តើជនជាតិខ្មែរ–អាមេរិកាំង រូបនេះ បានធ្វើអ្វីខ្លះ ទើបជាប់ឆ្នោត ក្នុងការបោះឆ្នោត ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងនេះ?
ជនជាតិខ្មែរ-អាមេរិកាំង
ដែលទើបតែជាប់ឆ្នោត ជាសមាជិកក្រុមប្រឹក្សាក្រុង
ក្នុងការបោះឆ្នោតក្រុមប្រឹក្សាក្រុងឡូវែល កាលពីថ្ងៃទី៧ ខែវិច្ឆិកា
លោក នួន វាសនា ត្រូវបានប្រជាពលរដ្ឋខ្មែរ-អាមេរិកាំង ទទួលស្គាល់ថា ជាបុគ្គលឆ្នើម ដែលស័ក្ដិសមនឹងធ្វើជាតំណាងឲ្យពលរដ្ឋសហគមន៍ខ្មែរ។ ពលរដ្ឋខ្មែរ-អាមេរិកាំងម្នាក់
នៅទីក្រុងឡូវែល គឺលោក លាង ស៊ីដនី ចាត់ទុកលោក នួន វាសនា
ថាជាអ្នកសកម្មក្នុងកិច្ចការសង្គម ស្ទើរគ្រប់វិស័យ៖ «និយាយឲ្យត្រង់ទៅ
គាត់ជាអ្នកសកម្មម្នាក់ក្នុងសហគមន៍។ គាត់បានជួយសហគមន៍
ផ្នែកវត្តអារាម ឬខាងឧទ្យាន និងកិច្ចការសមាគមជាដើម។
គាត់ធ្លាប់ប្រឡូក និងស្គាល់ប្រជាជនច្រើន។ គាត់យល់ដឹងរឿងរ៉ាវច្រើន
ដែលត្រូវធ្វើ និងអ្វីខ្លះដែលប្រជាជនត្រូវការ»។
លោក នួន វាសនា ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាក្រុង
ក្នុងចំណោមមន្ត្រីជាប់ឆ្នោតទាំងអស់ ៩ នាក់
ដែលសុទ្ធតែជាជនជាតិអាមេរិកាំងស្បែកស។
បេក្ខជនដែលចូលរួមប្រកួតប្រជែង មានទាំងអស់ ១៨នាក់។ ចំពោះលោក លាង
ស៊ីដនី ថា ការណ៍ដែលជនជាតិខ្មែរជាប់ឆ្នោត ដោយសំឡេងលើសគេដូច្នេះ
គឺជាមោទនភាពរបស់សហគមន៍ខ្មែរ៖ «នេះជាលើកដំបូងហើយ
ដែលខ្មែរយើងជាប់លេខមួយ។ នេះគឺជាប្រវត្តិសាស្ត្រ
ដែលខ្មែរយើងគួរមានមោទនភាព
ព្រោះមានខ្មែរជាប់ខាងគណៈកម្មាធិការសាលារៀនផង
និងក្រុមប្រឹក្សាក្រុងទៀត ដែលសុទ្ធតែជាប់លេខខ្ពស់ មិនមែនលេខធម្មតា»។
នេះជាប្រវត្តិសាស្ត្រ នៃការបោះឆ្នោតនៅទីក្រុងឡូវែល ដែលមានជនជាតិខ្មែរ-អាមេរិកាំង
រហូតដល់ទៅពីរនាក់ ម្នាក់ជាប់ខាងក្រុមប្រឹក្សាក្រុង
និងម្នាក់ទៀតជាប់ខាងគណៈកម្មាធិការសាលា។ លោក ឡាយ ដូមីនិក
ដែលជនជាតិខ្មែរ-អាមេរិកាំងដែរ
ជាប់ឆ្នោតជាសមាជិកម្នាក់ ក្នុងចំណោមសមាជិកគណៈកម្មាធិការសាលា
ដែលមានគ្នា ៦នាក់។ ក្នុងចំណោមអ្នកទាំង ៦
ដែលជាប់ឆ្នោតក្នុងគណៈកម្មាធិការសាលានេះ មានតែលោក ឡាយ ដូមីនិក
ប៉ុណ្ណោះជាជនជាតិខ្មែរ ក្រៅពីនោះ
គឺសុទ្ធតែជាជនជាតិអាមេរិកាំងទាំងអស់។
ពលរដ្ឋខ្មែរ-អាមេរិកាំង
និងជាមន្ត្រីចូលនិវត្តន៍ លោក ក្រេត កោវិទ
បានប្រាប់អាស៊ីសេរីនៅថ្ងៃទី៨ ខែ វិច្ឆិកា ថា
ការណ៍ដែលមានជនជាតិខ្មែររហូតដល់ទៅពីរនាក់ ជាប់ឆ្នោតដូច្នេះ
គឺជាជោគជ័យមួយ សម្រាប់ពលរដ្ឋខ្មែរ-អាមេរិកាំង
ក្នុងប្រកួតប្រជែង
ដើម្បីឲ្យមានការទទួលស្គាល់សំឡេងរបស់ជនជាតិភាគតិច ក្នុងសហគមន៍
ដែលអំណាចនៃការធ្វើសេចក្ដីសម្រេច
ភាគច្រើនគឺស្ថិតនៅលើជនជាតិអាមេរិកាំងស្បែកស។ លោក ក្រេត កោវិទ
