ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅឯនាយសមុទ្រ អះអាងថា ប្រសិនបើលោក ហ៊ុន សែន ហ៊ានរំលាយគណបក្សប្រឆាំងមែននោះ កម្ពុជា នឹងក្លាយជាប្រទេសដែលដឹកនាំដោយគណបក្សតែមួយ ហើយរស់នៅដាច់ឆ្ងាយពីការគាំទ្ររបស់សហគមន៍អន្តរជាតិ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចអះអាងថា កម្ពុជា ជាប្រទេសដែលមានអធិបតេយ្យភាព ហើយត្រូវតែអនុវត្តដំណើរការនីតិរដ្ឋរបស់ខ្លួន។
មន្ត្រីជាន់ខ្ពស់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អះអាងថា លោក ហ៊ុន សែន នឹងបាត់បង់អាជីពនយោបាយ ប្រសិនបើលោកហ៊ានបង្កើតច្បាប់ហាមប្រាមមិនឲ្យអ្នកនយោបាយណាដែលធ្លាប់ត្រូវតុលាការក្រោមសម្ពាធរបស់លោកផ្ដន្ទាទោសហើយនោះ មានសិទ្ធិធ្វើជាប្រធាន ឬអនុប្រធានគណបក្សនយោបាយនោះ។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) បានប្រាប់អាស៊ីសេរីតាមទូរស័ព្ទថា ប្រសិនបើលោក ហ៊ុន សែន ហ៊ានកម្ទេចគណបក្សសង្គ្រោះជាតិ តាមច្បាប់ដែលគ្រប់គ្រងដោយគណបក្សរបស់លោកមែននោះ កម្ពុជា នឹងបាត់បង់ការគាំទ្រពីសហគមន៍អន្តរជាតិ ហើយជាប្រទេសដែលគ្រប់គ្រងដោយគណបក្សតែមួយ៖ «ប្រសិនបើគាត់ហ៊ានហាមប្រាមការចូលរួមរបស់គណបក្សសង្គ្រោះជាតិ ដែលទំនងជាអាចឈ្នះការបោះឆ្នោតកាលពីឆ្នាំ២០១៣ ប៉ុន្តែត្រូវបានគេលួចបន្លំសន្លឹកឆ្នោតនោះ លោក ហ៊ុន សែន នឹងដូចជាអធិរាជដែលស្រាតននលគកអ៊ីចឹងដែរ ពីព្រោះពិភពលោកទាំងមូលនឹងឃើញច្បាស់ថា គាត់មនុស្សលួចបន្លំ។ ពេលនោះ កម្ពុជា នឹងបាត់បង់ការគាំទ្រពីអន្តរជាតិ កម្ពុជា នឹងបាត់បង់ជំនួយអភិវឌ្ឍន៍ កម្ពុជា នឹងបាត់បង់ក្រុមអ្នកវិនិយោគបរទេស ហើយពេលនោះ កម្ពុជា នឹងក្លាយជាប្រទេសដែលស្ថិតនៅឯកាដាច់ដោយឡែកពីគេដូចកាលពីទសវត្សទី៨០ អ៊ីចឹងដែរ»។
លោកមិនជឿថា លោក ហ៊ុន សែន នឹងធ្វើដូច្នេះទេ ពីព្រោះគាត់ជាមនុស្សឆ្លាត ហើយមានតែគាត់ទេដែលដឹងច្បាស់អំពីបញ្ហានេះ។ លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែងថា អ្វីដែលលោក ហ៊ុន សែន និយាយ គឺគ្រាន់តែជាការគំរាមបក្សប្រឆាំងឲ្យស្ងប់ស្ងាត់ប៉ុណ្ណោះ។
កាលពីចុងខែមករា លោក ហ៊ុន សែន បានស្នើឲ្យសភាធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដោយចែងមិនអនុញ្ញាតឲ្យអ្នកជាប់ទោសអាចធ្វើប្រធាន ឬអនុប្រធានគណបក្សនយោបាយបានឡើយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា រដ្ឋសភានឹងធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះនៅដើមខែមេសា ខាងមុខ គឺនៅពេលដែលតំណាងរាស្ត្រទាំងអស់បញ្ចប់វិស្សមកាលរបស់ខ្លួន ហើយវិលចូលធ្វើការវិញ។ លោកបន្តថា នៅពេលច្បាប់នេះធ្វើវិសោធនកម្មរួច វានឹងមានឥទ្ធិពលខ្លាំងទៅលើលោក សម រង្ស៊ី តែម្តង ដោយសារលោកមានងារជាទណ្ឌិតស្រាប់៖ «ប្រសិនបើទាន់ខែ២ ខែបីហ្នឹង សភានឹងកោះប្រជុំវិសាមញ្ញសភាពេញអង្គ។ ហើយប្រសិនបើមិនចូលទេ វាអាចធ្លាយទៅដល់ដើមខែបួនវិញ អាហ្នឹងសភាចូលកងវិញ វាស្រួលតែម្តង គឺសភាពេញអង្គតាមធម្មតា។ ពេលច្បាប់នេះចូលជាធរមានហើយ ចំពោះករណីលោក កឹម សុខា គឺមិនមានបញ្ហាអ្វីទេ។ ខ្ញុំបានពិនិត្យមើល ពីព្រោះបច្ចុប្បន្ននេះគាត់នៅមានសិទ្ធិធម្មតា ប៉ុន្តែដោយឡែកចំពោះ សម រង្ស៊ី យើងដឹងហើយ គឺគាត់បានក្លាយទៅជាទណ្ឌិតហើយ។ បើទណ្ឌិតហើយ គឺមានសាលក្រមស្ថាពររបស់តុលាការ»។
លោកបន្តថា ការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះ គឺមានវិសាលភាពលើគ្រប់គណបក្សទាំងអស់ក្នុងប្រទេសកម្ពុជា ដោយមិនសំដៅតែទៅលើគណបក្សសង្គ្រោះជាតិ នោះទេ។ រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានករណីប្ដឹងលោក សម រង្ស៊ី ចំនួន ៧ករណី កំពុងស្ថិតក្នុងដៃតុលាការនៃរបបលោក ហ៊ុន សែន។
បណ្ដឹងទាំងនោះរួមមាន៖
-
បណ្ដឹងបរិហារកេរ្តិ៍លោក ហោ ណាំហុង ថាជាអតីតមេគុកបឹងត្របែក
-
បណ្ដឹងពីបទបរិហារកេរ្តិ៍លោក ហេង សំរិន ដោយចោទលោក ហេង
សំរិន ថាជាអ្នកកាត់ទោសសម្ដេច សីហនុ
ថាជាជនក្បត់ជាតិនៅពេលដែលលោក ហេង សំរិន ជាប្រធានរដ្ឋ
-
បណ្ដឹងពីបទបរិហារកេរ្តិ៍ពាក់ព័ន្ធការចោទប្រកាន់ថា លោក ហ៊ុន សែន បានទិញចំនួនឡៃ (Like) ហ្វេសប៊ុកពីបរទេស
-
បណ្ដឹងពីបទបរិហារកេរ្តិ៍លោក ហ៊ុន សែន ជាអ្នកនៅពីក្រោយឃាតកម្មលោកបណ្ឌិត កែម ឡី
-
បណ្ដឹងទី៥
គឺពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
ករណីក្លែងបន្លំឯកសារសាធារណៈក្នុងបញ្ហាព្រំដែន
-
រួមនឹងបណ្ដឹងចំនួន ២ករណីទៀតដែលលោក ហ៊ុន សែន និងកញ្ញា ធី
សុវណ្ណថា ប្ដឹងពីបទបរិហារកេរ្តិ៍ករណីសូកប៉ាន់កញ្ញា ធី សុវណ្ណថា
ចំនួន ១លានដុល្លារ ជាថ្នូរនឹងការវាយប្រហារបក្សប្រឆាំង។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ចាត់ទុកអនាគតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ថានឹងស្ថិតនៅក្នុងភាពអន្ធការងងឹតសូន្យសុង ហើយដំណើរការបោះឆ្នោតនឹងកាន់តែមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ ខណៈគណបក្សកាន់អំណាចកំពុងត្រួតត្រារាល់ស្ថាប័នសំខាន់ៗរបស់រដ្ឋ៖ «ខ្ញុំគិតថាប្រជាធិបតេយ្យនៅកម្ពុជា នៅតែគ្មានពន្លឺ ល្គឹកណាមានលោក ហ៊ុន សែន នៅកាន់អំណាច។ នេះផ្អែកតាមភស្តុតាងដែលយើងមាន ដែលមិនមែនជាការវាយតម្លៃក្នុងហេតុផលនយោបាយណាមួយនោះឡើយ។ លោក ហ៊ុន សែន កំពុងបន្តរំលោភសិទ្ធិមនុស្ស ធ្វើឲ្យដំណើរការបោះឆ្នោតមិនសេរី ត្រឹមត្រូវ និងមិនយុត្តិធម៌។ គាត់ជាមេដឹកនាំដែលរំលោភដល់ឯករាជភាពរបស់តុលាការ និងឯករាជភាពរបស់ស្ថាប័ន គ.ជ.ប។ លើសពីនេះទៅទៀត គាត់បានចាប់ក្រុមមន្ត្រី ក្រុមសកម្មជនបក្សប្រឆាំង និងមន្ត្រីសិទ្ធិមនុស្សជាច្រើនដាក់ពន្ធនាគារ។ ដូច្នេះ លោក ហ៊ុន សែន ប្រាកដណាស់ក្នុងការចង់ងាកទៅរករបបដែលដឹកនាំដោយគណបក្សតែមួយ។ ហើយនេះមិនមែនជាសញ្ញាល្អទេសម្រាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
ប៉ុន្តែលោក សុខ ឥសាន បានច្រានចោលការលើកឡើងរបស់លោក ប្រ៊ែដ អាដាម (Brad Adams) ហើយថា កម្ពុជា ប្រទេសប្រកាន់នូវរបបលទ្ធិប្រជាធិបតេយ្យដែលចាំបាច់ត្រូវប្រកាន់នូវនីតិរដ្ឋ។ លោកបន្តថា កម្ពុជា មិនអាចអនុវត្តវប្បធម៌និទ្ទណ្ឌភាពសម្រាប់បុគ្គលម្នាក់បានទេ។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា របបដឹកនាំដោយលោក ហ៊ុន សែន បច្ចុប្បន្ននេះ ជារបបមួយដែលកំពុងមានសារធាតុដូចគ្នាទៅនឹងរបបហ្វាស៊ីសហ៊ីត្លែរ (Hitler) ផ្ដាច់ការអ៊ីចឹងដែរ៖ «នេះខ្ញុំប្រៀបធៀបទៅនឹងសារជាតិដែលកើតមាននៅក្នុងរបបផ្ដាច់ការរបស់ហ៊ីត្លែរនៅប្រទេសអាល្លឺម៉ង់ គឺហ៊ីតែ្លរនៅពេលដែលគណបក្សរបស់គាត់មានសំឡេងភាគច្រើនក្នុងសភា គាត់ធ្វើច្បាប់អ៊ីចឹងទៅ។ ទីមួយ គឺឱបក្រសោបអំណាចទាំងពីរជានាយករដ្ឋមន្ត្រីផង និងជាប្រធានាធិបតីកាន់អំណាចម្នាក់ឯងអ៊ីចឹងទៅ។ ទីពីរ គឺបង្កើតច្បាប់ដើម្បីក្រុមអ្នកប្រឆាំង ឬបក្សប្រឆាំង»។
ប៉ុន្តែលោកបណ្ឌិត ចាន់ វិបុល ដែលជាអ្នកឃ្លាំមើលនយោបាយវិញ មានប្រសាសន៍ថា យុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន នៅពេលនេះ គឺគ្រាន់តែជាការសាកល្បងមើលជំហររបស់គណបក្សសង្គ្រោះជាតិ ប៉ុណ្ណោះ។ លោកបន្តថា យន្តការនៃការលុបបំបាត់គណបក្សនយោបាយ គឺមិនអាចទៅរួចនោះឡើយ ដោយសារគណបក្សប្រជាជនកម្ពុជា មិនចង់បង្កើតដានប្រវត្តិសាស្ត្រមួយដែលមានភាពជូរចត់ និងការបញ្ចប់នយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងដៃរបស់លោក ហ៊ុន សែន នោះឡើយ៕

No comments:
Post a Comment