Monday, December 11, 2017

សមាជិក​រដ្ឋសភា​ហ៊្វុនស៊ិនប៉ិច​ថា​ដើរ​តាម​បក្ស​កាន់​អំណាច

ភ្នំពេញៈ សមាជិក​រដ្ឋសភា​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​បាន​បង្ហាញ​និន្នាការ​មិន​ប្រឆាំង​ទៅ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​អំណាច បាន​ចូល​កាន់កាប់​អាសនៈ​ក្នុង​រដ្ឋសភា​ជា​ផ្លូវការ​ កាលពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ ​ក្រោយ​ពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ចោទ​ថា​ក្បត់​ជាតិ​កាលពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​។
ខណៈ​អ្នក​វិភាគ​ថ្លែង​ កាលពី​ម្សិលមិញ​ថា​ ​តំណាង​ទាំង​នោះ​អាច​មិន​មាន​ឥទ្ធិពល​ ដោយសារ​ចំណុច​ខ្សោយ​នៃ​ការ​ដឹង​គុណ​បក្ស​កាន់​អំណាច​។
សមាជិក​រដ្ឋសភា​ចំនួន​ ១១៧ ​រូប​នៃ​ចំនួន​សរុប​ ១២៣ ​រូប​ដែល​មាន​វត្តមាន​ពេល​ផ្ដើម​សម័យ​ប្រជុំ​កាលពី​ថ្ងៃ​ទី​ ៨ ខែ​ធ្នូ​ឆ្នាំ​ ២០១៧ បាន​បោះឆ្នោត​សម្ងាត់​ដោយ​មាន​សំឡេង​ភាគច្រើន​លើស​លុប​គាំទ្រ អនុប្រធាន​រដ្ឋសភា​ប្រធាន​ និង​អនុប្រធាន​រួម​ទាំង​សមាជិក​នៃ​គណៈកម្មការ​មកពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច គណបក្ស​សញ្ជាតិ​កម្ពុជា​រួម​ទាំង​គណបក្ស​ប្រជាជន​ដែល​ទទួល​បាន​អាសនៈ​ថែម​ឲ្យ​ចូល​កាន់​កាប់​អាសនៈ​ទាំងអស់​ជា​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។
តួនាទី និង​រចនាសម្ព័ន្ទ​ក្នុង​រដ្ឋសភា ក្រោយ​ការ​បោះឆ្នោត​នោះ​គឺ​អនុប្រធាន​ទី​ ១ ​នៃ​រដ្ឋសភា និង​ប្រធាន​គណកម្មការ​ចំនួន​ ៥ នៃ​ចំនួន​សរុប​គណៈកម្មការ​ចំនួន​ ១០ ត្រូវ​បាន​បែងចែក​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។
លោក​ យូ ហុកគ្រី អនុប្រធាន​ទី​ ១ ​នៃ​រដ្ឋសភា​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ថា​៖ «​យើង​ខ្ញុំ​យល់​ថា ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិន​ចង់​បាន​ឈ្មោះ​ជា​គណបក្ស​ប្រឆាំង​ទេ តែ​យើង​សូម​ឈ្មោះ​ថា ​ជា​គណបក្ស​សំឡេង​ភាគតិច​។ យ៉ាង​ម៉េច​បាន​ជា​ខ្ញុំ​និយាយ​អ៊ីចឹង​ត្រូវ​ក៏​ប្រឆាំង​ខុស​ក៏​ប្រឆាំង​គ្មាន​ន័យ​សម្រាប់​ប្រជាជន​សម្រាប់​ប្រជារាស្ត្រ​»​។
