សហគមន៍ជនជាតិដើមភាគតិចនៅខែត្រភាគឦសាន
និងអង្គការសង្គមស៊ីវិលនានា បានរួមគ្នាប្រារព្ធទិវាសិទ្ធិមនុស្ស
១០ធ្នូ ក្នុងបំណងឲ្យជនជាតិដើមភាគតិច
និងពលរដ្ឋខ្មែរស្វែងយល់ពីសិទ្ធិរបស់ខ្លួន
និងប្រើប្រាស់ឲ្យបានទូលំទូលាយ
ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងសង្គមនានា។ ជនជាតិដើមភាគតិចថា
អាជ្ញាធររដ្ឋាភិបាលពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិ
មិនបានយកចិត្តទុកដាក់គោរពសិទ្ធិមនុស្សឲ្យបានប្រសើរឡើយ
និងធ្វើទុក្ខបុកម្នេញដល់ជនជាតិដើមភាគតិចខ្លះ
ដែលស្ម័គ្រចិត្តការពារធនធានធម្មជាតិ និងបញ្ចេញមតិផ្នែកនយោបាយ។
ក្រុមអង្គការសង្គមស៊ីវិលចំនួន៥
ដែលធ្វើការពាក់ព័ន្ធសិទ្ធិមនុស្ស រួមទាំងជនជាតិដើមភាគតិចជាង ១០
អម្បូរនៅខែត្រចំនួន ៤ រួមមានខែត្រព្រះវិហារ ស្ទឹងត្រែង ក្រចេះ
និងខែត្ររតនគិរី គ្រោងលើក បញ្ហាប្រឈមមួយចំនួនថ្លែង
ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិដែលគ្រោងប្រារព្ធនៅខែត្រព្រះវិហារ
មានមនុស្សចូលរួមរាប់រយនាក់។ ទិវានេះក្នុងបំណង
ជាសារផ្ញើទៅរដ្ឋាភិបាលឲ្យជួយដោះស្រាយនូវក្តីកង្វល់របស់ពួកគាត់
កំពុងចាក់ស្រែះជ្រៅរួមមាន ការរឹតត្បិតសេរីភាពបញ្ចេញមតិ
រំលោភដីធ្លីដោយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ការថយចុះទំហំព្រៃឈើ
និងការគំរាមកំហែងដោយអាជ្ញាធររដ្ឋាភិបាលដល់សហគមន៍ដែលជួបប្រជុំពិភាក្សាបញ្ហាសង្គម
និងនយោបាយ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខែត្រព្រះវិហារ
លោក ឡោ ចាន់ កត់សម្គាល់ថា សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋខ្មែរ
និងជនជាតិដើមភាគតិចនៅខែត្រព្រះវិហារ កាន់តែរួមតូចទៅៗ
ដែលនាំឲ្យពលរដ្ឋមួយចំនួនធំ
ពុំសូវហ៊ានប្រើសិទ្ធិរបស់ខ្លួនការពារដីធ្លី ព្រៃឈើ និង
ដោះស្រាយបញ្ហាប្រឈមនានាក្នុងសង្គមនោះទេ។ លោកបញ្ជាក់ថា
សហគមន៍មួយចំនួនត្អូញរឿងអាជ្ញាធររឹតត្បិតសេរីភាពពួកគាត់
នៅគ្រាដែលពួកគាត់ជួបប្រជុំពិភាក្សាកិច្ចការសង្គម និងបញ្ចេញមតិ
ត្រូវបានអាជ្ញាធរមកសួរនាំ។ លើសពីនេះ អាជ្ញាធររដ្ឋាភិបាល បានតាមដាន
ពលរដ្ឋណាដែលឈឺឆ្អាលរឿងសង្គម ព្រៃឈើ និងនយោបាយ។ លោកសង្ឃឹមថា
រដ្ឋាភិបាលនឹងទទួលយក ក្តីកង្វល់របស់សហគមន៍មកដោះស្រាយ
ដើម្បីរួមគ្នាលើកកម្ពស់សិទ្ធិមនុស្ស៖ «នេះជាសារមួយដើម្បីឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់មានការគោរពសិទ្ធិមនុស្ស
។ ខ្ញុំរំពឹងទុកថា ក្រោយពីការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ
១០ធ្នូ អាជ្ញាធរលោកនឹងមេត្តាយល់ដឹង
ពីសារៈសំខាន់នៃទិវាសិទ្ធិមនុស្សអន្តរជាតិ»។
ជនជាតិដើមភាគតិចរស់នៅភូមិប្រមេរ ស្រុកត្បែងមានជ័យ
ខែត្រព្រះវិហារ លោកស្រី រឿន ខាន់
ដែលគ្រោងចូលរួមទិវាសិទ្ធិមនុស្សអន្តរជាតិឲ្យដឹងថា
ការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល គឺជាដើមហេតុ
នាំឲ្យពលរដ្ឋបាត់បង់ដីធ្លី និងស្រែចម្ការ។
រីឯអាជ្ញាធរថ្នាក់មូលដ្ឋាន ថ្នាក់ខែត្រ
និងថ្នាក់ជាតិមិនយកចិត្តទុកដាក់ដោះស្រាយនោះទេ
បង្កឲ្យប៉ះពាល់សិទ្ធិរស់នៅ ជីវភាព
និងប្រពៃណីវប្បធម៌របស់ជនជាតិដើមភាគតិច។ លោកស្រីថា
ការកាប់បំផ្លាញព្រៃឈើ
គឺជាបន្ទុកបន្ថែមទៀតដែលនាំឲ្យពួកគាត់ប្រឈមបញ្ហាជីវភាពធ្ងន់ធ្ងររួមមាន
ការប្រែប្រួលអាកាសធាតុ បាត់បង់ដីចម្ការវិលជុំ
ការកាប់បំផ្លាញដើមឈើផលិតជ័រទឹក ឬព្រៃស្រោងជាជម្រកសត្វ
និងបាត់បង់ទឹកអូរ និងស្ទឹងដែលជាប្រភពប្រាក់ចំណូល
និងសន្តិសុខស្បៀង។ លោកស្រីសង្កត់ធ្ងន់ថា
សហគមន៍ដែលឈឺឆ្អាលរឿងបទល្មើសព្រៃឈើ
ត្រូវបានក្រុមអ្នកអារឈើប្រើកាំភ្លើងច្នៃ
គំរាមបាញ់នៅពេលចុះល្បាតព្រៃម្តងៗ
ហើយពួកគេបានប្ដឹងទៅអាជ្ញាធរតែពុំមានលទ្ធផល៖ «រដ្ឋាភិបាលអត់ដោះស្រាយឲ្យទេ
សូម្បីតែអភិបាលស្រុក អភិបាលខែត្រ និងក្រសួងមហាផ្ទៃ
ក៏មិនចេះដោះស្រាយអីបានដែរ។ សូម្បីតែព្រៃឈើអស់ហើយ
តែខ្ញុំមិនដឹងធ្វើម៉េច»។
ជនជាតិដើមភាគតិចកួយរស់នៅស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង
លោក ថាន់ វ៉ន ដែលគ្រោងចូលរួមទិវាសិទ្ធិមនុស្សអន្តរជាតិដែរនោះ
ឲ្យដឹងនៅថ្ងៃទី៩ ធ្នូ ថា លោកនឹងលើកយកបញ្ហាមួយចំនួន
បង្ហាញសាធារណជន និងអាជ្ញាធររដ្ឋាភិបាល
ឲ្យជ្រាបពីក្ដីកង្វល់របស់សហគមន៍នៅទិវាសិទ្ធិមនុស្សអន្តរជាតិដែលប្រារព្ធនៅខែត្រព្រះវិហារ។
បញ្ហាទាំងនោះរួមមាន
អាជ្ញាធរមូលដ្ឋានប្រកាន់បក្សពួកនិយមធ្វើទុក្ខបុកម្នេញដល់ជនជាតិដើមភាគតិច
ដែលគាំពារព្រៃឈើ។ លោកមើលឃើញថា
ការប្រើប្រាស់សិទ្ធិរវាងពលរដ្ឋក្រីក្រ និងមន្ត្រីរាជការ
រួមទាំងអ្នកមានឥទ្ធិពល ហាក់មានស្តង់ដារពីរ
ខណៈពលរដ្ឋក្រីក្រគឺគ្មានឥទ្ធិពលជាវិជ្ជមាន ចូលរួមអភិវឌ្ឍន៍សង្គម
និងការពារព្រៃឈើនោះទេ ផ្ទុយពីអាជ្ញាធររដ្ឋាភិបាល
និងអ្នកមានអំណាចបានប្រើប្រាស់សិទ្ធិហួសព្រំដែន
មានពេលខ្លះប្រើសិទ្ធិកាប់រានដីព្រៃរាប់ពាន់ហិកតារ
ក៏ពុំមានទោសទណ្ឌដែរ។ លើសពីនេះពលរដ្ឋក្រីក្រ
និងជនជាតិដើមភាគតិចមួយចំនួន ហាក់ត្រូវបានអាជ្ញាធរមើលរំលង
ក្នុងការដោះស្រាយបញ្ហាប្រឈមនានា
បើទោះបីជាពួកគាត់មានភាពអយុត្តិធម៌ធំធេងក្ដី៖ «ច្បាប់រដ្ឋធម្មនុញ្ញចែងថា
ឲ្យការពារព្រៃឈើ តែបែរជាពលរដ្ឋការពារព្រៃឈើ
បែរជាអាជ្ញាធរមិនគោរពសិទ្ធិពលរដ្ឋពេញលេញ។
ពលរដ្ឋរាយការណ៍រ៉ែត្បូងទៅអាជ្ញាធរដូចគ្មានយកចិត្តទុកដាក់ទេ»។
លោក ថាន់ វ៉ន បន្ថែមថា
ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំនេះ
ដើម្បីលើកកម្ពស់ការយល់ដឹងពីប្រពៃណី វប្បធម៌
និងអត្តសញ្ញាណជនជាតិដើមភាគតិចដែលកំពុងមានវិបត្តិ។ លើសពីនេះ
ទិវានេះដើម្បីបញ្ជាក់ពីការសាមគ្គីគ្នាការពារដីធ្លី
ទាមទារសិទ្ធិសេរីភាព និងអភិរក្សធនធានធម្មជាតិ
ដែលកំពុងរងការរំលោភបំពានគ្រប់ទម្រង់។ លោករំពឹងថា
រដ្ឋាភិបាលនឹងបើកចិត្តទូលាយ
ទទួលយកក្ដីកង្វល់របស់សហគមន៍មកដោះស្រាយដោយយុត្តិធម៌ ដោយមិនរើសអើង៖
«មន្ត្រីរាជរដ្ឋាភិបាលរាល់ថ្ងៃនេះ មិនគោរពសិទ្ធិអ្នកដទៃ ជាក់ស្ដែងដូចជា មន្ត្រីបក្សសង្គ្រោះជាតិ អង្គការសង្គមស៊ីវិល»។
អភិបាលខែត្រព្រះវិហារ លោក អ៊ុន ចិន្ថា
បដិសេធមិនផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរីទេនៅថ្ងៃទី ៩ ធ្នូ
ដោយឆ្លើយយ៉ាងខ្លីថា
រដ្ឋាភិបាលកម្ពុជាមិនទទួលស្គាល់វិទ្យុអាស៊ីសេរីនោះទេ៖ «វិទ្យុអាស៊ីសេរីហ្នឹងខុសច្បាប់ហើយ ខុសច្បាប់ហើយ រដ្ឋាភិបាលអត់ទទួលស្គាល់ទេ មិនត្រូវសម្ភាសន៍ខ្ញុំទេ។ សូមឈប់តេ (ហៅ) មកទៀត»។
ជនជាតិដើមភាគតិចនៅខែត្រភាគឦសាន កត់សម្គាល់ថា
បច្ចុប្បន្នរដ្ឋាភិបាលមិនទាន់លើកកម្ពស់សិទ្ធិមនុស្ស
និងជនជាតិដើមភាគតិចពេញលេញទេ ហើយបញ្ហាប្រឈមមួយចំនួន
រដ្ឋាភិបាលហាក់មិនបានគិតគូរដោះស្រាយនៅឡើយ
រួមមានការទប់ស្កាត់បទល្មើសព្រៃឈើ វិបត្តិដីធ្លីរវាងសហគមន៍
និងក្រុមហ៊ុន និងការផ្ដល់សេវាសាធារណៈ មានការរើសអើងជាដើម៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment