Tuesday, December 5, 2017

បក្ស​កាន់​អំណាច​ចោទ​ប្រទេស​មួយ​ចំនួន​ថា​រំលោភ​ឯករាជភាព​និង​អធិបតេយ្យភាព​កម្ពុជា

គណបក្ស​កាន់​អំណាច​ចោទ​ប្រកាន់​ប្រទេស​មួយ​ចំនួន​ថា បាន​ព្រួត​គ្នា​រំលោភ​លើ​ឯករាជភាព និង​អធិបតេយ្យភាព​ជាតិ​កម្ពុជា រឿង​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​ទម្លាក់​ចោល​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ រី​ឯ​អ្នក​វិភាគ​យល់​ថា យោង​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ច្បាប់​អន្តរជាតិ គឺ​ប្រទេស​ទាំង​នោះ​មាន​កាតព្វកិច្ច​ជំរុញ​ឲ្យ​កម្ពុជា គោរព​សិទ្ធិមនុស្ស និង​ដើរ​តាម​លទ្ធិប្រជាធិបតេយ្យ។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​បន្ត​ប្រឹងប្រែង​ថ្លែង​រិះគន់​ត្រឡប់​ទៅ​បណ្ដា​ប្រទេស​លោក​សេរី​វិញ​រាល់​ថ្ងៃ ដើម្បី​ការពារ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្ស​របស់​លោក​ក្រោយ​ពី​មាន​ការ​ថ្កោលទោស​ធ្ងន់ៗ និង​ព្រមាន​ដាក់​ទណ្ឌកម្ម​ជា​បន្តបន្ទាប់ ប្រសិនបើ​លោក ហ៊ុន សែន មិន​កែប្រែ​ស្ថានការណ៍​នយោបាយ​ឲ្យ​ល្អ និង​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​ទេ​នោះ។
​ថ្លែង​តាម​រយៈ​ប្រព័ន្ធ​តេឡេក្រាម នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ លោក សុខ ឥសាន លើក​ឡើង​ថា ពាក់ព័ន្ធ​នឹង​សភាពការណ៍​ផ្ទៃក្នុង​របស់​កម្ពុជា ហើយ​ដោយសារ​តែ​មាន​ចរិត​ពិសពុល​ក្នុង​ការ​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ស្រប​ច្បាប់ ដោយសារ​មាន​សតិអារម្មណ៍ ច្រណែន និង​ចង្អៀតចង្អល់​ជាមួយ​លោក ហ៊ុន សែន ដែល​កាន់​អំណាច​យូរ​ឆ្នាំ​តាម​ការ​អុចអាល​របស់​អតីត​មេ​បក្ស​ប្រឆាំង​នោះ ជនបរទេស​នៃ​ប្រទេស​មួយ​ចំនួន​បាន​ព្រួត​គ្នា​រំលោភ​លើ​ឯករាជភាព​ជាតិ និង​អធិបតេយ្យ​ជាតិ​កម្ពុជា ប្រើ​គ្រប់​មធ្យោបាយ​គាបសង្កត់ និង​គំរាមកំហែង​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា។
​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ​បន្ត​ចោទ​ថា ពួក​ទាំង​នោះ​បាន​បង្ខំ​ឲ្យ​រាជរដ្ឋាភិបាល​បោះបង់​ចោល​ការ​អនុវត្ត​ច្បាប់ និង​លទ្ធិប្រជាធិបតេយ្យ​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​ជន​ក្បត់ជាតិ និង​អនុញ្ញាត​ឲ្យ​បក្ស​ដែល​ត្រូវ​បាន​រំលាយ​រួច​ហើយ ដោយ​តុលាការ​កំពូល​កម្ពុជា ដំណើរការ​ឡើង​វិញ។
​លោក សុខ ឥសាន ក៏​បាន​ចោទ​ជា​សំណួរ​បែប​ចំអក​ទៀត​ថា ការ​ព្រួត​គ្នា​យ៉ាង​ច្រើន​បែប​នេះ នឹក​គិត​ថា អាច​ផ្លាស់ប្ដូរ​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​បោះបង់​នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និង​សង្ឃឹម​ថា អា​យ៉ង​របស់​ខ្លួន​បាន​រួច​ខ្លួន​ពី​ឃុំឃាំង ដោយសារ​ទង្វើ​ក្បត់​ជាតិ និង​រំលោភ​ច្បាប់​ដែរ​ឬ?
ទោះ​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា យោង​តាម​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​អនុសញ្ញា​អន្តរជាតិ​នានា គឺ​ប្រទេស​ដែល​ជា​ហត្ថលេខី​អាច​មាន​កាតព្វកិច្ច​ធ្វើ​ការ​ទិតៀន ឬ​កែតម្រូវ​កម្ពុជា ដែល​ជា​រដ្ឋ​ភាគី​ដែល​បាន​ដើរ​ឃ្លាតឆ្ងាយ​ពី​របប​ប្រជាធិបតេយ្យ និង​ការ​រំលោភ​សិទ្ធិមនុស្ស។ លោក​បណ្ឌិត​បន្ថែម​ថា ទោះបីជា​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ខំ​ការពារ​ថា រដ្ឋាភិបាល​បាន​ធ្វើ​តាមច្បាប់​ក្តី ប៉ុន្តែ​បើ​ច្បាប់​នោះ​រំលោភ​សិទ្ធិ​មនុស្ស និង​រំលោភ​រដ្ឋធម្មនុញ្ញ គឺ​ច្បាប់​នោះ​អយុត្តិធម៌ ព្រោះ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន៖ «»។
​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា ការ​ចេញ​មុខ​ថ្កោលទោស​រិះគន់​លើ​រដ្ឋាភិបាល​កម្ពុជា​នេះ មិន​មែន​បរទេស​ទាំង​នោះ ធ្វើ​ទៅ​តាម​ការ​អុចអាល​របស់​អតីត​មេ​បក្ស​ប្រឆាំង​នោះ​ឡើយ ពោល​គឺ​គេ​ធ្វើ​ទៅ​តាម​ច្បាប់ និង​ទៅ​តាម​ទម្លាប់​ដែល​កន្លង​មក​សូម្បី​ប្រទេស​ថៃ និង​ប្រទេស​ភូមា​ក្តី ក៏​ទទួលរង​ការ​រិះគន់ និង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែរ​នៅ​ពេល​ដែល​ប្រទេស​ទាំង​នោះ រំលោភ​សិទ្ធិ​មនុស្ស និង​ដើរ​ឃ្លាត​ពី​គន្លង​ប្រជាធិបតេយ្យ។
​ក្រោយ​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​លោក កឹម សុខា ហើយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បិទ​អង្គការ​សិទ្ធិមនុស្ស និង​បិទ​វិទ្យុ​ឯករាជ្យ ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧ នោះ អង្គការ​ជាតិ អន្តរជាតិ ស្ថានទូត​នានា សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស និង​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ផ្អាក​ផ្ដល់​ជំនួយ​ដល់​កម្ពុជា ជា​បន្ត​បន្ទាប់។
​ថ្មីៗ​នេះ តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ព្រមាន​ថា សហរដ្ឋអាមេរិក​នឹង​សហការ​ជាមួយ​សហគមន៍​អឺរ៉ុប និង​ជប៉ុន ដើម្បី​ស្វែង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា តាម​រយៈ​ការ​បិទ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​សំលៀកបំពាក់​របស់​កម្ពុជា ទៅ​លក់​នៅ​បរទេស។
​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ សមាជិកសភា​ជុំវិញ​ពិភពលោក​សរសេរ​លិខិត​ចំហ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ និង​ទាមទារ​ឲ្យ​លុប​ចោល​សេចក្ដី​សម្រេច​រម្លាយ​បក្ស​ប្រឆាំង ហើយ​ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​ឲ្យ​មាន​ការ​បោះឆ្នោត​ជាតិ​មួយ​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។
​តំណាងរាស្ត្រ​ទាំង ១៥៨​រូប មក​ពី​ប្រទេស​ចំនួន ២៣ ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាត់​ការ​ជា​បន្ទាន់ ដើម្បី​ផ្ដល់​នីតិសម្បទា​ទៅ​ឲ្យ​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំង ៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឡើង​វិញ និង​លុបចោល​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​បោះឆ្នោត។
​ជា​ចុង​ក្រោយ ពួកគេ​បាន​ព្រមាន​ថា បើ​លោក ហ៊ុន សែន នៅ​តែ​ព្រងើយកន្តើយ​មិន​អើពើ​ចំពោះ​អនុសាសន៍​របស់​សមាជិក​សភា​ទាំង​អស់​នេះ​ទេ នោះ​លោក ហ៊ុន សែន នឹង​ក្លាយ​ជា​មនុស្ស​ដែល​គេ​ផាត់​ចេញ​ពី​សហគមន៍​អន្តរជាតិ​ជាក់​ជា​មិន​ខាន៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...