ក្រុមមន្ត្រីសង្គមស៊ីវិលយល់ឃើញថា ការតាមដាន
ឬចូលរួមក្នុងសកម្មភាពនយោបាយរបស់ស្ត្រីកាន់តែច្រើននៅតែមានសារសំខាន់ដល់ការរីកចម្រើនប្រទេសជាតិ។
មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើកិច្ចការស្ត្រី
និងការបោះឆ្នោតរកឃើញថា ស្ត្រីជាអ្នកដឹកនាំពិតជាមានសក្ដានុពល
និងមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហារបស់ប្រទេសជាតិដោយអហិង្សា
និងសន្តិវិធី។
សង្គមស៊ីវិលធ្វើកិច្ចការស្ត្រី
និងការបោះឆ្នោតរកឃើញថា
ស្ថានភាពនយោបាយនៅពេលបច្ចុប្បន្នបានជះឥទ្ធិពលខ្លាំងដល់ស្ត្រីដែលនាំឲ្យមានការរារែកក្នុងការតាមដាន
ឬចូលរួមក្នុងសកម្មភាពនយោបាយ និងដំណើរការបោះឆ្នោត។
អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រ
នៃអង្គការខុមហ្វ្រែល (Comfrel) អ្នកស្រី សឺនកេត សិរីលក្ចណ៍ ថ្លែងថា
ដោយសារស្ថានភាពនយោបាយក្នុងប្រទេសតានតឹង
និងមានសារអវិជ្ជមានជាច្រើនពីថ្នាក់ដឹកនាំប្រទេស
ជាពិសេសនាយករដ្ឋមន្ត្រី
ស្ត្រីបានរួញរាខ្លាំងលែងហ៊ានចេញមុខចេញមាត់សម្ងំរក្សាភាពស្ងាត់ស្ងៀម
និងមានការប្រុងប្រយ័ត្នជាងមុន។ ចំពោះការសម្ដែងមតិ
ឬការចូលរួមសកម្មភាពនយោបាយ ត្រូវបានថយចុះ
ពោលគឺផ្ទុយពីពេលមុនការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧។
អ្នកស្រីបញ្ជាក់បន្ថែមថា
សូម្បីតែអ្នកស្រីផ្ទាល់ ពេលខ្លះបានដាក់សំណួរមកខ្លួនឯងថា
តើវាប៉ះពាល់ដល់សុវត្ថិភាពដែរ ឬទេ?
ក្នុងគ្រាដែលកិច្ចការរបស់សង្គមស៊ីវិលមួយចំនួនត្រូវបានផ្អាក បិទ
អ្នកកាសែតត្រូវបានអាជ្ញាធរចាប់ខ្លួន
និងការរំលាយគណបក្សនយោបាយសុទ្ធតែជាព្រឹត្តិការណ៍ដែលប៉ះពាល់ដល់ការចូលរួមរបស់ស្ត្រី៖
«នេះជាបរិយាកាសនយោបាយមួយដែលធ្វើឲ្យស្ត្រីភ័យខ្លាចអ៊ីចឹងត្រូវការឲ្យមានស្ថានភាពនយោបាយមួយ
បើចង់ឲ្យស្ត្រីចូលរួមកាន់តែច្រើនត្រូវតែបង្កលក្ខណៈងាយស្រួល
ហើយស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជា
ត្រូវតែមានលក្ខណៈមួយឲ្យល្អប្រសើរជាងរាល់ថ្ងៃ
ហើយបង្ហាញពីភាពត្រឹមត្រូវ
ប្រដៅកូនចៅឲ្យនិយាយឲ្យពិតប្រាកដឲ្យបានច្រើន
កុំឲ្យគេទាំងអស់គ្នាទៅជាយល់ថា អានេះវាម៉េចទៅជាអ៊ីចឹង?
លែងមានជំនឿថា ប្រទេសយើងអាចមានយុត្តិធម៌ដែល ឬទេ
ទៅមុខទៀតដែលធ្វើឲ្យគ្រប់គ្នា
ជាពិសេសស្ត្រីរារែកជះឥទ្ធិពលអាក្រក់ដល់ការចូលរួមរបស់ស្ត្រីដែរ»។
របាយការណ៍វាយតម្លៃរបស់អង្គការខុមហ្វ្រែល
ដែលទើបតែស្រាវជ្រាវថ្មី
ស្ដីពីការចូលរួមនយោបាយរបស់ស្ត្រីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់
អាណត្តិទី៤ ឆ្នាំ២០១៧ បានបង្ហាញថា
ស្ត្រីនៅតែភ័យខ្លាចក្នុងការភ្ជាប់ខ្លួនជាមួយនឹងកិច្ចការនយោបាយ
និងការបោះឆ្នោត។ របាយការណ៍នេះរកឃើញដែរថា មានភាពខ្លាចរអា ៣
ដែលសំខាន់។ ខ្លាចទី១ ខ្វះនូវគោលនយោបាយជាក់លាក់
និងជាលាយលក្ខណ៍អក្សរ ដែលជាវិធានការពិសេសបណ្ដោះអាសន្ន
និងមាត្រាមួយចំនួននៃច្បាប់បោះឆ្នោត ដើម្បីគាំទ្រ
និងផ្ដល់ឱកាសឲ្យស្ត្រី និងបុរសចូលរួមស្មើគ្នាក្នុងវិស័យនយោបាយ
ជាពិសេស ការឈរឈ្មោះជាបេក្ខជន។ ខ្លាចទី២
គឺការបន្តរើសអើងប្រឆាំងស្ត្រីក្នុងដំណើរការបោះឆ្នោតជ្រើសរើសបេក្ខជននៅក្នុងគណបក្សនយោបាយ។
ចំណែកខ្លាចទី៣ គឺបរិយាកាសនយោបាយអំឡុងពេលដំណើរការបោះឆ្នោតម្ដងៗ
ឃើញមានការគំរាមកំហែង និងបញ្ហាជាច្រើនទៀត
ដែលធ្វើឲ្យមានឥទ្ធិពលអវិជ្ជមានដល់ស្ត្រី
និងធ្វើឲ្យពួកគេរារែកក្នុងការចូលរួមក្នុងវិស័យនយោបាយ។
អនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ
ហៅកាត់កាត់ថា ស៊ីដ (CEDAW) មាត្រា៣ ចែងថា ក្នុងគ្រប់វិស័យ
ជាពិសេស វិស័យនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និងវប្បធម៌
រដ្ឋត្រូវមានវិធានការសមស្របទាំងអស់ រួមទាំងការធ្វើច្បាប់ផង
ដើម្បីធានាការអភិវឌ្ឍន៍ និងការរីកចម្រើនពេញលេញរបស់ស្ត្រី
ដើម្បីធានាឲ្យស្ត្រីប្រើប្រាស់ និងអាស្រ័យផលសិទ្ធិមនុស្ស
និងសេរីភាពមូលដ្ឋានដោយសមភាពជាមួយបុរស។
អ្នកស្រី សឺនកេត សិរីលក្ចណ៍ នៃអង្គការខុមហ្វ្រែល
បន្តថា វត្តមានស្ត្រីនៅតែមានសារសំខាន់បំផុតក្នុងដំណាក់កាលនេះ។
អ្នកស្រីបញ្ជាក់ថា ការចូលរួមរបស់ស្ត្រីមានពីរសំខាន់
គឺការចូលរួមដោយផ្ទាល់ និងដោយប្រយោល។ ការចូលរួមដោយប្រយោល
គឺការតាមដានព័ត៌មានក្នុងសង្គម
ចូលរួមផ្សព្វផ្សាយបន្តពីព័ត៌មានសំខាន់ៗ
ទាក់ទងនឹងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ពីស្ថានភាពនយោបាយថ្មីៗ
ជាដើម។ នេះមានន័យថា ស្ត្រីជាពលរដ្ឋសាមញ្ញ
ក៏គាត់អាចធ្វើកិច្ចការនយោបាយដែរដោយគាត់ប្រើប្រាស់សិទ្ធិនយោបាយជាមួយអ្នកតំណាងទាំងថ្នាក់ជាតិ
និងមូលដ្ឋាន។ រីឯការចូលរួមដោយផ្ទាល់
