Wednesday, November 8, 2017

អ្នក​សេដ្ឋកិច្ច​និង​សហជីព​បារម្ភ​ថា​វិបត្តិ​នយោបាយ​នឹង​ប៉ះពាល់​ការ​នាំ​ចេញ​វិស័យ​វាយនភណ្ឌ

អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច និង​សហជីព​លើក​ឡើង​ថា ការ​នាំ​ចេញ​វិស័យ​សំលៀកបំពាក់ និង​ស្បែកជើង​មាន​ចំនួន​កើន​ឡើង ឬ​ធ្លាក់​ចុះ​នោះ អាស្រ័យ​លើ​ស្ថានភាព​នយោបាយ​ល្អ ឬ​អាក្រក់​នៅ​កម្ពុជា។ ក្រុម​សហជីព​លើក​ឡើង​ថា នៅ​រៀងរាល់​ស្ថានភាព​នយោបាយ​ជាប់​គាំង ឬ​មិន​ល្អ​នោះ ទំហំ​នៃ​ការ​នាំ​ចេញ​ក៏​ធ្លាក់​ចុះ​ដែរ។
អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច និង​តំណាង​សហជីព​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​ការ​នាំ​ចេញ​វិស័យ​វាយនភណ្ឌ​កាត់ដេរ និង​ស្បែក​ជើង​នេះ ស្រប​ពេល​ការ​នាំ​ចេញ​នៅ​ដើម​ឆ្នាំ​២០១៧ មាន​ចំនួន​កើន​ឡើង​តិច​តូច​នៅ​ឡើយ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។
ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា បាន​ចេញ​របាយការណ៍​នាំ​ចេញ​សំលៀកបំពាក់ និង​ស្បែកជើង​ក្នុង​រយៈពេល ៦​ខែ ដើម​ឆ្នាំ​២០១៧ គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន​ជាង ៣.៧០០​លាន​ដុល្លារ (៣.៧៣០,៣)។ របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បង្ហាញ​ថា ការ​នាំ​ចេញ​កាល​ពី​ឆ្នាំ​២០១៥ មាន​ចំនួន ៦.៨០០​លាន​ដុល្លារ ឆ្នាំ​២០១៦ មាន ៧.៣០០​លាន និង​សម្រាប់​ឆ្នាំ​២០១៧ ការ​ព្យាករ​ចន្លោះ​ពី ៧.៨០០​លាន ទៅ ៨.០០០​លាន​ដុល្លារ​អាមេរិក។
សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា រយៈពេល ៦​ខែ​ដើម​ឆ្នាំ​នេះ ទំហំ​នាំ​ចេញ​នៅ​មាន​កំណើន​តិចតួច​នេះ ដោយសារ​តែ​ស្ថានភាព​នយោបាយ​នៅ​ដើម​ឆ្នាំ​២០១៧ មិន​ទាន់​មាន​ភាព​តានតឹង​ខ្លាំង​នៅ​ឡើយ។ បញ្ហា​នេះ គេ​មិន​ទាន់​ដឹង​ថា តើ​រយៈពេល ៦​ខែ​ចុង​ឆ្នាំ​២០១៧ ការ​នាំ​ចេញ​នៅតែ​បន្ត​កើន​ឡើង ឬ​ថយ​ចុះ​នោះ​ឡើយ៖ «»។
ប្រតិភូ​សហភាព​អឺរ៉ុប កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ព្រមាន​ថា កម្ពុជា​នឹង​អាច​ប្រឈម​ពី​ការ​កាត់​ជំនួយ និង​ការ​ពិនិត្យ​ឡើង​វិញ​ចំពោះ​វិស័យ​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយសារ​តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ប៉ុនប៉ង​រំលាយ​គណបក្ស​ប្រឆាំង។
ការ​នាំ​ចេញ​វិស័យ​វាយនភណ្ឌ​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នោះ គឺ​មាន​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ជប៉ុន និង​កាណាដា។ ទីផ្សារ​ដែល​ធំ​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ទាំង​នេះ គឺ​ទីផ្សារ​សហភាព​អឺរ៉ុប និង​បន្ទាប់​មក​សហរដ្ឋអាមេរិក ដែល​ប្រភេទ​ទំនិញ​ខ្លះ អាមេរិក​អនុគ្រោះ​ពន្ធ និង​យកពន្ធ​តិច​តូច​ជា​ទី​ផុត។
​អ្នក​ជំនាញ​ខាង​កសិកម្ម និង​សេដ្ឋកិច្ច និង​ជា​អតីត​ប្រធាន​អង្គការ​សេដាក លោក យ៉ង សាំងកុមារ ធ្លាប់​ឲ្យ​ដឹង​ថា កម្ពុជា​មិន​អាច​ពឹង​ផ្អែក​លើ​វិស័យ​វាយនភណ្ឌ​ក្នុង​ការ​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​មាន​ការ​រីកចម្រើន​ខ្លាំង​បាន​ទេ លុះត្រាតែ​រដ្ឋាភិបាល​ត្រូវ​មាន​គោលនយោបាយ​កសិកម្ម​ដែល​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា។ ប៉ុន្តែ​ដោយសារ​ស្ថានភាព​នយោបាយ​បែប​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទាំង​វិស័យ​វាយនភណ្ឌ និង​វិស័យ​កសិកម្ម ដែល​កសិផល​គ្មាន​ទីផ្សារ និង​តម្លៃ​ថោក​ជាដើម។
នៅ​រយៈពេល​ពីរ​បី​ខែ​ចុង​ក្រោយ​នេះ លោក ហ៊ុន សែន ហាក់បីដូចជា​សម្ដែង​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​កម្មករ ដោយ​លោក​រៀបចំ​ជួប​ជុំ​កម្មករ​រាប់​ម៉ឺន​នាក់​​ជា​រៀងរាល់​សប្ដាហ៍។ ទន្ទឹម​នឹង​នេះ និយោជក និង​រដ្ឋាភិបាល​សន្យា​ផ្ដល់​ជូន​ប្រាក់ខែ​ជូន​កម្មករ​ឲ្យ​បាន ១៧០​ដុល្លារ​ក្នុង​១​ខែ ចាប់​ពី​ឆ្នាំ​២០១៨ ទៅ។
តំណាង​សហជីព​លើក​ឡើង​ថា ថ្វី​បើ​វិស័យ​វាយនភណ្ឌ​មាន​ឥទ្ធិពល និង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្ដី ប៉ុន្តែ​វិស័យ​នេះ​នៅ​មាន​ឧបសគ្គ​ជា​ច្រើន​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ រួម​មាន​កម្ពុជា មិន​មែន​ជា​ប្រទេស​ផលិត​វត្ថុ​ធាតុ​ដើម គឺ​នាំ​ចូល​ពី​ក្រៅ​ប្រទេស ហើយ​គ្រាន់តែ​ជា​កន្លែង​កាត់ និង​ដេរ ដែល​ប្រាក់​ចំណូល​ពី​វិស័យ​វាយនភណ្ឌ​ត្រូវ​ចំណាយ​លើ​វត្ថុធាតុដើម​ជាង ៦០%។ បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ ទឹក​ភ្លើង​ថ្លៃ សេវាកម្ម ការ​គោរព​លក្ខខណ្ឌ​ការងារ និង​ការ​គោរព​សិទ្ធិមនុស្ស និង​ស្ថានភាព​នយោបាយ​កំពុង​ជាប់​គាំង និង​បង្ក​ហានិភ័យ​ដល់​​អ្នក​វិនិយោគ និង​សង្គម​កម្ពុជា ទាំង​មូល៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...