Friday, February 2, 2018

កងទ័ព​កម្ពុជា-​ចិន​នឹង​ធ្វើ​សម​យុទ្ធ​នាគមាស​ឆ្នាំ​២០១៨ នៅ​ខែ​មីនា​ក្នុង​ខេត្ត​កំពង់ស្ពឺ

ប្រទេស​កម្ពុជា នឹង​ធ្វើ​សម​យុទ្ធ​យោធា​នាគ​មាស ឆ្នាំ​២០១៨ រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ចិន រយៈពេល ១៥​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​​៣០ ខែ​មីនា ឆ្នាំ​២០១៨ នៅ​តំបន់​យោធភូមិភាគ ទី​៣ ជួរ​ភ្នំ​ម្រះព្រៅ ដែល​ជា​ទីតាំង​របស់​កងពល​អន្តរាគមន៍​លេខ​៧០ នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ។
​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ឥត សារ៉ាត់ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា សម​យុទ្ធ​យោធា​នាគ​មាស ឆ្នាំ​២០១៨​នេះ ភាគី​កម្ពុជា មាន​កងទ័ព​ចំនួន ២៨០​នាក់ ចំណែក​ភាគី​ចិន មាន​ចំនួន ១៩០​នាក់។ លោក​ថា សម​យុទ្ធ​នេះ​មាន​ប្រធានបទ​ចំនួន​ពីរ គឺ​ប្រឆាំង​ភេរវកម្ម និង​មនុស្សធម៌។ គោលបំណង​នៃ​សម​យុទ្ធ​យោធា​នេះ ដើម្បី​អបអរសាទរ​ខួប ៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ និង​ផ្ដល់​បទពិសោធន៍​ល្អៗ ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។
លោក ឥត សារ៉ាត់ បាន​បញ្ជាក់​ថា សម​យុទ្ធ​យោធា​ឆ្នាំ​នេះ​នឹង​ប្រើប្រាស់​សព្វាវុធ​ទំនើបៗ​ដូចជា យន្តហោះ Z10 បំពាក់​កាំជ្រួច​បាញ់​ចំ​គោលដៅ កាំភ្លើងត្បាល់​ចូល​គោលដៅ​ដែល​បាន​កំណត់ ប្រើប្រាស់​រថពាសដែក ថ្មើរជើង និង​ប្រើប្រាស់​យន្តហោះ​ចុះ​ពី​លើ​អាកាស ដើម្បី​រំដោះ​ចំណាត់​ខ្មាំង​ផង​ដែរ។
​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​កុម្មុយនិស្ត​ចិន គឺ​កាន់តែ​រីក​ដុះដាល​យ៉ាង​ឆាប់​រហ័ស​នៅ​ពេល​ដែល​ចិន កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ផ្ដល់​លុយ​កាក់ និង​បាន​គាំទ្រ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​រឿង​រំលាយ​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា និង​ចាប់​ខ្លួន​លោក កឹម សុខា ជាដើម។ អ្នក​វិភាគ​មើល​ឃើញ​ថា ការ​គាំទ្រ​របស់​ចិន ជា​ច្រើន រួម​ទាំង​ការ​ហ្វឹកហ្វឺន​យោធា​នេះ គឺ​ជា​ថ្នូរ​នឹង​ការ​គាំទ្រ​របស់​កម្ពុជា នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។ ទន្ទឹម​គ្នា​នេះ វា​ក៏​បាន​ធ្វើ​ឲ្យ​កម្ពុជា ខ្វែង​គំនិត​ជាមួយ​សហរដ្ឋអាមេរិក ហើយ​កម្ពុជា ក៏​បាន​ផ្អាក​សម​យុទ្ធ​យោធា​ឆ្មាំ​អង្គរ ដែល​កម្ពុជា បាន​ធ្វើ​រួម​គ្នា​ជាមួយ​អាមេរិក​អស់​រយៈពេល ៧​ឆ្នាំ​កន្លង​មក​ហើយ៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...