Monday, December 25, 2017

សភា​អ៊ីតាលី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ខ្លួន​ធានា​ដំណើរការ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​នៅ​កម្ពុជា

គណៈកម្មការ​សិទ្ធិមនុស្ស​នៃ​គណៈកម្មាធិការ​កិច្ចការ​បរទេស សភា​អ៊ីតាលី បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អ៊ីតាលី ធ្វើ​កិច្ចការ​ជាមួយ​ក្រុម​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស និង​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ ដើម្បី​ធានា​ដល់​ដំណើរការ​ប្រជាធិបតេយ្យ និង​ការ​បង្កើត​ឲ្យ​មាន​នីតិរដ្ឋ​នៅ​កម្ពុជា។
កាលពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​សភា​អ៊ីតាលី ដឹកនាំ​ដោយ​លោក ហ្វាបប្រ៊ីស្យូ ឃ៊ីឈីតូ (Fabrizio Cicchitto) សមាជិកសភា​បាន​ថ្កោលទោស​ការ​បង្ក្រាប​សកម្មជន​សិទ្ធិមនុស្ស អ្នក​សារព័ត៌មាន​ឯករាជ្យ ជាពិសេស​អ្នក​រិះគន់​រដ្ឋាភិបាល ក្នុង​ប្រទេស​កម្ពុជា ដែល​កាន់​តែ​មាន​ស្ថានភាព​អាក្រក់​ឡើងៗ នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។
ចំណែក លោក ពីយ៉ា ឡូកាត់ធីលី (Pia Locatelli) សមាជិក​សភា និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ដែល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​គណៈកម្មការ​កិច្ចការ​បរទេស ក៏​បាន​ថ្កោលទោស​ចំពោះ​ការ​រំលោភ​នានា​ដែល​បាន​ប្រព្រឹត្តិ​មក​លើ​គណបក្សប្រឆាំង​ដ៏​សំខាន់​នេះ​ដែរ។ សេចក្ដី​សម្រេច​នេះ​មាន​គោលបំណង​ស្តារ​ឡើង​វិញ​នូវ​ការ​គោរព​សិទ្ធិ​ស៊ីវិល និង​សិទ្ធិ​នយោបាយ​ជា​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។
សេចក្ដី​សម្រេច​នេះ​ថ្កោលទោស​ចំពោះ​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល ហ៊ុន សែន ក្នុង​ការ​រំលាយ​គណ​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា គឺ​គណបក្ស​សង្គ្រោះជាតិ ដោយ​ការប្រើប្រាស់​នូវ​ប្រព័ន្ធ​តុលាការ ដែល​នាំ​ឲ្យ​អតីត​ប្រធាន​គណបក្ស​លោក សម រង្ស៊ី ត្រូវ​រស់នៅ​និរទេស​ខ្លួន ហើយ​លោក កឹម សុខា ប្រធាន​គណបក្ស​ត្រូវ​បាន​ចាប់ខ្លួន និង​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង ចាប់​តាំង​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំនេះ។
គណៈកម្មការ​សភា​របស់​ប្រទេស​អ៊ីតាលី​ក៏បាន​ប្ដេជ្ញា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អ៊ីតាលី បង្ហាញ​ការ​ថ្កោលទោស​នេះ​នៅ​គ្រប់​ស្ថាប័ន​អន្តរជាតិ​ទាំងអស់ និង​ដើម្បី​ទទួល​បាន​នូវ​ព័ត៌មាន​ស្ដីពី​ការ​ជំនុំជម្រះ​លោក កឹម សុខា ព្រមទាំង​ការ​ឃុំ​ឃាំង​ដោយ​ខុសច្បាប់​នៃ​ក្រុម​អ្នកប្រឆាំង​ដទៃ​ទៀត។
ជាង​នេះ​ទៅ​ទៀត ក្រុម​តំណាងរាស្ត្រ​របស់​ប្រទេស​អ៊ីតាលី អំពាវនាវ​ឱ្យ​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ប៉ារីស ឆ្នាំ​១៩៩១ ហើយ​ដែល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ អង្គការ សហប្រជាជាតិ ជំរុញ​អោយ​មាន​ការ​រៀប​ចំ​ការ​បោះឆ្នោត ដោយ​សេរី និង​យុត្តិធម៌ នៅ​កម្ពុជា ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...