គណៈប្រតិភូសហភាពអឺរ៉ុប ព្រមានជាថ្មីថា
កម្ពុជានឹងបាត់បង់ប្រយោជន៍ផ្នែកជំនួយអភិវឌ្ឍន៍ និងការអនុគ្រោះពន្ធ
បើពុំមានការដោះលែង លោក កឹម សុខា
និងបើកឲ្យមានលំហូរប្រជាធិបតេយ្យឡើងវិញទេនោះ។
ក្នុងដំណើរទស្សនៈកិច្ច រយៈពេល២ថ្ងៃ មកប្រទេសកម្ពុជា
ពីថ្ងៃទី៣០ដល់៣១តុលានេះ គណៈប្រតិភូជាន់ខ្ពស់ របស់សភាអឺរ៉ុប
ទទួលបន្ទុកកិច្ចការអាស៊ាន ចំនួន៦រូប
បានចូលជួបពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា
និងថ្នាក់ដឹកនាំស្ថាប័នកំពូលមួយចំនួន ដោយបានលើក ពីបញ្ហាសេដ្ឋកិច្ច
ការបោះឆ្នោត និងស្ថានការណ៍នយោបាយ ដែលកំពុងតានតឹងខ្លាំង រួមទាំង
ការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
នេះបើតាមសេចក្ដីថ្លែងការណ៍ ចេញផ្សាយកាលពីថ្ងៃអង្គារទី៣១តុលាម្សិលមិញ។
បើតាមសេចក្តីថ្លែងការណ៍ គណៈប្រតិភូសហភាពអឺរ៉ុប ស្នើឲ្យដោះលែងលោក កឹម
សុខា ជាបន្ទាន់ និងបញ្ឈប់រាល់ការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ
នៅមុនការបោះឆ្នោតនាឆ្នាំក្រោយ។ បន្ថែមពីនេះ តំណាងសហភាពអឺរ៉ុប
ក៏ស្នើរដ្ឋាភិបាល អនុញ្ញាតឲ្យក្រុមអង្គការសង្គមស៊ីវិល ធ្វើសកម្មភាពដោយសេរី
និងបើកជំហរ ដើម្បីធានាការបោះឆ្នោតនៅឆ្នាំក្រោយ មានសេរី ត្រឹមត្រូវ
និងអាចទទួលយកបាន។
ក្នុងសេចក្ដីថ្លែងការណ៍ដដែលនេះ ប្រធានគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច
និងរូបិយវត្ថុ របស់សភាអឺរ៉ុប លោក Werner Langen ជំរុញឲ្យរដ្ឋាភិបាល
បើកចំហរឲ្យមានការប្រកួតប្រជែង ដែលមានតម្លាភាព និងថា បញ្ហាសិទ្ធិមនុស្ស
អាចនឹងធ្វើឲ្យប៉ះពាល់ដល់កម្មវិធីជំនួយអភិវឌ្ឍន៍ និងការអនុគ្រោះពន្ធ
ជាមួយសហភាពអឺរ៉ុប។
បើតាមសេចក្ដីថ្លែងការណ៍ លោក Werner Langen មានប្រសាសន៍ថា «រដ្ឋាភិបាលកម្ពុជា
គួរយល់ដឹងថា សភាសហភាពអឺរ៉ុប ជាអ្នកចូលរួមតាក់តែងច្បាប់
សម្រាប់បញ្ហាពាណិជ្ជកម្ម និងថវិកា។ ការធ្លាក់ចុះដ៏ធ្ងន់ធ្ងរ
នៃស្ថានភាពសិទ្ធិមនុស្ស អាចនឹងជាប់ទាក់ទិននឹងកម្មវិធីជំនួយអភិវឌ្ឍ
និងការអនុគ្រោះពន្ធទាំងឡាយ»។
បើតាមបណ្ដាញសង្គមធ្វីតធ័រ សមាជិកព្រឹទ្ធសភាអាមេរិកដ៏ំមានឥទ្ធិពល លោក
Ted Cruz បានបញ្ជាក់ជាថ្មីដែរថា
លោកនឹងជំរុញឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងមន្ដ្រីជាន់ខ្ពស់កម្ពុជា
ដែលជាប់ពាក់ព័ន្ធនឹងបញ្ហារំលោភសិទ្ធិមនុស្សនេះ បើសិនគ្មានការដោះលែង លោក កឹម
សុខា នៅត្រឹមថ្ងៃទី៩វិច្ឆិកាទេនោះ។
ប៉ុន្ដែ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន រដ្ឋមន្ដ្រីការបរទេសកម្ពុជា
លោក ប្រាក់ សុខុន បកស្រាយថា ចំណាត់ការថ្មីៗ របស់រដ្ឋាភិបាល
គឺជាការអនុវត្តច្បាប់ ការពារអធិបតេយ្យភាពរបស់កម្ពុជា
ប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង
និងទប់ស្កាត់ចលនាផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។
អ្នកវិភាគបញ្ហានយោបាយ លោក ឡៅ ម៉ុងហៃ ធ្លាប់ប្រាប់វីអូឌីថា ការដាក់សំពាធ
ឬសេចក្ដីថ្លែងការណ៍នានា ពីអន្ដរជាតិ
មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាទេ ដោយថា កម្ពុជា
បានចុះហត្ថលេខា ចង់ភ្ជាប់កាតព្វកិច្ចនៃការគោរពសិទ្ធិមនុស្ស ក្នុងកតិកាសញ្ញា
និងសន្ធិសញ្ញាអន្ដរជាតិ។ បើស្ថានការនយោបាយនៅតែឡើងកម្ដៅបែបនេះ លោកថា
ច្បាស់ជាមានសំពាធ ឬការដាក់ទណ្ឌកម្ម ពីអន្ដរជាតិជាក់ជាមិនខាន។
លោកថា៖ «ឥឡូវនេះ អន្ដរាគមន៍
គេបានធ្វើបណ្ដើរៗហើយ តាមរយៈសេចក្ដីថ្លែងការណ៍ ថ្កោលទោស ជាហូរហែ
គេសុំឲ្យយើងចាត់វិធានការរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌
តាមប្រជាធិបតេយ្យទៅ។ ដូច្នេះ ក្នុងប្រទេសប្រជាធិបតេយ្យ អានេះហើយ
ដែលបង្កលក្ខណៈ ដើម្បីឲ្យរដ្ឋាភិបាលងាយចាត់វិធានការ។
ថ្នាកដឹកនាំយើងទាំងអស់ធ្វើដំណើរទៅប្រទេស អាមេរិក ឬប្រទេសណាផ្សេងៗ
គេអាចបង្កកគណនីធនាគារអញ្ចឹងទៅ ហើយវិធានការសេដ្ឋកិច្ច
គឺដាក់ទណ្ឌកម្មសេដ្ឋកិច្ច គឺសហគមន៍អឺរ៉ុប អាមេរិក អញ្ចឹងគេលែងឲ្យរួចពន្ធ
ឬគេចាប់យកពន្ធធម្មតា»។
កាលពីថ្ងៃទី៩តុលាកន្លងទៅ តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា
និងប្រតិភូសហភាពអឺរ៉ុប ក៏បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឡើងវិញ
ចំពោះការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ
ដែលអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេសនោះ ដោយថា ចំណាត់ការនេះ
រំលោភសិទ្ធិម្ចាស់ឆ្នោតធ្ងន់ធ្ងរ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment