ប្រទេសជាសមាជិកនៃគណកម្មការទន្លេមេគង្គ
ក៏ដូចជាក្រុមអង្គការសង្គមស៊ីវិលនឹងនាំគ្នាធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង
ហ្លួងព្រះបាង ប្រទេសឡាវ
ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្នុងតំបន់មួយនៅថ្ងៃទី២២ និង២៣
ខែកុម្ភៈនេះ
ពាក់ព័ន្ធនឹងសំណើររបស់ប្រទេសឡាវក្នុងការសាងសង់ទំនប់វារីអគ្គីសនីធំទី៣
របស់ខ្លួននៅលើទន្លេមេគង្គ ដែលទំនប់នេះមានឈ្មោះថា
«ទំនប់វារីអគ្គីសនី Pak Beng»។
គម្រោងទំនប់វារីអគ្គីសនីដែលផ្តល់ថាមពលដល់ទៅ ៩១២
មេហ្គាវ៉ាត់នេះបានរងការរិះគន់យ៉ាងធ្ងន់ធ្ងរពីផលប៉ះពាល់នៃការសាងសង់ទំនប់វារីអគ្គីសនីនេះទៅលើជីវិតរបស់មនុស្សរាប់លាននាក់ដែលរស់នៅក្នុងបណ្តាប្រទេសផ្នែកខាងក្រោមនៃទន្លេមេគង្គ។
វ៉ាស៊ីនតោន —
មុននឹងឈានដល់កិច្ចប្រជុំក្នុងតំបន់នៅក្នុងទីក្រុង
ហ្លួងព្រះបាង ប្រទេសឡាវ
ពាក់ព័ន្ធនឹងសំណើររបស់ឡាវក្នុងការសាងសង់ទំនប់វារីអគ្គីសនីធំទី៣
របស់ខ្លួនដែលមានឈ្មោះថា «Pak Beng»
នៅលើទន្លេមេរបស់ទន្លេមេគង្គនោះ
ការរំពឹងទុកពីកិច្ចប្រជុំនេះហាក់ដូចជាមានភាពវិជ្ជមានជាងមុន
ប៉ុន្តែបទដ្ឋាននៃកិច្ចប្រជុំនេះនៅតែមានកម្រិតទាបនៅឡើយ
បើផ្អែកទៅតាមបទពិសោធន៍ដែលទទួលបានពីគម្រោងទំនប់វារីអគ្គីសនី
Don Sahong និងទំនប់វារីអគ្គីសនី Xayaburi។ នេះបើយោងតាមអ្នកនាង
Courtney Weatherby
អ្នកវិភាគស្រាវជ្រាវទៅលើតំបន់អាស៊ីអាគ្នេយ៍មួយរូបនៅឯមជ្ឈមណ្ឌលស្រាវជ្រាវ
Stimson ដែលមានស្នាក់ការនៅរដ្ឋធានី វ៉ាស៊ីនតោន។«ខ្ញុំគិតថា វេទិកាពិគ្រោះយោបល់នេះនឹងជាសូចនករដ៏មានសារៈសំខាន់សម្រាប់ពេលអនាគតរយៈពេលយូរនៃការសាងសង់ទំនប់។ យើងបានឃើញច្បាស់ហើយតាមរយៈដំណើរការនៃការប្រឹក្សាយោបល់ទៅលើទំនប់វារីអគ្គីសនី Xayaburi និងទំនប់វារីអគ្គីសនី Don Sahong ដែលមានការលំបាកក្នុងការចរចាររវាងគ្នាទៅវិញទៅមក នៅពេលដែលក្រុមអ្នកអភិវឌ្ឍនិងរដ្ឋាភិបាលឡាវបានធ្វើសេចក្តីសម្រេច មុននឹងការពិគ្រោះយោបល់ជាមុន ថាពួកគេនឹងបន្តគម្រោងរបស់គេទៅ មុខ»។
រូបឯកសារ៖ អ្នកនាង Ana Maria Quintero អ្នកសិក្សាគោលនយោបាយនៅឯអង្គការ Nature Conservancy (រូបខាងឆ្វេង) អ្នកនាង Courtney Weatherby អ្នកសិក្សាស្រាវជ្រាវនៅឯមជ្ឈមណ្ឌល Stimson (រូបកណ្តាល) និងលោក Brian Eyler នាយកផ្នែកតំបន់អាស៊ីអាគ្នេយ៍នៅឯមជ្ឈមណ្ឌល Stimson ក្នុងរដ្ឋធានី វ៉ាស៊ីនតោន។
នីតិវិធីជូនដំណឹង ពិគ្រោះជាមុន និងការព្រមព្រៀង ឬហៅកាត់ថា PNPCA ដែលត្រូវបានបង្កើតឡើងដោយគណកម្មការទន្លេមេគង្គ មានគោលបំណងចង់អនុញ្ញាតឲ្យប្រទេសជាសមាជិកចំនួន៤ រួមមានប្រទេសឡាវ ថៃ វៀតណាម និងកម្ពុជា លើកឡើងពីការព្រួយបារម្ភរបស់ពួកគេជុំវិញការសាងសង់ទំនប់វារីអគ្គីសនីនៅផ្នែកខាងក្រោមនៃទន្លេមេគង្គ។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃអង្គការ NGO Forum បានប្រាប់ VOA ថា នីតិវិធី PNPCA គឺជានីតិវិធីល្អមួយ ប្រសិនបើគេយកការព្រួយបារម្ភរបស់ប្រជាពលរដ្ឋទៅធ្វើការពិចារណា។
«នីតិវិធី PNPCA គឺជានីតិវិធីល្អមួយ ក្នុងករណីដែល មានន័យថា រដ្ឋាភិបាលឡាវ ឬមួយគណកម្មការទន្លេមេគង្គ គាត់យកលទ្ធផលដែលជាក់ស្តែង មានន័យថា ចេញពីការប្រជុំពិគ្រោះយោបល់ពីប្រទេសទាំងបួនហ្នឹងយកទៅធ្វើការថ្លឹងថ្លែង ដាក់នៅក្នុងផែនការ ឬធ្វើសេចក្តីសម្រេចចិត្តពិតប្រាកដ»។
លោក វណ្ណារ៉ា បន្តថា ផ្ទុយទៅវិញ នីតិវិធី PNPCA គ្រាន់តែជានីតិវិធីបង្គ្រប់កិច្ចតែប៉ុណ្ណោះ ដែលផ្អែកទៅលើហេតុផលនយោបាយជាជាងផ្អែកទៅតាមហេតុផលបច្ចេកទេស។
«នីតិវិធី PNPCA នេះនឹងក្លាយទៅជានីតិវិធីបង្គ្រប់កិច្ចដើម្បីធ្វើឲ្យភាគីពាក់ព័ន្ធហ្នឹងគេអស់ចិត្ត។ នៅពេលដែលប្រទេសឡាវ ឬមួយគណកម្មការទន្លេមេគង្គដែលមានបួនប្រទេសហ្នឹង គាត់ធ្វើសេចក្តីសម្រេចចិត្តផ្អែកទៅលើនយោបាយ ច្រើនជាងផ្នែកបច្ចេកទេស»។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា NGO Forum ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការព្រួយបារម្ភរបស់សង្គមស៊ីវិលលើគម្រោងសាងសង់ទំនប់វារីអគ្គិសនីរបស់លោក ឈ្មោះ Pak Beng។ (ស៊ុន ណារិន/VOA Khmer)
ក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ ផ្តួចផ្តើមឡើងដោយគណកម្មការទន្លេមេគង្គ សមាជិកទាំងអស់ត្រូវធ្វើការសិក្សានិងពិគ្រោះយោបល់ជាមុន មុននឹងសមាជិកណាមួយអាចសាងសង់ទំនប់វារីអគ្គីសនីណាមួយ ដើម្បីធានានូវការអភិវឌ្ឍប្រកបដោយចីរភាព។
ប៉ុន្តែជាអកុសល ឡាវមិនបានគោរពទៅតាមកិច្ចព្រមព្រៀងនោះទេ ហើយថែមទាំងបន្តសាងសង់ទំនប់វារីអគ្គីសនីមួយហើយមួយទៀត នេះបើយោងតាមលោក មាជ មាន អ្នកសម្របសម្រួលផ្នែកប្រព័ន្ធផ្សព្ធផ្សាយនៅឯបណ្តាញការពារទន្លេបី ឬ 3S Rivers Protection Network។
«អ្វីដែលប៉ះពាល់ធ្ងន់នោះគឺគោលនយោបាយទេ។ កិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥ ដែលឡាវព្យាយាមមិនគោរពទៅលើកិច្ចព្រមព្រៀងឆ្នាំ១៩៩៥។ អានេះគឺអ្វីដែលយើងមើលឃើញ»។
លោក តឹក វណ្ណារ៉ា បានប្រាប់ VOA ថា អង្គការ NGO Forum នឹងលើកឡើងសំណើរចំនួនបី ក្នុងអំឡុងពេលកិច្ចប្រជុំនាពេលខាងមុខនេះ។
«ចំណុចទីមួយគឺស្នើរឲ្យមានការបញ្ឈប់ មានន័យថា ការសាងសង់ទំនប់វារីអគ្គីសនីនៅលើទន្លេមេគង្គ។ ហើយចំណុចទី២ គឺយើងស្នើរឲ្យមានការសិក្សាឡើងវិញទៅលើផលប៉ះពាល់ដែលអាចកើតមានឡើង ជាពិសេសគឺផលប៉ះពាល់ឆ្លងដែនមកលើប្រទេសកម្ពុជានិងប្រទេសដទៃៗទៀតដែលស្ថិតនៅខ្សែទឹកខាងក្រោម។ ហើយចំណុចទី៣ គឺយើងស្នើរឲ្យស្តាប់សំឡេងប្រជាជនដែលពឹងអាស្រ័យទៅលើធនធានទន្លេមេគង្គ»។
ស្រដៀងគ្នានេះដែរ អ្នកនាង Weatherby បានណែនាំឲ្យគណកម្មការទន្លេមេគង្គប្រើប្រាស់តួនាទីរបស់ខ្លួនបង្រួបបង្រួមបណ្តាប្រទេសជាសមាជិកឲ្យមានការសន្ទនារវាងគ្នាទៅវិញទៅមក ដូច្នេះសំឡេងរបស់ប្រជាពលរដ្ឋនឹងត្រូវបានគេដឹងឮ។
«ខ្ញុំចង់ស្នើឲ្យគណកម្មការទន្លេមេគង្គប្រើប្រាស់តួនាទីដ៏សំខាន់របស់ខ្លួនក្នុងនាមជាអ្នកដែលរួបរួមឲ្យមានការសន្ទនារវាងប្រទេសជាសមាជិកកើតមានឡើង ដូច្នេះរាល់ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋនឹងត្រូវបានអ្នកដែលធ្វើសេចក្តីសម្រេចចិត្តទៅលើគម្រោងនោះដឹងឮ»។
នីតិវិធី PNPCA ត្រូវការរយៈពេល៦ខែ។ ដំណើរការនៃការពិគ្រោះយោបល់ជាមុននៃគម្រោងទំនប់វារីអគ្គីសនី Pak Beng បានចាប់ផ្តើមកាលពីចុងខែធ្នូ ឆ្នាំ២០១៦។ ក្រោយកិច្ចប្រជុំក្នុងតំបន់នៅថ្ងៃទី២២ ២៣ ខែកុម្ភៈនេះ ជំហានបន្ទាប់នឹងមានដំណើរទស្សនកិច្ចទៅកាន់ទីតាំងទំនប់វារីអគ្គីសនី Pak Beng នៅខែមេសាខាងមុខនេះ៕
No comments:
Post a Comment