គឺចូលរួមក្នុងសកម្មភាពនយោបាយផ្ទាល់។
មិនខុសគ្នានោះទេ អ្នកស្រី ធីតា ឃិះ
នាយិកាអង្គការសីលកា បានលើកទឹកចិត្តឲ្យស្ត្រីចូលរួមតាមដាន
និងសកម្មភាពនយោបាយ
ពីព្រោះស្ត្រីត្រូវតែយល់ដឹងអំពីស្ថានការណ៍ដែលកើតឡើងក្នុងប្រទេសរបស់ខ្លួន
ក៏ដូចជាក្នុងតំបន់ និងក្នុងពិភពលោក។
ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺស្ថានការណ៍ក្នុងប្រទេសរបស់ខ្លួន
ពីព្រោះអ្វីដែលកើតមានឡើង វានឹងប៉ះពាល់ទៅដល់ខ្លួនគាត់ផ្ទាល់
ក្រុមគ្រួសាររបស់ពួកគាត់ និងសង្គមជាតិរបស់គាត់ផង។
អ្នកស្រីបានចែករំលែកបទពិសោធន៍យ៉ាងដូច្នេះ៖
«ដូចជាបទពិសោធន៍ខ្ញុំកាលពីមុនអ៊ីចឹង
គេធ្វើនយោបាយអីខ្ញុំអត់មានការចាប់អារម្មណ៍អីទេ
កាលខ្ញុំនៅពីក្មេង ប៉ុន្តែនៅពេលមានបញ្ហាស្រុកទេសធ្លាក់ដុនដាប
នាំគ្នារត់ចោលស្រុក ឬមានបញ្ហាកលិយុគអ៊ីចឹងទៅ
ប៉ះពាល់ទាំងអស់គ្នាដោយទាំងយើងមិនទាំងដឹងថាដោយសារហេតុអ្វី។
ក្នុងពេលបច្ចុប្បន្ននេះស្ត្រីត្រូវតែដឹងទាំងអស់គ្នា
មិនថាតែស្ត្រីទេ ប្រជាពលរដ្ឋត្រូវតែដឹងពីបញ្ហាទាំងអស់នេះ»។
របាយការណ៍អង្គការខុមហ្វ្រែល បង្ហាញថា
ការចូលរួមនយោបាយរបស់ស្ត្រីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់
អាណត្តិទី៤ ឆ្នាំ២០១៧
ស្ត្រីមានភាពប្រឈមរាប់ចាប់តាំងពីការទទួលបានឱកាសក្នុងការឈរឈ្មោះជាបេក្ខជនបោះឆ្នោត
និងឱកាសឈានទៅមុខក្នុងជីវិតនយោបាយរបស់ស្ត្រីជាប់ឆ្នោត។
ពោលគឺចំនួនស្ត្រីជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ សង្កា ធ្លាក់ចុះ
ដែលផ្ទុយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី១
ឆ្នាំ២០០២ រហូតមកដល់អាណត្តិទី៣ ឆ្នាំ២០១២
ចំនួនស្ត្រីជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ
សង្កាត់មានការកើនឡើងជាបន្តបន្ទាប់
ហើយស្ត្រីក៏បានចូលរួមបោះឆ្នោតយ៉ាងសស្រាក់សស្រាំ
និងចូលរួមក្នុងកិច្ចការនយោបាយយ៉ាងសកម្ម និងការបញ្ចេញសំឡេង
រួមទាំងយុវជនផងដែរ។
កន្លងមក
លោកនាយករដ្ឋមន្ត្រីក៏ធ្លាប់អំពាវនាវឲ្យគណបក្សនយោបាយដាក់ស្ត្រីឈរឈ្មោះនៅក្នុងលេខរៀងខាងលើ។
ទន្ទឹមគ្នានេះដែរ ក្រសួងកិច្ចការនារី
បានបង្កើតក្រុមការងារបច្ចេកទេសស្ត្រីស្ដីពី យេនឌ័រ
និងការប្ដេជ្ញាចិត្ត ជំរុញឲ្យមានការកើនចំនួនតំណាងស្ត្រី
និងស្ត្រីចូលរួមក្នុងកិច្ចការនយោបាយ។
ប៉ុន្តែសង្គមស៊ីវិលសង្កេតឃើញថា
ក្នុងអំឡុងពេលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ
គេពុំឃើញមានសកម្មភាពលេចធ្លោណាមួយទេ
ដូចជាការចូលរួមជំរុញធ្វើវិសោធនកម្មលើមាត្រាខ្លះនៃច្បាប់បោះឆ្នោត
ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
និងការបង្កលទ្ធភាពឲ្យស្ត្រីបានចូលរួមឈរឈ្មោះជាបេក្ខជនឲ្យបានច្រើនដូចការប្ដេជ្ញាចិត្តនោះឡើយ។
ពាក់ព័ន្ធនឹងការចូលរួមរបស់ស្ត្រីក្នុងការតាមដាន
និងយល់ដឹងពីបញ្ហាសង្គម និងនយោបាយនេះ ស្ត្រីសហគមន៍បឹងកក់ លោកស្រី
បូវ សោភា មានមតិថា កន្លងមក
លោកស្រីក៏ដូចជាស្ត្រីមួយចំនួនទៀតដែរ
បានមើលរំលងភ្លេចពីគុណតម្លៃរបស់ខ្លួន ដែលយល់ថា
គ្មានអ្វីដែលស្ត្រីគួរធ្វើលើសពីការគិតគូរសម្រាប់គ្រួសារនោះទេ។
ដំបូងឡើយ លោកស្រីមិនដែលគិតថាបញ្ហាសង្គម បញ្ហានយោបាយ
និងសកម្មភាពចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ មានប្រយោជន៍នោះទេ
ព្រោះគិតថា
នេះគឺជាកិច្ចការរបស់មន្ត្រីរាជការអ្នកដឹកនាំប្រទេសប៉ុណ្ណោះ។
ប៉ុន្តែនៅពេលពើបប្រទះពីភាពចម្រូងចម្រាស
នៃការអភិវឌ្ឍតំបន់បឹងកក់មក បានធ្វើឲ្យលោកស្រីភ្លឺភ្នែក
ហើយចាប់ផ្ដើមតាមដានបញ្ហាសង្គម និងនយោបាយ គ្រាដែលការអភិវឌ្ឍនេះ
មានការរំលោភសិទ្ធិមនុស្ស ការបណ្ដេញចេញ និងមានអំពើហិង្សា។
លោកស្រី បូវ សោភា៖ «ប្រជាពលរដ្ឋមួយចំនួនគាត់តែងតែនិយាយពេលដែលយើងនិយាយគាត់ថា
កុំនិយាយរឿងនយោបាយ ខ្លាច។ អ៊ីចឹងយើងអាចពន្យល់គេបានថា
ពាក្យថានយោបាយមួយមាត់ ពេលដែលយើងញាំបាយក៏ជារឿងនយោបាយ
ពេលដែលយើងដើរក៏ជារឿងនយោបាយដែរ
ពេលដែលយើងខ្លាចមិននិយាយអីសោះនេះហើយ
បានធ្វើឲ្យបឹងកក់មួយទាំងមូលគេរំលោភអស់ ផ្ទៃបឹងជាង ៩០ហិកតារ
ត្រូវបានគេបូមខ្សាច់ពន្លិច ទីបំផុតបឹងធម្មជាតិត្រូវអស់
ទីក្រុងភ្នំពេញ ត្រូវលិចដោយសារការបូមខ្សាច់ពន្លិចតែម្ដង។
អានេះហើយដែលមិនចូលរួមក្នុងរឿងនយោបាយសង្គមជាតិ គឺបែបនេះឯង»។
មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើកិច្ចការខាងស្ត្រី
និងការបោះឆ្នោត រកឃើញថា
នៅពេលដែលស្ត្រីចូលរួមក្នុងសកម្មភាពនយោបាយច្រើន
និងមានចំនួនស្ត្រីកាន់តែច្រើននៅក្នុងការដឹកនាំ
និងការសម្រេចចិត្តផ្នែកនយោបាយ
គឺធ្វើឲ្យមានការផ្លាស់ប្ដូរនយោបាយជាវិជ្ជមាន
និងផ្ដល់ផលប្រយោជន៍ឲ្យប្រទេសជាតិទាំងមូល។ ហេតុផលនោះ
គឺព្រោះតែស្ត្រីមានភាពទន់ភ្លន់ច្រើនជាង
ស្ត្រីអាចដោះស្រាយបញ្ហាដោយអហិង្សា និងសន្តិវិធីច្រើនជាងបុរស
ដែលធ្វើជាអ្នកដឹកនាំ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment