ក្រុមសមាជិកសភាសអាមេរិក បានអះអាងនៅថ្ងៃនេះថា
ពួកគេនឹងស្វែងរកវិធានការជាបន្ដបន្ទាប់ទៀតសម្រាប់ដាក់មកលើប្រទេសកម្ពុជា
ដោយថា ដើម្បីជួយស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ
បន្ទាប់ពីកម្ពុជាបានចាត់វិធានការបន្តបន្ទាប់ទៅលើគណបក្សប្រឆាំង។
គណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងគាំទ្រពីពលរដ្ឋប្រហែល
៣លាននាក់នោះ
ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី១៦
ខែវិច្ឆិកាកន្លងមកនេះ ហើយអាសនៈសភា
និងអាសនៈជាប់ឆ្នោតនៅថ្នាក់ក្រោមជាតិរបស់បក្សប្រឆាំងមួយនេះ
ក៏ត្រូវបានដកហូត និងបែងចែកទៅឲ្យគណបក្សផ្សេង
ដែលពលរដ្ឋមិនបានបោះឆ្នោតឲ្យ។
ជាងនេះទៅទៀត ថ្នាក់ដឹកនាំ ១១៨រូបរបស់បក្សនេះ
ក៏ត្រូវបានតុលាការសម្រេចហាមឃាត់ មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ
ខណៈដែលមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា
បន្តស្ថិតនៅក្រោមការឃុំខ្លួន ក្រោមការចោទថា «ក្បត់ជាតិ»។
វិធានការថ្មីៗនេះរបស់កម្ពុជា
បានជំរុញឲ្យមានការទណ្ឌកម្មផ្នែកទិដ្ឋាការលើមន្ត្រីជាន់ខ្ពស់កម្ពុជា
និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដែលអាមេរិកគិតថា
ជាប់ពាក់ព័ន្ធនឹងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងសវនាការមួយស្ដីអំពី «ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា»
នៅចំពោះមុខអនុគណៈកម្មាការទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិករបស់រដ្ឋសភាអាមេរិក
នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីយប់មិញនេះ កូនស្រីលោក កឹម សុខា គឺកញ្ញា កឹម
មនោវិទ្យា បានចូលរួមជាសាក្សី និងបំភ្លឺពីបញ្ហានយោបាយ ដែលថា
កំពុងមានភាពតានតឹងខ្លាំងនៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ រួមមាន
ការបិទអង្គការ NDI ការបន្ដឃុំខ្លួនឪពុករបស់កញ្ញា
និងការរំលាយអតីតគណបក្សសង្គ្រោះជាតិ តាមសាលដីកាតុលាការកំពូលនោះ។
អំឡុងពេលផ្ដល់សក្ខីកម្មនោះ កញ្ញា កឹម មនោវិទ្យា
ក៏បានស្នើទៅក្រុមសមាជិកសភាអាមេរិកផងដែរ
ឲ្យចាត់វិធានការបន្ថែមទៀត
ដើម្បីស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតបមកវិញ ក្រុមសមាជិកសភាអាមេរិក រួមមានលោក Ted Yoho លោក
Brad Sherman និងលោក Alan Lowenthal ជាដើម
បានសំដែងក្ដីព្រួយបារម្ភរបស់ពួកគេ ក្រោយបាត់បង់អតីតគណបក្សសង្គ្រោះជាតិ
ការបែងចែកអាសនៈសភារបស់បក្សនេះ ឲ្យទៅគណបក្សផ្សេង ដែលមិនបានជាប់ឆ្នោត
និងការយាយីលើក្រុមអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។
ក្រុមសមាជិកសភាអាមេរិកទាំងនោះ ជឿជាក់ថា
អាមេរិកនឹងពិនិត្យមើលជំនួយបរទេសរបស់ខ្លួនជាមួយកម្ពុជាឡើងវិញ ជាពិសេសនោះ
គឺសហរដ្ឋអាមេរិក នឹងស្នើទៅបណ្ដាប្រទេសនៅសហគមន៍អឺរ៉ុប
ឲ្យចូលរួមដោះស្រាយវិបត្តិនយោបាយនៅកម្ពុជានេះផងដែរ។
ថ្លែងក្នុងសវនាការនោះដែរ ប្រធានគណៈកម្មាការកិច្ចការបរទេស លោក Ed Royce
មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ គឺជារដ្ឋាភិបាលផ្ដាច់ការ និងថា
រដ្ឋការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នឹងរិះរកវិធានការជាបន្ដបន្ទាប់
ដើម្បីឲ្យកម្ពុជាងាកទៅដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងគោពសិទ្ធិមនុស្ស។
លោកថា៖ «រដ្ឋការលោក ដូណាល់ ត្រាំ
បានឆ្លើយតបដោយជំហ៊ានជាវិជ្ជមានមួយចំនួន ដូចជាកាលពីសប្ដាហ៍មុន
ដោយប្រកាសនៃការហាមឃាត់ផ្នែកទិដ្ឋាការលើអ្នកទាំងអស់នោះ
ដែលបានធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យ ប៉ុន្ដែ
នោះមិនមែនជាការបញ្ឈប់ត្រឹមហ្នឹងនោះទេ ហើយខ្ញុំរងចាំស្ដាប់ពីសាក្សី ថាតើ
វិធានការអ្វី ដែលយើងគួរធ្វើ ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា
ហើយជាអ្វី ដែលយើងស្នើសុំឲ្យអ្នកសាធារណរដ្ឋជុំវិញពិភពលោក
និងអ្នកប្រជាធិបតេយ្យគ្រប់ស្ថាប័ន ឲ្យធ្វើការរួមគ្នា»។
អ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន មានប្រសាសន៍ថា
រដ្ឋាភិបាលមិនខ្វល់ចំពោះការបញ្ចេញទស្សនៈរបស់ក្រុមសមាជិកសភាអាមេរិកទាំងនោះឡើយ
ដោយថា កម្ពុជាកំពុងដើរលើផ្លូវត្រូវ និងធ្វើតាមច្បាប់របស់ខ្លួន។
លោកថា៖ «ខ្ញុំយល់ថា កម្ពុជា
ដើរលើផ្លូវត្រូវ ដែលកម្ពុជា បានកំណត់រួចហើយ ឈរលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ
និងនីតិរដ្ឋនៅកម្ពុជា ត្រង់ថា អ្នកខាងក្រៅនិយាយថាម៉េច អាហ្នឹងជារឿងគេ
ដែលមិនមានឥទ្ធិពលអ្វី មកលើឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជានោះទេ»។
សហគមន៍អន្តរជាតិ
បានថ្កោលទោសជាបន្តបន្ទាប់ទៅលើរដ្ឋាភិបាលកម្ពុជា
ជុំវិញវិធានការថ្មីៗទៅលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល
និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន ដោយចាត់ទុកថា
កម្ពុជាកំពុងដើរឃ្លាតចាកពីគន្លងលទ្ធិប្រជាធិបតេយ្យ។
ទោះជាយ៉ាងណា មានតែប្រទេសចិនកុម្មុយនីស្តមួយប៉ុណ្ណោះ
បានគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា
ដោយចាត់ទុកជាការថែរក្សា និងការពារសន្តិភាព និងស្ថេរភាពជាតិ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment