Wednesday, December 13, 2017

លោក​ ហ៊ុន សែន ​ព្រមាន​លោក​ សម រង្ស៊ី ចំពោះ​ការ​ញុះញង់​កងទ័ព

ភ្នំពេញៈ ដោយ​លើក​ឡើង​ពី​ការ​វ៉ៃ​បំបាក់​ឆ្អឹង​ខ្នង កាត់​ក្បាល និង​រំលាយ​ដង​ខ្លួន​នៃ​អង្គការ​ភេរវកម្ម​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​ក៏​បាន​ធ្វើការ​ព្រមាន​ផង​ដែរ​ចំពោះ​លោក សម រង្ស៊ី ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​អ្វី​ដែល​លោក​អធិប្បាយ​ថា​អតីត​មេបក្ស​ប្រឆាំង​រូប​នេះ​បាន​ញុះញង់​ឲ្យ​កងទ័ព​បះបោរ​ដើម្បី​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ដោយ​លោក​ថ្លែង​ថា​កងទ័ព​នឹង​ធ្វើ​ប្រតិកម្ម​ភ្លាម​បើ​លោក សម រង្ស៊ី ​មាន​វត្តមាន​ក្នុង​ប្រទេស​។
ការ​ថ្លែង​របស់​លោក ហ៊ុន សែន បែប​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ អគារ​ហ្វឹកហ្វឺន​ជំនាញ​ចារកម្ម និង​បុក​គ្រឹះ​សាងសង់​សាលប្រជុំ​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ ចារកិច្ច ស្ថិត​នៅ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ដែល​នេះ​គឺជា​ការ​ឆ្លើយតប​ដោយ​មិន​បញ្ចេញ​ឈ្មោះ​តែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​គឺ​សំដៅ​ទៅ​លើ​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ​។
លោក​នាយក​រដ្ឋមន្ត្រី​លើក​ឡើង​ថា​៖ «​អ្នក​កុំ​មាន​ក្ដីស្រមៃ និង​ញុះញង់​ឲ្យ​កងទ័ព​បះបោរ​ចលាចល​ដើម្បី​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​នោះ​ផ្ទុយ​ទៅ​វិញ​ខ្លួន​អ្នក​ក៏​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ដែរ ព្រោះ​កងទ័ព​គឺ​អាច​នឹង​មិន​ទុក​អ្នក​ឲ្យ​នៅ​ស្ងៀម​បាន​នោះ​ទេ​។ អ្នក​ត្រូវ​យល់​ឲ្យ​បាន ប៉ុន្តែ​ប្រហែល​មកពី​អ្នក​នៅ​ឆ្ងាយ​ពី​កម្ពុជា​រាប់​ម៉ឺន​គីឡូម៉ែត្រ​ទើប​អ្នក​ហ៊ាន​និយាយ​»​។ ​«​ប្រសិន​បើ​អ្នក​នៅ​ជិត អ្នក​ច្បាស់​ជា​មិន​ហ៊ាន​និយាយ​ទេ​ព្រោះ​កងទ័ព​នឹង​ធ្វើ​ប្រតិកម្ម​ភ្លាម​ចំពោះ​អ្នក​តែ​ម្ដង​…»​។
លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​ក៏​គួរ​ដាស់​តឿន​រំឭក​ថា​កងទ័ព ឬ​ក៏​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​មូល​និយាយ​ជា​រួម​ និង​និយាយ​ដោយ​ឡែក​គឺ​កងយោធពល​ខេមរភូមិន្ទ​ជា​ឧបករណ៍​របស់​រដ្ឋ​ដែល​ត្រូវ​ការពារ​រដ្ឋ​។ កន្លង​ទៅ​បដិវត្តន៍​ពណ៌​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​គេ​តែងតែ​ខិតខំ​ធ្វើ​អព្យាក្រឹត​តូបនីយកម្ម​កងកម្លាំង​ប្រដាប់​អាវុធ ហើយ​ជាពិសេស​គឺ​កងទ័ព​នេះ​តែ​ម្ដង​។ គេ​បាន​ទទួល​ជោគជ័យ​ទៅ​លើ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​តាមរយៈ​នៃ​ការ​ធ្វើ​អព្យាក្រឹត​តូបនីយកម្ម​កម្លាំង​ប្រដាប់​អាវុធ​ ប៉ុន្តែ​ខ្ញុំ​អាច​ជម្រាប​ជូន​អស់​លោក​នាយទាហាន​នៅ​ទី​នេះ​ក៏​ដូចជា​នៅ​កន្លែង​ដទៃ​ទៀត​ឲ្យ​បាន​ជ្រាប​ថា​អព្យាក្រឹត​នៃ​កម្លាំង​ប្រដាប់​អាវុធ​ធ្វើ​បាន​តែ​ចំពោះ​មុខ​បណ្ដា​បក្ស​នយោបាយ​តែ​ប៉ុណ្ណោះ នៅក្នុង​ស្ថានភាព​ដែល​ប្រទេស​ជាតិ​របស់​យើង អនុវត្ត​នូវ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​គឺ​យើង​​អព្យាក្រឹត ចំពោះ​មុខ​បណ្ដា​បក្ស​នយោបាយ​ទាំងអស់ ដូចជា​ការ​ដាក់​ការ​ការពារ​សម្រាប់​បក្ស​កាន់​អំណាច ឬ​បក្ស​មិន​កាន់​អំណាច​គេ​ការពារ​ឲ្យ​ទាំងអស់​គ្នា​ស្មើៗ​គ្នា​»​។
ប៉ុន្តែ​លោក​ ហ៊ុន សែន ​បញ្ជាក់​ថា​កងទ័ព​ ឬ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​មូល​មិនមែន​អព្យាក្រឹត​ចំ​មុខ​រវាង​ម្ខាង រាជរដ្ឋាភិបាល និង​ម្ខាង​ទៀត​បក្ស​នយោបាយ​ទេ កងទ័ព​ឬ​កងកម្លាំង​ប្រដាប់អាវុធ​បង្កើត​ឡើង​ដើម្បី​ការពារ​រដ្ឋ​ដូច្នេះ​គ្មាន​ទេ​ពាក្យ​អព្យាក្រឹត​នៅ​ទេ​ «​បើ​សិន​ជា​ការ​ធ្វើ​ខុស​រដ្ឋ​បញ្ជា​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​បង្ក្រាប ឬ​ក៏​ទប់ស្កាត់​នូវ​អំពើ​ណា​ដែល​លេច​ចេញ​មក​អំពី​ឧបាយកល​អាក្រក់​ និង​អំពើ​ខុស​ច្បាប់​ទាំងឡាយ​»​។
លោក​ ហ៊ុន សែន ថ្លែង​ទៀត​ថា​គុក​គេ​បង្កើត​ឡើង​ដើម្បី​ដាក់​ទោស​អ្នក​ខុស​ហើយ​អ្នក​ទៅ​ដាក់​ខ្នោះ​ចំពោះ​អ្នក​ខុស​គឺ​កម្លាំង​នគរបាល ឬ​អាវុធហត្ថ​នេះ​តែ​ម្ដង​។
«​ដូច្នេះ​ចំណុច​នេះ​ត្រូវ​យល់​ឲ្យ​ច្បាស់​មិន​ត្រូវ​ភាន់ច្រឡំ​ទៅ​លើ​បញ្ហា​អព្យាក្រឹត​ចំពោះ​មុខ​បណ្ដា​បក្សនយោបាយ និង​មិន​អព្យាក្រឹត​រវាង​រដ្ឋ និង​បក្ស​នយោបាយ​នោះ​ទេ​។ បក្ស​នយោបាយ​គ្មាន​សិទ្ធិ​បញ្ជា​កងទ័ព​នោះ​ឡើយ ប៉ុន្តែ​រាជរដ្ឋាភិបាល​ដែល​ចេញ​មកពី​ការ​បោះឆ្នោត​បង្កើត​ជា​រដ្ឋ​មាន​សិទ្ធិ និង​បញ្ជា​ទៅ​លើ​កម្លាំង​ប្រដាប់​អាវុធ​»​។
ជាមួយ​គ្នា​នេះ​លោក​ ហ៊ុន សែន បញ្ជាក់​ថា​ពួក​ធ្វើ​បដិវត្តន៍​ពណ៌​គឺ​មិន​ខុស​គ្នា​ពី​ពួកគេ​ធ្វើ​ភរេវកម្ម​នោះ​ទេ​ដោយ​លោក​បាន​លើក​ឡើង​ពី​បដិវត្តន៍​ពណ៌​នៅ លីប៊ី ប្រទេស​ ស៊ីរី និង​យេម៉ែន​ជាដើម​ដែល​បាន​បង្កើត​សោកនាដកម្ម​លើស​ពី​អំពើ​ភេរវកម្ម​ទៅ​ទៀត​តាមរយៈ​នៃ​ការ​ប្រើ​លេស​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ដើម្បី​បង្កើត​ឡើង​នូវ​សង្គ្រាម​។ «​កម្ពុជា​ក៏​ត្រូវ​មាន​ការងារ​មួយ​ដែល​ត្រូវ​ធ្វើ​បន្ត​ទៀត​នោះ​គឺ​ការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​។ យើង​វ៉ៃ​បំបាក់​ឆ្អឹង​ខ្នង​កាត់​ក្បាល​ និង​រំលាយ​ដង​ខ្លួន​នៃ​អង្គការ​ភេរវកម្ម​នៃ​អង្គការ​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ប្រទេស​រួច​ស្រេច​ទៅ​ហើយ​ ប៉ុន្តែ​អ្នក​ដែល​គាំទ្រ​វា​មិន​ទាន់​ផុត​រលត់​ទេ​។ ការ​ប៉ុនប៉ង​របស់​គេ​ចំពោះ​យើង​នៅ​តែ​មាន ដូច្នេះ​ទោះ​ដោយ​តម្លៃ​ណា​ក៏ដោយ​មិន​ត្រូវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ទេ​»​។
ឆ្លើយតប​នឹង​បញ្ហា​នេះ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ថ្លែង​តាម​អ៊ីមែល​ថា​៖ «​ចាប់​តាំង​ពី​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ដែល​ស្ទើរ​តែ​បាន​សម្លាប់​ខ្ញុំ​ទៅ​ហើយ​កាលពី​ឆ្នាំ​ ១៩៩៧ មក​នោះ​លោក ហ៊ុន សែន តែងតែ​ភ័យ​ខ្លាច​គេ​វាយប្រហារ​គាត់​នៅ​ពេល​និយាយ​ដល់​ទំនាក់ទំនង​របស់​គាត់​ជាមួយ​ខ្ញុំ​។ ឥឡូវ​នេះ​ចង់​ប្រើ​កងទ័ព​ដើម្បី​សងសឹក​ខ្ញុំ​ដោយ​ព្រមាន​គំរាម​សម្លាប់​មួយ​ទៀត​។ តើ​ជា​កំហុស​របស់​ខ្ញុំ​​ឬ​?»​។
លោក​ សម រង្ស៊ី បន្ត​ថា​ក្នុង​រយៈពេល​ជាង ២០ ឆ្នាំ​ចុងក្រោយ​នេះ​លោក​បាន​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ស្មោះត្រង់​ចំពោះ​ប្រទេស​ជាតិ​ «​ទោះបី​គាត់​ (​ហ៊ុន សែន​) ​ស្អប់ ឬ​ប៉ុនប៉ង​ទិញ​ខ្ញុំ និង​បំភិត​បំភ័យ​ខ្ញុំ​ក៏ដោយ​»​។
អតីត​មេបក្ស​ប្រឆាំង​រូប​នេះ​ឲ្យ​ដឹង​ថា​ថ្មីៗ​នេះ​លោក ហ៊ុន សែន បាន​គំរាម​បញ្ជូន​មេបញ្ជាការ​របស់​គាត់​ឱ្យ​មក​ចាប់​ខ្លួន​លោក​ពី​បរទេស​។ «​ហើយ​គាត់​នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​កម្ចាត់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​បារាំង​រួច​ហើយ​ដែរ​អំពី​គោល​បំណង​ឧក្រិដ្ឋ​របស់​គាត់ (​ហ៊ុន សែន​)»​។
កាលពី​សប្តាហ៍​មុន​អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​ដាក់​ពាក្យ​ប្តឹង​លោក​ សម រង្ស៊ី ពី​បទ​«​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់​បង្គាប់ ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​ប្រមាថ​» ​ចំពោះ​អ្វី​ដែល​លោក​ សម រង្ស៊ី ​បាន​ថ្លែង​ដែល​ត្រូវ​បាន​គេ​អធិប្បាយ​ថា​មេបក្ស​ប្រឆាំង​រូប​នេះ​បាន​ញុះញង់​កងទ័ព​។
កាលពី​ថ្ងៃ​ទី​ ១១ ខែ​ធ្នូ​លោក សៀង សុខ តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​កោះ​ហៅ​ឲ្យ​លោក​ សម រង្ស៊ី ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​នៅ​ថ្ងៃ​ទី​ ១១ ​ខែ​មករា​ឆ្នាំ ២០១៨ ​ខាង​មុខ​ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ខាង​លើ​នេះ​។
លោក មាស នី អ្នក​វិភាគ​នយោបាយ​យល់​ថា​លោក​មិន​ឃើញ​មាន​សញ្ញា​ណា​មួយ​ដែល​ឈាន​ដល់​ការ​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​។ «​សម្រាប់​ខ្ញុំ ខ្ញុំ​មិន​បាន​អបអរសាទរ​ចំពោះ​អ្វី​ដែល​ជា​ប្រសាសន៍​របស់​លោក សម រង្ស៊ី ទាក់ទង​ទៅ​នឹង​ការ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា ឬ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ខ្មែរ​នោះ​ទេ ក៏​ប៉ុន្តែ​សម្រាប់​រឿង​បដិវត្តន៍​ពណ៌​ខ្ញុំ​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា ខ្ញុំ​មិន​បាន​ឃើញ​អំពី​អ្វី​ដែល​ជា​សញ្ញា​ដែល​ថា​នឹង​កើត​មាន​បដិវត្តន៍​ពណ៌ ទោះបី​ជា​រដ្ឋាភិបាល​គាត់​បាន​ប្រកាស​ជា​ញឹកញាប់​ក៏ដោយ​។ សម្រាប់​ខ្ញុំ ខ្ញុំ​គ្រាន់​តែ​មើល​ឃើញ​អំពី​ការ​ព្រួយបារម្ភ​របស់​រដ្ឋាភិបាល​ក្រោយ​ពី​លោក​បាត់បង់​ការ​គាំទ្រ​ពី​មហាជន​វា​លឿន​ពេក ពិសេស​ក្នុង​ឆ្នាំ​ ២០១៣ ​ដល់​ឆ្នាំ​ ២០១៧»​។
លោក​ មាស នី ថ្លែង​ទៀត​ថា​លោក​មិន​ភ្ញាក់ផ្អើល​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក​ ហ៊ុន សែន ​ទេ​ដោយសារ​វា​ជា​រឿង​ធម្មតា​សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី តែ​លោក​យល់​ថា​តាម​ទស្សនៈ​របស់​លោក​អ្នក​ដឹកនាំ​គួរ​តែ​កុំ​ប្រើ​ពាក្យ​ហិង្សា​ច្រើន​ពេក​ពីព្រោះ​ជួន​កាល​វា​អាច​ធ្វើ​ជា​គំរូ​មិន​ល្អ​សម្រាប់​អ្នក​នយោបាយ​ជំនាន់​ក្រោយ​។
លោក​ថ្លែង​បន្ថែម​ថា​៖ «​ការ​ភ្ជាប់​បដិវត្តន៍​ពណ៌​ហើយ​ និង​ការ​រំលាយ​សង្គ្រោះ​ជាតិ​នេះ​វា​អាច​ជា​រឿង​មួយ​ដែល​ទាក់ទង​គ្នា បើ​សិន​ជា​មិន​មាន​មូលហេតុ​នៃ​បដិវត្តន៍​ពណ៌​ទេ​ការ​រំលាយ​សង្គ្រោះ​ជាតិ​ក៏​មិន​អាច​ទៅ​រួច​ដែរ​។ ខ្ញុំ​មិន​មើល​ឃើញ​អា​នេះ​ជា​ចលនា​បដិវត្តន៍​ពណ៌​ទេ​ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ការ​ការពារ​ខ្លួន​ដើម្បី​ខ្លាច​បាត់បង់​​តំណែង​បាត់បង់​អំណាច​តទៅ​ទៀត​នៅ​ឆ្នាំ​ ២០១៨»៕ NS

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...