Monday, November 6, 2017

លោក សម រង្ស៊ី បន្ត​អះអាង​ថា គណបក្ស​សង្គ្រោះជាតិ​​នឹង​មិន​ត្រូវ​រំលាយ

លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្សប្រឆាំង នៅតែ​អះអាង​ឆ្លើយតប​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ​ថា គម្រោង​ផែនការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​របស់​លោក ហ៊ុន សែន មិន​អាច​ទៅ​រួច​ឡើយ។
ការ​ប្រកាស​ឆ្លើយ​តប​ជាថ្មី​នេះ នៅ​ក្រោយ​ពេល​លោក ហ៊ុន សែន អំពាវនាវ​ទៀត​ថា គណបក្ស​សង្គ្រោះជាតិ​នឹង​ត្រូវ​តុលាការ​រំលាយ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ខាងមុខ ហើយ​លោក​ថែម​បញ្ជាក់​ថា សមាជិក​គណបក្សប្រឆាំង ពី​ថ្នាក់ក្រោម​ដល់​តំណាងរាស្ត្រ ឱ្យ​ចុះចូល​បម្រើ​គណបក្ស​កាន់​អំណាច​របស់​លោក ដើម្បី​រក្សា​តួនាទី​ដែល​ខ្លួន​កំពុង​មាន។
សារ​ឌឺដង​ឡង​សម្ដី​ដាក់គ្នា​រវាង​លោក ហ៊ុន សែន និង​អតីត​គូរ​បដិបក្ខ​របស់​លោក គឺ​លោក សម រង្ស៊ី បាន​ឆ្លងឆ្លើយ​គ្នា​លើក​ចុង​ក្រោយ នៅ​ក្នុង​ឱកាស​ពិធី​បុណ្យអុំទូក​បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ​ដែល​មិនទាន់​នឹង​បាន​បញ្ចប់​ស្រួលបួល​ផង កាលពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា។ សម្ដី​ឌឺដង​ដាក់គ្នា​នៅ​ទាក់ទង​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​ជា​ថ្មី​ទៀត។
លោក សម រង្ស៉ី បាន​បង្ហោះ​ឃ្លីប​វីដេអូ​មួយ តាម​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ជាង ២​នាទី ក្នុង​ពិធី​ជួបជុំ​សមាជិក​តំណាងរាស្ត្រ​នៅ​ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា អះអាង​ថា លោក ហ៊ុន សែន មិន​អាច​រំលាយ​គណបក្ស​សង្គ្រោះជាតិ​បាន​ឡើយ។ ទន្ទឹម​នឹង​នោះ​ដែរ លោក​ក៏​អំពាវនាវ​ទៅ​ដល់​សមាជិក សមាជិកា មន្ត្រី​ថ្នាក់​មូលដ្ឋាន និង​តំណាងរាស្ត្រ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ព្រមទាំង​ប្រជារាស្ត្រ​ខ្មែរ​ទូទាំង​ប្រទេស កុំ​ឱ្យ​ចាញ់បោក​ការ​អូស​ទាញ​របស់​លោក ហ៊ុន សែន ឱ្យ​សោះ​ចំពោះ​ការ​លើក​ឡើង​ថា តុលាការ​កំពូល​នឹង​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នៅ​ជាង​១០​ថ្ងៃ​ខាងមុខនេះ។ «សំឡេង»
ជាមួយគ្នា​នោះ​ដែរ​លោក សម រង្ស៉ី ក៏​បាន​អះអាង​ថា អ្នកណា​ដែល​បាន​ទៅ​ចុះចូល​បម្រើ​លោក ហ៊ុន សែន ដើម្បី​ផលប្រយោជន៍ និង​លាភសក្ការៈ គឺ​ខកខ្លួន​ខក​ប្រាណ​ហើយ ដោយហេតុថា បន្តិច​ទៀត​នឹង​ឃើញច្បាស់​ហើយ​ថា មិន​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និយាយ​ឱ្យ​ខ្លី គឺ​មិន​អាច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​តែម្ដង។ «សំឡេង»
លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា បាន​បង្ហោះ​ឃ្លីប​វីដេអូ​មួយ តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ជាង​២០​នាទី បាន​អំពាវនាវ​ម្ដង​ហើយ​ម្ដងទៀត ដោយ​ទទូច​ឱ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ស្រុក​ខណ្ឌ ក្រុមប្រឹក្សា​ខេត្ត​រាជធានី ព្រមទាំង​សមាជិកសភា​តំណាងរាស្ត្រ និង​បេក្ខជន​ឈរ​ឈ្មោះ​ព្រឹទ្ធសភា​របស់​គណបក្សប្រឆាំង​ទាំងអស់ ចាក​ចេញពី​បក្ស​របស់​ខ្លួន មក​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​បាន​ឆាប់ ដើម្បី​អាច​រក្សា​ដំណែង​ត​ទៅ​មុខ​ទៀត។ លោក ហ៊ុន សែន អះអាង​ថា បើ​មន្ត្រី​បក្ស​ប្រឆាំង​មិន​ព្រម មក​ចូល​ចុះ​ចូល​បក្ស​លោក​ទេ វាសនា​ពួកគេ​មានតែ​ទៅ​ធ្វើ​ស្រែ​ចម្ការ។
ទន្ទឹង​នឹង​នេះ​ដែរ លោក ហ៊ុន សែន ហាក់បីដូចជា​ប្រាកដ​ក្នុង​ចិត្ត ១០០​ភាគរយ​ថា តុលាការ​កំពូល​នឹង​សម្រេច​រំលាយ​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា បើ​ទោះ​បី​ជា លោក​ប្រកាស​ថា លោក​នឹង​មិន​លូកដៃ​ចូល​ក្នុង​តុលាការ​ក៏ដោយ។ លោក​បន្ថែម​ថា មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ប្រមាណ​១០០​នាក់ នឹង​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ​បន្ថែម​ទៀត។ «សំឡេង»
ទោះបីជា​បែបនេះ​ក្ដី ចៅសង្កាត់​ស្លក្រាម​នៅ​ខែត្រ​សៀមរាប​លោក ឈន គឹមឃន កាលពី​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ម្សិលមិញ​អះអាង​ថា លោក​មិន​លក់​ឧត្ដមគតិ​ទៅ​បម្រើ​ការងារ​ឱ្យ​បក្ស​ប្រជាជន​កម្ពុជា​ដាច់ខាត។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ខែត្រ​សៀមរាប​បាន​ដាក់​លិខិត​អញ្ជើញ​ពួកគាត់​ទៅ​ប្រជុំ និង​ស្ដាប់​សំឡេង​លោក ហ៊ុន សែន ទាក់ទង​នឹង​ការ​អំពាវនាវ​ឱ្យ​សមាជិក​បក្ស​ប្រឆាំង​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​នេះ។ «សំឡេង»
អ្នកវិភាគ​នយោបាយ​ជើងចាស់ បណ្ឌិត ឡៅ ម៉ុងហៃ លើក​ឡើង​ថា សារ​នយោបាយ​ចុងក្រោយ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ដោយសារ​លោក ហ៊ុន សែន ចង់​ធ្វើ​ឲ្យ​គណបក្សប្រឆាំង​បែកបាក់​ដោយ​ខ្លួនឯង ជាជាង​ការ​រំលាយ​ដោយ​អំណាចតុលាការ។ ម្យ៉ាងទៀត​ប្រហែលជា​លោក ហ៊ុន សែន មើល​ឃើញ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចុះចូល​គណបក្ស​កាន់អំណាច​តិចតួច​ពេក។

ជុំវិញ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នេះ​ដែរ លោក ប្រ៊េដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួលបន្ទុក​ផ្នែក​អាស៊ី​នៃ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើក​ឡើង​ថា តុលាការ​មិន​អាច​រំលាយ​គណបក្ស​សង្គ្រោះជាតិ បាន​ឡើយ ដោយ​ហេតុ​ថា សារ​ដែល​លោក កឹម សុខា និយាយ​កាលពី​ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ គឺ​គ្រាន់តែ​ជា​ការ​បញ្ចេញមតិ​ដោយ​សន្តិវិធី មិនមែន​ជា​បទឧក្រិដ្ឋ​អ្វី​ឡើយ។ លោក ប្រ៊េដ អាដាម ក៏​បញ្ជាក់​ថា យោង​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ គេ​មិន​អាច​យក​ច្បាប់​មួយ ដែល​ទើប​បង្កើត​នៅ​ថ្ងៃ​នេះ​ទៅ​អនុវត្ត ដាក់ទោស​លើ​ជន​ណា​ម្នាក់ ដែល​បាន​ប្រព្រឹត្ត​អំពើ​មួយ​មុន​ពេល​ច្បាប់​នោះ​កើតមាន​ឡើយ៖ «បើ​មិន​មាន​គោលការណ៍​អញ្ចឹង​ទេ អ្នក​ធ្វើ​ច្បាប់​អាច​បង្កើត​ច្បាប់ ដើម្បី​ធ្វើបាប​មនុស្ស​ម្នាក់ ឬមួយ​ក្រុម ដូចជា​ចាប់​ដាក់គុក​តាម​អំពើ​ចិត្ត​បណ្ដាល​អោយ មាន​អំពើ​អយុត្តិធម៌។ អំពើ ឬ​អង្គហេតុ​ដែល​កើតឡើង​មុន​មាន​ច្បាប់ គឺ​វា​មិន​មាន​ច្បាប់​អោយ​រំលោភ​នោះ​ទេ។ ឥឡូវ​នេះ​យើង​ឃើញ​នៅ​កម្ពុជា គេ​បាន​កែប្រែ​ច្បាប់ ដើម្បី​បណ្ដេញ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ចេញពី​រដ្ឋសភា ដែល​បញ្ញត្តិ​បែបនេះ​មិន​មាន​ចែង​ក្នុង​ច្បាប់​ទាល់តែសោះ​ពី​មុន​មក។ គោលការណ៍​ច្បាប់​កំណត់​ថា អ្នកឯង​មិន​អាច​កែប្រែ​ច្បាប់​សំដៅ អនុវត្ត​ទៅលើ​អង្គហេតុ​ដែល​បាន​កើត​ឡើង​រួចហើយ​នោះ​ទេ»
ក្រមព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​២០០៩ មាត្រា​៣ ចែង​អំពី​គោលការណ៍​នីត្យានុកូលភាព ឬ​គោល​គោលការណ៍​អនុវត្ត​ច្បាប់ ចែងថា៖ «មានតែ​អំពើ​ដែល​បង្កើត​ជា​បទល្មើស នៅ​ពេល​ដែល​អំពើ​នោះ​មាន​ចែង​ក្នុង​បទបញ្ញត្តិ​ព្រហ្មទណ្ឌ​ជា​ធរមាន​ប៉ុណ្ណោះ ទើប​ត្រូវ​ផ្ដន្ទាទោស​ព្រហ្មទណ្ឌ​បាន។ មាន​តែ​ទោស​ដែល​មាន​ចែង​ក្នុង​បទបញ្ញត្តិ​ព្រហ្មទណ្ឌ ជា​ធរមាន​នៅ​ពេល​ដែល​បទល្មើស​ត្រូវ​បាន​ប្រព្រឹត្ត​ប៉ុណ្ណោះ ទើប​អាច​ត្រូវ​ប្រកាស​បាន»។ និយាយ​ដោយ​ខ្លី គោលការណ៍​ច្បាប់​កំណត់​ថា «គ្មាន​ច្បាប់ គឺ​គ្មាន​បទល្មើស»
គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​មេធាវី​តំណាង​ឱ្យ​ក្រសួងមហាផ្ទៃ​ចំនួន ៥​នាក់ កាលពី​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​កំពូល ដើម្បី​ស្នើសុំ​ឲ្យ​តុលាការ​ជាន់ខ្ពស់​នេះ រំលាយ​គណបក្ស​សង្គ្រោះជាតិ។ ការ​ដាក់​បណ្ដឹង​នេះ នៅ​ក្រោយ​ពេល​គណបក្ស​នយោបាយ​ចំនួន​២ បាន​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ កម្ចាត់​បក្ស​ប្រឆាំង​ចេញពី​ឆាក​នយោបាយ។
តុលាការ​កំពូល​នឹង​លើក​យក​រឿងក្ដី​រំលាយ​គណបក្ស​សង្គ្រោះជាតិ​មក​ជំនុំជម្រះ នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ខាង​មុខ​នេះ ខណៈ​ដែល​លោក កឹម សុខា កំពុង​ត្រូវ​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង នៅ​ឡើយ។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថា កម្ពុជា​នឹង​អាច​ជួប​បញ្ហា​ធ្ងន់ធ្ងរ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ រួមមាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ពី​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដែល​ជា​ទីផ្សារ​ដ៏​ធំ ក្នុង​ការ​នាំចូល​ផលិតផល​សំលៀកបំពាក់ និង​ស្បែកជើង​ពី​កម្ពុជា មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ។ ក្រៅ​ពី​នេះ​ទៀត មន្ត្រី​រដ្ឋាភិបាល​ប្រមាណ ៣០០​នាក់ ដែល​មាន​ទ្រព្យសម្បត្តិ​លុយកាក់​រាប់​រយ​លាន​ដុល្លារ​តម្កល់​នៅ​ធនាគារ​អន្តរជាតិ គេ​ក៏​នឹង​អាច​បង្កក​ដែរ៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...