អាជ្ញាធរខេត្តព្រះសីហនុ នៅថ្ងៃទី ១០ ធ្នូ នេះ
បានធ្វើសន្និសីទកាសែតមួយ
ដើម្បីបង្ហាញមុខក្រុមចាប់ជំរិតជាជនជាតិចិន៣រូប
ក្រោយពីការបង្ក្រាបបានកាលពីយប់ថ្ងៃទី ០៩ ធ្នូ។
ការប៉ុនប៉ងចាប់ជំរិតលើជនជាតិចិនដូចគ្នាតែមិនបានសម្រេចនេះ
គឺក្នុងបំណងទាមទារប្រាក់ចំនួន៨០ម៉ឺនដុល្លារអាមេរិក។
សូមបញ្ជាក់ថា នេះគឺជាករណីចាប់ជំរិតទី០១
ដែលបានកើតឡើងនៅក្នុងទឹកដីខេត្តទេសចរណ៍ដ៏ធំរបស់កម្ពុជាមួយនេះ
ខណៈប្រជាពលរដ្ឋ និងអ្នកទេសចរណ៍កម្ពុជា
បានរអ៊ូរទាំកាន់តែខ្លាំង
ពីវត្តមានដ៏ច្រើនរបស់ជនជាតិចិន
នៅក្នុងទឹកដីខេត្តព្រះសីហនុ។
អំពើចាប់ជំរិតជនជាតិចិនតែមិនបានសម្រេចនេះ
បានកើតឡើង កាលពីវេលាម៉ោង ៦ និង៣០នាទីយប់ និងទី០៩ ធ្នូ
ស្ថិតនៅផ្ទះជួលមួយកន្លែង ក្នុងបុរី ប៊ីអេស (BS) ក្រុមទី១ ភូមិ៥
សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយក្រុមជនសង្ស័យមានគ្នា៣នាក់។
ពួកគេបានរៀបផែនការនិងចាប់ជំរិតជនរងគ្រោះម្នាក់ឈ្មោះ LI FUJIE
ភេទប្រុសអាយុ៤៧ឆ្នាំ ជាជនជាតិចិនដូចគ្នា
ដែលមានតួនាទីជាប្រធានទីផ្សារផ្នែកទំនាក់ទំនងនាំភ្ញៀវប្រចាំកាស៊ីណូមួយកន្លែង
នៅខេត្តព្រះសីហនុ។
បើតាមរបាយការណ៍ គឺកាលពីយប់ថ្ងៃទី ០៨ ធ្នូ
ជនរងគ្រោះឈ្មោះ LI FUJIE ភេទប្រុសអាយុ៤៧ឆ្នាំ ជាជនជាតិចិន
បានបើករថយន្ដម៉ាក PORSCHE តែម្នាក់ឯង
លុះមកដល់កន្លែងស្ងាត់ត្រង់ចំណុចជិតស្ថានីយចំរោះទឹកអូរឈើទាល់
ក្នុងសង្កាត់លេខ៤ ក្រុមជនសង្ស័យមានគ្នា០៣នាក់ បានបើករថយន្ដ Lexus
ស្ទាក់គៀរ។ ពេលនោះជនរងគ្រោះបានឈប់រថយន្តដើម្បីសួរនាំ
ប៉ុន្តែត្រូវបានក្រុមជនល្មើសយកកាំភ្លើងភ្ជង់
រួចបានចាប់ក្រៀកដាក់ចូលទៅក្នុងរថយន្ត ដឹកយកទៅបង្ខាំងទុកតែម្តង។
បន្ទាប់មកជនល្មើស បានទុកគ្នាម្នាក់ឲ្យនៅយាមជនរងគ្រោះ
រីឯគ្នាជនល្មើស០២នាក់ទៀត បានបើករថយន្តរបស់ជនរងគ្រោះម៉ាក PORSCHE
យកទៅផ្លុងចោល នៅក្បែបេនឡានចាស់ ស្ថិតនៅក្នុងខេត្តព្រះសីហនុដដែល។
បន្ទាប់មក នៅប្រមាណជា២ម៉ោងក្រោយមក
ក្រុមជនសង្ស័យបានទូរស័ព្ទទៅប្អូនរបស់ជនរងគ្រោះ
ដោយបានទាមទារប្រាក់ចំនួន៨០ម៉ឺនដុល្លារអាមេរិក
ប៉ុន្តែផែនការរបស់ពួកគេ ត្រូវបានបរាជ័យ
បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបខេត្តព្រះសីហនុបង្ក្រាបបាន
កាលពីយប់ថ្ងៃទី ០៩ ធ្នូ ឆ្នាំ ២០១៧នេះ។ ប្រតិបត្តិការនេះ
ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ
ស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានកិច្ចសហការពីព្រះរាជអាជ្ញារផង។
នៅក្នុងប្រតិបត្តិការនេះ
សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ដែលម្នាក់ឈ្មោះ ZHENG
RONGMAO ភេទប្រុស អាយុ ២៦ឆ្នាំ ទី២.ឈ្មោះ DAI HONGDA ភេទប្រុស អាយុ
២៣ឆ្នាំ និងអ្នកទី៣.ឈ្មោះ LIN JINPEI ភេទប្រុសអាយុ២៤ឆ្នាំ។
ជាមួយនឹងការចាប់ខ្លួននេះ
សមត្ថកិច្ចបានរកឃើញនូវវត្ថុតាងមួយចំនួនដូចជា៖ កាំភ្លើងខ្លីមួយដើម
(BERETTA STOM) មានគ្រាប់ចំនួន១០គ្រាប់, កូនកាំប៊ិតមួយ, ខ្សែចងរឹត
(ស៊ីល) ចំនួន២ដុំ, ទូរស័ព្ទដៃចំនួន០៦គ្រឿង និង រថយន្តលុចសីស RX300
ចំនួន១គ្រឿងផង។
តាមរយៈសន្និសីទកាសែតនៅថ្ងៃនេះ
លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ
បានឲ្យដឹងថា ក្រុមជនសង្ស័យទាំងនេះមកពីប្រទេសចិន
ដោយបានប្រើប្រាស់លិខិតឆ្លងដែនពីរផ្សេងៗគ្នា
មួយជាលិខិតឆ្លងដែនពិតប្រាកដសម្រាប់ធ្វើទិដ្ឋាការធ្វើដំណើរ
និងមួយទៀតជាលិខិតឆ្លងដែនក្លែងក្លាយ ប្រើសម្រាប់ការជួលរថយន្ត
និងជួលផ្ទះ
ដើម្បីងាយស្រួលក្នុងការផ្លាស់ប្តូរអត្តសញ្ញាណនិងទីតាំងរបស់ពួកគេដើម្បីគេចខ្លួននៅពេលបែកការណ៍។
ហើយបើតាមការបញ្ជាក់ពីលោកស្នងការដដែល ក្រុមនេះ
បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា
គឺដើម្បីតាមរកមើលអ្នកវិនិយោគិនចិនណាដែលមានប្រាក់ច្រើន
ដើម្បីរកឱកាសចាប់ជំរិតជាបន្តបន្ទាប់ ប៉ុន្តែសកម្មភាពរបស់ពួកគេ
ត្រូវបានបង្ក្រាបបានទាន់ពេលវេលា។
គួរជំរាបជូនថា
នេះគឺជាអំពើចាប់ជំរិតជនជាតិចិនលើកទី០១
ដែលបានកើតឡើងនៅក្នុងខេត្តព្រះសីហនុ ខណៈដែលប្រជាពលរដ្ឋខ្មែរ
កំពុងរអ៊ូរទាំទៅនឹងវត្តមានដ៏ច្រើនរបស់ជនជាតិចិននៅក្នុងខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាមួយនេះ៕
No comments:
Post a Comment