ​កម្ពុជា។
ចំណែក អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា ការ​ប្រកាស​ជំហរ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដូចនេះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក។ លោក​ថា បើ​រដ្ឋាភិបាល​រង​ទណ្ឌកម្ម ពី​សហរដ្ឋអាមេរិក​មែន​នោះ មិនមែន​ធ្វើ​ឲ្យ​ខាតបង់​តែ​រដ្ឋាភិបាល ឬ​សមាជិក​ជាន់ខ្ពស់​រដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​កម្ពុជា ប៉ះពាល់​ជីវភាព​ពលរដ្ឋ​កម្ពុជា មុខមាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។ «»
លោក​បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ទៀត​ថា ទណ្ឌកម្ម​សហរដ្ឋអាមេរិក​មក​លើ​កម្ពុជា អ្នក​ដែល​ប៉ះពាល់​ដំបូង គឺ​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់ ហើយ​បើ​រដ្ឋាភិបាល​នៅ​តែ​រឹងទទឹង នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា​ទាំងមូល ត្បិត​អី​សហរដ្ឋអាមេរិក​ជា​ប្រទេស​មហាអំណាច​យោធា និង​សេដ្ឋកិច្ច។
ទន្ទឹម​នឹង​ការ​ទាមទារ​សមាជិក​ព្រឹទ្ធសភា​អាមេរិក ប្រាប់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ដោះលែង លោក កឹម សុខា។ កាលពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៧ ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង ដែល​មានឈ្មោះ​បោះ​សំឡេង​ល្បីល្បាញ​មួយ​ចំនួន បាន​ផ្ដួចផ្ដើម​រៀបចំ​ឲ្យ​មាន​សេចក្ដី​សម្រេច​លេខ ២៧៩ ដើម្បី​ថ្កោលទោស​ទង្វើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។ សេចក្ដី​សម្រេច​នេះ​ត្រូវ​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​កាលវិភាគ​លេខ ២៥៧ សម្រាប់​លើក​យក​មក​ជជែក​ដេញដោល ក្នុង​សម័យ​ប្រជុំ​ព្រឹទ្ធសភា​អាមេរិកាំង នៅ​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ​ហើយ។
ប្រសិនបើ អនុម័ត​សេចក្ដី​សម្រេច​លេខ ២៧៩ ស្ដីពី​ការ​គូស​បញ្ជាក់​ឡើងវិញ ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហ​រដ្ឋ​អាមេរិក ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា តម្រូវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ថ្កោលទោស ជា​ផ្លូវការ​នូវ​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា ផ្នែក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា និង​ជំរុញ​ឲ្យ​មានការ​បញ្ឈប់​នូវ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​នានា ក្នុង​ប្រទេស​នេះ​ជាបន្ទាន់។ សេចក្ដី​សម្រេច​ដដែល​នេះ ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បញ្ចប់​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​បំភិតបំភ័យ​នានា មក​លើ​ក្រុម​អ្នកប្រឆាំង​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​មាន​នូវ​បរិយាកាស​មួយ ដែល​លទ្ធិប្រជាធិបតេយ្យ​អាច​រីកចម្រើន និង​លូតលាស់​ទៅមុខ​បាន​ល្អ៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...