លើកឡើងបន្ថែមថា វត្តមានរបស់ពលរដ្ឋខ្មែរ-អាមេរិកាំង
ក្នុងជួររដ្ឋការ ពិតជាមានសារៈសំខាន់ក្នុងការធ្វើសេចក្ដីសម្រេច
ជាពិសេសពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុ
ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់ជនជាតិភាគតិចក្នុងមូលដ្ឋាន៖ «ដូច្នេះខ្មែរអាមេរិកាំងពីរនាក់
ដែលចូលប្រឡូកក្នុងឆាកនយោបាយ ទីក្រុងដែលខ្លួនឯងរស់នៅផ្ទាល់នឹង
ព្យាយាមគឺបានសម្រេច។ និយាយឲ្យចំ
គឺអ្វីៗដែលទាក់ទងនឹងគម្រោងថវិកាចាយវាយ
សម្រាប់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ
ទាល់តែយើងនៅក្នុងជួរហ្នឹងដែរ ទើបយើងអាចផ្ដល់ជាមតិ
ក្នុងការបោះឆ្នោតសម្រេច គម្រោងចាយថវិកាសម្រាប់ក្រុងទាំងមូល
អាចមានប្រសិទ្ធភាពដែរ ដែលអាចបម្រើផលប្រយោជន៍រួម»។
មុនជាប់ឆ្នោតនេះ លោក នួន វាសនា
បានចូលរួមយ៉ាងសកម្មនៅក្នុងបាតុកម្មនៅមុខក្រសួងការបរទេសអាមេរិក
និងសាលាក្រុងឡូវែល តវ៉ាទាមទារឲ្យដោះលែង
ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា
និងទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង
អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ លោក នួន វាសនា
ក៏ធ្លាប់តវ៉ាប្រឆាំងនៅសាលាក្រុងឡូវែល
ទាមទារកុំឲ្យមន្ត្រីសាលាក្រុង ទទួលស្វាគមន៍កូនប្រុសច្បងលោក ហ៊ុន
សែន លោក ហ៊ុន ម៉ាណែត នៅលើទឹកដីនៃទីក្រុងឡូវែល
និងតវ៉ាសុំឲ្យសាលាក្រុង កុំទទួលយករូបចម្លាក់ព្រះបាទជ័យវរ្ម័នទី៧
ដែលជាកាដូរបស់លោក ហ៊ុន ម៉ាណែត។
លោក នួន វាសនា លើកទឹកចិត្ត
ឲ្យពលរដ្ឋខ្មែរទាំងអស់ ទោះនៅទីណាក៏ដោយ កុំអស់សង្ឃឹម ក្នុងការតស៊ូ
ដើម្បីទាមទារសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ការព្យាយាមគង់នឹងបានសម្រេច៖ «ការតស៊ូមតិ
យើងព្យាយាមដ៏មុះមុតនៅក្នុងចិត្ត នឹងបានសម្រេច មុននិងក្រោយទេ
នៅក្នុងស្រុកយើងក្ដី ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ប្រព័ន្ធបោះឆ្នោត
សេរី និងយុត្តិធម៌ទៅថ្ងៃមុខ យើងនឹងបានជោគជ័យ។ យើងត្រូវតែព្យាយាម
និងមានសង្ឃឹម នៅក្នុងកិច្ចការដែលយើងធ្វើ»។
ទីក្រុងឡូវែល នៃរដ្ឋម៉ាសាឈូសេត
ជាទីក្រុងមួយ ដែលមានពលរដ្ឋខ្មែរ រស់នៅច្រើនជាងគេ
ក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងឡុងប៊ិច (Long Beach) នៃរដ្ឋកាលីហ្វ័រញ៉ា (California)។
ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងឡូវែល មានរហូតជិត ១ ភាគ ៣
នៃពលរដ្ឋនៅក្នុងទីក្រុងទាំងមូល។ ទីក្រុងឡូវែលនេះ
មានប្រជាពលរដ្ឋរស់នៅទាំងអស់ សរុបជាង ១១ម៉ឺននាក់៕
No comments:
Post a Comment