លោក​បន្ថែម​ថា​៖ «​ខ្ញុំ​គិត​ថា​យើង​នឹង​ជំរុញ​អបអរសាទរ​នូវ​អ្វី​ដែល​រាជរដ្ឋាភិបាល​លោក​បាន​ធ្វើ​ហើយ​ចំ​ទិសដៅ ប៉ុន្តែ​បើ​មាន​កិច្ចការ​ដែល​យើង​យល់​ថា​ខ្លះ​គឺ​កែសម្រួល យើង​នឹង​ធ្វើឲ្យ​មាន​ការ​សុំ​សម្រុះសម្រួល​ដើម្បី​យើង​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជារាស្ត្រ​លោក​បាន​ទទួល​នូវ​ភាព​សុខដុម ហើយ​សម្បូរ​សប្បាយ​ជាមួយ​គ្នា​»​។
ឆ្លើយតប​នឹង​ការ​រិះគន់​ពី​សាធារណជន​មួយ​ចំនួន​លោក យូ ហុកគ្រី បាន​អះអាង​ថា​ការ​ចំអក​ជា​មតិ​របស់​គេ​មិនមែន​ជា​មូលដ្ឋាន​នៃ​ច្បាប់​នោះ​ទេ ព្រោះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទទួល​យក​តំណែង​ទាំង​នោះ​ស្រប​តាម​ច្បាប់​ជា​ធរមាន​។
លោក​ថ្លែង​ថា​៖ «​ឧបមា​គេ​និយាយ​ថា​យក​មក​ចែក​ឲ្យ​ដោយ​មិន​ទាន់​មាន​សំឡេង​មែនទែន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិនមែន​អត់​សំឡេង​ទេ គ្រាន់​តែ​សំឡេង​វា​មិន​គ្រប់​ទទួល​បាន​កៅអី អ៊ីចឹង​អា​សំឡេង​ហ្នឹង​ហើយ​គេ​យក​ទៅ​ចែក​តាម​ច្បាប់​ដែល​ធ្វើ​ជា​សមាមាត្រ​»​។
លោក ហុកគ្រី ថ្លែង​បន្ត​ថា​៖ «​អ៊ីចឹង​ខ្ញុំ​ថា​ការ​ទិតៀន​គឺ​ទិតៀន ក៏​ប៉ុន្តែ​មូលដ្ឋាន​វា​មិន​រឹងមាំ​ទេ​។ យើង​ធ្វើ​ម៉េច​ក៏ដោយ​ត្រូវ​គោរព​តាម​ច្បាប់ ច្បាប់​ដែល​យើង​យក​មក​អនុវត្ត​គឺ​ច្បាប់​ស្រុក​ខ្មែរ​មិនមែន​ច្បាប់​​អាមេរិកាំង​មិនមែន​ច្បាប់​ប្រទេស​បារាំង មិនមែន​ច្បាប់​ស្រុក​អង់គ្លេស​ឯណា​…​យើង​ជា​ប្រទេស​សេរី យើង​មិន​អាច​ទៅ​ហាមឃាត់​អ្នក​មាន​មតិ​មិន​ឲ្យ​គេ​មាន​មតិ​ឯណា​»​។
លោក មាស នី អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម និង​នយោបាយ​ថ្លែង​ថា​តំណាង​រាស្ត្រ​មកពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​អាច​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ពេញ​លេញ​ដូច​គណបក្ស​ជំទាស់​នោះ​ទេ ព្រោះ​បក្ស​នេះ​មាន​ចំណុច​ខ្សោយ​នៃ​ការ​ដឹង​គុណ​បក្ស​កាន់​អំណាច​។
លោក នី ថ្លែង​ថា​៖ «​អ៊ីចឹង​ទី​ ១ ​ត្រូវ​ដឹង​គុណ​គេ ហើយ​ទី​ ២ ​ទៀត​នៅ​ក្នុង​ហ្នឹង​ខ្ញុំ​គិត​ថា​ដោយសារ​តែ​ខ្លួនឯង​មិនមែន​ជា​តំណាងរាស្ត្រ​ដែល​រាស្ត្រ​បោះ​ឲ្យ​នោះ អ៊ីចឹង​ការ​និយាយ​អី​ក៏​មិន​ជា​មាន​ឥទ្ធិពល​អី​ប៉ុន្មាន​ដែរ​។ ព្រោះ​អី​វា​មាន​ចំណុច​មួយ​គឺ​ចំណុច​ខ្សោយ​នៃ​ការ​ដឹង​គុណ​ព្រោះ​សភា​នេះ​គឺជា​សភា​ដែល​គេ​ហៅថា ចែក​អំណាយ​ជា​អំណោយ​ដែល​ផ្ដល់​ឲ្យ​ដោយ​គណបក្ស​កាន់​អំណាច​»​។
