Tuesday, December 5, 2017

បក្ស​សង្គ្រោះ​ជាតិ​ខែត្រ​កែប​ថា​មាន​នគរបាល​និង​មនុស្ស​មិន​ស្គាល់​មុខ​តាម​ដាន​មន្ត្រី​បក្ស​ប្រឆាំង

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កែប អោយ​ដឹង​ថា មាន​មន្ត្រី​នគរបាល និង​មនុស្ស​មិន​ស្គាល់​មុខ​តែង​តាមដាន​ពួកគាត់ និង​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច។ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ហៅ​សកម្មភាព​ឃ្លាំមើល​ពី​ក្រុម​នគរបាល និង​មនុស្ស​មិន​ស្គាល់​មុខ​ថា ជា​ការ​រំលោភ​លើ​សិទ្ធិមនុស្ស​របស់​ពលរដ្ឋ។
លោក នន់ តារា សម្ដែង​ការ​ព្រួយ​បារម្ភ​ថា សេរីភាព​ដើរហើរ ឬ​ការ​ជួប​ជជែក​គ្នា​លេង​ជាមួយ​ក្រុមប្រឹក្សា ឬ​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​​នៅ​ក្នុង​ខេត្ត​កែប មិន​អាច​ល្អ​ដូច​កាល​ពី​មុន​នោះ​ទេ ដោយសារ​ពួកគេ​តែង​ស្ថិត​ក្រោម​ការ​តាមដាន​ពី​ក្រុម​មនុស្ស​មិន​ស្គាល់​មុខ ឬ​ពី​សំណាក់​សមត្ថកិច្ច​តែម្ដង។ ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កែប​រូប​នេះ​អះអាង​ថា បើទោះជា​បច្ចុប្បន្ន​ពួកគាត់​បាន​ដាច់​ទំនាក់ទំនង​ទាំង​ស្រុង​ជាមួយ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​ក៏ដោយ ក៏​ពួកគាត់​នៅ​តែ​មាន​មនុស្ស​តាមដាន​ពួកគាត់​ដែរ៖ «»។
​ខេត្ត​កែប មិន​មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ស្រុក​ក្រុង ឬ​ក្រុមប្រឹក្សា​ខេត្ត ដែល​ជាប់ឆ្នោត​ដោយ​ឆន្ទៈ​ពលរដ្ឋ​ណា​ម្នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច​ឡើយ គិត​ត្រឹម​ថ្ងៃ​ផុត​ឱសានវាទ​ដែល​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ដាក់​កំហិត​ឲ្យ​ចុះ​ចូល។
ប្រធាន​ប្រតិបត្តិ​ខេត្ត​នេះ លោក នន់ តារា អះអាង​ថា មានតែ​សកម្មជន​គ្មាន​ឈ្មោះ​បោះ​សំឡេង​ដែល​រង់ចាំ​ឱកាស​ទទួល​បាន​លាភ​សក្ការៈ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ​លោក​បន្ត​ថា ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទូទាំង​ខេត្ត​កែប ដែល​ជាប់​ឆ្នោត​ដោយ​ឆន្ទៈ​ពលរដ្ឋ​មិន​ទាន់​មាន​នរណា​ម្នាក់​ចុះចូល​ជាមួយ​នឹង​បក្ស​កាន់អំណាច​នោះ​ឡើយ ទោះ​រង​ការ​គំរាម​គ្រប់​រូប​ភាព​ពី​មន្ត្រី​បក្ស​កាន់​អំណាច​ក៏ដោយ។
​បើ​ទោះ​ជា​ថ្ងៃ​ឱសានវាទ​ដែល​លោក ហ៊ុន សែន បញ្ឈប់​ឲ្យ​មាន​ការ​ចុះ​ចូល​ត្រឹម​ម៉ោង ៩​យប់ ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ក៏​នៅ​តែ​មាន​មន្ត្រី​នៅ​ថ្នាក់​ក្រោម​របស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ដើរ​អូសទាញ និង​ទិញ​ទឹក​ចិត្ត​ក្រុមប្រឹក្សាឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ទាន់​ចុះចូល​ដដែល។
​សារ​បែក​ធ្លាយ​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ព្យាយាម​ល្បួង​លួងលោម​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​បក្ស​ប្រឆាំង​នៅ​ខេត្ត​សៀមរាប ត្រូវ​បាន​គេ​ចែកចាយ​យ៉ាង​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជា​ភស្តុតាង​ស្រាប់​ដែល​បាន​បញ្ជាក់​អំពី​ការ​សន្ទនា​តាម​ទូរស័ព្ទ​របស់​មន្ត្រី​បក្ស​កាន់​អំណាច ហ៊ាន​ទិញ​ទឹកចិត្ត​មន្ត្រី​បក្ស​ប្រឆាំង​ដោយ​អោយ​តម្លៃ​ខ្លួន​រហូត​ដល់ ២​ពាន់​ដុល្លារ ឬ​អាច​មាន​មុខ​តំណែង​ជា​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន ប្រសិនបើ​ពួកគេ​បន្ត​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច។
​ជាមួយគ្នា​នោះ ក៏​មាន​សារ​បែក​ធ្លាយ​របស់​លោក ហ៊ុន សែន ដែល​ទំនង​មើល​ទៅ​អាច​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ផ្ទៃក្នុង​សម្ងាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​បាន​រៀបរាប់​ពី​ផែនការ​អូស​ទាញ​មន្ត្រី​ថ្នាក់​ក្រោម​របស់​បក្ស​ប្រឆាំង​ក្រោយ​ពេល​រំលាយ​រួច។ លោក ហ៊ុន សែន បាន​បង្គាប់​ឲ្យ​មន្ត្រី​របស់​ខ្លួន​ត្រូវ​ធ្វើ​កិច្ចការ​ដោយ​ម៉ត់ចត់ ហើយ​បើ​រក​ឃើញ​ថា អ្នក​ដែល​គណបក្ស​ប្រជាជន​កម្ពុជា អូសទាញ​បាន​ហើយ ហើយ​ជន​នោះ​ក្បត់​បក្ស​របស់​លោក​វិញ គឺ​ត្រូវ​តែ​កម្ចាត់​ចេញ។​
​ព្រះសង្ឃ​ដែល​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ព្រះតេជព្រះគុណ លួន សុវ៉ាត មាន​ព្រះ​ថេរដីកា​ថា ការ​ដាក់​នគរបាល​ ​ដាក់​មនុស្ស​ឲ្យ​ឃ្លាំមើល​សកម្មភាព​របស់​បក្ស​ប្រឆាំង ដែល​មិន​ព្រម​ចុះ​ចូល​បក្ស​កាន់អំណាច កើត​មាន​ស្ទើរ​គ្រប់​ឃុំ គ្រប់​ខែត្រ ក្នុង​ប្រទេស​កម្ពុជា។ ព្រះអង្គ​ថា មិន​មែន​តែ​ក្រុមប្រឹក្សា​ដែល​មិន​ចុះចូល​ទេ​ដែល​គេ​តាមដាន សូម្បី​ព្រះ​អង្គ​ជា​ព្រះសង្ឃ​ដែល​សកម្ម​ក្នុង​រឿង​សិទ្ធិ​មនុស្ស ក៏​រង​ការ​តាមដាន​ពី​ក្រុម​សមត្ថកិច្ច​ដែរ៖ «»។
​ចំណែក​ខាង​ផ្លូវ​ព្រះពុទ្ធសាសនា​វិញ ព្រះតេជព្រះគុណ លួន សុវ៉ាត សម្ដែង​ថា អ្នក​ដែល​តាមដាន​គេ ឬ​អ្នកបញ្ជា​ឲ្យ​មាន​ការ​តាមដាន​គេ រង​ផល​បាប​ធ្ងន់​ណាស់។ ព្រះអង្គ​ហៅ​សកម្មភាព​ដែល​ធ្វើ​ឲ្យ​គេ​ខ្លាច ជា​អំពើ​បាប​ដែល​មាន​ចែង​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា។
​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ការ​ចោទ​ប្រកាន់​ថា មាន​សមត្ថកិច្ច​តាមដាន​ក្រុមប្រឹក្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពី​ស្នងការ​ខែត្រ​កែប លោក អ៊ីង សំអុល និង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ នៅ​ថ្ងៃ​ទី​៥ ធ្នូ។ ប៉ុន្តែ​កន្លង​មក អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បំភ្លឺ​ថា ការ​អូស​ទាញ​ក្រុមប្រឹក្សា​បក្ស​ប្រឆាំង​ឲ្យ​ចុះចូល គឺ​ជា​ការ​ផ្ដល់​ឱកាស​ការងារ​ឲ្យ​អ្នក​ទាំង​អស់​នោះ។
​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​កែប លោក នន់ តារា ហៅ​ការ​តាមដាន​សកម្មភាព​ក្រុមប្រឹក្សា​បក្ស​ប្រឆាំង​នៅ​ខែត្រ​កែប ថា​ជា​ក្ដី​បារម្ភ​ពី​សុវត្ថិភាព​របស់​ពួកគាត់។ លោក នន់ តារា ស្នើ​ឲ្យ​រដ្ឋ​អំណាច​បញ្ឈប់​ការ​បំភិត​បំភ័យ​ពួកគាត់​គ្រប់​រូបភាព៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...