ចៅសង្កាត់អូរចារ គណបក្សសង្គ្រោះជាតិ ក្រុងបាត់ដំបង កញ្ញា ស៊ិន
ចាន់ពៅរ៉ូហ្សេត ត្អូញត្អែរថា
ចាប់តាំងពីកញ្ញាចូលកាន់តំណែងជាចៅសង្កាត់មក
គឺពុំទាន់ទទួលបានថវិការបស់រដ្ឋាភិបាលទម្លាក់មកឲ្យ
ដើម្បីយកទៅអភិវឌ្ឍសូម្បីតែមួយរយរៀលនៅឡើយទេ។
ចៅសង្កាត់វ័យក្មេងរូបនេះអះអាងថា
ថវិកាដែលកញ្ញាប្រើប្រាស់នៅក្នុងសង្កាត់សព្វថ្ងៃ
បានមកពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។
ទោះបីជាមានឧបសគ្គការងារ
ដោយសារគ្មានថវិកាសម្រាប់ប្រើប្រាស់នៅក្នុងសង្កាត់យ៉ាងនេះក្ដី
ក៏ចៅសង្កាត់អូរចារ បក្សប្រឆាំងរូបនេះ ក៏មិនក្បត់ឆន្ទៈម្ចាស់ឆ្នោត
ហើយរត់ចោលដំបូលព្រះអាទិត្យទៅជ្រកក្រោមដំបូលទេវតាឡើយ។
ចៅសង្កាត់អូរចារក្រុងបាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត
ឲ្យដឹងនៅថ្ងៃទី៧ វិច្ឆិកា ថា បើទោះបីមួយរយៈចុងក្រោយនេះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានព្យាយាមទូងស្គរប្រកូកប្រកាសឲ្យសមាជិកក្រុមប្រឹក្សាឃុំ–សង្កាត់គណបក្សសង្គ្រោះជាតិ
ទៅជ្រកក្រោមដំបូងទេវតាជាច្រើនលើកច្រើនសាយ៉ាងណាក្ដី
ក៏កញ្ញានៅតែប្រកាន់ជំហរថា មិនលក់ឧត្ដមគតិរបស់ខ្លួន
ហើយរត់ចោលម្ចាស់ឆ្នោតឡើយ។ ផ្ទុយទៅវិញ ចៅសង្កាត់ជាស្ត្រីរូបនេះ
អះអាងថា
កាន់តែមានកម្លាំងចិត្តទ្វេដងក្នុងការបំពេញការងារជូនម្ចាស់ឆ្នោត
ព្រោះកន្លងមកមានពលរដ្ឋជាច្រើននាក់
បានផ្ដល់កម្លាំងចិត្តឲ្យខ្លួនធ្វើការទៅមុខទៀត៖ «ដូច្នេះខ្ញុំនៅជាមួយប្រជាពលរដ្ឋទោះបីយើងគ្មានការងារធ្វើ
ទោះបីយើងទៅលក់ដូរសាមញ្ញធម្មតា ក៏យើងមានសេចក្ដីសុខ
ជាជាងយើងយកកិត្តិយសដែលពលរដ្ឋបានផ្ដល់ឲ្យយើងទៅលក់ឲ្យគណបក្សដទៃ
ដែលគាត់មិនបានបោះឆ្នោតឲ្យនោះទេ។
ទោះបីធ្វើការមានបានផ្ទះធំយ៉ាងណាក៏ដោយក៏មិនស្មើនឹងកិត្តិយសដែលពលរដ្ឋបានផ្ដល់ឲ្យយើងដែរ»។
ទោះជាយ៉ាងនេះក្ដី
ការចូលកាន់តំណែងជាចៅសង្កាត់របស់កញ្ញាវ័យក្មេងរូបនេះ
ក៏ត្រូវជួបឧបសគ្គធំៗ២ ដែលត្រូវដោះស្រាយជាប្រចាំដែរ។ បញ្ហាទី១
គឺគ្មានថវិកាសម្រាប់អភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន
ហើយបញ្ហាប្រឈមមួយទៀត គឺរងសម្ពាធការងារពីអាជ្ញាធរថ្នាក់លើ
ដែលមិនបានអោយតម្លៃដល់នាងជាចៅសង្កាត់។ ឧទាហរណ៍៖
នៅពេលអាជ្ញាធរត្រូវការអភិវឌ្ឍនៅក្នុងមូលដ្ឋានដែលស្ថិតក្នុងដែនអធិបតេយ្យរបស់នាង