តំណាងរាស្ត្រ​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​ក្រុម​អតីត​តំណាង​រាស្ត្រ​ទាំង​នោះ​ធ្លាប់​រិះគន់​ថា​ជា​តំណែង​ដែល​មិន​ស្រប​នឹង​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់ឆ្នោត និង​ប្រកាស​មិន​ទទួល​ស្គាល់​ការ​បែងចែក​អាសនៈ​របស់​ពួកគេ​ទៅ​ឲ្យ​គណបក្ស​ផ្សេង​ឡើយ​។
យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​សម័យ​ប្រជុំ​រដ្ឋសភា​កាលពី​ថ្ងៃ​សុក្រ​ទី​ ៨ ខែ​ធ្នូ ឆ្នាំ​ ២០១៧ បាន​ឲ្យ​ដឹង​ថា​៖ ​គណៈកម្មការ​ទី​ ១ (​គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យ​​បណ្តឹង អង្កេត និង​ទំនាក់​ទំនង​រដ្ឋសភា ព្រឹទ្ធសភា​) ​ដែល​ធ្លាប់​ដឹកនាំ​ដោយ​លោក អេង ឆៃអ៊ាង អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ជំនួស​ដោយ​លោក ញ៉េប ប៊ុនជិន តំណាងរាស្ត្រ​ជា​អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។
គណៈកម្មការ​ទី​ ៣ (​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង ធនធាន​ទឹក​) ​ដែល​ធ្លាប់​ដឹកនាំ​ដោយ​លោក ប៉ុល ហំម ត្រូវ​បាន​ជំនួយ​មក​វិញ​ដោយ​លោក យឹម សាវី​។
គណៈកម្មការ​ទី​ ៧ (​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​) ​ដែល​ធ្លាប់​ដឹកនាំ​ដោយ​លោក យ៉ែម បុញ្ញឫទ្ធិ ត្រូវ​បាន​ជំនួយ​មក​វិញ​ដោយ​លោក ផាន់ សិទ្ធី​។
ចំណែកឯ​គណៈកម្មការ​ទី​ ៨ (​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី​) ​ដែល​ធ្លាប់​ដឹកនាំ​ដោយ​លោកស្រី កែ វណ្ណរតន៍ ត្រូវ​បាន​ជំនួស​មក​វិញ​ដោយ លោក ចាប ញ៉ាលីវុធ​។
រីឯ​គណៈកម្មការ​ទី​ ១០ ដែល​ជា​គណៈកម្មការ​អង្កេត​បោសសំអាត និង​ប្រឆាំង​អំពើ​ពុករលួយ​ពី​មុន​ដឹកនាំ​ដោយ​លោក ហូរ វ៉ាន់ ត្រូវ​បាន​ជំនួស​វិញ​ដោយ លោក ប៉ោ ប៊ុនស្រ៊ឺ​។
រីឯ​គណៈកម្មការ​ជំនាញ​ចំនួន​ ៥ ​ផ្សេង​ទៀត​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​មាន​អនុប្រធាន​មកពី​​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ត្រូវ​បាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទទួល​កាន់​តំណែង​ជា​អនុប្រធាន​ជំនួស​ទាំងអស់​នៅ​គ្រប់​កន្លែង​ផង​ដែរ​៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...