Saturday, November 18, 2017

អាជ្ញាធរ​ខេត្ត​បាត់ដំបង​និង​បន្ទាយមានជ័យ​បង្ខំ​មេឃុំ​បក្ស​ប្រឆាំង​ឲ្យ​ចុះ​ចេញពី​តំណែង

អាជ្ញាធរ​គណបក្ស​កាន់អំណាច​នៅ​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ​បង្ខំ​ឲ្យ​មេឃុំ​ចៅសង្កាត់​គណបក្សប្រឆាំង​បញ្ចប់​តួនាទី ដោយ​ពុំ​មាន​ឯកសារ​បញ្ជាក់​ពី​ក្រសួងមហាផ្ទៃ ចាប់ពី​ថ្ងៃ​ទី​១៧ វិច្ឆិកា​តទៅ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ហៅ​ទង្វើ​នេះ​ថា ជា​ការ​អនុវត្ត​ខុសច្បាប់។
មន្ត្រី​គណបក្ស​ប្រឆាំង​ខ្លះ​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង នឹង​ការ​បង្ខិតបង្ខំ​ដោយ​អាជ្ញាធរ​បក្ស​កាន់អំណាច​នេះ​ថា ជា​ការ​ប្លន់​យក​អំណាច​ចេញពី​ការបោះឆ្នោត​ដោយ​គ្មាន​កេរ្តិ៍​ខ្មាស។
ចៅសង្កាត់​អូរចារ ក្រុង​បាត់ដំបង​កញ្ញា ស៊ិន ចាន់​ពៅរ៉ូហ្សេ​ត មាន​ប្រសាសន៍​ទៅ​កាន់​អភិបាលរង ក្រុង​បាត់ដំបង​គឺ​លោក លាង វាសនា ក្នុង​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​ទាំង​អួល​ដើមក ខណៈ​អភិបាល​រង​ក្រុង​រូប​នេះ បាន​បញ្ជា​ឲ្យ​កញ្ញា​បញ្ចប់​តួនាទី​របស់​ខ្លួន ចាប់ពី​ព្រឹក​ថ្ងៃ​ទី១៧ វិច្ឆិកា តទៅ។កញ្ញា រ៉ូហ្សេត សម្ដែង​ការ​ខឹង​សម្បា​ដោយ​អភិបាលក្រុង​មិន​អនុញ្ញាត​ឲ្យ​បន្ត​ការងារ​ជួយ​ពលរដ្ឋ​នោះ​ទេ៖ «បង​នីតិវិធី​រដ្ឋបាល​ប្រកាស​អ្នកថ្មី​មិនទាន់​មក​ផង ហើយ​លិខិត​បញ្ឈប់​ពួក​ខ្ញុំ​មិន​ទាន់​មាន​ផង​លោក​មក​អោយ​ខ្ញុំ​ឈប់​បម្រើ​សេវា​រដ្ឋបាល​យ៉ាង​មិច។ វា​មិន​សំខាន់​សម្រាប់​ពួក​ខ្ញុំ​ទេ ប៉ុន្តែ​លោក​ត្រូវ​គិត​ពី​ប្រជាពលរដ្ឋ មក​ទទួល​សេវា​រៀងរាល់ថ្ងៃ។ ដូច្នេះ​សូម​អោយ​លោក​ទៅ​ពិភាក្សា​ជាមួយ​លោក​អភិបាលក្រុង​អភិបាលខេត្ត ទៅ​លោក​មក​ពេលណា​ក៏បាន​អោយ​តែ​មាន​លិខិត​មក»
អភិបាលរងក្រុង​បាត់ដំបង​លោក លាង វាសនា បាន​នាំ​លោក​ចៅ​សង្កាត់​រង​ទី​២ គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​ពន្យល់​ឲ្យ​ចៅសង្កាត់​រូប​នេះ​ប្រគល់​ត្រា និង​ឯកសារ​ផ្សេង​ជូន​ទៅ​លោក​ចៅ​សង្កាត់​រង​ទី២ ដើម្បី​អនុវត្ត​តួនាទី​ជំនួស​ចៅសង្កាត់ ដោយ​គ្មាន​លក្ខខណ្ឌ។ លោក លាង វាសនា អះអាង​នៅ​ចំពោះ​មុខ​កញ្ញា រ៉ូហ្សេត ទៀត​ថា មូលហេតុ​ដែល​អស់​តួនាទី ព្រោះ​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​រួច​ទៅ​ហើយ៖ «ដោយសារ​មូលហេតុ​ចៅសង្កាត់ និង​ចៅ​សង្កាត់​រង​ទី​១ ត្រូវ​បាន​អស់​សិទ្ធ​អំណាច​ដោយសារ​គាត់​មកពី​គោលការណ៍​របស់​គណបក្ស​សង្គ្រោះជាតិ។ ខ្ញុំ​មក​ក្នុងនាម​រដ្ឋបាល​ថ្នាក់លើ មក​ជម្រាប​ជូន​រដ្ឋបាល​ថ្នាក់ក្រោម អោយ​គោរព​តាម​គោលការណ៍»