មន្ត្រីទាំងនោះរួមមានមន្ត្រីថ្នាក់ក្រុង ខេត្ត
រួមទាំងសមាជិកសភាតំណាងរាស្ត្រគណបក្សកាន់អំណាចគឺលោក ឈាង វុន ផង
តែងធ្វើទុក្ខបុកម្នេញ ដល់ចៅសង្កាត់រូបនេះជាប្រចាំ
ពោលគឺចង់ធ្វើអ្វីបានស្រេចតែចិត្ត
ដោយមិនផ្ដល់ដំណឹងអំពីការអភិវឌ្ឍនោះឲ្យចៅសង្កាត់បានដឹងជាមុននោះឡើយ។
កញ្ញា រ៉ូហ្សេត អះអាងទៀតថា
តាំងតែកញ្ញាចូលកាន់តំណែងជាចៅសង្កាត់មក
គឺខាងសង្កាត់មិនទាន់ទទួលបានថវិកា
សម្រាប់អភិវឌ្ឍប្រចាំត្រីមាសបានមួយរៀលនៅឡើយទេ។
ចៅសង្កាត់បក្សប្រឆាំងរូបនេះ បន្ថែមថា
មូលហេតុដែលខាងសង្កាត់ទទួលថវិកាយឺតយ៉ាវនេះ
ទំនងដោយសារស្មៀនធ្វើឯកសារបញ្ជូនទៅរតនាគារខេត្តបាត់ដំបងយឺតយ៉ាវ
ហើយធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍគ្រប់យ៉ាងនៅក្នុងសង្កាត់៖ «ដូច្នេះមកដល់ថ្ងៃនេះ
នៅសង្កាត់អូរចារយើងមិនមានលុយសូម្បីតែមួយរៀលក៏គ្មានដែរ។ដូច្នេះខ្ញុំជាអ្នកទទួលបន្ទុកចំណាយទៅលើបញ្ហានេះទាំងអស់
នៅក្នុងសង្កាត់តែម្ដង»។
អាស៊ីសេរីពុំអាចទាក់ទងស្មៀនសង្កាត់អូរចារលោក ទួន ឆេង
ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៧ វិច្ឆិកា
ដោយទូរស័ព្ទនៅក្រៅប្រព័ន្ធសេវា។
ចំណែកចៅសង្កាត់រងទី២ គណបក្សប្រជាជនកម្ពុជាលោក ហោ ឃឺន
មានប្រសាសន៍ថា
បញ្ហាកញ្ចប់ថវិកាវិភាគទានរបស់រដ្ឋាភិបាលសម្រាប់ប្រើប្រាស់នៅក្នុងសង្កាត់
បើធៀបនឹងចៅសង្កាត់ចាស់ពិតជាមានការយឺតយ៉ាវប្រាកដមែន
ប៉ុន្តែលោកអះអាងថា
លោកពុំដឹងការយឺតយ៉ាវនេះបណ្ដាលមកពីអ្វីនោះទេ។
ទោះជាងយ៉ាងណាលោកថា
ការងារមួយចំនួនរបស់ចៅសង្កាត់ថ្មីនេះលោកអាចទទួលយកបាន៖ «គាត់ធ្វើនឹងគឺ
ត្រឹមត្រូវរបស់គាត់ដែរហើយ
ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនគាត់ក៏មិនសូវសប្បាយប៉ុន្មានដែរ
ដោយសារតែពីដើមយើងត្រូវផ្ដិតមេដៃនៅចំពោះមុខអាជ្ញាធរភូមិ
តែគាត់ចង់ឲ្យតែផ្ដិតមេដៃនៅចំពោះមុខគាត់
ដូច្នោះធ្វើឲ្យរវល់នាំពួកគាត់មួយចំនួនមិនពេញចិត្តដែរ»។
ទោះជាយ៉ាងណាលោក ហោ ឃឺន ហាក់ទទួលស្គាល់ការដឹកនាំរបស់កញ្ញា
ស៊ិន ចាន់ពៅរ៉ូហ្សេត ពិតជាគ្មានអំពើពុករលួយមែន ក៏ប៉ុន្តែលោកថា
ចៅសង្កាត់រូបនេះ បម្រើសេវាជូនប្រជាពលរដ្ឋហាក់ស្មោះត្រង់ហួសហេតុ
ដូចជាការមិនយកកម្រៃសេវាជាដើម
ទើបធ្វើអោយខ្វះខាតថវិកាសម្រាប់ប្រើប្រាស់នៅក្នុងសង្កាត់នោះ៖ «កាលពីមុនរឿងប្រជាពលរដ្ឋ
គេមកពឹងពាក់យើង គាត់តែងតែផ្ដល់ថវិកាខ្លះមកយើង
ដូច្នេះស្មៀនតែងយកលុយនេះឯង
មកប្រើប្រាស់ថ្លៃទឹកភ្លើងប្រចាំខែនោះ
តែដល់មកគាត់អត់យកសោះតែម្ដង
ហើយគាត់រង់ចាំតែលុយថ្នាក់ជាតិទម្លាក់មកអោយ
វាយូរធ្វើឲ្យអត់មានថវិកាប្រើប្រាស់»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបង
លោក យិន ម៉េងលី កត់សំគាល់ថា កញ្ញា រ៉ូហ្សេត បើទោះបីជាកន្លងមក
ជួបភ្លៀងផ្គរមួយចំនួនដែលត្រូវដោះស្រាយក៏ដោយ ក៏ប៉ុន្តែលោកថា
កញ្ញាវ័យក្មេងរូបនេះបំពេញការងារជូនពលរដ្ឋដំណើរការទៅមុខដោយរលូន។
លោកសង្កត់ធ្ងន់ទៀតថា នៅក្នុងស្ថានការណ៍នយោបាយដ៏ក្ដៅគគុកនេះ
កញ្ញារ៉ូហ្សេត
ត្រូវបំពេញការងាររបស់ខ្លួនឲ្យមានការប្រុងប្រយ័តខ្ពស់ជាងមុនបន្ថែមទៀត៖
«ចៅសង្កាត់រូបនេះត្រូវតែធ្វើអ្វីមួយ
ដើម្បីកុំឲ្យមានបញ្ហាត្រូវយកច្បាប់ជាមូលដ្ឋាន
មួយវិញទៀតត្រូវសហការធ្វើការងារជាមួយមន្ត្រីគណបក្សនយោបាយផ្សេងទៀត
ដោយមិនប្រកាន់និន្នាការនយោបាយ»។
ចៅសង្កាត់បក្សប្រឆាំងរូបនេះកន្លងមក
ធ្លាប់បានអាជ្ញាធរក្រុងបាត់ដំបងចោទថា
បំពេញការងារមិនស្ដាប់បង្គាប់ថ្នាក់លើ។ មិនត្រឹមតែអាជ្ញាធរមូលដ្ឋានទេ
ដែលកើតទុកមិនសុខចិត្តចំពោះការងារដ៏មានប្រជាប្រិយរបស់កញ្ញា
រ៉ូហ្សេត នោះ
សូម្បីតែតំណាងរាស្ត្រចាស់វស្សារបស់គណបក្សប្រជាជនកម្ពុជា គឺលោក ឈាង
វុន ក៏អង្គុយមិនជាប់ដោយសារចៅសង្កាត់វ័យក្មេងរូបនេះដែរ។
កាលពីពេលថ្មីនេះលោក ឈាង វុន ធ្លាប់ចុះទៅព្រមានកញ្ញា រ៉ូហ្សេត
ដល់សង្កាត់អូរចារ ជាច្រើនលើកមកហើយ ក្នុងនោះលោកថា
ចៅសង្កាត់បក្សប្រឆាំងរូបនេះធ្វើលូបង្ហូរទឹក
និងធ្វើផ្លូវថ្នល់គ្មានស្តង់ដារជាដើម។ ប៉ុន្តែការងារ
និងស្នាដៃរបស់កញ្ញា រ៉ូហ្សេត ត្រូវបានប្រជាពលរដ្ឋគាំទ្រ។
អ្នកភូមិដែលនៅតំបន់មានបញ្ហា ភាគច្រើនអះអាងថា
ពួកគាត់ជួបបញ្ហាជាច្រើនឆ្នាំហើយ
ពុំមានមេឃុំចៅសង្កាត់ណាជួយធ្វើផ្លូវជូនពួកគាត់
ដូចចៅសង្កាត់ដែលទើបជាប់ឆ្នោតថ្មីនេះទេ។
កញ្ញា រ៉ូហ្សេត ប្ដេជ្ញាជាថ្មីថា ល្គឹកណាគណបក្សសង្គ្រោះជាតិ
នៅមានដង្ហើមនៅឡើយ
កញ្ញានៅតែបន្តការងាររបស់ខ្លួនចុះជួយប្រជាពលរដ្ឋទៅមុខទៀតដោយងាករេឡើយ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment