ប្រមុខការបរទេសអាមេរិក លោកRex Tillerson
នៅថ្ងៃសុក្រទី ១៧ កុម្ភៈ បានអំពាវនាវ ឲ្យសមភាគីចិន
ជួយប្រើគ្រប់មធ្យោបាយដើម្បីទប់ស្កាត់កូរ៉េខាងជើង ដែលទើបបានផ្គើន
បាញ់សាកល្បង មីស៊ីល កាលពីថ្ងៃអាទិត្យ។ រដ្ឋមន្រ្តីការបរទេសអាមេរិក
នៅថ្ងៃព្រហស្បតិ៍ បានប្រកាសធានា ការពារជប៉ុន និងកូរ៉េខាងត្បូង
ពីការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
រដ្ឋមន្រ្តីការបរទេសអាមេរិកបានឆ្លៀតយកជំនួបលើកទី១
ជាមួយរដ្ឋមន្រ្តីការបរទេសចិន ដើម្បីនិយាយពីកូរ៉េខាងជើង។
នៅថ្ងៃសុក្រម្សិលមិញ នៅក្នុងជំនួបទ្វេភាគី ជាមួយលោកវ៉ាង យី
នៅក្រៅក្របខណ្ឌ កិច្ចប្រជុំG20 ប្រមុខការបរទេសអាមេរិក លោកRex
Tillerson បាននិយាយថា ការគំរាមកំហែង និងគ្រោះថ្នាក់ នៃកម្មវិធីមីស៊ីល
និងនុយក្លេអ៊ែរ កូរ៉េខាងជើង មានកាន់តែខ្លាំងឡើងៗ។តាមលោកMark Toner អ្នកនាំពាក្យរបស់ក្រសួងការបរទេស លោក Rex Tillersonបានទទូចសុំឲ្យប្រទេសចិន ប្រើគ្រប់មធ្យោបាយដែលខ្លួនមាន ដើម្បីទប់ស្កាត់ កាត់បន្ថយចរិតចង់បង្កអស្ថិរភាពក្នុងតំបន់របស់កូរ៉េខាងជើង។
គួររំលឹកថា ចិនដែលជាសម្ព័ន្ធមិត្តសំខាន់របស់កូរ៉េខាងជើង មិនសូវតឹងតែង ដាក់គំនាបលើកូរ៉េខាងជើង។ ប៉ុន្តែ យ៉ាងណាក៏ដោយ ចិនតែងចេញមុខប្រឆាំងនឹងការបាញ់សាកល្បងមីស៊ីល និងគ្រាប់បែកនុយក្លេអ៊ែរហើយនិង ធ្លាប់ផងដែរ បោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលដាក់ទណ្ឌកម្មចំនួន៦លើក លើកូរ៉េខាងជើង។
សេចក្តីអំពាវនាវទៅកាន់រដ្ឋមន្រ្តីការបរទេសចិន ធ្វើឡើងនៅតែមួយថ្ងៃក្រោយ លោក Rex Tillersonបាននិយាយធានាអះអាងទៅរដ្ឋមន្រ្តីការបទេសជប៉ុន និងកូរ៉េខាងត្បូង នៅក្រៅជំនួប G20ថា ទីក្រុងវ៉ាស៊ីនតោននឹងប្រើគ្រប់សព្វាវុធរបស់ខ្លួន ដែលនៅក្នុងនោះមានផងដែរ អាវុធនុយក្លេអ៊ែរ ដើម្បីការពារសម្ព័ន្ធមិត្តអាស៊ីទាំងពីរ ពីការវាយប្រហាររបស់កូរ៉េខាងជើង។
រហូតមក សហគមន៍អន្តរជាតិ នាំមុខដោយអាមេរិកបានប្រឹងប្រែង ប្រើគ្រប់មធ្យោបាយ ដើម្បីទប់ស្កាត់កុំកូរ៉េខាងជើងអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរយោធា។ ប៉ុន្តែ ការខិតខំរបស់អាមេរិក និងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង ហើយនិងជប៉ុន ដែលរួមមានទាំងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចផងដែរនៅតែមិនអាចរារាំងកូរ៉េខាងជើង ដែលមានមហិច្ឆតា ចង់មានអាវុធនុយក្លេអ៊ែរ។ នៅថ្ងៃអាទិត្យ កន្លងទៅ កូរ៉េខាងជើងទើបបានប្រកាសពីជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលប្រភេទថ្មី ដែលខ្លួនទើបអភិវឌ្ឍផលិតបាន។ តាមអ្នកជំនាញ មីស៊ីលដែលកូរ៉េខាងជើងបាញ់សាកល្បង នៅថ្ងៃអាទិត្យជាមីស៊ីល ដែលគេអាចបាញ់បានពីជើងទ្រ ដែលចល័ត ពោល គឺមិនមែនចេញពីជើងទ្រ ដែលជាប់នៅនឹងដីដូចមុននោះទេ។ បច្ចេកវិទ្យាចុងក្រោយនេះ នឹងធ្វើឲ្យ រ៉ាដា ឬប្រព័ន្ធខែលមីស៊ីលពិបាកនឹងចាប់បានសញ្ញាចល័តរបស់មីស៊ីលកូរ៉េខាងជើង។ សូមបញ្ជាក់ដែរថា អាមេរិក និងកូរ៉េខាងត្បូង គ្រោងនឹងដាក់តាំងប្រព័ន្ធខែលមីស៊ីល ក្នុងទឹកដីកូរ៉េខាងត្បូង ឲ្យបានចប់សព្វគ្រប់ នៅចុងឆ្នាំ ២០១៧។ គម្រោងការរបស់អាមេរិក ត្រូវចិន និងប្រឆាំង ក្នុងហេតុផលថា ប្រព័ន្ធខែលមីស៊ីលរបស់អាមេរិកនឹងគំរាមកំហែងដល់យុទ្ធសាស្រ្តយោធារបស់ចិន នៅក្នុងតំបន់៕
No comments:
Post a Comment