ចំណែក​នៅ​ឯ​ខេត្ត​បន្ទាយមានជ័យ​ឯណោះ​វិញ ក៏​មាន​បញ្ហា​អាជ្ញាធរ​គណបក្ស​កាន់អំណាច​បង្ខំ​មេឃុំ​ចៅសង្កាត់​គណបក្សប្រឆាំង​នេះ​ដូចគ្នា។
ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ ខេត្ត​បន្ទាយមានជ័យ​លោក សោ ចាន់ដេត មាន​ប្រសាសន៍​ថា មេឃុំ​ចៅសង្កាត់​គណបក្ស​លោក នៅ​គ្រប់​ទីកន្លែង​ក្នុង​ខេត្ត​មួយ​នេះ ត្រូវ​បាន​ស្មៀនឃុំ​សង្កាត់​បង្ខំ​យក​ត្រា និង​បញ្ចប់​តួនាទី​របស់​ពួកគាត់​ទាំង​ព្រឹក​ព្រលឹម ដោយ​មិន​អាច​ប្រកែក​បាន​ឡើយ៖ «ករណី​ដូចគ្នា​ករណី​កញ្ញា រ៉ូហ្សេត នៅ​គ្រប់​ឃុំ​ទាំងអស់ មុន​នេះ​បន្តិច​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ពី​ខាង​ស្រុក​មោងឬស្សី មាន​បញ្ហា​នេះ​ដូចគ្នា គឺ​គេ​អោយ​លេខា​ស្មៀន​ជា​អ្នក​អនុវត្ត​នៅ​គ្រប់​ឃុំ​ដូចគ្នា​ទាំងអស់»
ប្រធាន​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ហៅ​ការ​ដណ្ដើម​តួនាទី​ដោយ​អាជ្ញាធរ​គណបក្ស​កាន់អំណាច​នេះ​ថា ជា​ការ​អនុវត្ត​ដោយ​បំពាន​លើ​ច្បាប់៖ «ក្រោយពី​សម្រេច​របស់​គ..ប ហើយ​គឺ​គេ​មាន​នីតិវិធី​របស់​គេ​មួយទៀត គឺ​ការប្រកាស​ផ្ទេរ​ភារកិច្ច ពី​មេឃុំ ឬ​ចៅសង្កាត់​ដែល​គណបក្ស​ត្រូវ​បាន​រំលាយ​នឹង​អោយ​ទៅ​មេឃុំ​ចៅសង្កាត់​ណា​ដែល​គេ​ទទួល​ការងារ​បន្ត​ទៅ​តាមច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ឬ​ច្បាប់បោះឆ្នោត»
ក្រោយពី​អាជ្ញាធរ​បង្ខំ ឲ្យ​ចុះ​ចេញពី​តំណែង​រួចមក នៅ​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា ដដែល កញ្ញា រ៉ូហ្សេត ព្រមទាំង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់ អតីត​គណបក្ស​សង្គ្រោះជាតិ​ទាំង ៧​រូប បាន​ទៅ​ថតរូប​នៅ​សាលាសង្កាត់​រួច​ក៏​សម្រេច​ចុះ​ចេញ​ពី​តំណែង ទាំង​អាឡោះអាល័យ។ ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ដែល​គាំទ្រ កញ្ញា រ៉ូហ្សេត និង​គាំទ្រ​មេឃុំ​ចៅសង្កាត់​ផ្សេងទៀត របស់​គណបក្សប្រឆាំង​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ការបាត់បង់​មេឃុំ​ចៅសង្កាត់​ដោយសារ​តុលាការ​រំលាយ​គណបក្ស​នេះ ថា​ជា​រឿង​ជា​ការ​សម្រេច​មិន​ឆ្លុះ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...